ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកនឹងទៅជាយ៉ាងណាក្រោយលោកដូណាល់ត្រាំចេញពីតំណែង?

សំឡេង ០៥:២៣
លោក​ដូណាល់ ត្រាំ ចាកចេញ​ពីតំណែង តែ​នយោបាយ​របស់​អាមេរិក ក្នុងការ​ប្រជែង​អំណាច​ជាមួយចិន ទំនង​ជា​នៅបន្តមាន
លោក​ដូណាល់ ត្រាំ ចាកចេញ​ពីតំណែង តែ​នយោបាយ​របស់​អាមេរិក ក្នុងការ​ប្រជែង​អំណាច​ជាមួយចិន ទំនង​ជា​នៅបន្តមាន REUTERS - CARLOS BARRIA
ដោយ៖ សេង ឌីណា
៣១ នាទី

នៅ​ក្នុងរយៈពេល ៤ឆ្នាំ​កន្លងទៅនេះ សម្រាប់​អាស៊ាន ក៏ដូចជា​តំបន់​អាស៊ី​ជាទូទៅ នយោបាយ​ដ៏ចម្បងមួយ​របស់​លោក​ដូណាល់ ត្រាំ ដែល​គេ​អាច​កត់សម្គាល់​បាន គឺ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក។ នៅពេលនេះ លោក​ដូណាល់ ត្រាំ​ ត្រូវ​ចេញ​ពី​តំណែង តើ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ​នឹង​ទៅ​ជា​យ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក”​ ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា “ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ” (Free and Open Indo-Pacific) ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ឈ្មោះ​របស់​លោក​ដូណាល់ ត្រាំ ម្យ៉ាង គឺ​ដោយសារ​តែ​យុទ្ធសាស្រ្ត​នេះ​ត្រូវ​បាន​ដាក់ចេញ​ដោយ​លោក​ដូណាល់ ត្រាំ ​ តាមរយៈ​សុន្ទរកថា​ នៅ​ដាណាង​ ប្រទេស​វៀតណាម​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧​កន្លងទៅ ហើយ​​រឹតតែ​សំខាន់​ជាងនេះ​ទៅទៀត ​គោលដៅ​ដ៏​ចម្បងមួយ​នៃ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ គឺ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន ហើយនយោបាយ​ប្រឆាំង​ចិន​នេះ គឺ​ជា​នយោបាយ​ដ៏​ចម្បងមួយ​របស់​លោក​ដូណាល់ ត្រាំ ក្នុងរយៈពេល ៤ឆ្នាំ​កន្លងទៅនេះ។

នៅពេលនេះ លោក​ដូណាល់ ត្រាំ​ ចាញ់ឆ្នោត​​ត្រូវ​ចេញ​ពីតំណែង​ជា​ប្រធានាធិបតី​ ហើយ​ជំនួសមកវិញ​ដោយ​លោក​ចូ បៃដិន ក៏ប៉ុន្តែ គេ​មិនរំពឹង​​ថា អាមេរិក​នឹង​បោះបង់​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ​ទៅវិញ​នោះទេ។

យុទ្ធសាស្រ្ត​នេះ ថ្វីដ្បិតតែ​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ចូ បៃដិន កែសម្រួលខ្លះៗ ដូចជា​អាច​មាន​ការ​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី ដើម្បី​កាត់ផ្តាច់​ចំណង​ជាមួយ​នឹង​​លោក​ដូណាល់ ត្រាំ ក៏ប៉ុន្តែ គោលគំនិត​ដ៏ចម្បង​នៃ​យុទ្ធសាស្រ្ត​នេះ គឺ​គោលដៅទប់ស្កាត់​ឥទ្ធិពល​របស់​ចិន ទំនង​ជា​នឹង​ត្រូវ​រក្សា​ទុក​ឲ្យ​នៅ​ដដែល ពីព្រោះ​ថា មិនថា ក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ ឬ​ក្រោម​ការ​ដឹកនាំ​របស់​លោកចូ បៃដិន​នោះទេ ចំណុច​សំខាន់​មួយ​នៅ​ក្នុង​នយោបាយ​ការបរទេស​អាមេរិក ដែល​​នឹងមិនប្រែប្រួល​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ គឺ​ការ​ប្រជែង​គ្នា​ជាមួយ​ចិន។

មែនទែនទៅ ការ​បង្វែរ​យុទ្ធសាស្រ្ត​ សំដៅ​ទៅ​ផ្តោត​អាទិភាព​លើ​តំបន់​អាស៊ី ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នេះ ត្រូវ​បាន​អាមេរិក​ធ្វើ​តាំង​ពី​មុន​ពេល​លោក​ដូណាល់ ត្រាំ ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ទៅទៀត គឺ​តាំង​ពី​សម័យកាល​លោក​អូបាម៉ា​មកម៉្លេះ តាមរយៈ​យុទ្ធសាស្រ្ត ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « Pivot to Asia »។

រវាង​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​របស់លោក​ដូណាល់ ត្រាំ និង​យុទ្ធសាស្រ្ត « Pivot to Asia » របស់​លោក​អូបាម៉ា គោលដៅ​ចម្បង​គឺ​សុទ្ធតែ​ដើម្បី​ទប់ស្កាត់​ការ​ពង្រីក​ឥទ្ធិពល​ចិន​ដូចគ្នា។

អ្វីដែល​ខុសគ្នា គឺ​នៅត្រង់​ថា នៅ​ក្នុង​សម័យកាល​លោក​អូបាម៉ា អាមេរិក​ចង់​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន តាមរយៈ​យន្តការ​ពហុភាគី និង​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត ក៏ដូចជា​ដើរទាក់ទាញ​​​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី ដើម្បី​ជួយ​ប្រឆាំងចិន។ ចំណែក​​លោក​ដូណាល់ ត្រាំ​វិញ​ ចង់​ឲ្យ​អាមេរិក​ដើរតួឯក​ចេញមុខប្រឆាំងចិនតែឯង ឬ​ក៏​ដើរកៀងគរ​គេ​ឯង​ឲ្យ​មក​ប្រឆាំង​ចិន​ដែរ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា បោះបង់​យន្តការ​ពហុភាគី ​មិនផ្តល់​តម្លៃ​ដល់​ប្រទេស​ជា​សម្ព័ន្ធមិត្ត ព្រមទាំង​ប្រកាន់ឥរិយាបថ​ឯកតោភាគីនិយម និង​ជាតិនិយម តាមនយោបាយ “America First” ដោយ​គិតតែ​ផលប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក​ខ្លួនឯង ហើយ​​មិនខ្វល់ពី​ប្រទេសសម្ព័ន្ធមិត្ត​  ដែល​នៅទីបំផុត ធ្វើ​ឲ្យ​អាមេរិក​ខ្លួនឯង​ទៅវិញ​ដែល​ត្រូវ​ថមថយឥទ្ធិពល​លើ​ឆាក​អន្តរជាតិ។

សម្រាប់​លោក​ចូ បៃដិន​វិញ នយោបាយ​ការបរទេស​អាមេរិក ដែល​លោក​ចូ បៃដិន​ ធ្លាប់​បាន​លើកឡើង​កន្លងមក គឺ​ផ្តោតលើ​​ចំណុច​ចម្បងពីរ។ ទីមួយ ​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​ត្រូវ​ប្រេះឆា​ខ្លាំង ក្នុងអាណត្តិ​របស់​លោក​ដូណាល់ ត្រាំ។ ទីពីរ ឲ្យ​អាមេរិក​ត្រឡប់​មក​ដើរតួនាទី​ចម្បងឡើងវិញ នៅក្នុង​នយោបាយ​អន្តរជាតិ។

ជាការពិត​ថា នៅ​ក្នុង​ដំណាក់កាល​ដំបូង លោក​ចូ បៃដិន ប្រហែល​ជា​នឹង​ផ្តោត​អាទិភាព​លើ​ការ​ស្តារ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​អូតង់ ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ ក៏ប៉ុន្តែ​ទំនាក់ទំនង​​ត្រូវ​ធ្លាក់​ដុនដាបយ៉ាងខ្លាំង​កម្រមាន នៅ​ក្នុងរយៈពេល ៤ឆ្នាំ​កន្លងទៅនេះ។ ក៏ប៉ុន្តែ គេ​រំពឹង​ថា លោក​ចូ បៃដិន​ក៏​នឹង​ផ្តោត​អាទិភាព​សំខាន់​ផងដែរ លើ​ការ​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អាស៊ី នៅ​ក្នុង​ចក្ខុវិស័យ​យុទ្ធសាស្រ្ត​រយៈពេលវែង គឺ​ប្រជែង​ជាមួយ​នឹង​ចិន។

មែនទែនទៅ គេ​មិន​ត្រូវ​ភ្លេចទេ​ថា លោក​ចូ បៃដិន ក្នុង​ឋានៈជា​អនុប្រធានាធិបតី​របស់​លោក​អូបាម៉ា ក៏​ធ្លាប់​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ផងដែរ ក្នុងការ​អនុវត្ត​នយោបាយ​ការបរទេស​ “Pivot to Asia”។

ម្យ៉ាងទៀត បើ​យើង​មើល​ទៅលើ​សមាសភាព​រដ្ឋាភិបាល​របស់​លោក​ចូ បៃដិន​បច្ចុប្បន្ន​នេះ យើង​អាច​ឃើញ​ថា រដ្ឋមន្រ្តី​ជាច្រើន គឺ​សុទ្ធសឹង​ជា​អតីត​មន្រ្តី​សល់​ពី​សម័យកាល​លោក​អូបាម៉ា ជាពិសេស ​លោក អង់តូនី ប្ល៊ីងកិន (Antony Blinken) ដែល​ត្រូវ​លោក​បៃដិន​តែងតាំង​ជា​រដ្ឋមន្រ្តី​ការបរទេស​ថ្មី គឺធ្លាប់​កាន់តំណែង​ជា​​អនុទីប្រឹក្សា​សន្តិសុខជាតិ និង​ជា​​អនុរដ្ឋមន្រ្តី​ការបរទេស ​ក្នុងរដ្ឋាភិបាល​របស់​​លោក​អូបាម៉ា។

នៅ​ចំពោះមុខ​គណៈកម្មការ​ព្រឹទ្ធសភា នៅ​ពេល​ចូល​ខ្លួន​ទៅឆ្លើយ​បំភ្លឺ ដើម្បី​សុំ​សេចក្តីទុកចិត្ត​ពី​ព្រឹទ្ធសភា​ កាលពីថ្ងៃ​អង្គារ​កន្លងទៅនេះ លោក អង់តូនី ប្ល៊ីងកិន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជាគោលនយោបាយ​ការបរទេស​​របស់​រដ្ឋាភិបាល​ថ្មី អាមេរិក​នឹង​បិទបញ្ចប់​​នយោបាយ​ឯកតោ​ភាគី​និយម​របស់​លោក​ដូណាល់ ត្រាំ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អាមេរិក​នឹង​មិនបន្ទន់ជំហរ​ជាមួយ​នឹង​ចិន​នោះទេ ហើយ​ថា អាមេរិក​អាច​នឹង​យក​ឈ្នះ នៅ​ក្នុងការ​ប្រកួតប្រជែង​ជាមួយចិន។

ដូច្នេះ ដោយ​មើល​ទៅលើ​តម្រ៉ុយ​អស់ទាំងនេះ យើង​អាច​រំពឹង​ទុក​បាន​ថា យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក មិន​ថា​នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា​យ៉ាងណា​វិញ​នោះទេ ក៏ប៉ុន្តែ វា​នឹង​នៅតែ​ជា​យុទ្ធសាស្រ្ត​ចម្បងមួយ​របស់​អាមេរិក ក្នុង​គោលគំនិត​​តែមួយ គឺ​ទប់ស្កាត់​ការពង្រីក​ឥទ្ធិពល​របស់​ចិន ដើម្បីយកឈ្នះ ក្នុងការ​ប្រជែងអំណាច​ជាមួយ​នឹង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI