ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីការបិទលោកដូណាល់ត្រាំលើបណ្តាញសង្គមជារឿងចម្រូងចម្រាស?

សំឡេង ០៤:២១
បណ្តាញសង្គម​បាន​នាំគ្នា​បិទ ឬ​ព្យួរគណនី​របស់​លោក​ដូណាល់ ត្រាំ ជា​បន្តបន្ទាប់ ក្រោយ​ពី​មាន​អំពើ​ហិង្សា​នៅ​វិមាន​កាពីតូល កាល​ពីថ្ងៃទី៦ មករា ២០២១
បណ្តាញសង្គម​បាន​នាំគ្នា​បិទ ឬ​ព្យួរគណនី​របស់​លោក​ដូណាល់ ត្រាំ ជា​បន្តបន្ទាប់ ក្រោយ​ពី​មាន​អំពើ​ហិង្សា​នៅ​វិមាន​កាពីតូល កាល​ពីថ្ងៃទី៦ មករា ២០២១ AFP/File

អ៊ីនធ័រនែត​គឺ​ជា​មធ្យោបាយ​​​ដ៏ចម្បងមួយ ដែល​លោក​ដូណាល់ ត្រាំ ប្រើ​ជាប់ជាប្រចាំ ដើម្បី​ទាក់ទង​ជាមួយសាធារណជន​ រាប់ចាប់តាំងពី​សារ​ទៅកាន់​អ្នកគាំទ្រ ការរិះគន់​គូប្រជែង រហូតទៅដល់​សេចក្តីសម្រេច​តែងតាំង ឬ​ដកតំណែង​មន្រ្តី​ក្នុង​ជួរដ្ឋាភិបាល។ ក៏ប៉ុន្តែ ចាប់តាំង​ពី​ក្រោយ​ពេល​ដែល​បាតុករ​គាំទ្រ​លោក​បាន​ចូល​លុកលុយវិមាន​កាពីតូល កាល​ពីថ្ងៃពុធ ៦មករា មធ្យោបាយទាក់ទង​​​នេះ​ត្រូវ​បាន​បិទខ្ទប់ម្តងមួយៗ ដែល​ជា​វិធានការ​​ដ៏កម្រ​មិន​ធ្លាប់​ឃើញមាន​ចំពោះ​លោក​ដូណាល់ ត្រាំ ហើយ​វា​ក៏​នាំ​ឲ្យ​ចោទ​ជា​សំណួរដ៏ចម្បងមួយ​ដែរ អំពី​​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិអំណាច​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី៨​មករា ពីរថ្ងៃក្រោយ​ពី​ក្រុមអ្នកគាំទ្រ​របស់​លោក​ដូណាល់ ត្រាំ វាយសម្រុក​ចូលលុកលុយ​វិមានកាពីតូល ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​មនុស្ស ៥នាក់ ត្រូវ​ស្លាប់ ធ្វីតធ័រ​បាន​សម្រេច​បិទជាអចិន្រ្តៃយ៍​នូវ​គណនីផ្ទាល់ខ្លួន​របស់​លោក​ដូណាល់ ត្រាំ ដោយ​លើកហេតុផល​ថា លោក​ដូណាល់ ត្រាំ បាន​ប្រើប្រាស់​បណ្តាញសង្គម ដើម្បី​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។

ក្នុងពេល​ជាមួយគ្នា ទំព័រហ្វេសប៊ុក និង​អ៊ីនស្តាក្រាម (Instagram) ​របស់​លោក​ដូណាល់ ត្រាំ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​ប្រកាស​ព្យួរ​ជា​បណ្តោះអាសន្នផងដែរ គឺ​ព្យួរ​យ៉ាងហោចណាស់​ រហូតដល់​ក្រោយ​ថ្ងៃទី២០មករា ថ្ងៃដែល​លោក​ដូណាល់ ត្រាំ ត្រូវ​ផុតអាណត្តិ ហើយលោកចូ បៃដិន​ស្បថ​ចូលកាន់តំណែង។

យូធូប និង​បណ្តាញ​សង្គម​ផ្សេងទៀត ខ្លះ​ក៏​បាន​ព្យួរ​គណនី​របស់​លោក​ដូណាល់ ត្រាំ ចំណែក​ខ្លះ​ទៀត ទុក​គណនីយ​ឲ្យ​នៅ​ដំណើរការ តែ​បាន​លុបសារ ឬ​វីដេអូ​របស់​លោក​ដូណាល់ ត្រាំ ដែល​គេ​ចាត់ទុក​ថា​ជា​សារ​មាន​អត្ថន័យ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា។

វិធានការ​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែតទៅលើ​លោក​ដូណាល់ ត្រាំ បាន​បង្ក​ឲ្យ​មាន​ការ​ជជែកដេញដោលគ្នា​យ៉ាង​ខ្លាំង ដោយ​ម្ខាង គឺ​ក្រុម​អ្នកគាំទ្រ​របស់​លោក​ដូណាល់ ត្រាំ បានលើកឡើង ពីការ​រំលោភលើ​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ ចំណែក​ម្ខាងទៀត គឺ​ក្រុមអ្នក​ប្រឆាំង​នឹង​លោក​ដូណាល់ ត្រាំ បានលើកឡើង​ថា វិធានការនេះ គឺ​ធ្វើ​ឡើង​យឺតពេលខ្លាំងពេក ក្នុងពេល​ដែល​បណ្តាញ​សង្គម​អស់ទាំងនេះ​បាន​ទុកបណ្តោយ​ឲ្យ​លោក​ដូណាល់ ត្រាំ​ ចុះផ្សាយ​តាមអំពើចិត្ត​អស់រយៈពេល ៤ឆ្នាំមកហើយ។

ជាការពិត យើងសង្កេតឃើញ​ថា នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​ចំណាត់ការ​របស់​បណ្តាញសង្គម​ទៅលើ​លោក​ដូណាល់ ត្រាំ តែងតែ​ជា​បញ្ហា​ចម្រូងចម្រាស ដោយ​អ្នកខ្លះ​បាន​កត់សម្គាល់​ថា សារជាច្រើន​ដែល​លោក​ដូណាល់ ត្រាំ សរសេរ​នៅលើ​បណ្តាញ​សង្គម​ គឺរំលោភ​ទៅលើ​​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​របស់​បណ្តាញសង្គម ហើយ​ថា ប្រសិនបើ​សារ​នោះ​ចេញ​ពី​អ្នកប្រើប្រាស់​ធម្មតាវិញ គណនីរបស់​អ្នកនោះ​ប្រាកដ​ជា​នឹង​ត្រូវ​គេបិទចោល​តាំង​ពីយូរណាស់​​មកហើយ។

ក៏ប៉ុន្តែ កាល​ពី​ពេល​កន្លងមក បណ្តាញសង្គម​ ទាំងធ្វីតធ័រ និង​ទាំង​ហ្វេសប៊ុក បាន​បដិសេធ​មិន​ចាត់វិធានការ​លើ​គណនី​របស់​លោក​ដូណាល់ ត្រាំ ដោយ​លើកហេតុផល​ថា សារ​ដែល​ចេញ​ពី​អ្នក​នយោបាយ ឬ​ឥស្សរជន​សំខាន់ៗ​ដូចជា​លោក​​ដូណាល់ ត្រាំ គឺ​មាន​សារៈសំខាន់​ សម្រាប់​សាធារណជន ដូច្នេះហើយ​បាន​ជា​គេ​បន្ធូរបន្ថយ​មិន​ប្រកាន់​រឿង​រំលោភលើ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ដូច​អ្នក​ប្រើប្រាស់ធម្មតាផ្សេងទៀត។ រហូតទាល់តែ​នៅពេលនេះ ក្រោយ​ពី​​មាន​អំពើ​ហិង្សា​នៅ​វិមាន​កាពីតូល ទើប​គេ​សម្រេច​បិទ ឬ​ព្យួរ​គណនីរបស់​លោក​ដូណាល់ ត្រាំ។

ក៏ប៉ុន្តែ សំណួរ​ត្រូវ​ចោទឡើង​ថា តើ​​ក្រុមហ៊ុន​អ៊ីនធ័រនែត​អស់ទាំងនេះ​នាំគ្នា​សម្រេច​បិទ​លោក​ដូណាល់ ត្រាំ​ ដោយសារ​តែ​មាន​អំពើហិង្សា​នៅវិមានកាពីតូល​ពិតមែន ឬ​ក៏​ដោយ​សារ​តែ​មើលឃើញ​ថា លោក​ដូណាល់ ត្រាំ​ជិតអស់​អំណាច​ពីដៃ? តើ​ធ្វើ​ក្នុង​គោលការណ៍​ ​ប្រជាធិបតេយ្យ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា ឬ​ក៏​ធ្វើ​ដើម្បី​ផលប្រយោជន៍​​ជា​ក្រុមហ៊ុនឯកជន? តើ​បណ្តាញសង្គម​ទាំងនេះ ដែល​តាមពិតទៅ គឺ​ជា​ក្រុមហ៊ុន​ឯកជន ដែល​រកស៊ី​ស្វែងរក​ប្រាក់ចំណេញ បាន​ទទួល​សិទ្ធិអំណាច និង​អាណត្តិ​មក​ពីណា ដែល​អាច​សម្រេច​​ឲ្យ ឬ​មិន​ឲ្យ​អ្នកណា​ម្នាក់​អាច​បញ្ចេញ​មតិ​បានបែបនេះ?

តាមការពិតទៅ យើងអាច​សង្កេតឃើញ​ថា ទាក់ទង​នឹង​ចំណុច​នេះ ទាំងអ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​នឹង​លោក​ដូណាល់ ត្រាំ ហាក់ដូចជា​មាន​ជំហរ​រួមគ្នា គឺ​ការចោទសួរ​ពី​សិទ្ធិអំណាច ការទទួលខុសត្រូវ និង​គណនេយ្យភាព​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត។

អ្នកខ្លះ ដូចជា​លោកស្រី​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្គេឡា​ មែរកិល ជាដើម ដែល​បានរិះគន់​លោក​ដូណាល់ ត្រាំ​ថា​ មាន​ចំណែក​ទទួលខុសត្រូវ​ក្នុង​អំពើ​ហិង្សា​នៅវិមាន​កាពីតូល ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ក៏​បាន​រិះគន់​ផងដែរ​ចំណាត់ការ​របស់​បណ្តាញសង្គម​ ដែលបិទ ឬ​ព្យួរ​គណនី​របស់​លោក​ដូណាល់ ត្រាំ។

ជាការពិត ដូច​ដែល​លោកស្រី​អង់ហ្គេឡា មែរកិល បានលើកឡើង​តាមរយៈ​អ្នកនាំពាក្យ​​ ថា សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ ថ្វីដ្បិត​តែ​វាជា​សិទ្ធិជាមូលដ្ឋាន ក៏ប៉ុន្តែ​ វា​ក៏​មិនមែន​គ្មាន​ដែន​កំណត់​នោះដែរ។ នៅពេលណា​ដែល​ការបញ្ចេញ​មតិ មានពេញទៅដោយ​ការបំភ្លៃនិង​បំផ្លើស ការ​ញុះញង់​ឲ្យមាន​សម្អប់ ការរើសអើង ឬ​អំពើ​ហិង្សា គេចាំបាច់​ត្រូវ​ធ្វើ​អន្តរាគមន៍ ក៏ប៉ុន្តែ អន្តរាគមន៍​នេះ​ចាំបាច់​ត្រូវតែ​ធ្វើឡើង​នៅ​ក្នុង​ក្របខណ្ឌ​មួយ ដែល​មាន​កំណត់​ច្បាស់​លាស់ និង​ទៅតាម​វិធាន​ដែល​កំណត់​ដោយ​​ច្បាប់ ​អនុម័ត​ដោយ​តំណាង​កើតចេញ​ពី​ការ​បោះឆ្នោត​របស់​ពលរដ្ឋ ​មិនមែន​ធ្វើឡើង​តាមតែ​ចិត្ត​នឹកឃើញ​របស់​ថ្នាក់ដឹកនាំ​បណ្តាញសង្គម ដែល​ជា​ក្រុមហ៊ុន​ឯកជន មាន​គោលដៅ​រកស៊ី​រក​ប្រាក់ចំណេញ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI