ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រវត្តិសង្គមអាមេរិកនិងឫសគល់​នៃ​ការលុកលុយចូលវិមានកាពីតូល

សំឡេង ០៥:២២
ទង់ជាតិ​សម័យ​សង្រ្គាម​ស៊ីវិលអាមេរិក ដែល​ក្រុមបាតុករ​គាំទ្រ​លោក​ដូណាល់ ត្រាំ កាន់​ចូល​លុកលុយ​វិមាន​កាពីតូល កាល​ពីថ្ងៃទី៦ មករា ២០២១
ទង់ជាតិ​សម័យ​សង្រ្គាម​ស៊ីវិលអាមេរិក ដែល​ក្រុមបាតុករ​គាំទ្រ​លោក​ដូណាល់ ត្រាំ កាន់​ចូល​លុកលុយ​វិមាន​កាពីតូល កាល​ពីថ្ងៃទី៦ មករា ២០២១ SAUL LOEB AFP

តើហេតុអ្វីសហរដ្ឋអាមេរិក ដែលជាប្រទេស​ប្រកាសខ្លួនឯងជាមេដឹកនាំលោកសេរី ត្រូវប្រឈមនឹងហេតុការណ៍នៃការលុកលុយវិមានកាពីតូល នាពេលថ្មីៗនេះ? ផ្អែកតាមមេរៀនប្រវត្តិសាស្រ្ដពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន បញ្ហាសង្គមចម្បង តួយ៉ាង ការប្រកាន់ពូជសាសន៍ អំពើហិង្សា និងការកើនឡើងគម្លាតរវាងអ្នកឈ្នះ និងអ្នកចាញ់ ឬរវាងអ្នកមាន និងអ្នកក្រ អាចជាដើមហេតុចម្បងសម្រាប់ពន្យល់អំពីរឿននេះ។

ផ្សាយពាណិជ្ជកម្ម

ក្រោយពីការសម្រុកលុកលុយចូលវិមានកាពីតូលពីសំណាក់បាតុករអាមេរិក ពិភពលោកមានការងឿងឆ្ងល់ថា៖ តើហេតុអ្វីប្រទេសដែលបាន​ប្រកាសខ្លួនឯងជាមេដឹកនាំនៃលោកសេរី ដូច សហរដ្ឋអាមេរិក អាចដើរដល់ដំណាក់កាលនេះ? ដើម្បីយល់អំពីដំណើរដើមទងនៃព្រឹត្តិការណ៍នេះ វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវត្រឡប់ទៅមើលប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ ជាក់ស្ដែង សង្គម ឬសាធារណរដ្ឋសហរដ្ឋអាមេរិក បានដំណើរការ និងបានប្រឈមនូវបញ្ហាសង្គមផ្សេងៗ តួយ៉ាង ការប្រកាន់ពូជសាសន៍ អំពើហិង្សា និងការកើនឡើងគម្លាតរវាងអ្នកឈ្នះ និងអ្នកចាញ់ ឬរវាងអ្នកមាន និងអ្នកក្រ តាំងពីដើមមកម៉្លេះ។

តាមប្រវត្តិសាស្រ្ដ ទង់សហរដ្ឋអាមេរិក ឬទង់សហព័ន្ធទាំងមូល គឺជានិមិត្តសញ្ញានៃចលនាគាំទ្រក្រុមទាសករ ក្នុងអំឡុងសង្គ្រាមស៊ីវិល ឆ្នាំ១៨៦១-១៨៦៥។​ ទង់សញ្ញានេះត្រូវបានគ្រវីដោយក្រុមទាសករធ្វើបាតុកម្ម នៅមុខសភាសហព័ន្ធ ហើយវាមិនមែនជារឿងចៃដន្យទេ។ វាសំដៅដល់ជម្លោះដ៏ធ្ងន់មួយដែលសហរដ្ឋអាមេរិកធ្លាប់បានប្រឈមមុខ ក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន។

ប្រព័ន្ធទាសភាពបានដើរតួនាទីយ៉ាងចម្បង ក្នុងការអភិវឌ្ឍសហរដ្ឋអាមេរិក ឬក៏និយាយម៉្យាងទៀត ប្រព័ន្ធនេះគឺដើម្បីគាំពារដល់​ប្រព័ន្ធមូលធនឧស្សាហកម្មលោកខាងលិចទាំងមូល។ ក្នុងចំណោមប្រធានាធិបតីអាមេរិកទាំង១៥នាក់ រហូតដល់ជំនាន់លោក Lincoln មានមិនតិចជាង ប្រធានាធិបតី១១នាក់ទេដែលជាម្ចាស់ទាសករ រួមទាំង លោក Washington និង លោក Jefferson។ អ្នកទាំងពីរនាក់បានកើតនៅរដ្ឋ Virginia ដូចគ្នា។ នៅក្នុងឆ្នាំ១៧៩០ តំបន់នោះមានប្រជាជន ប្រហែល ៧៥ម៉ឺននាក់ (ក្នុងនោះ ៤០ភាគរយជាទាសករ )។ តួលេខនេះស្មើនឹងចំនួនប្រជាជននៃរដ្ឋភាគខាងជើងពីរដែលមានប្រជាជនច្រើនជាងគេ គឺរដ្ឋ Pennsylvania និង រដ្ឋ Massachusetts។

បន្ទាប់ពីការបះបោរនៅឆ្នាំ១៧៩១ នៅតំបន់ Santo Domingo ភាគខាងត្បូងនៃសហរដ្ឋអាមេរិកបានក្លាយជាមជ្ឈមណ្ឌលពិភពលោកនៃចម្ការដំណាំផ្សេងៗ។ ចំនួនទាសករបានកើនឡើងបួនដង អំឡុងឆ្នាំ១៨០០ និងឆ្នាំ១៨៦០។ ផលិតកម្មកប្បាសកើនឡើង១០ដង ដើម្បីផ្គត់ផ្គង់ឧស្សាហកម្មវាយនភណ្ឌនៅអឺរ៉ុប។ ក្រោយពីជ័យជំនះរបស់ Lincoln ពីបក្សសាធារណរដ្ឋ នៅឆ្នាំ១៨៦០ គាត់បានត្រៀមខ្លួនចរចាដោយសន្តិវិធី និងបញ្ចប់ប្រព័ន្ធទាសករ។ ទោះជាយ៉ាងណា ប្រជាជនអាមេរិកស្បែកស ជាពិសេសមកពីភាគខាងជើង បានបដិសេធ ហើយសង្គ្រាមក៏បានចាប់ផ្តើមនៅឆ្នាំ១៨៦១។

បួនឆ្នាំក្រោយមក និងបន្ទាប់ពីមរណភាពរបស់ប្រជាជននៅសហរដ្ឋអាមេរិក ជាង៦០ម៉ឺននាក់ (ចំនួននេះស្មើនឹងពលរដ្ឋអាមេរិកស្លាប់ អំឡុងសង្គ្រាមលោក សង្គ្រាមកូរ៉េ សង្គ្រាមវៀតណាម និងសង្គ្រាមអ៊ីរ៉ាក់ បូកបញ្ចូលគ្នា) ជម្លោះបានបញ្ចប់ដោយការចុះចាញ់របស់កងទ័ពសហព័ន្ធ នៅខែឧសភា ឆ្នាំ១៨៦៥។ ទោះជាយ៉ាងណា ពលរដ្ឋអាមេរិកមកពីភាគខាងជើងមិនបានចាត់ទុកថា ពលរដ្ឋស្បែកខ្មៅជាពលរដ្ឋអាមេរិកទេ នាពេលនោះ ស្របពេលដែល​ម្ចាស់ដីបានអនុញ្ញាតឱ្យជនជាតិស្បែកស គ្រប់គ្រងភាគខាងត្បូង និងបានដាក់ចេញការអនុវត្តប្រព័ន្ធតឹងរ៉ឹងនៃការរើសអើងជាតិសាសន៍ដដែល។ ប្រព័ន្ធនេះអនុញ្ញាតឱ្យពួកស្បែកសរក្សាអំណាចបានមួយសតវត្សរ៍ទៀត រហូតដល់ឆ្នាំ១៩៦៥។

ក្នុងពេលនោះ សហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចយោធាឈានមុខគេបំផុតរបស់ពិភពលោក។ គណបក្សប្រជាធិបតេយ្យដែលជាគណបក្សមានទិន្នាការគាំទ្រក្រុមទាសករ បានក្លាយជាគណបក្សនៃដំណោះស្រាយថ្មី ឬជាអ្វីដែលគេស្គាល់ថា The New Deal។ ដោយត្រូវប្រឈមនឹងចលនាកុម្មុយនិស្ត និងការប្រមូលផ្តុំចលនានៃពលរដ្ឋអាមេរិកស្បែកខ្មៅកាន់តែច្រើន ពលរដ្ឋអាមេរិកស្បែកខ្មៅក៏បានទទួលសិទ្ធិស៊ីវិល​ អំឡុងពេលនោះផងដែរ។

ចាប់តាំងពីពេលនោះមក ភាគរយនៃជនជាតិស្បែកសនៅក្នុងការបោះឆ្នោត បានធ្លាក់ចុះជាលំដាប់ពី ៨៩% ក្នុងឆ្នាំ១៩៧២ ដល់ ៧០% ក្នុងឆ្នាំ២០១៦ និង ៦៧% នៅឆ្នាំ២០២០។ ផ្ទុយទៅវិញ ភាគរយជនជាតិស្បែកខ្មៅបានកើនឡើងដល់ ១២% និង ២១% សម្រាប់ជនជាតិអាមេរិកឡាទីន និងជនជាតិភាគតិចដទៃទៀត។

តើយើងអាចសន្និដ្ឋានអ្វីខ្លះពីហេតុការណ៍ទាំងអស់នេះ? ប្រាកដណាស់ ហេតុការណ៍នៃការលុកលុយវិមានកាពីតូល បានកើតឡើងយ៉ាងជាក់ប្រាកដក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ ក៏ប៉ុន្តែ ហេតុការណ៍មួយដែលបានកើតឡើង មិនអាចជាបន្ទុកទទួលខុសត្រូវទាំងស្រុងរបស់បុគ្គលណាម្នាក់បានទេ ពោលគឺវាកើតឡើងជាលក្ខណៈប្រព័ន្ធ។ ប្រជាជនខឹងសម្បារនឹងរដ្ឋាភិបាល ឬស្អប់ខ្ពើមវណ្ណៈអ្នកមានទ្រព្បសម្បត្តិ ឬអ្នកមានអំណាច វាអាស្រ័យទៅនឹងការខឹងសម្បារបន្តិចម្ដងៗ រហូតក្លាយជាចលនាធំគាំទ្រ លោក ដូណាល់ ត្រាំ។ ផ្អែកតាមអ្នកជំនាញ ចលនាងើបឡើងនេះអាស្រ័យយ៉ាងជិតស្និតទៅនឹង ការរើសអើងពូជសាសន៍ ឬការកើនឡើងគម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែធំក្នុងសហរដ្ឋអាមេរិក ជាដើម។ ដូច្នេះ ទៅថ្ងៃអនាគត សហរដ្ឋអាមេរិកនឹងត្រូវខ្វល់ខ្វាយកាន់តែច្រើនចំពោះពលរដ្ឋទន់ខ្សោយ ឬពលរដ្ឋក្រីក្រដែលភាគច្រើនជាពលរដ្ឋស្បែកខ្មៅ ពាក់ព័ន្ធទៅនឹងនយោបាយយុត្តិធម៌សង្គម និងនយោបាយបែងចែកទ្រព្បសម្បត្តិប្រជាជាតិឡើងវិញ។ បើមិនដូច្នេះទេ ហេតុការណ៍នៃការលុកលុយវិមានកាពីតូលនឹងប្រាកដជាកើតឡើងម្ដងទៀត ហើយអាចមានទំហំធំជាងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI