ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផលប៉ះពាល់រយៈពេលវែងនៃការបិទសាលារៀនប្រឈមកូវីដ១៩

សំឡេង ០៥:១៨
សិស្ស​រាប់លាននាក់ នៅ​ទូទាំង​ពិភពលោក ត្រូវ​ខកខាន​មិនបាន​ទៅ​រៀន​នៅ​សាលា ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩
សិស្ស​រាប់លាននាក់ នៅ​ទូទាំង​ពិភពលោក ត្រូវ​ខកខាន​មិនបាន​ទៅ​រៀន​នៅ​សាលា ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩ AFP

ផ្អែកតាមធនាគារពិភពលោក កុមារយ៉ាងហោចណាស់មានចំនួន ១,៦ពាន់លាននាក់ ត្រូវរងផលប៉ះពាល់ដោយសារការបិទទ្វារសាលារៀន ប្រឈមនឹងជំងឺរាតត្បាតសកលកូវីដ១៩។ លទ្ធផលនៃការសិក្សាស្រាវជ្រាវផ្សេងៗបង្ហាញថា គិតជាមធ្យម ការបិទសាលារៀនមានផលអវិជ្ជមានរយៈពេលវែងក្នុងកម្រិតធ្ងន់ធ្ងរលើការសិក្សា ធនធានបញ្ញា ប្រាក់ចំណូល និងសុខុមាលភាពរបស់កុមារ ទៅថ្ងៃអនាគត។ ក្រុមកុមារដែល​ងាយរងគ្រោះជាងគេ ជាកុមារមានប្រភពពីគ្រួសារមានជីវភាពលំបាក។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីការផ្ទុះឡើងវិបត្តិជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០ អ្នកនយោបាយទូទាំងពិភពលោក បាន​សម្រេចចិត្តបិទសាលារៀន រួមជាមួយសកម្មភាពអាជីវកម្មផ្សេងៗ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក កុមារមានយ៉ាងហោចណាស់ចំនួន ១,៦ពាន់លាននាក់ ឬប្រហែល៩០%នៃកុមារទូទាំងពិភពលោក ត្រូវរងផលប៉ះពាល់ដោយការបិទទ្វារសាលា អំឡុងការរីករាលដាលខ្លាំងបំផុតនៃជំងឺកូវីដ១៩។ ក្រោយមក ចំនួននេះបានធ្លាក់ចុះមកត្រឹមមួយភាគបី ព្រោះថ្នាក់រៀនយ៉ាងច្រើនទាំងនៅអឺរ៉ុប និងអាស៊ី បាន​អនុញ្ញាតឱ្យបើកទ្វារសាលារៀនឡើងវិញ។ ក៏ប៉ុន្តែ នៅតំបន់ខ្លះផ្សេងទៀត ដំណើរការនៃការអនុញ្ញាតឱ្យបើកសាលាមានភាពយឺតយ៉ាវនៅឡើយ។

ស្របពេលដែលការបិទសកម្មភាពអាជីវក​ម្មបានបង្កការខូតខាតយ៉ាងចម្បងលើសេដ្ឋកិច្ចភ្លាមៗ ផលប៉ះពាល់នៃការបិទទ្វារសាលារៀន ក៏មានឥទ្ធិពលអាក្រក់ខ្លាំងផងដែរ លើសេដ្ឋកិច្ច ធនធានមនុស្ស ជាពិសេសផលប៉ះពាល់លើអនាគតរបស់កុមារ អំឡុយរយៈពេលវែង។ ការអប់រំគឺជាកត្តាគន្លឹះនៃការទទួលបានប្រាក់ចំណូល នាពេលអនាគតរបស់មនុស្ស។ រីឯ សាលារៀនគឺជាកត្តាជំរុញដ៏ចម្បងដើម្បីធ្វើឱ្យមនុស្សអាចផ្លាស់ប្ដូរជោគវាសនាខ្លួនពីជីវភាពក្រីក្រខ្សត់ មកជីវភាពធូរធារ។

ក្នុងរយៈពេលខ្លី អំឡុងសាលាបិទទ្វារ អាណាព្យាបាលរបស់កុមារ ជាពិសេសម្តាយ ត្រូវប្រឈមការលំបាកទាំងការមើលថែរក្សាកុមារ និងតម្រូវការធ្វើការងារ។ ក៏ប៉ុន្តែ អំឡុងរយៈពេលវែង តើ​ការបិទសាលារៀនអាចបង្កផលប៉ះពាល់អ្វីខ្លះដល់​កុមារ?

កុមារតូចៗ និងកុមារមកពីគ្រួសារក្រីក្រជួបការលំបាកច្រើន

ភ្លាមៗ ប្រឈមនឹងការផ្អាកសាលារៀន កុមារត្រូវប្រឈមនឹងការរៀនតិចជាងមុន ហើយកុមារភាគច្រើនបានបាត់បង់ទម្លាប់នៃការរៀនសូត្រ។ ការរៀនតាមប្រព័ន្ធអ៊ីនធឺណិត អាចមានប្រសិទ្ធិភាពតិចតួច ហើយកុមារពីគ្រួសារក្រីក្រនឹងមិនមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធនេះទេ។ របាយការណ៍សិក្សាយ៉ាងច្រើនបង្ហាញថា ផលប៉ះពាល់មានទំហំធំធេងនៅប្រទេសក្រីក្រជាងប្រទេសជឿនលឿន។ ការសិក្សាស្រាវជ្រាវថ្មីមួយ ដោយ មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ច (Centre for Economic Policy Research) នៃចក្រភពអង់គ្លេស បានបង្ហាញថា នាពេលអនាគត កុមារក្នុងជំនាន់ដែល​ការសិក្សារបស់ពួកគេត្រូវបិទផ្អាក អាចទទួលរងនូវផលប៉ះពាល់ធ្លាក់ចុះប្រាក់ចំណូលជាមធ្យមរយៈពេលវែង ក្នុងកម្រិតប្រមាណ -១% ។ ការខាតបង់ប្រាក់ចំណូលទាំងនេះរុញច្រានឱ្យសុខុមាលភាពរបស់ពួកគេត្រូវបានកាត់បន្ថយ ហើយវាអាចស្មើនឹងការធ្លាក់ចុះនៃការប្រើប្រាស់ប្រមាណ -០,៧%។ ភស្ដុតាងពីការសិក្សាមួយផ្សេងទៀតធ្វើឡើងនៅ សាលានៃប្រទេសហូឡង់ បង្ហាញថា ជាមធ្យម សិស្សបានបាត់បង់ចំណេះដឹងនៃការសិក្សារយៈពេលមួយឆ្នាំកន្លះ។ ការខាតបង់នេះមានកម្រិតកាន់តែធំ ចំពោះកុមារចេញពីគ្រួសារដែល​មានជីវភាពលំបាកស្រាប់។ លទ្ធផលនៃ ការស្ទង់មតិមួយនៅអាល្លឺម៉ង់ បានរកឃើញថា ផលប៉ះពាល់ជាអវិជ្ជមានអាចមានទំហំធំធេងគួរឱ្យកត់សម្គាល់សម្រាប់ក្រុមសិស្សខ្សោយ។ អំឡុងការបិទសាលារៀន សិស្សភាគច្រើនបាន​ចំណាយពេលលេងល្បែងតាមកុំព្យូទ័រ ជាជាងផ្តោតលើសកម្មភាពរៀនសូត្រ ឬអានសៀវភៅ។

ការសិក្សាខាងលើ ក៏បានបង្ហាញផងដែរថា កុមារកាន់តែមានអាយុតិច អាចទទួលរងផលប៉ះពាល់ជាអវិជ្ជមានកាន់តែខ្លាំង។ បន្ថែមពីលើកត្តាអាយុ ឥរិយាបថរបស់អាណាព្យាបាលកុមារ ក៏ជាកត្តាសំខាន់ផងដែរ។ ល្គឹកណាតែអាណាព្យាបាលយកចិត្តទុកដាក់ខ្លាំងលើកុមារ នុ៎ះផលប៉ះពាល់ជាអវិជ្ជមានលើសុខុមាលភាព និងប្រាក់ចំណូលសម្រាប់កុមារទៅថ្ងៃអនាគត អាចនឹងត្រូវកាត់បន្ថយ។ ប្រឈមនឹងកូវីដ១៩ ឪពុកម្តាយពីគ្រួសារដែលមានធនធានច្រើន អាចជួយមើលថែទាំកូនៗរបស់ពួកគេ អំឡុងពេលបិទសាលា។ ផ្ទុយទៅវិញ រឿងនេះនឹងប្រឈមការលំបាកខ្លាំងសម្រាប់គ្រួសារក្រីក្រ។

ផលប៉ះពាល់ធ្ងន់ធ្ងរនៃការបិទសាលាយូរ និងការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិត

រលករាតត្បាតជំងឺកូវីដ១៩លើកទីពីរ នាពេលបច្ចុប្បន្ន កំពុងរុញច្រានឱ្យសាលារៀនយ៉ាងច្រើនបាន​បន្ដអូសបន្លាយបិទទ្វារបន្ដទៀត។ ការព្យាករណ៍ខ្លះបានលើកឡើងថា ការបន្តបិទសាលារៀនអាចកើតមានច្រើនទៀត ទម្រាំដល់ពិភពលោកទទួលបានវ៉ាក់សាំងផ្លូវការ។ ប្រសិនបើរឿងនេះកើតឡើងមែននោះ ផលប៉ះពាល់លើការសិក្សារបស់កុមារ និងវិបត្តិធនធានមនុស្សនៅរយៈពេលវែងអាចនឹងមានសភាពធ្ងន់ធ្ងរខ្លាំង។

នាពេលបច្ចុប្បន្ន សាលារៀនយ៉ាងច្រើនបានពឹងផ្អែកលើការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិត ចំណែកឯសាលារៀនខ្លះបានអនុវត្តវិធានការគួបផ្សំគ្នា ដោយបញ្ចូលគ្នារវាងការបង្រៀនផ្ទាល់ និងការបង្រៀនពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណិត។ មិនទាន់មានការសិក្សាស្រាវជ្រាវចម្បងណាមួយ ហ៊ានអះអាងអំពីប្រសិទ្ធិភាពនៃការប្រើប្រាស់វិធានការទាំងនេះទេ រហូតមកដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណា ភស្តុតាងជាក់ស្ដែងដែលគេអាចសង្កេតឃើញគឺថា កុមារពីគ្រួសារដែលជួបការលំបាកច្រើន មានលទ្ធភាពប្រើប្រាស់តិចតួចស្ដួចស្ដើងប្រព័ន្ធអ៊ីនធឺណិត ទាំងបញ្ហាថវិកា និងបញ្ហាបច្ចេកទេស អំឡុងវិបត្តិនេះ។​

សរុបជារួម ការបន្ដបិទសាលារៀនមានផលវិបាករយៈពេលវែង ក្នុងកម្រិតធ្ងន់ធ្ងរលើទម្លាប់នៃការសិក្សា និងធនធានបញ្ញារបស់កុមារ ជាពិសេស ក្រុមកុមារពីគ្រួសារមានកម្រិតជីវភាពលំបាករួចស្រេច។ ការបិទសាលាធ្វើឱ្យ​កម្រិតនៃការសិក្សារបស់កុមារធ្លាក់ចុះ ហើយទៅថ្ងៃអនាគត វាអាចរុញច្រានឱ្យ​កុមារត្រូវរងផលប៉ះពាល់ផ្សេងៗ តួយ៉ាងការធ្លាក់ចុះប្រាក់ចំណូល និងសុខុមាលភាពអំឡុងរយៈពេលវែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI