ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្នក​កាសែត​គ្មាន​ព្រំដែន៖ រង្វាន់សេរីភាពសារព័ត៌មានឆ្នាំ២០២០ ​ ​នឹង​រៀបចំ​នៅ ​តៃវ៉ាន់​

សំឡេង ០៦:៤៣
បេក្ខជននិង​ស្ថាប័ន​ព័ត៌មាន​ ទាំង​១២  គឺមានប្រភព​មកពីប្រទេស​ផ្សេងៗគ្នា​ ពហុ​ចម្រុះជាតិសាសន៍។
បេក្ខជននិង​ស្ថាប័ន​ព័ត៌មាន​ ទាំង​១២ គឺមានប្រភព​មកពីប្រទេស​ផ្សេងៗគ្នា​ ពហុ​ចម្រុះជាតិសាសន៍។ © RSF

ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះ ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (RSF) បាន​ប្រកាស​​បញ្ជី​ឈ្មោះ​ អ្នក​កាសែត ​និង​ស្ថាប័ន​អង្គការ​ព័ត៌មាន​ឯករាជ្យ ចំនួន ​១២ ​ដែល​អាច​នឹងត្រូវយក​ពិនិត្យ​វិនិច្ឆ័យ សម្រាប់​​ឱ្យ​ទទួលពាន​​រង្វាន់ជ័យ​លាភី«សេរីភាព​​សារព័ត៌មាន ឆ្នាំ​២០២០»។ បេក្ខជននិង​ស្ថាប័ន​ព័ត៌មាន​ ទាំង​១២នោះ​ គឺមានប្រភព​មកពីប្រទេស​ផ្សេងៗគ្នា​ ពហុ​ចម្រុះជាតិសាសន៍ ហើយ​ក្នុងនោះ​ ក៏​មានក្រុម​អ្នក​កាសែត​​ខ្មែរមួយដែរ។ តើ​រង្វាន់សេរីភាពសារព័ត៌មាន​នេះ​ មាន​តម្លៃបែបណា?​ ហើយ​តើ​គេ​រៀបចំឡើង​ដើម្បី​អ្វី​? 

ផ្សាយពាណិជ្ជកម្ម

​រង្វាន់ជ័យលាភី មាន​ ៣ ប្រភេទ៖​ សេចក្តីក្លាហាន  ឯករាជ្យ ផ្តល់​ផលប្រយោជន៍​ដល់​សង្គម​

អង្គការអ្នកកាសែតគ្មានព្រំដែន ជា​ស្ថាប័នឯករាជ្យ ​​ដែល​តាម​ដាន​ និង វាយ​តម្លៃ​ការស្ទុះឡើង ឬ ស្រុតចុះ​នៃ​សេរីភាព​សារព័ត៌មាន នៅ​បណ្តាប្រទេ​ស ស្ទើរតែ​ទូទាំង​ពិភពលោក។​ អង្គការ​ការពារអ្នក​កាសែត​នេះ ​រៀបចំ​ផ្តល់​រង្វាន់​សេរីភាព​សារព័ត៌មាន​ ជារៀង​រាល់​ឆ្នាំ​។​  ​ឆ្នាំ​២០២០នេះ គេជ្រើស​បាន​ បេក្ខភាព​​មកពី​​១២ ប្រទេស ចម្រុះ​ជាតិសាសន៍​ គឺមាន​​​​​អ្នក​សារព័ត៌មាន ៧នាក់ ក្នុងនោះ អ្នក​កាសែត​​ស្រី​៤នាក់ ហើយ​ស្ថាប័ន​និងអង្គការ​សារព័ត៌មាន ចំនួន​៥។

​រង្វាន់សេរីភាពសារព័ត៌មាន ត្រូវ​បែង​ចែក​ ជា​បីផ្នែក​ គឺ​ ទី១ ​សេចក្តីមោះមុតក្លាហាន ទី២ កិច្ចការ​ជះ​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​ ហើយនិងទី៣ ផ្នែក​ខាង​ឯករាជ្យភាព។​ ​សម្រាប់​រង្វាន់ផ្នែក​​ទី៣នេះហើយ​ ដែល​មាន​​បេក្ខភាពពី​ស្រុក​ខ្មែរ គឺ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា​ (CamboJa)​។ អង្គការ​ព័ត៌មានខ្មែរ​នេះ​​ នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ ស្ថាប័ន​និងអ្នក​កាសែត​ មកពីប្រទេស​ អេហ្ស៊ីប ហុងគ្រី និង នីការ៉ាហ្គា (NICARAGUA)​។​ ចំណែក​ បេក្ខភាព​ ៨ ផ្សេងទៀត សម្រាប់​រង្វាន់​២ទៀត គឺ​​មកពីតំបន់​កាស្មៀរ (ឥណ្ឌា) បារាំង ប្រេស៊ីល ជីប៊ូទី (DJIBOUTI) ហ្វីលីពីន អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និង រុស្ស៊ី ដែ​លសុទ្ធសឹង​តែជា​ប្រទេស​ឬតំបន់​ដែល អង្គការអ្នកកាសែតគ្មានព្រំដែន យល់ថា​ លំហូរ​សេរីភាព​សារព័ត៌មាន ​រួម​តូច មានការ​ រឹត គាប​សង្កត់​អ្នក​កាសែត ឬគំរាមកំហែង​ចំពោះ​សុវត្ថិភាព​ និង ​វិជ្ជាជីវៈ​របស់ពួក​គេ​​។​

ជាការ​កត់​សម្គាល់ អង្គភាព​​​កាសែត ដែលបាន​​ជាប់ឈ្មោះជ្រើសរើស​​សម្រាប់​យកទៅ​វិនិច្ឆ័យ​សម្រេច​ប្រគល់​រង្វាន់​ឆ្នាំនេះ គឺ ស្ថាប័ន​កាសែត​​ខ្លះ បង្កើតឡើង​ជិត​មួយរយ​​ឆ្នាំទៅហើយ តែ​ទើបតែ​ត្រូវជ្រើស​តាំង​​ឈ្មោះ ដើម្បី​​វិនិច្ឆ័យ​​សម្រាប់​យក​រង្វាន់​សារព័ត៌មាន​ឆ្នាំ២០២០​​នេះ។ ក៏ប៉ុន្តែ មាន​​កាសែត​និងស្ថាប័ន​ខ្លះទៀត​ គឺកើត​​មិន​ដល់​មួយ​ឆ្នាំទេ​ ​តែ​ចំ​កាលៈទេសៈ​មួយ​ដ៏​ពិសេស ​​ដែល​សេរីភាព​សារព័ត៌មាន​នៅស្រុក​របស់​គេ​នោះ ធ្លាក់​ដុន​ដាបខ្លាំង​​​​។​

សេចក្តីក្លាហានមោះ​មុតអង់អាច​​របស់​អ្នក​កាសែត​​ក្នុងការ​បំពេញវិជ្ជាជីវៈ  ​កិច្ចការ​​ប្រកប​ដោយ​ក្រមសីលធម៌ ឯករាជ្យភាព  ​​​សេចក្តីរាយការណ៍​និង​​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​រស៊ើប​ ដែល​ផ្តល់ផល​ប្រយោជន៍​ដល់​សង្គម​ដែល​ពួក​គេ​រស់​នៅ​ ទាំង​អស់​នេះ ជាគុណ​តម្លៃ​នៃ​សារព័ត៌មាន​ ដែល​អង្គការអ្នក​កាសែត​គ្មានព្រំដែន តែងតែយកចិត្តទុកដាក់​ និង ​​ឱ្យ​តម្លៃ​ជាសារវន្ត។ អគ្គលេខាធិការ​របស់អ្នកកាសែតគ្មានព្រំដែន  លោក​​ Christophe Deloire អះអាងថា «រង្វាន់​សេរីភាពសារព័ត៌មា​ន គឺ​មិនត្រឹមតែ​ឧទ្ទិ​ស​ជាពិសេស​ដល់​អ្នក​កាសែតប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​ច្បាស់​ ចំពោះ​បណ្តាអ្នក​សារព័ត៌មាន​ ដែល​អ្នក​ខ្លះ​ត្រូវ​រងគ្រោះថ្នាក់​ធ្លាក់​ក្នុងការចាប់​ចង​​ឃុំ​ឃាំងខ្លួន​ ជាញឹកញយ ហើយ​អ្នក​ខ្លះ​ត្រូវ​រង​បណ្តឹង​ក្តីក្តាំ​ និងរង​ការគំរាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋអំណាច ដោយសារតែ​ការបំពេញ​វិជ្ជាជីវៈ​របស់ពួក​គេ»។​

បើយោងតាម ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ Reporters sans frontières ដដែល​  ប្រសិន​បើ​អ្នក​សារព័ត៌មានគ្មានសេរីភាព​ផ្តល់​ព័ត៌មានពិតនិងត្រឹមត្រូវ, គ្មាន​សិទ្ធិ​បញ្ចេញសំនួន​វោហារ  ហើយ​​ប្រសិន​បើ​អ្នក​កាសែត​គ្មាន​សិទ្ធ​រិះគន់ បកអាក្រាតការពិត លាតត្រដាង​អំពើ​អយុត្តិធម៌ នោះ​ប្រទេស​របស់​ពួក​គេ និយាយរួម​​ ពិភពលោក ​ច្បាស់ជា​នឹង​ជួប​​ហានិភ័យ​និង​វិនាសកម្ម​ កាន់តែមាន​បញ្ហា​ផ្សេងៗ ឧក្រិដ្ឋកម្ម​ធម្មជាតិ​ បញ្ហា​អាកាសធាតុ​ ហិង្សា​ និទ្ទណ្ឌភាព​ ទារុណកម្ម ពុករលួយ រំលោភអំណាច ក្រាញ​អំណាច​... ជាដើម​។​ ការណ៍​ដែល​​​អ្នក​សារព័ត៌មានធ្វើ​សេចក្តីរាយការណ៍​ចំពោះ​​ប្រធានបទ​ទាំង​នេះ ​  គឺ​​ជាស្នូរ​ជួង​បំពង​សំឡេង ​អំពាវនាវ​​សុច្ឆន្ទៈ​ចូល​រួម​ពីមហាជន ​ដើម្បី​ផ្លាស់ប្តូរ​ចំណុច​អវិជ្ជមាន​របស់​សង្គម​នីមួយៗ​។ នេះបើតាម​សេចក្តីពន្យល់​របស់​អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង។​

មេប្រយោគ អ្នក​កាសែត​ល្បីៗ ចម្រុះ​ជាតិ​សាសន៍​

​បង្កើតឆ្នាំ​១៩៨៥ នៅខេត្ត Montpellier អង្គការអ្នកកាសែតគ្មានព្រំដែន ​អាយុ​៣៥ឆ្នាំ​ហើយ សព្វថ្ងៃ​ ​​​ទីស្នាក់ នៅក្រុង​ប៉ារីស។ សមាសភាព​មេប្រយោគ ឆ្នាំ​នេះ ​មាន​យ៉ាង​ហោច​ ១០ នាក់ គឺបណ្តុំ​ដោយ​មេធាវីការពារសិទ្ធអ្នក​សារព័តមាន​​ អ្នក​កាសែតជើងចាស់​ល្បីៗ អ្ន​កយកព័ត៌មាន​នៅស្រុក​សង្គ្រាម អ្នក​សារព័ត៌មានស៊ើបអង្កេត ជាដើម​។ ​ពួក​គេ​ សព្វថ្ងៃ​ ក៏​កំពុង​បម្រើការ​នៅស្ថាប័ន​ព័ត៌មាន​ដែរ ដូចជា​​ កាសែត វិទ្យុ ទូរទស្សន៍ និងអនឡាញ នៃ​បណ្តាប្រទេស​ផ្សេងៗគ្នា តួយ៉ាង​ ​​នៅសហរដ្ឋអាមេរិក​ បារាំង​ អាល្លឺម៉ង់ ស៊ីរី តង់ហ្សានី ប៉ាគីស្ថាន រុស្ស៊ី​។ល។​ មេប្រយោគធំ គឺ អ្នក​កាសែតល្បីល្បាញ Pierre Haski ជា​អ្នក​វិភាគ​ភូមិសាស្ត្រនយោបាយ​ពិភពលោក​​ នៅ​វិទ្យុជាតិ​បារាំង​ France Inter និងដែល ​កាន់តំណែង​ជាប្រធាន​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន តាំងពី​ឆ្នាំ​២០១៧ ។

ស្ថាប័ន​ការពារព័ត៌សេរីភាព​ព័ត៌មាន​លើពិភព​លោក​មួយ​នេះ​ បាន​ទទួល​ការ​គាំទ្រ ​និង​ជាសេនាធិការ​ខាងប្រឹក្សា​យោបល់​នៅលើ​ជំនាញ​របស់​ខ្លួន សម្រាប់​ផ្តល់​យោបល់​ដល់​ អង្គការ​សហប្រជាជាតិ អង្គការ​ខាង​វប្បធម៌​បេតិកភណ្ឌ យូណេស្កូ ក្រុមប្រឹក្សា​​អឺរ៉ុប និងអង្គការ​ប្រទេស​និយាយ​ភាសា​បារាំង​ OIF។

ក្រុង​តៃប៉ិ ជាទីតាំង​ផ្តល់​រង្វាន់ មិនមែនជារឿងចៃដន្យ​

អង្គការអ្នកកាសែតគ្មានព្រំដែន  រៀបចំ​ផ្តល់​រង្វាន់​ជ័យ​លាភី​សេរីភាព​ផ្នែកសារព័ត៌មាន​ ជារៀង​រាល់ឆ្នាំ​ ចំនួន​ ២៨ លើករួចមកហើយ។ ​ឆ្នាំ​២០១៨ គេ​ចែករង្វាន់​ នៅ​ក្រុង​ឡុងដ៍, ២០១៩ នៅក្រុង​ប៊ែរឡាំង ហើយ​២០២០នេះ នៅ​ក្រុង​តៃប៉ិ​ ដោយ​មាន​​ផ្សាយបន្ត​ផ្ទាល់ ​​តាមហ្វេសបុក ​ជាភាសា​ចិន និង​ផ្សាយ​ផ្ទាល់ ជាអង់គ្លេស ​តាមប្រព័ន្ធ​​យូធូប។ កម្មវិធី​គ្រោង​ប្រព្រឹត្តទៅ ថ្ងៃទី​៨ធ្នូ​ នៅ​​បណ្ណាល័យ​ជាតិ​តៃវ៉ាន់។​

អ្នក​ទទួលខុសត្រូវ​​អង្គការ​អ្នក​កាសែតគ្មានព្រំដែនប្រចាំ​តំបន់​អាស៊ី​ខាងកើត​ លោក​នាយក​​ Cédric Alviani បានបញ្ជាក់ថា ការ​ជ្រើស​រើស​យក​តៃវ៉ាន់ ជា​កន្លែង​ផ្តល់​ពានរង្វាន់​សេរីភាព​សារព័ត៌មាន ពី​ព្រោះថា​ រដ្ឋបាល​ក្រុង​តៃប៉ិ បាន​ស្តែងឱ្យ​ឃើញ​ពី​ចំណាត់​ការទប់​ស្កាត់​ជំងឺ​កូវីដ១៩ បានល្អប្រសើរ ហើយ​ដោយ​មិន​ប៉ះពាល់​ដល់​លំហូរសេរីភាព​សារព័ត៌មាន​។​ ​ម្យ៉ាងទៀត តៃវ៉ាន់ស ក៏​ទទួលបាន​ចំណាត់​ថ្នាក់​ល្អ ស្ទើរតែប្រសើរលើសគេ​ នៃបណ្តាប្រទេស​នៅអាស៊ី​​។​

ជាការពិត ការ​ជ្រើស​យក តៃវ៉ាន់​ សម្រាប់​ធ្វើ​ពិធីប្រគល់​រង្វាន់សេរីភាព​សារព័ត៌មាន​​ ពុំ​មែន​ជា​រឿង​ចៃដន្យ​ឡើយ ព្រោះ​​ថា ក្រុង​តៃប៉ិ ជា​និមិត្តរូប​នៃការតស៊ូ​តទល់​​ប្រឆាំង​អំណាច​ផ្តាច់​ការ​ ជាប្រព័ន្ធ ​​របស់​ចិន​ ដែល ​ប៉េកាំង​​ ច្រើនតែរឹតត្បិត​​សេរីភាព​សារព័ត៌មាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI