ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តុលាការអង់គ្លេសបានសម្រេចមិនបញ្ជូនលោកជូលៀន អាសាញទៅឲ្យសហរដ្ឋអាមេរិកទេ

សំឡេង ០៤:១២
លោក​ជូលៀន អាសាញ និង​មេធាវីរបស់លោកក្នុង​ដំណើរ​ទៅ​កាន់​តុលាការ​ក្នុង​ប្រទេសអង់គ្លេស ថ្ងៃទី៤ មករា ២០២១
លោក​ជូលៀន អាសាញ និង​មេធាវីរបស់លោកក្នុង​ដំណើរ​ទៅ​កាន់​តុលាការ​ក្នុង​ប្រទេសអង់គ្លេស ថ្ងៃទី៤ មករា ២០២១ © AP
២៦ នាទី

នៅ​ថ្ងៃ​ចន្ទ ទី៤ មករា តុលាការ​អង់គ្លេស​បាន​សម្រេច​មិន​បញ្ជូន​ស្ថាបនិក​គេហទំព័រ Wikileaks លោក​ជូលៀន អាសាញ​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​ទេ។ គួរ​រម្លឹក​ថា​ចាប់​ពី​ឆ្នាំ ២០១០ ស្ថាបនិក​គេហទំព័រ Wikileaks រូប​នេះ​បាន​ទម្លាយ​ឯកសារ​សម្ងាត់​ជាង ៧០០ ០០០ឯកសារ​ស្តីពី​សកម្មនភាព​យោធា និង​ការទូត​អាមេរិក។ រដ្ឋបាល​អាមេរិក​បាន​ចោទ​លោក​អាសាញ​ពី​បទចារកម្ម និង​ចង់​កាត់ទោស​លោក​នៅ​លើ​ទឹកដី​អាមេរិក។ ក្រុមមេធាវី​របស់​លោកអាសាញ​បាន​បញ្ជាក់​ថា បើ​លោក​អាសាញ​ត្រូវ​កាត់ទោស​នៅសហរដ្ឋអាមេរិក ​​លោក​អាសាញ​អាច​ជាប់​ក្នុង​ពន្ធនាគារ​ពី ៣០ ទៅ​ ៤០ឆ្នាំ។ ចំណែក​ក្រុមរដ្ឋអាជ្ញា​បាន​លើកឡើង​ពី​ទម្ងន់​ទោស​ជាប់​ក្នុង​ពន្ធនាគារ​អតិបរមាណ ៦៣ឆ្នាំ។ តើ​រឿងរ៉ាវ​ជុំវិញ​លោក​ជូលៀន អាសាញ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច និង​ថា តើ​រដ្ឋបាល​អាមេរិក​យល់​ឃើញ​យ៉ាង​ម៉េច​ដែរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​តុលាការ​អង់គ្លេស​ពេល​នេះ?។

ផ្សាយពាណិជ្ជកម្ម

គេ​នៅ​ចាំ​បាន​មិន​ភ្លេច​កាល​ពី ១០ឆ្នាំ​មុន ពោល​ចាប់​តាំង​ពី​ឆ្នាំ ២០១០ ស្ថាបនិក​គេហទំព័រ Wikileaks លោក​ជូលៀន អាសាញ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​បាន​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​បន្តបន្ទាប់​ដល់​ទៅ ៧០០ ០០០ឯកសារ​ស្តីពី​សកម្មភាព​ទាហាន និង​ការទូត​អាមេរិក ពិសេស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន។ នៅ​ក្នុង​ចំណោម​ឯកសារ​ដែល​ផ្សព្វផ្សាយ គេ​ឃើញ​មាន​ខ្សែអាត់​វីដូអូ​មួយ​ដែល​បង្ហាញ​ពី​ការ​ស្លាប់​ជនស៊ីវិល​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ ២០០៧ នៅ​ក្រោម​គ្រាប់​កាំភ្លើង​ទាហាន​អាមេរិក​បាញ់​ចេញ​ពី​ឧទ្ធម្ភាគចក្រ។

ក្រោម​ភ្នែក ច្រមុះ​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ទង្វើ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក​ពី​លោក​ជូលៀន អាសាញ​ជា​ការ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ក្រុម​មន្រ្តីអាមេរិក និង​ក្រុម​អ្នករួម​ការងារ​ជាមួយ​អាមេរិក​នៅ​បរទេស។ តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ស្ថាបនិក​គេហទំព័រ Wikileaks បដិសេធ​យ៉ាង​ដាច់​អហង្ការ។ ទោះ​ជា​យ៉ាង​នេះ​ក្តី សហរដ្ឋអាមេរិក​ចង់​បាន និង​ចង់​ឃើញ​លោក​ជូលៀន អាសាញ​ទទួល​ការ​កាត់ទោស​នៅ​ក្នុង​តុលាការ​អាមេរិក​លើ​ទឹកដី​អាមេរិក។ មែនទែន​ទៅ រឿងរ៉ាវ​ជុំវិញ​លោក​ជូលៀន អាសាញ​ដែល​ជា​ជនជាតិ​អូស្រ្តាលី​អាយុ ៤៩ឆ្នាំ​រូប​នេះ​មិនមែន​មាន​ត្រឹម​រឿង​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក​ប៉ុណ្ណោះ​ទេ។

ក្នុង​ឆ្នាំ ២០១២ តុលាការ​ប្រទេស​ស៊ុយអែត​បាន​កោះ​ហៅ​លោក​អាសាញ​ទៅ​សួរ​នាំ​ក្នុង​បណ្តឹង​ស្តីពី​ការ​ចាប់​រំលោភ​ផ្លូវភេទ។ តែ​ដោយ​បារម្ភ​ខ្លាច​ពី​ការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​សហរដ្ឋអាមេរិក លោក​អាសាញ​បាន​ជ្រើស​យក​ផ្លូវ​ចូល​លាក់​ខ្លួន​នៅ​ក្នុង​ស្ថានទូត​របស់​ប្រទេស​អេក្វាទ័រ​ប្រចាំ​ប្រទេស​អង់គ្លេស​ជាជាង​ទៅ​បង្ហាញ​ខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​ស៊ុយអែត។ តែ​នៅ​ឆ្នាំ ២០១៧ សំណុំរឿង​ចាប់​រំលោភ​នេះ​ត្រូវ​បាន​តុលាការ​ស៊ុយអែត​ទម្លាក់​ចោល​វិញ​បន្ទាប់​ពី​រក​ឃើញ​ថា រឿង​រំលោភ​នោះ​មិនមែន​ជា​ការ​ចាប់​បង្ខំ​ទេ តែ​ជា​ការ​ត្រូវ​រ៉ូវ ព្រមព្រៀង​គ្នា​រវាង​អ្នក​រំលោភ​គេ និង​អ្នក​ដែល​ត្រូវ​គេ​រំលោភ។

នៅ​ក្នុង​ស្ថានទូត​អេក្វាទ័រ​ក្នុង​ប្រទេស​អង់គ្លេស លោក​អាសាញ​ទទួល​បាន​សិទ្ធិជ្រកកោន​យោបាយ និង​បាន​ស្នាក់​នៅ​ទីនោះ​អស់​រយៈ​ពេល ៧ឆ្នាំ។ គឺ​ទើប​ក្នុង​ឆ្នាំ ២០១៩ និង​ដោយ​មិន​អាច​បន្ត​ទទួល​គំនាប​ពី​អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​ត​ទៅ​ទៀត ស្ថានទូត​អេក្វាទ័រ​ក៏​បាន​សម្រេច​លែង​ឲ្យ​លោក​អាសាញ​ស្នាក់​នៅ ហើយ​បាន​ដក​សិទ្ធិជ្រកកោននយោបាយ​ចេញ​ពី​លោក​វិញ។ ចាប់​ពី​ពេល​នោះ​មក រដ្ឋអំណាច​អង់គ្លេស​បាន​យក​លោក​អាសាញ​ទៅ​ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ដើម្បី​រង់ចាំ​ការ​ទោស​ពី​ការ​បញ្ជូន ឬ​មិន​បញ្ជូន​ទៅ​ឲ្យ​សហរដ្ឋអាមេរិក។ នៅ​ទីបំផុត​ក្នុង​ថ្ងៃ​ចន្ទ ទី៤ មករា តុលាការ​អង់គ្លេស​បាន​សម្រេច​មិន​បញ្ជូន​លោក​ជូលៀន អាសាញ​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​ទេ។

ហេតុផល​សំខាន់​ដែល​លើក​ឡើង​ដោយ​តុលាការ​អង់គ្លេស គឺ​បារម្ភ​ពី​សុខភាព​ទ្រុឌទ្រោម​របស់​លោក​ជូលៀន អាសាញ ពិសេស​សុខភាព​ផ្លូវចិត្ត​។ សូម​រម្លឹក​ថា រឿងរ៉ាវ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​សហរដ្ឋអាមេរិក​ពី​លោក​អាសាញ​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ២០១០ ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​ដែល​មាន​លោក​ចូ បៃដិន​ជា​អនុប្រធានាធិបតី។ ក្នុង​ជំនាន់​លោក​អូបាម៉ា តុលាការ​អាមេរិក​បាន​បោះបង់​ការ​តាម​កាត់ទោស​លោក​ជូលៀន អាសាញ។ តែ​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​ដែល​បាន​ចាត់​ទុក​លោក​អាសាញ​ជា​សត្រូវ​របស់​ពលរដ្ឋ​អាមេរិក​មិន​បាន​បំភ្លេច​ចោល​លោក​អាសាញ​ទេ។

បញ្ហា​នៅ​ត្រង់​ថា រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​នឹង​អស់​អំណាច​នៅ ២សប្តាហ៍​ទៀត។ គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ថា តើ​រដ្ឋបាល​អាមេរិក​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ចូ បៃដិន​នឹង​គិតគូរ​យ៉ាង​ម៉េច​ដែរ​ចំពោះ​រឿងរ៉ាវ​ពាក់ព័ន្ធ​ជាមួយ​រូប​ស្ថាបនិក​គេហទំព័រ Wikileaks លោក​ជូលៀន អាសាញ?។ គេ​ត្រូវ​រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​នេះ​នា​ពេល​ខាង​មុខ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​នៅ​ក្រោយ​ការ​សម្រេច​របស់​តុលាការ​អង់គ្លេស ក្រុម​រដ្ឋអាជ្ញាអាមេរិក​បាន​បញ្ជាក់​ភ្លាមៗ​ពី​គម្រោង​ប្តឹងឧទ្ទរណ៍។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​ជូលៀន អាសាញ​នឹង​ត្រូវ​បន្ត​ជាប់​ឃុំ​ជា​បណ្តោះអាសន្ន​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI