ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើទំនិញ​នៅទូទាំងពិភពលោក​នឹងឡើងថ្លៃខ្លាំងនៅថ្ងៃអនាគត?

សំឡេង ០៦:០១
អត្រាអតិផរណាកំពុងកើនឡើង ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ពីព្រោះការផ្គត់ផ្គង់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចកំពុងកើនឡើង នៅពេលរដ្ឋាភិបាលត្រូវការចំណាយលុយច្រើន
អត្រាអតិផរណាកំពុងកើនឡើង ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ពីព្រោះការផ្គត់ផ្គង់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចកំពុងកើនឡើង នៅពេលរដ្ឋាភិបាលត្រូវការចំណាយលុយច្រើន REUTERS/Kham
ដោយ៖ ឆន ឌីណា
៣១ នាទី

ចំនួនសាច់ប្រាក់ក្នុងសេដ្ឋកិច្ច ឬការផ្គត់ផ្គង់សាច់ប្រាក់បន្ថែមក្នុងសេដ្ឋកិច្ច បាន​និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស នៅទូទាំងសកលលោក ជាពិសេសអំឡុងពេលប្រឈមមុខទល់នឹងវិបត្តិជំងឺកូវីដ១៩។ អ្នកជំនាញយ៉ាងច្រើនមានការព្រួយបារម្ភថា ការកើនឡើងចំនួនសាច់ប្រាក់ក្នុងសេដ្ឋកិច្ចរបៀបនេះអាចនឹងនាំឱ្យតម្លៃទំនិញជាទូទៅកើនឡើងខ្ពស់។ ដូច្នេះ អ្នកដែលមានចំណូលទាប និងមធ្យមនឹងត្រូវរងផលប៉ះពាល់មុនគេ។ បន្ទាប់មក អ្នកវិនិយោគនឹងមិនហ៊ានវិនិយោគ ព្រោះភាពមិនច្បាស់លាស់។ ចុងក្រោយ សេដ្ឋកិច្ចជាតិទាំងមូលនឹងជួបវិបត្តិ។ តើពិភពលោកត្រូវភ័យខ្លាចឬយ៉ាងណា ចំពោះកម្រិតទំនិញឡើងថ្លៃខ្ពស់ ឬការកើនឡើងអតិផរណា?

ផ្សាយពាណិជ្ជកម្ម

ចំនួនសាច់ប្រាក់ក្នុងសេដ្ឋកិច្ច ឬការផ្គត់ផ្គង់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចនៃបណ្ដាប្រទេសយ៉ាងច្រើនលើពិភពលោក បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសអំឡុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩។ អ្នកជំនាញយ៉ាងច្រើន មានការព្រួយបារម្ភថា ការកើនឡើងចំនួនសាច់ប្រាក់របៀបនេះនឹងនាំឱ្យទំនិញជាទូទៅឡើងថ្លៃខ្ពស់ នៅថ្ងៃអនាគត។ តើវិបត្តិកូវីដ១៩បច្ចុប្បន្នអាចនឹងរុញច្រានឱ្យ​ទំនិញឡើងថ្លៃឬយ៉ាងណា? តើពិភពលោកត្រូវភ័យខ្លាចនឹងការកើនឡើងកម្រិតអតិផរណាដែរឬទេ?

អត្រាអតិផរណា ឬការកើនឡើងថ្លៃទំនិញជាទូទៅ មាននិន្នាការធ្លាក់ចុះ នាប៉ុន្មានទសវត្សន៍ចុងក្រោយ ព្រោះថាអត្រាអតិផរណាត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងយកចិត្តទុកដាក់ខ្លាំងដោយធនាគារកណ្តាលនៃប្រទេសនីមួយៗទូទាំងសកលលោក។ ទោះជាយ៉ាងណា អត្រាអតិផរណាកំពុងកើនឡើង ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ពីព្រោះការផ្គត់ផ្គង់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចកំពុងកើនឡើង នៅពេលរដ្ឋាភិបាលត្រូវការចំណាយលុយច្រើន។ ក្នុងន័យសាមញ្ញ ចំនួនសាច់ប្រាក់បានកើនឡើង ស្របពេលដែលចំនួនទំនិញ និងសេវាកម្មនៅដដែល។ ដូច្នេះ ប្រជាពលរដ្ឋនឹងត្រូវប្រើប្រាស់ចំនួនសាច់ប្រាក់ច្រើនជាងមុនដើម្បីទិញទំនិញ និងសេវាកម្មដូចគ្នា។

តាមនិយមន័យសេដ្ឋកិច្ច អតិផរណាគឺជាការកើនឡើងនៃកម្រិតតម្លៃទំនិញជាទូទៅ នៅក្នុងសេដ្ឋកិច្ចទាំងមូល ក្នុងរយៈពេលណាមួយ ហើយវាអាចបណ្តាលឱ្យមានការថយចុះអំណាចទិញរបស់លុយ ឬរូបិយវត្ថុ។ នៅពេលដែលតម្លៃទំនិញជាទូទៅឡើងថ្លៃ មួយឯកតាលុយអាចទិញបានទំនិញ និងសេវាកម្មក្នុងចំនួនតិចជាងមុន។ ក្នុងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង អត្រាអតិផរណាខ្ពស់ខ្លាំងអាចបង្កឱ្យមានគ្រោះថ្នាក់ខ្លាំង ជាពិសេសសម្រាប់ពលរដ្ឋដែលមានចំណូលទាប និងមធ្យម ព្រោះចំពោះប្រាក់ចំណូលដដែល ប្រជាជនអាចទិញទំនិញតិចជាងមុន។ ដូច្នេះ សុខុមាលភាពរបស់ពួកគេនឹងធ្លាក់ចុះ។ បន្ទាប់មក អ្នកវិនិយោគនឹងមិនហ៊ានវិនិយោគ ព្រោះភាពមិនច្បាស់លាស់។ ចុងក្រោយ សេដ្ឋកិច្ចជាតិទាំងមូលនឹងជួបវិបត្តិ។ ជាធម្មតា អតិផរណាបណ្តាលមកពីការកើនឡើងនៃការផ្គត់ផ្គង់សាច់ប្រាក់ហួសកម្រិត។

ដើម្បីវាស់វែងអត្រាអតិផរណា គេអាចប្រើប្រាស់វិធីសាស្រ្ដផ្សេងៗ តួយ៉ាង ការស្ទង់មតិអតិថិជន និងអាជីវកម្ម ការព្យាករណ៍របស់ក្រុមសេដ្ឋកិច្ចវិទូ ឬស្ថាប័នជំនាញ និងឧបករណ៍ហិរញ្ញវត្ថុទាក់ទងនឹងអតិផរណា។ ជាឧទាហរណ៍ មជ្ឈមណ្ឌលស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan នៅសហរដ្ឋអាមេរិក បានស្ទង់មតិលើគ្រួសារអាមេរិកថាតើពួកគេរំពឹងថាថ្លៃទំនិញនឹងប្រែប្រួលយ៉ាងណា នៅប៉ុន្មានឆ្នាំខាងមុខ និងក្នុងរយៈពេល៥ ​ទៅ១០ឆ្នាំ នាពេលអនាគត។ ធនាគារកណ្ដាលនៃទីក្រុងញូវយ៉ក ក៏ធ្វើការស្ទង់មតិប្រហាក់ប្រហែលគ្នាផងដែរ។

អតិផរណានៅកម្ពុជា និងនៅបណ្តាប្រទេសដទៃផ្សេងទៀត ត្រូវបានគេគណនាតាមរយៈការប្រែប្រួលជាភាគរយនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ឬជាភាសាអង់គ្លេសថា The Consumer Price Index (CPI)។ សន្ទស្សន៍នេះវាស់វែងទៅលើកញ្ចប់ថ្លៃទំនិញដែលប្រជាជនប្រើប្រាស់ច្រើនបំផុត។ អត្រាអតិផរណាក៏អាចត្រូវបានគណនាតាមរយៈសន្ទស្សន៍តម្លៃផ្សេងទៀត ដូចជា សន្ទស្សន៍ថ្លៃផលិតផល។ ក្នុងប្រទេសកម្ពុជា អត្រាអតិផរណាមានកម្រិតជាមធ្យម ៤,៧ភាគរយ នៅចន្លោះឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៨។ អត្រាអតិផរណានៅឆ្នាំ២០១៨ គឺ ២,៥ភាគរយ។ សម្រាប់ការប្រៀបធៀប អត្រាអតិផរណាមធ្យមរបស់ពិភពលោកនៅឆ្នាំ២០១៨ គឺ ៣,៨ភាគរយ ដោយផ្អែកលើប្រទេសចំនួន១៦២។

ហេតុអ្វីបានជាធនាគារកណ្ដាលត្រូវខ្វល់ខ្វាយពីការប្រែប្រួលកម្រិតអតិផរណា? ក្នុងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ធនាគារកណ្តាលមាននយោបាយអាទិភាពក្នុងការរក្សាអត្រាអ្នកគ្មានការងារធ្វើក្នុងកម្រិតទាបសមស្រប និងការរក្សាថ្លៃទំនិញឱ្យមានស្ថេរភាព និងមិនប្រែប្រួលខ្លាំងពេករហូតដល់ព្យាករណ៍មិនបាន។ ជាទូទៅ ធនាគារកណ្ដាលកំណត់អត្រាអតិផរណាប្រចាំឆ្នាំជាមធ្យម ២ភាគរយ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គេព្យាយាមធ្វើឱ្យអត្រាអតិផរណារំពឹងទុកកើនប្រហែល ២ភាគរយ។ ប្រសិនបើមនុស្សគ្រប់គ្នារំពឹងថា ធនាគារកណ្តាលនឹងសម្រេចបាននូវអត្រាអតិផរណា ២ភាគរយ នោះអតិថិជន និងអាជីវកម្មទំនងជាមិនមានប្រតិកម្មអ្វីទេ នៅពេលអតិផរណាកើនឡើងខ្ពស់ជាងកម្រិតបណ្តោះអាសន្ននោះ (ជាឧទាហរណ៍ ដោយសារតែការឡើងថ្លៃប្រេង) ឬក៏ធ្លាក់ក្រោម ២ភាគរយជាបណ្តោះអាសន្ន (ជាឧទាហរណ៍ ដោយសារតែវិបត្តិសេដ្ឋកិច្ច) ។ ប្រសិនបើអតិផរណារំពឹងទុកនៅតែមានស្ថេរភាពនៅពេលប្រឈមមុខនឹងការកើនឡើង ឬថយចុះអតិផរណា វានឹងកាន់តែងាយស្រួលសម្រាប់ធនាគារកណ្តាលដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ដូច្នេះ គេអាចរំពឹងដល់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ឬសុខភាពសេដ្ឋកិច្ចទាំងមូល។ ទោះយ៉ាងណា ក្នុងលក្ខខណ្ឌដែលធនាគារកណ្តាលមិនបានបំពេញគោលដៅ ២ភាគរយរបស់ខ្លួនបានក្នុងពេលណាមួយ ធនាគារកណ្តាលតែងតែបារម្ភថាអតិផរណារំពឹងទុកអាចនឹងខុសពីគោលដៅ។

តើយើងត្រូវបារម្ភពីការប្រែប្រួលកម្រិតអតិផរណាឬយ៉ាងណាប្រឈមនឹងវិបត្តិកូវីដ១៩? យោងតាមអ្នកជំនាញ ក្នុងរយៈពេលខ្លីទៅថ្ងៃខាងមុខ បញ្ហាអតិផរណាទំនងជាមិនមានសភាពធ្ងន់ធ្ងរនោះទេ។ ហេតុផលចម្បងគឺថា វិបត្តិកូវីដ១៩បានធ្វើឱ្យតម្រូវការធ្លាក់ចុះ។ ដូច្នេះ ទំហំសាច់ប្រាក់កើនឡើងក្នុងសេដ្ឋកិច្ចនឹងមិនធ្វើឱ្យ​តម្រូវការទំនិញកើនឡើងថ្លៃជ្រុល រហូតដល់​កម្រិតអតិផរណាកើនឡើងនោះទេ។ ទោះយ៉ាងណា អ្នកជំនាញក៏បានព្រមានផងដែរអំពី ការធ្វេសប្រហែសរបស់ធនាគារកណ្ដាលនៃប្រទេសមួយចំនួន ដែលបានផ្គត់ផ្គង់សាច់ប្រាក់ច្រើនជ្រុលពេករហូតដល់កម្រិតអតិផរណាកើនឡើងខ្លាំងជារឿងមិនអាចជៀសរួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI