ហេតុអ្វីបានជាចំហាយនៃបដិវត្តន៍អារ៉ាប់កាលពី ១០ឆ្នាំមុនកំពុងបន្តមានមកដល់សព្វថ្ងៃ?
ចុះផ្សាយនៅថ្ងៃ៖
កាលពី ១០ឆ្នាំមុន បដិវត្តន៍អារ៉ាប់ដែលបានចាប់ផ្តើមដំបូងក្នុងប្រទេសទុយនីស៊ីបានឆ្លងរាលដាលចូលទៅក្នុងប្រទេសអារ៉ាប់មួយចំនួន។ ព្រឹត្តិការណ៍បះបោរមហាជនមួយនេះមានគោលដៅទម្លាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដែលកាន់តំណែងដុះស្លែ និងទាមទាមឲ្យមានការផ្លាស់ប្តូរ។ តែគេបានសង្កេតឃើញជារួមថា ក្នុងចំណោមប្រទេសដែលបានភ្លួករសជាតិបដិវត្តន៍អារ៉ាប់ មានប្រទេសខ្លះទទួលបានផលល្អ ប្រទេសខ្លះលិច និងអណ្តែត ហើយប្រទេសខ្លះទៀតបែរជាកំពុងមានស្ថានការណ៍ដុនដាបជាងមុនពេលផ្ទុះបដិវត្តន៍អារ៉ាប់ទៅទៀត។ ទោះជាយ៉ាងនេះក្តី ចំហាយនៃបដិវត្តន៍អារ៉ាប់កាលពី ១០ឆ្នាំមួយនេះកំពុងបន្តមានជីវិតមកដល់សព្វថ្ងៃនៅក្នុងប្រទេសមួយចំនួន។
អណ្តាតភ្លើងបដិវត្តន៍អារ៉ាប់បានផ្តើមឆាបឆេះឡើងនៅក្នុងប្រទេសទុយនីស៊ីក្នុងថ្ងៃទី១៧ ធ្នូ ឆ្នាំ ២០១០ ដោយមានបុរសអ្នកលក់ទំនិញតាមផ្លូវម្នាក់បានចាក់សាំងដុតខ្លួនឯង។ ចាក់សាំងដុតខ្លួនឯងដោយសារតែធុញទ្រាន់នឹងជីវភាពក្រីក្រតោកយ៉ាកខ្លាំង និងការឈ្លានីសរបស់ប៉ូលិសចំពោះមុខរបរលក់ទំនិញតាមផ្លូវរបស់ខ្លួន។ ព្រឹត្តិការណ៍មួយនេះបានបញ្ឆេះកំហឹងមហាជនទុយនីស៊ីនៅទូទាំងប្រទេសឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ជិត ១ខែក្រោយមក ពោលក្នុងថ្ងៃទី១៤ មករា ឆ្នាំ ២០១១ កម្លាំងមហាជនបានទម្លាក់លោកបិន អាលីពីកៅអីប្រធានាធិបតីដែលលោកបានអង្គុយអស់រយៈពេល ២៣ឆ្នាំ។
ចេញពីទុយនីស៊ី និងក្រោយការធ្លាក់ពីតំណែងរបស់លោកបិន អាលីបាន ១១ថ្ងៃ បដិវត្តន៍អារ៉ាប់ក៏បានឆ្លងចូលក្នុងប្រទេសអារ៉ាប់ផ្សេងទៀតជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១១ ដោយចាប់ផ្តើមមុនគេនៅប្រទេសអេហ្ស៊ីប យេម៉ែន បារ៉ែន និងប្រទេសស៊ីរី។ នៅអេហ្ស៊ីប និងនៅ យេម៉ែន កម្លាំងមហាជនបានឈានទៅទម្លាក់ប្រធានាធិបតីដែលកាន់តំណែងយូរឆ្នាំ និងផ្តាច់ការ។ នៅលីប៊ី មេដឹកនាំផ្តាច់ការកាដាហ្វ៊ីដែលបានក្រាញអំណាចរហូតដល់នាទីចុងក្រោយត្រូវបានសម្លាប់ក្នុងថ្ងៃទី២០ តុលា ឆ្នាំ ២០១១ ក្រោមអន្តរាគមន៍របស់កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក។
ចំណែកនៅស៊ីរី បដិវត្តន៍អារ៉ាប់ដែលបានចាប់ផ្តើមក្នុងថ្ងៃទី១៥ មីនា ឆ្នាំ ២០១១ បាន និងកំពុងអូសបន្លាយមកដល់សព្វថ្ងៃ។ បើគេពិនិត្យមើលជារួមទៅ ក្រុមប្រទេសដែលបានភ្លួករសជាតិបដិវត្តន៍អារ៉ាប់ពេញពោះកាលពី ១០ឆ្នាំមុន មានតែប្រទេសទុយនីស៊ីមួយគត់ដែលហាក់បានស្គាល់ការផ្លាស់ប្តូរក្នុងផ្លូវវិជ្ជមាន។ ចំណែកប្រទេសផ្សេងទៀតបន្តស្គាល់អស្ថិរភាពដោយម្តងលិច ម្តងអណ្តែត និងខ្លះបានធ្លាក់ដុនដាបខ្លាំងជាងមុនផ្ទុះបដិវត្តន៍អារ៉ាប់ទៅទៀត។
ជាក់ស្តែងនៅអេហ្ស៊ីប គ្មានទៀតឡើយរបបផ្តាច់ការរបស់លោកហូស្ន៊ី មូបារ៉ាក់ តែអំណាចសព្វថ្ងៃកំពុងស្ថិតក្នុងដៃកងទ័ព។ នៅយេម៉ែន នៅបារ៉ែន និងនៅលីប៊ី ប្រទេសត្រូវបានពុះចែកជាពីរដោយមានការដណ្តើមអំណាចរវាងក្រុមប្រឆាំង និងក្រុមអតីតរបបចាស់ រួមទាំងក្រុមឧទ្ទាមទៀតផង។ បើបដិវត្តន៍អារ៉ាប់បែរជាបានហុចលទ្ធផលមិនល្អជាងលទ្ធផលល្អដូចដែលគេបានសង្ឃឹមទុក ហេតុអ្វីបានជានៅ ១០ឆ្នាំក្រោយមក បដិវត្តន៍របៀបនេះនៅបន្តមានជីវិតមកដល់សពថ្ងៃ?។ តាមពិតទៅ ប្រទេសដែលមានអ្នកកាន់អំណាចយូរ ផ្តាច់ការ ពុករលួយ បក្ខពួកនិយម និងគ្រួសារនិយម ជម្រើសចង់ឲ្យមានការផ្លាស់ប្តូរសម្រាប់ប្រជាជនមានតែមួយគត់ គឺចុះផ្លូវធ្វើបាតុកម្មតវ៉ាទោះត្រូវបង់ថ្លៃកម្រិតណាក៏ដោយ។
អាល់ហ្សរី អ៊ីរ៉ាក់ ស៊ូដង់ និងលីបង់ដែលបានភ្លួករសជាតិបដិវត្តន៍អារ៉ាប់តិចតួចកាលពី ១០ឆ្នាំមុន គឺជាប្រទេសដែលបានចម្លងយកគំរូបដិវត្តន៍អារ៉ាប់ពេញទំហឹងក្នុងឆ្នាំ ២០១៩។ រូបភាពនៃការធ្វើបដិវត្តន៍មិនដូចគ្នាមែន តែមានបុព្វហេតុដូចគ្នាសុទ្ធសាធ គឺចង់ឲ្យមានការផ្លាស់ប្តូរតាមរយៈការប្តូរថ្នាក់ដឹកនាំ។ នៅអាល់ហ្សេរី កំហឹងបះបោររបស់មហាជនបានផ្ទុះខ្លាំងក្នុងថ្ងៃទី២២ កុម្ភៈ ឆ្នាំ ២០១៩ ប្រឆាំងនឹងការឈរឈ្មោះប្រធានាធិបតីអាណត្តិទី៥ របស់លោកប៊ូតេហ្ល្វីកា។ ជាមួយនឹងសម្ពាធរបស់មហាជន និងក្រោយពីកងទ័ពដកការគាំទ្រ លោកប៊ូតេហ្ល្វីកាបានលាចុះពីតំណែងក្នុងថ្ងៃទី២ មេសា។ តែចលនាប្រឆាំងបន្តដាក់គំនាបដោយខ្លាចក្រុមថ្មីឡើងកាន់អំណាចជាក្រុមចាស់របស់លោកប៊ូតេហ្ល្វីកា។
នៅអ៊ីរ៉ាក់ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០១១ ក្បួនបាតុកម្មរៀបចំដោយចលនា « យុវជនខែកុម្ភៈ » បានធ្វើឡើងរៀងរាល់សប្តាហ៍ដោយទាមទារឲ្យមានកំណែទម្រង់របបដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីនូរី អាល់ម៉ាលីគី។ ក្នុងខែតុលា ឆ្នាំ ២០១៩ បាតុកម្មស្រដៀងគ្នានេះបានផ្ទុះខ្លាំងដែលលើកនេះបានទាមទារឲ្យមានកំណែទម្រង់របបដឹកនាំ និងការលាចុះរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីអាឌែល អាប់ឌែល ម៉ាឌី។ ក្រោយការតវ៉ាបានប៉ុន្មានខែ បាតុកម្មឆ្នាំ ២០១៩ ក៏បានរងការបង្រ្កាបយ៉ាងបង្ហូរឈាមដូចបាតុកម្មឆ្នាំ ២០១១ ដែរ។ នៅស៊ូដង់ បដិវត្តន៍អារ៉ាប់បានលេចរូបរាងពិតប្រាកដក្នុងឆ្នាំ ២០១៨ ជាមួយនឹងបាតុកម្មប្រឆាំងតម្លៃនំបុ័ងឡើងថ្លៃ ១ជា៣។ ក្នុងថ្ងៃទី១១ មេសា ឆ្នាំ ២០១៩ កងទ័ពបានក្តាប់អំណាចដោយយកប្រធានាធិបតីអូម៉ា អ៊ែល បេសៀរទៅឃុំក្នុងផ្ទះ។
តែមហាជនស៊ូដង់បន្តដាក់សម្ពាធលើកងទ័ពឲ្យប្រគល់អំណាចទៅឲ្យស៊ីវិល។ នៅលីបង់ អណ្តាតភ្លើងបដិវត្តន៍អារ៉ាប់ពិតប្រាកដបានផ្ទុះឡើង បន្ទាប់ពីរដ្ឋាភិបាលបានដំឡើងពន្ធលើការប្រើប្រាស់កម្មវិធី WhatsApp។ កំហឹងរបស់មហាជនលើរឿងរ៉ាវមួយនេះបានបង្ខំឲ្យលោកសាដ ហារីរីលាចុះពីតំណែងនាយករដ្ឋមន្រ្តី។ បន្ទាប់មកនៅក្រោយការផ្ទុះនៅកំពង់ផែក្រុងបេរូតក្នុងខែសីហា ឆ្នាំ ២០២០ កំហឹងរបស់មហាជនមានរឹតតែខ្លាំងប្រឆាំងនឹងអំពើពុករលួយ និងការដឹកនាំមិនបានល្អ។ តែក្នុងខែតុលាកន្លងទៅថ្មីៗនេះ នាយករដ្ឋមន្រ្តីថ្មីលីបង់គឺនាយករដ្ឋមន្រ្តីចាស់ដែលមានឈ្មោះសាដ ហារីរី។
សរុបមកវិញ នៅអាល់ហ្សេរីក្តី អ៊ីរ៉ាក់ក្តី ស៊ូដង់ក្តី ឬមួយក៏លីបង់ក្តី បដិវត្តន៍អារ៉ាប់កាលពី ១០ឆ្នាំមុនទើបតែបានចាប់ផ្តើមកើតពិតប្រាកដក្នុងឆ្នាំ ២០១៩ និងមិនច្បាស់បិទបញ្ចប់ត្រឹមនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ