ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាប៉ាឡេស្ទីនប្រកាសរៀបចំបោះឆ្នោតក្នុងឆ្នាំ ២០២១ នេះ បន្ទាប់ពីបានខកខានអស់រយៈពេល ១៥ឆ្នាំ?

សំឡេង ០៥:០២
ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនលោកម៉ាមូដ អាបាស់
ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនលោកម៉ាមូដ អាបាស់ AP - Fethi Belaid
៣០ នាទី

កាល​ពី​យប់​ថ្ងៃ​សុក្រ ទី១៥ មករា ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាមូដ អាបាស់​បាន​ផ្សព្វផ្សាយ​ក្រឹត្យ​មួយ​ដែល​កំណត់​កាលបរិច្ឆេទ​នៃ​ការ​រៀបចំ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០២១ នេះ។ បើ​គ្មាន​ឧបសគ្គ​អ្វី​កើត​ឡើង​ទេ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២២ ឧសភា ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​រដ្ឋអំណាច​ថ្មី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣១ កក្កដា។ បន្ទាប់​មក​នៅ​ថ្ងៃទី៣១ សីហា គឺ​ជា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាជាតិ​នៃ​អង្គការ​រំដោះ​ប៉ាឡេស្ទីន។ សូម​បញ្ជាក់​ថា អស់​រយៈពេល ១៥ឆ្នាំ​មក​ហើយ​ដែល​ដែនដី​ប៉ាឡេស្ទីន​មិន​ដែល​ស្គាល់​ការ​រៀបចំ​បោះឆ្នោត។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​បាន​ជំរុញ​ឲ្យ​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​សម្រេច​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ទាំង​អស់​នៅ​ឆ្នាំ ២០២១ នេះ?

ផ្សាយពាណិជ្ជកម្ម

១៥ឆ្នាំ​ដែល​ដែនដី​ប៉ាឡេស្ទីន​មិន​ដែល​បាន​ស្គាល់​រសជាតិ​រៀបចំ​ការ​បោះឆ្នោត​សោះ​ឡើយ។ ហេតុផល​ប្រហែល​មិន​ពិបាក​យល់​ទេ ព្រោះ​នៅ​ប៉ាឡេស្ទីន​បច្ចុប្បន្ន មាន​ចលនា​សំខាន់​ចំនួន​ពីរ​ដែល​កំពុង​ឈ្លោះ​ដណ្តើម​អំណាច​គ្នា។ នៅ​ម្ខាង គឺ​ចលនា​ហាម៉ាស​ដែល​ជា​ចលនា​អ៊ីស្លាមជ្រុលនិយម​កំពុង​គ្រប់គ្រង​តំបន់​ហ្កាហ្សា។ ចលនា​ប៉ាឡេស្ទីនជ្រុលនិយម​មួយ​នេះ​មាន​និន្នាការ​នយោបាយ​ប្រឆាំង​ប្រទេស​អ៊ីស្រាអែល មិន​ទទួល​ស្គាល់​អ៊ីស្រាអែល និង​ត្រូវ​បាន​ប្រទេស​បស្ចិមលោក​ខ្លះ ដូច​យ៉ាង​សហរដ្ឋអាមេរិក​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។ ចំណែក​នៅ​ម្ខាង​ទៀត គឺ​ចលនា​ហ្វាតា​ដែល​ជា​ចលនា​កណ្តាលនិយម​កំពុង​គ្រប់គ្រង​តំបន់​ស៊ីហ្សកដានី។

ចលនាប៉ាឡេស្ទីន​កណ្តាលនិយម​មួយ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ និង​ត្រូវ​បាន​អ៊ីស្រាអែល​យក​ធ្វើ​ជា​ដៃគូ​ចរចា​តែ​មួយ​គត់​ដើម្បី​ស្វែង​រក​សន្តិភាព។ គេ​អាច​ប្រដូច​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​នេះ​ទៅ​នឹង​បក្សនយោបាយ​ដែល​មាន​គោលជំហរ និង​កម្មវត្ថុ​នយោបាយ​មិន​ដូច​គ្នា ពិសេស​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ ភាព​ប្រេះឆា​រវាង​ហាម៉ាស់ និង​ហ្វាតា​បាន​ផ្ទុះ​ខ្លាំង​នៅ​ក្រោយ​ជ័យជម្នះ​របស់​ពួក​ហាម៉ាស់​នា​ការ​បោះឆ្នោត​សភា​ក្នុង​ឆ្នាំ ២០០៦ និង​បន្ទាប់​ពី​ពួក​ហាម៉ាស់​បាន​បណ្តេញ​ពួក​ហ្វាតា​ចេញ​ពី​តំបន់​ហ្កាហ្សា​ក្នុង​ឆ្នាំ ២០០៧។ នេះ​ហើយ​ជា​ដើមចម​នៃ​អវត្តមាន​ការ​រៀបចំ​បោះឆ្នោត​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន​មក​ដល់​សព្វថ្ងៃ។

តាម​ពិត​ទៅ បងប្អូនបង្កើត​គូសត្រូវ​ប៉ាឡេស្ទីន​ទាំង​ពីរ​តែង​ព្យាយាម​ចរចា​គ្នា​ច្រើន​លើក​ច្រើន​សារ​ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត និង​ការ​ស្វែង​រក​ឯកភាពជាតិ និយាយ​សំឡេង​ប៉ាឡេស្ទីន​តែ​មួយ​នៅ​លើ​ឆាកអន្តរជាតិ។ តែ​ការ​បន្ត​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន និង​ការ​គិត​ប្រយោជន៍​ចលនា​ធំ​ជាង​ប្រយោជន៍ជាតិ​បាន​ធ្វើ​ឲ្យ​ហាម៉ាស់ និង​ហ្វាតា​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា។ ការ​បន្ត​បែកបាក់​ផ្ទៃក្នុង​នេះ​បាន​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍ជាតិ និង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន​ខ្លះ​ចាប់​ផ្តើម​ធុញទ្រាន់។ ប៉ាឡេស្ទីន​ដែល​នៅ​មិន​ទាន់​មាន​រដ្ឋ​ឯករាជ្យ​មួយ​នៅ​ឡើយ​កំពុង​ត្រូវ​បាន​អ៊ីស្រាអែល​បន្ត​ច្រឹប​យក​ដី​បន្តិច​ម្តងៗ។ រីឯ​សហរដ្ឋអាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ប្តូរ​នយោបាយ​ចំពោះ​តំបន់​មជ្ឈិមបូព៌ា និយាយ​ជា​រួម និង​ចំពោះ​ប៉ាឡេស្ទីន និយាយ​ដោយឡែក។

លោក​ត្រាំ​បាន​បង្ហាញ​ជំហរ​គាំទ្រ​អ៊ីស្រាអែល​កាន់​តែ​ខ្លាំង និង​ជា​ចំហ ហើយ​បាន​សង្កត់ ក ប៉ាឡេស្ទីន​កាន់​តែ​ចាស់ដៃ​ដោយ​បាន​​បិទ​ការិយាល័យ​របស់​អ្នក​តំណាង​អង្គការ​រំដោះ​ប៉ាឡេស្ទីន​ក្នុង​ក្រុង​វ៉ាស៊ីនតោន និង​ឈប់​ផ្តល់​វិភាគទាន​ទៅ​ឲ្យ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន។ បន្ទាប់​មក​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២០ រដ្ឋបាល​លោក​ត្រាំ​បាន​អូសទាញ​ប្រទេស​អារ៉ាប់​ចំនួន ៤ គឺ​អេមីរ៉ាតអារ៉ាប់រួម បារ៉ែន ស៊ូដង់ និង​ម៉ារ៉ុក​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល។ ទាំង​អស់​នេះ​ជា​ហេតុផល​ដែល​បាន​ធ្វើ​ឲ្យ​ពួក​ហាម៉ាស់ និង​ពួក​ហ្វាតា​ភ្ញាក់ខ្លួន និង​ផ្តើម​រំកិល​រក​គ្នា​កាន់​តែ​ជិត​ក្នុង​ឆ្នាំ ២០២០។ ការ​ព្រមព្រៀង​គ្នា​ក្នុង​ការ​រៀបចំ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០២១ ជា​លទ្ធផល​នៃ​ការ​ជួប​ចរចា​គ្នា​ជា​បន្ត​បន្ទាប់​រៀបចំ​ដោយ​ប្រទេស​តួកគី កាតា និង​ប្រទេស​អេហ្ស៊ីប។

ពួក​ហាម៉ាស់ និង​ពួក​ហ្វាតា​បាន​យល់​ឃើញ​ដូច​គ្នា​ថា ឯកភាពជាតិ និង​ការ​មាន​សំឡេង​តែ​មួយ​ទើប​ប៉ាឡេស្ទីន​មាន​ទឹកមាត់ប្រៃ​ដើម្បី​ចរចា​ជាមួយ​អ្នក​ដទៃ​ឲ្យ​គេ​ជឿ​ទុក​ចិត្ត​បាន។ តើ​វា​មិន​យឺត​ពេល​ពេក​ទេ​ដឹង​នៅ ១៥ឆ្នាំ​ក្រោយ​មក?។ វា​ហាក់​ដូច​ជា​ចង់​យឺត​ពេល​បន្តិច​មែន តែ​នៅ​មាន​ពេល​ដើម្បី​ស្រង់​យក​ត្រឡប់​វិញ។ មួយ​វិញ​ទៀត និង​ក្នុង​ពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​ត្រៀម​បិទ​ទំព័រ​សករាជលោក​ត្រាំ និង​បើក​ទំព័រ​សករាជ​លោក​បៃដិន វា​ជា​ឱកាស​ដ៏​ល្អ​ដែល​ប៉ាឡេស្ទីន​ត្រូវ​បង្ហាញ​ពី​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ចំពោះ​លោក​បៃដិន។ ឃើញ​ថា ឆន្ទៈ​មាន​ហើយ តែ​នៅ​មាន​ការងារ និង​ឧបសគ្គ​ច្រើន​ទៀត​ដែល​ពួក​ហាម៉ាស់ និង​ពួក​ហ្វាតា​ត្រូវ​បន្ត​ជជែក និង​ដោះស្រាយ​ដើម្បី​អាច​ឈាន​ទៅ​រៀបចំ​ការ​បោះឆ្នោត​បាន។

តើ​ពួក​ហាម៉ាស់​យល់ព្រម​ឲ្យ​ពួក​ហ្វាតា​ចុះ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​តំបន់​ហ្កាហ្សា​ដែរ ឬ​ទេ ហើយ​ចុះ​តើ​ពួក​ហ្វាតា​សុខចិត្ត​ឲ្យ​ពួក​ហាម៉ាស់​ចូល​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​តំបន់​ស៊ីហ្សកដានី​ដែរ​ឬ​អត់?។ តើ​ភាគី​នីមួយៗ​យល់ព្រម​ទទួល​លទ្ធផល​បោះឆ្នោត ឬ​អត់ ទោះ​ខ្លួន​ចាញ់ ឬ​ឈ្នះ?។ ទាំង​នេះ​ជា​សំណួរ​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​រក​ចម្លើយ​រួម​ជា​បន្ទាន់​នៅ​ចំពោះ​មុខ។ បន្ទាប់​មក នៅ​មាន​តួអង្គ​ខាង​ក្រៅ​មា្នក់ គឺ​អ៊ីស្រាអែល​ដែល​កំពុង​កាន់កាប់​ដែនដី​ប៉ាឡេស្ទីន​នៅ​ទីក្រុង​ហ្សេរ៉ុយសាឡិមខាងកើត។ តើ​អ៊ីស្រាអែល​នឹង​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ចូលរួម​បោះឆ្នោត​នៅ​ទីនោះ​ដែរ ឬ​អត់?។ នៅ​មិន​ទាន់​មាន​ចម្លើយ​ពី​អ៊ីស្រាអែល​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ​ចំពោះ​សំណួរ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI