ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជំនួបកំពូល G២០ តាមអនឡាញជាការបាត់បង់ឱកាសសម្រាប់រាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ាន?

សំឡេង ០៥:៤៦
ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតសាលម៉ាន
ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតសាលម៉ាន AP - Bandar Aljaloud

ជំនួបកំពូល​នៃ​ក្រុម​ប្រទេស G២០ រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បិទបញ្ចប់​ក្នុង​ថ្ងៃ​អាទិត្យ ទី២២ វិច្ឆិកា។ អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​អារ៉ាប់​ទី១ ដែល​បាន​ទទួល​រៀបចំ​កិច្ចប្រជុំអន្តរជាតិ​មួយ​នេះ។ តែ​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ១៩ ជំនួបកំពូល G២០ ឆ្នាំ​នេះ​បាន​រៀបចំ​តាម​អនឡាញ។ លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ​បង្ហាញ​ថា G២០ បាន​សន្យា​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ឪ្យ​មនុស្សលោក​គ្រប់រូប និង​សន្យា​ជួយ​ក្រុម​ប្រទេស​ក្រីក្រ។ ក្នុង​នាម​ជា​ប្រទេស​រៀបចំ​ជំនួបកំពូល រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ​បាន​សាទរ​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន។ ចំណែក​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ដែល​គេ​ហៅ MBS ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ព្រះអង្គម្ចាស់​ដែល​បាន​ខកចិត្ត​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ឱកាស​កិច្ចប្រជុំ​អន្តរជាតិ​ដ៏​សំខាន់​មួយ​នេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​ខុស​ពី​គម្រោង​ផែនការ​ដើម​របស់​អារ៉ាប៊ីសាអូឌីត​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ ជំនួបកំពូល G២០ ឆ្នាំ ២០២០ ត្រូវ​បាន​រៀបចំ​តាម​អនឡាញ​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទាំង​អស់​បាន​ចូលរួម​ពី​ប្រទេស​របស់​ពួក​គេ​រៀងៗ​ខ្លួន។ រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាម៉ាន ឬ​ហៅ MBS ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ព្រះអង្គម្ចាស់​ដែល​មាន​ការ​ខកចិត្ត​ខ្លាំង​ដោយ​មិន​បាន​ទទួល និង​ថតរូប​ផ្ទាល់​ជាមួយ​មេដឹកនាំ G២០។ ទិដ្ឋភាព​ទូទៅ​នៃ​ជំនួបកំពូល ក៏​ដូច​ជា​រូបភាព​អ្នក​ចូលរួម​មាន​ត្រឹម​នៅ​លើ​អេក្រង់​ប៉ុណ្ណោះ។ តែ​រូបថត​ដែល​គ្រប់​គ្នា​ចាត់​ទុក​ជា​រូបថត​ប្រពៃណី និង​អនុស្សាវរីយ៍​សម្រាប់​ជំនួបកំពូល G២០ គឺ​រូបថត​ឈរ​ជុំ​គ្នា​របស់​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទាំង ២០រូប។

មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​រូបថត​ប្រពៃណី និង​អនុស្សាវរីយ៍​ជំនួបកំពូល G២០ ឆ្នាំ ២០២០ នេះ ទី១ ជា​រូបថត​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ថត​ពី​ផ្ទាំងអេក្រង់​ដែល​ផ្គុំ​ដោយ​កុំព្យូទ័រ និង​ទី២ ជា​រូបថត​ដែល​គ្មាន​វត្តមាន​ព្រះអង្គម្ចាស់ MBS ដូច​ដែល​ព្រះអង្គ​សង្ឃឹម​ទុក​នោះ​ទេ។ គឺ​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​ក្នុង​នាម​ជា​ព្រះប្រមុខរដ្ឋ និង​ជា​ព្រះបិតា​របស់​ព្រះអង្គ​ទៅ​វិញ​ទេ​ដែល​មាន​នៅ​ក្នុង​រូបថត​ជាមួយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​របស់ G២០។ គេ​ពិត​ជា​យល់​ពី​ការ​ខកចិត្ត​របស់​រាជទាយាទ MBS ដែល​ជំនួបកំពូល G២០ បែរ​ជា​បាន​រៀបចំ​តាម​អនឡាញ​ទៅ​វិញ។ ខកចិត្ត​ព្រោះ​ព្រះអង្គ​បាន​សង្ឃឹម​ពី​ដំបូង​ថា នឹង​ត្រៀម​យក​ឱកាស​ជំនួបកំពូល G២០ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កេរ្តិ៍ឈ្មោះ និង​មុខមាត់​ព្រះអង្គ​នៅ​លើ​ឆាកអន្តរជាតិ​ផង និង​ដើម្បី​លាតត្រដាង​បង្ហាញ​ភ្ញៀវជាតិ អន្តរជាតិ រួម​ទាំង​អ្នក​កាសែតអន្តរជាតិ​ពី​គម្រោង​កំណែទម្រង់​ក្រោម​ឈ្មោះ « ផែនការ​ចក្ខុវិស័យ ២០៣០ » របស់​ព្រះអង្គ​ផង។

គម្រោង​កំណែទម្រង់​មួយ​នេះ​ត្រូវ​បាន​ព្រះអង្គម្ចាស់ MBS សង្ឃឹម​បង្កើន​ផលិតផល​សរុប​ក្នុង​ស្រុក និង​បង្កើត​ការងារ​ចំនួន ១ ៦០០ ០០០ការងារ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ តែ​ដើម្បី​អាច​សម្រេច​កម្មវត្ថុ​ទាំង​អស់​នេះ​បាន ព្រះអង្គ​ត្រូវ​ការ​លុយ​មិន​តិច​ជាង ៤២៦ ០០០លានដុល្លារ​ដែល​តម្រូវការ​អ្នកវិនិយោគបរទេស និង​ក្នុង​ស្រុក​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​កិច្ចប្រជុំអន្តរជាតិ​ធំៗ​ដូច​ជា​ជំនួបកំពូល G២០ ប្រទេស​ជា​ម្ចាស់ផ្ទះ​ត្រូវ​ទទួល​មេដឹកនាំ​បរទេស​គ្រាក់ៗ និង​ក្រុម​ការងារ​របស់​ពួក​គេ រួម​ទាំង​ក្រុម​អង្គការជាតិ អន្តរជាតិ និង​ក្រុម​អ្នកកាសែតជាតិ អន្តរជាតិ​ជា​ច្រើន​រយពាន់នាក់។ លោក Ayham Kamel អ្នកជំនាញមជ្ឈិមបូព៌ា​ម្នាក់​បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា ជំនួបកំពូល G២០ តាម​អនឡាញ​ជា​ការ​បាត់បង់​ឱកាស​សម្រាប់​ព្រះអង្គម្ចាស់ MBS ដែល​ចង់​ស្តារ​កេរ្តិ៍ឈ្មោះ និង​មុខមាត់​ឡើង​វិញ​នៅ​លើ​ឆាកអន្តរជាតិ។

ពិត​ណាស់ រាជទាយាទ​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​ជា​ព្រះអង្គម្ចាស់​សម័យទំនើប និង​បាន​ព្យាយាម​ទាញ​អារ៉ាប៊ីសាអូឌីត​ចេញ​ពី​រាជាណាចក្រ​អភិរក្សនិយមជ្រុល។ តែ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ កេរ្តិ៍ឈ្មោះ និង​មុខមាត់​របស់​ព្រះអង្គ​បាន​ធ្លាក់​ចុះ​ខ្លាំង​ដោយសារ​រឿងរ៉ាវ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​យ៉ាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៨។ លោក​ខាស្ហូហ្ស៊ី​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកកាសែត​ដែល​ហ៊ាន​រិះគន់ ទិតៀន​របប​រាជានិយម​មិន​សំចៃ​មាត់។ ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩ តុលាការ​អារ៉ាប៊ីសាអូឌីត​បាន​កាត់ទោស​ជន​​មួយ​ចំនួន​ដាក់​ពន្ធនាគារ​រយៈពេល ២០ឆ្នាំ តែ​សំណួរ​កំពុង​បន្ត​ចោទ តើ​អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី?។ ព្រះអង្គម្ចាស់ MBS បាន​បដិសេធ នោះ​បើ​បស្ចិមលោក​បន្ត​មាន​ការ​សង្ស័យ​លើ​ព្រះអង្គ​ក៏​ដោយ។

រឿងរ៉ាវ​សម្លាប់​លោក​ខាស្ហូហ្ស៊ី រួម​ទាំង​ការ​រំលោភ​សិទ្ធិមនុស្ស​ទូទៅ​នៅ​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​ក្រុមប្រឆាំង​លើក​ឡើង​ដើម្បី​ទាមទារ​ឲ្យ​ក្រុម​ប្រទេស G២០ ដាក់​សម្ពាធ និង​ថ្កោលទោស​លើ​របប​ទីក្រុង​រីយ៉ាដ ពិសេស​រាជទាយាទ​បេន សាលម៉ាន។ តែ​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​ក្រុមប្រឆាំង​នេះ​ហាក់​មិន​សូវ​មាន​ទម្ងន់​ប៉ុន្មាន​ទេ។ មិន​សូវ​មាន​ទម្ងន់​ព្រោះ​ប្រទេស​អឺរ៉ុប​ធំៗ​ខ្លះ​ប្រយ័ត្នប្រយែង​ដោយ​មិន​ចង់​បែរ​ខ្នង​ដាក់​មនុស្ស​ខ្លាំង​អារ៉ាប៊ីសាអូឌីត​ព្រះអង្គម្ចាស់​បេន សាលម៉ាន ឬ​ហៅ MBS ដែល​អាច​គ្រប់គ្រង​អារ៉ាប៊ីសាអូឌីត​សម្រាប់ ៥០ឆ្នាំ​ខាង​មុខ និង​ដែល​ពួក​គេ​ត្រូវ​ចាប់ដៃ​ធ្វើ​ការ​ជាមួយ​ព្រះអង្គ​ដោយ​មិន​អាច​គេច​រួច។

ព្រះមហាក្សត្រ​សាលម៉ាន រួម​ទាំង​រាជទាយាទ​បេន សាលម៉ាន​បាន​យល់​ច្បាស់​ពី​ផលវិបាក​ចំពោះ​ប្រទេស​ដែល​កើត​ចេញ​ពី​ការ​ស្លាប់​លោក​ខាស្ហូហ្ស៊ី។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ជំនួបកំពូល G២០ និង​ដើម្បី​ស្រោចស្រង់​រូបភាព​ប្រទេស​ឡើង​វិញ​នៅ​លើ​ឆាកអន្តរជាតិ អារ៉ាប៊ីសាអូឌីត​ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន G២០ បាន​លើក​ឡើង​នូវ​ប្រធានបទ​សង្គម​សំខាន់ៗ ដូច​ជា​ការ​បែងចែក​ទ្រព្យធន ការងារ​សម្រាប់​យុវជន និង​ស្រ្តី រួម​ទាំង​ការ​ថែរក្សា​ភពផែនដី។ « អារ៉ាប៊ីសាអូឌីត​ព្យាយាម​ឲ្យ​តម្លៃ​លើ​វិស័យសង្គម​ដោយ​តាំង​ខ្លួន​ដូច​ជា​អ្នក​ប្រយុទ្ធប្រឆាំង​នឹង​ភាព​មិន​ស្មើ​គ្នា » នេះ​ជា​ការ​មើល​ឃើញ​របស់​លោក François-Aïssa Touazi សហស្ថាបនិក​អង្គការ think tank និង​ជា​អ្នកជំនាញ​ក្រុម​ប្រទេស​នៅ​ឈូងសមុទ្រពែក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI