អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វីទៅជាមហិច្ឆតាចិនក្នុងអវកាស?

សំឡេង ០៥:០៤
រ៉ុកកែត Long March 5 របស់​ចិន នៅពេល​បាញ់បង្ហោះ​យាន​គ្មាន​មនុស្សបើក (Tianwen-1) ទៅកាន់ភពអង្គារ កាលពីថ្ងៃទី២៣ កក្កដា ២០២០
រ៉ុកកែត Long March 5 របស់​ចិន នៅពេល​បាញ់បង្ហោះ​យាន​គ្មាន​មនុស្សបើក (Tianwen-1) ទៅកាន់ភពអង្គារ កាលពីថ្ងៃទី២៣ កក្កដា ២០២០ REUTERS - CARLOS GARCIA RAWLINS
ដោយ៖ សេង ឌីណា
២៨ នាទី

កាលពីថ្ងៃ​អង្គារ​​ ២៤វិច្ឆិកា​កន្លងទៅ​នេះ ចិន​បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ នូវ​យាន​គ្មាន​មនុស្ស​បើក​មួយ ដើម្បី​ទៅ​ចុះចត ប្រមូល​យក​ថ្ម​ពី​ព្រះចន្ទ រួចហើយ​បញ្ជូន​ត្រឡប់​មក​ផែនដី​វិញ។ ប្រសិនបើ​បេសកកម្ម​នេះ​ពិត​ជា​ទទួល​បាន​ជោគជ័យ​តាមការ​គ្រោង​ទុក ចិន​នឹង​អាច​ក្លាយ​ជា​ប្រទេស​ទី៣​ប៉ុណ្ណោះ បន្ទាប់​ពី​អាមេរិក និង​រុស្ស៊ី ដែល​អាច​ទៅ​ប្រមូល​យក​ថ្ម​ពីព្រះចន្ទ​ត្រឡប់​មក​ផែនដី​វិញ​បាន។ ក៏ប៉ុន្តែ បេសកកម្ម​នេះ គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ នៃ​មហិច្ឆតា​របស់​ចិន​ក្នុងអវកាស។

ផ្សាយពាណិជ្ជកម្ម

ចិន​គឺ​ជា​ប្រទេស​ដែល​បាន​បោះជំហាន​ចូល​មក​ក្នុង​វិស័យ​អវកាស​យឺត​ជាង​គេ បើ​ធៀប​ទៅនឹង​មហាអំណាច​ពីរ​ផ្សេងទៀត គឺ​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី។ គេឃើញ​ថា នៅពេល​ដែល​រុស្ស៊ី (កាលណោះ​នៅ​ជា​សហភាពសូវៀត) អាច​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ជាលើកទី១ នៅ​ឆ្នាំ១៩៦៦ ហើយ​​​អាមេរិក​បាន​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​ដោយ​ជោគជ័យ​នៅលើ​ដីព្រះចន្ទ នៅ​ឆ្នាំ១៩៦៩ ចិន​នៅ​មិនទាន់​មាន​សមត្ថភាព​បាញ់​បង្ហោះ​ផ្កាយរណប​ដោយខ្លួនឯង​បាន​នៅឡើយផង ដោយ​ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំ១៩៧០ឯណោះ ទើប​ចិន​អាច​បាញ់​បង្ហោះ​ផ្កាយរណប​ទៅ​ក្នុង​ទីអវកាស​បាន​ដោយ​ជោគជ័យ​ជា​លើកទីមួយ។

ក៏ប៉ុន្តែ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា កម្មវិធី​អវកាស​របស់​ចិន​មាន​ការរីកចម្រើន​​​​យ៉ាងលឿន​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គិត​ចាប់តាំង​ពី​ឆ្នាំ២០០៣​មក ចិន​បាន​បញ្ជូន​អវកាសយានិក​ចំនួន ៦រូប​ ទៅកាន់​ទីអវកាស បាញ់​បង្ហោះ​មន្ទីរពិសោធន៍​ចំនួន​ពីរ​ទៅដាក់​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​​ឲ្យ​ទៅ​ចុះចត​ដោ​យ​ជោគជ័យ​លើ​ព្រះចន្ទ​​ចំនួន​ពីរលើក ព្រមទាំង​បេសកកម្ម​ដ៏​សំខាន់​ពីរទៀត នៅ​ក្នុង​ឆ្នាំ​២០២០​នេះ គឺ​ការ​បាញ់​បង្ហោះ​យាន​គ្មាន​មនុស្ស​បើក​ទៅកាន់​ភពអង្គារ កាល​ពីខែ​កក្កដា មុន​នឹង​បេសកកម្ម​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ទៅ​ប្រមូល​ថ្ម​ពី​ព្រះចន្ទ កាល​ពីថ្ងៃ​អង្គារ​កន្លងទៅ​ថ្មីៗ​នេះ។

គិតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ ​កម្មវិធី​អវកាស​របស់​ចិន​នៅតែ​ស្ថិត​យ៉ាងដាច់ឆ្ងាយ​នៅឡើយ ពីក្រោយ​អាមេរិក ដែល​ជា​គូប្រជែង។ នៅ​ពេល​ដែល​យាន​គ្មាន​មនុស្ស​បើក​របស់​ចិន​អាច​ទៅ​​ចុះចត​ត្រឹម​​លើ​ដីព្រះចន្ទ​ យាន​ New Horizons របស់​អាមេរិក​វិញ ​អាច​ហោះកាត់ និង​ថតយក​រូបភាព​វត្ថុ​ដែល​នៅ​យ៉ាង​ឆ្ងាយ រហូត​ទៅដល់​តំបន់​ខ្សែក្រវ៉ាត់​គុយពែរ ចំណែក​យាន Voyager វិញ បាន​ហោះ​បាន​​ឆ្ងាយ​រហូតចេញ​ផុត​ពី​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​យាន​គ្មាន​មនុស្សបើក​ទំនើបៗ​ជាច្រើន​គ្រឿង​​ក៏​ត្រូ​វ​បាន​អាមេរិក​បញ្ជូន​ទៅ​ចុះចត​លើ​ភព​អង្គារ​​ដោយ​ជោគជ័យ​ជាច្រើន​ដង​រួចទៅហើយ​ដែរ។

ក៏ប៉ុន្តែ មហិច្ឆតា​របស់​ចិន ដូចដែល​ថ្នាក់ដឹកនាំ​ទីភ្នាក់ងារ​អវកាស​ចិន​ធ្លាប់​បាន​លើកឡើង កាល​ពី​ឆ្នាំ២០១៦​កន្លងទៅ​រួចហើយ​ថា គឺ​ធ្វើ​យ៉ាងណា​អាច​ក្លាយខ្លួន​ជា​មហាអំណាច​អវកាស​ដ៏​ចម្បងមួយ​លំដាប់​ពិភពលោក​ នៅ​ក្នុង​អំឡុង​ឆ្នាំ២០៣០ ហើយ​លោក​ប្រធានាធិបតី​ស៊ី ជីនពីង​ក៏​ធ្លាប់​លើកឡើង​ផងដែរ កាល​ពី​ឆ្នាំ២០១៣​កន្លងទៅ​ថា កម្មវិធី​អវកាស​របស់​ចិន គឺ​ជា​ផ្នែក​មួយ​នៃ​ក្តីសុបិន​របស់​ប្រជាជន​ចិន គឺ​ក្តីសុបិន​​ចង់ឲ្យ​ចិន​ក្លាយ​ជា​ប្រទេស​ដ៏​ខ្លាំង​មួយ។

ដើម្បី​សម្រេច​តាម​គោលដៅ​នេះ​ហើយ ដែល​គេឃើញ​ថា ​ចិន​មិន​ខ្លាច​នឹង​ចំណាយ​​លុយ​ ​ ​រាប់ពាន់លាន​ដុល្លារ​ទៅលើ​កម្មវិធី​អវកាស​របស់​ខ្លួន​ ដោយ​ចិន​គ្រោង​នឹង​សាងសង់​ស្ថានីយ៍អវកាស​​ផ្ទាល់​ខ្លួន​មួយ នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី នៅ​ត្រឹម​ឆ្នាំ២០២២​ ហើយ​គ្រោង​បញ្ជូន​អវកាសយានិក​​ឲ្យ​ទៅ​ចុះចត​លើ​ដី​ព្រះចន្ទ នៅក្នុង​អំឡុង​ឆ្នាំ២០៣០​ខាងមុខ។ បើសិន​ជា​ចិន​ពិត​ជា​អាច​ធ្វើ​បាន​មែន ចិន​នឹង​អាចក្លាយ​ជា​ប្រទេស​ទី២ ដែល​អាច​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ដី​ព្រះចន្ទ ដោយ​ស្ថិត​នៅ​ពីក្រោយ​ប្រទេស​តែមួយ​ប៉ុណ្ណោះ គឺ​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់មួយ ដែល​ចិន​ទំនង​ជា​នឹង​អាច​ជា​គូ​​ប្រជែង​ដ៏​ចម្បង​​របស់​អាមេរិក គឺ​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅកាន់​ភពអង្គារ ពីព្រោះ​ថា មក​ទល់​នឹង​ពេលនេះ មិនថា អាមេរិក ឬ​ក៏​ប្រទេស​ណា​មួយផ្សេងទៀត​នោះទេ មិនទាន់មាន​ប្រទេស​ណាមួយ​អាច​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ភពអង្គារ​បាន​នៅឡើយ​ទេ ហើយ​អាមេរិក​ក៏​នៅមិនទាន់​មាន ​កញ្ចប់​ថវិកា​ច្បាស់លាស់​​ និង​គម្រោងជាក់លាក់​នៅឡើយ​ដែរ​ថា នឹង​អាច​សម្រេច​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​ភពអង្គារ​នេះ​បាន​នៅពេលណា។

និយាយ​ជារួម ខុសពី​ព្រះចន្ទ ដែល​អាមេរិក​បាន​យក​ឈ្នះ​គេ​រួចហើយ ភពអង្គារ​វិញ គឺ​​ជា​ទីលាន​ដែល​​នៅ​អាច​ប្រកួតប្រជែង​គ្នា​បាន ហើយ​ចិន​ដាក់​ក្តីសង្ឃឹម​​ខ្លាំង​លើ​បេសកកម្ម​​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ទៅ​ភពអង្គារ ដែល​ចិន​បាន​បាញ់​បង្ហោះ កាល​ពីខែ​កក្កដា​កន្លងទៅ។

បេសកកម្ម​នេះ ដែល​មាន​ឈ្មោះ​ថា Tianwen-1 នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅដល់​ភពអង្គារ នៅខែ​កុម្ភៈ​ឆ្នាំ២០២១​ខាងមុខ ដោយ​នៅ​ក្នុង​នោះ មាន​យាន​ចំនួន​ពីរ​គ្រឿង គឺ​យាន​​មួយ​សម្រាប់​ហោះ​នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពអង្គារ (Orbiter) និង​​យាន​មួយទៀត​ សម្រាប់​ចុះចត​លើ​ដី​ភព​អង្គារ។

ប្រសិនបើ​បេសកកម្ម​នេះ​ពិត​ជា​អាច​ទទួល​ជោគជ័យ​តាម​ការ​គ្រោងទុក ចិន​មិន​ត្រឹមតែ​អាច​លើកមុខមាត់​ជា​មហាអំណាច​អវកាស​ដ៏សំខាន់​មួយ​នោះទេ ក៏ប៉ុន្តែ លើស​ពីនេះ​ទៅទៀត បទពិសោធន៍ ព្រមទាំង​ទិន្នន័យ​ដែល​បាន​ពី​យាន​គ្មាន​មនុស្ស​បើក​នេះ ក៏​អាច​នឹង​បើក​ផ្លូវ​​ផងដែរ ឲ្យ​ចិន​ឈាន​​ទៅមុខ​មួយ​ជំហាន​ទៀត ឆ្ពោះ​ទៅ​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​អង្គារ ​ប្រជែងដោយផ្ទាល់​​​ជាមួយ​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ