ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វៀតណាម៖គណបក្សកុម្មុយនិស្តបើកសមាជដើម្បីជ្រើសរើសថ្នាក់ដឹនាំថ្មី និងកំណត់ទិសដៅធំៗសម្រាប់ ៥ឆ្នាំខាងមុខ

សំឡេង ០៥:៤៣
គណបក្សកុម្មុយនិស្តវៀតណាមបើកសមាជដើម្បីជ្រើសរើសថ្នាក់ដឹនាំថ្មី និងកំណត់ទិសដៅធំៗសម្រាប់ ៥ឆ្នាំខាងមុខ
គណបក្សកុម្មុយនិស្តវៀតណាមបើកសមាជដើម្បីជ្រើសរើសថ្នាក់ដឹនាំថ្មី និងកំណត់ទិសដៅធំៗសម្រាប់ ៥ឆ្នាំខាងមុខ AP - Hau Dinh

នៅ​ក្នុង​ប្រទេស​វៀតណាម សមាជ​របស់​គណបក្ស​កុម្មុយនិស្ត​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី២៥ មករា​រហូត​ដល់​ថ្ងៃ​អង្គារ ទី២ កុម្ភៈ។ សមាជ​លើក​នេះ​ចូលរួម​ដោយ​ប្រតិភូ​ចំនួន ១ ៦០០នាក់។ កម្មវត្ថុ​របស់​សមាជ​គឺ​ដើម្បី​ជ្រើសរើស​ឥស្សរជនកំពូល​ថ្មី​ចំនួន ៤រូប និង​កំណត់ទិសដៅ​នៃ​ផែនការ​កសាង​ប្រទេស​សម្រាប់ ៥ឆ្នាំ​ខាង​មុខ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ សមាជ​លើក​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​ចំនួន ៣ ទី១ កំណើន​នៃ​ការ​វាយបង្រ្កាប​លើ​ក្រុម​ប្រឆាំង ទី២ ភាព​តានតឹង​ដែល​វៀតណាម​កំពុង​មាន​ជាមួយ​ចិន និង​សហរដ្ឋអាមេរិក ហើយ​ទី៣ ពិភពលោក​កំពុង​បន្ត​ញំញី​ដោយ​ជំងឺ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​វៀតណាម គណបក្ស​កុម្មុយនិស្ត​ដែល​បាន​សោយរាជ្យ​គ្មាន​គូប្រជែង​តាំង​ពី​ក្រោយ​បិទបញ្ចប់​សង្រ្គាម​វៀតណាម​ក្នុង​ឆ្នាំ ១៩៧៥ តែង​រៀបចំ​សមាជ​នៅ​រៀងរាល់ ៥ឆ្នាំ​ម្តង។ គឺ​ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ថ្មី និង​កំណត់​ផែនការ យុទ្ធសាស្រ្ត​ថ្មី​សម្រាប់ ៥ឆ្នាំ​បន្ទាប់។ តែ​មាន​ការ​លើក​ឡើង​ថា សមាជ​លើក​នេះ​អាច​នឹង​បន្ត​ដើរ​តាម​គន្លង​ផ្លូវ​ដែល​បាន​ត្រួសត្រាយ​ដោយ​សមាជ​ក្នុង​ឆ្នាំ ២០១៦ ឬ​និយាយ​ឲ្យ​ស្រួល​យល់ មិន​មាន​ការ​ផ្លាស់ប្តូរ​ឥស្សរជន​គ្រាក់ៗ​ដូច​ដែល​គេ​បាន​ឃើញ​នៅ​ក្នុង​សមាជ​កាល​ពី ៥ឆ្នាំ​មុន​ទេ។ មាន​ឥស្សរជនកំពូល​ចំនួន ៤រូប ឬ​ហៅ​សសរគ្រឹះ​ទាំង ៤ នៃ​របប​កុម្មុយនិស្ត​ដែល​ប្រតិភូ​ទាំង ១ ៦០០នាក់​ត្រូវ​ជ្រើសរើស គឺ​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត ប្រធានាធិបតី នាយករដ្ឋមន្រ្តី និង​ប្រធាន​រដ្ឋសភា។

បើ​គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ លោក​ង្វៀង ហ៊្វូចុង​ដែល​ជា​អ្នក​អភិរក្សនិយម​មាន​និន្នាការ​រក​ចិន​អាច​នឹង​បន្ត​កាន់​តំណែង​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​អាណត្តិទី៣។ មាន​អាយុ ៧៦ឆ្នាំ លោក​ង្វៀង ហ៊្វូចុង​ល្បី​ខាង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​លោក​បាន​ធ្វើ​នៅ​ក្នុង​ផ្ទៃក្នុង​បក្ស កងទ័ព និង​ប៉ូលិស។ តែ​ទន្ទឹម​នឹង​ការ​បន្ត​កាន់​តំណែង​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត លោក​ង្វៀង ហ៊្វូចុង​ត្រូវ​បោះបង់​ចោល​តំណែង​ប្រធានាធិបតី​ដោយ​ប្រគល់​តំណែង​នេះ​ទៅ​ឲ្យ​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​លោក​ង្វៀង ស្វឹនហ៊្វុក។ មាន​អាយុ ៦៦ឆ្នាំ នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​រូប​នេះ​ទទួល​បាន​ការ​កោតសរសើរ​ពី​សេដ្ឋកិច្ច​រីកចម្រើន និង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩ បាន​ល្អ។

ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ វៀតណាម​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ចំនួន ២,៩%។ បើ​គិត​ក្នុង​រយៈពេល ២ទសវត្ស​កន្លង​ទៅ នេះ​ជា​អត្រា​មួយ​ដ៏​ទាប​ខ្លាំង​ដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​មិន​ធ្លាប់​ស្គាល់​ទេ។ តែ​វា​ពិត​ជា​សក្តានុពល​ដ៏​អស្ចារ្យ​ដែល​គ្មាន​ប្រទេស​ណា​មួយ​អាច​មើល​រំលង​បាន​ឡើយ ពិសេស​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​សកល​ដុនដាប​ខ្លាំង​ដោយ​វិបត្តិ​កូវីដ១៩ ដែល​ប្រទេស​សឹង​តែ​ទាំង​អស់​មាន​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន មិន​ថា​ប្រទេស​អ្នក​មាន ឬ​ប្រទេស​អ្នកក្រ។ ទាក់ទង​នឹង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩ ទៀត​សោត វៀតណាម​បាន​ចាត់​វិធានការ​ម៉ឺងម៉ាត់ និង​តឹងរឹង​ក្នុង​ការ​ធ្វើ​ចត្តាឡីសក ស្វែង​រក​មនុស្ស​ដែល​មាន​ការ​ទាក់ទង​ជាមួយ​អ្នក​មាន​វិជ្ជមាន​កូវីដ១៩ និង​ត្រួតពិនិត្យ​ការ​ចល័ត​របស់​ប្រជាជន។ គិត​តាំង​ពី​ថ្ងៃ​ទី១ នៃ​ការ​ផ្ទុះ​កូវីដ១៩ មក​ទល់​ពេល​នេះ វៀតណាម​មាន​ស្លាប់ ៣៥នាក់ និង​មាន​វិជ្ជមាន​កូវីដ១៩ តិច​ជាង ១ ៦០០ករណី។

គឺ​វិធានការ​ម៉ឺងម៉ាត់ និង​តឹងរឹង​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩ នេះ​ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​វៀតណាម​អាច​ចៀសវាង​ការ​បិទខ្ទប់​ប្រទេស​ទាំង​ស្រុង និង​អាច​បន្ត​មាន​សកម្មភាព​សេដ្ឋកិច្ច​ដូច​ធម្មតា។ នេះ​ជា​កត្តា​ទី១ ដែល​បាន​ធ្វើ​ឲ្យ​វៀតណាម​ស្គាល់​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន។ ចំណែក​កត្តា​អំណោយផល​ទី២ គឺ​បាន​មក​ពី​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដែល​បាន​បង្វែរ​ទិស​នៃ​ការ​ដោះដូរ​សេដ្ឋកិច្ច​សកល និង​កំពុង​ធ្វើ​ឲ្យ​វៀតណាម​ក្លាយ​ជា​មហាប៉ូល​បច្ចេកវិទ្យា។ តែ​អ្វី​ដែល​នៅ​បន្ត​ជា​ឆ្អឹង​ទទឹង ក សម្រាប់​របប​កម្មុយនិស្ត​វៀតណាម គឺ​ក្រុម​ប្រឆាំង និង​ក្រុម​អ្នកកាសែត​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ក្រុង​ហាណូយ​មិន​សំចៃ​មាត់ ហើយ​ដែល​ពួក​គេ​ក៏​ត្រូវ​បាន​រង​ការ​បង្រ្កាប​យ៉ាង​ចាស់ដៃ​ដែរ។

ជាក់ស្តែង​នៅ​ដើម​ខែ​មករា​នេះ មាន​អ្នកកាសែត ៣នាក់​ត្រូវ​បាន​កាត់ទោស​ដាក់​គុក​ពី ១១ឆ្នាំ​ទៅ ១៥ឆ្នាំ​ពី​បទ​បាន​រិះគន់​របប​កុម្មុយនិស្ត។ យោង​តាម​អង្គការ​សិទ្ធិមនុស្ស Amnesty International ចំនួន​អ្នកទោស​នយោបាយ​បាន​កើន​ទ្វេដង​ពី ៨៤នាក់​ក្នុង​ឆ្នាំ ២០១៦ ដល់ ១៧០នាក់​នា​ពេល​សព្វថ្ងៃ។ « វៀតណាម​បើក​ទ្វារ​ចំហ​កាន់​តែ​ធំ​ទៅ​កាន់​ពាណិជ្ជកម្ម​ពិភពលោក តែ​ក៏​បើក​ទ្វារ​ចំហ​ពន្ធនាគារ​កាន់​តែ​ធំ​សម្រាប់​ដាក់​ក្រុម​អ្នក​តវ៉ា រិះគន់​ដោយ​សន្តិវិធី​ដែរ » នេះ​ជា​ការ​ថ្លែង​សោកស្តាយ​របស់​លោកស្រី​យ៉ាមីនី មីស្ហរ៉ា នាយិកាតំបន់​នៃ​កម្មវិធី​អាស៊ីប៉ាស៊ីហ្វិក​សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល។ ចំណែក​លោក​ឡឺ កុង ឌិញ អតីត​មេធាវី​ជំនាញ​សិទ្ធិមនុស្ស​បាន​មើល​ឃើញ​ថា ភាព​អសកម្ម និង​ការ​បិទមាត់​របស់​សហគមន៍អន្តរជាតិ​បាន​លើក​ទឹកចិត្ត​របប​ក្រុង​ហាណូយ​ឲ្យ​សង្កត់ ក ក្រុមប្រឆាំង និង​អ្នក​រិះគន់​កាន់​តែ​ខ្លាំង។

នេះ​ជា​បញ្ហា​ផ្ទៃក្នុង​ដែល​សមាជ​គណបក្ស​កុម្មុយនិស្ត​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ។ ចំណែក​នៅ​លើ​ឆាកអន្តរជាតិ គណបក្ស​កុម្មុយនិស្ត​ត្រូវ​ពិនិត្យ និង​សម្រួល​ជា​បន្ទាន់​នូវ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ ថ្មីៗ​នេះ រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ចោទ​វៀតណាម​ពី​បទ​ចូល​អន្តរាគមន៍​លើ​អត្រា​ប្តូរប្រាក់​រវាង​លុយ​ដុង និង​លុយ​ដុល្លារ​ដើម្បី​ទាញ​ចំណេញ​នៅ​ក្នុង​វិស័យ​នាំ​ចេញ។ លោក​ត្រាំ​មិន​បាន​ដាក់​ទណ្ឌកម្ម​អ្វី​លើ​វៀតណាម​ទេ តែ​គេ​ក៏​នៅ​មិន​ទាន់​ដឹង​ពី​ជំហរ​រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក​​ចូ បៃដិន​ដែរ។ ជាមួយ​ចិន​វិញ វៀតណាម​មិន​អាច​ខ្វះ​ចិន​បាន​ទេ ព្រោះ​ចិន​ជា​ប្រភព​សម្ភារៈ និង​គ្រឿងបរិក្ខារ​សម្រាប់​ឧស្សាហកម្ម​កម្មន្តសាល​របស់​ខ្លួន។

តែ​ទន្ទឹម​នឹង​ត្រូវ​ការ​ចិន វៀតណាម​ក៏​កំពុង​ប្រឈម​មុខ​ទល់​នឹង​ចិន​នៅ​ក្នុង​នៅ​ក្នុង​សំណុំរឿង​សមុទ្រចិន​ខាងត្បូង។ ពិត​ណាស់ ជម្លោះ​ដែនដី​មិន​ថា​គោក ទឹក ឬ​អាកាស​ជា​ជម្លោះ​ដែល​មិន​អាច​ធ្វើ​សម្បាទាន​បាន​ទេ។ តែ​នៅ​ក្នុង​បរិបទ​កូវីដ១៩ សព្វថ្ងៃ ការ​ការពារ​អាយុ​ជីវិត​ប្រជាជន​ពី​កូវីដ១៩ និង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​ជា​រឿង​អាទិភាព​មិន​អាច​ខ្វះ​បាន​ដែល​គេ​អាច​និយាយ​ថា វា​គឺ​ជា​ផែនការ​យុទ្ធសាស្រ្ត​របស់​សមាជ​គណបក្ស​កុម្មយនិស្ត​វៀតណាម​សម្រាប់ ៥ឆ្នាំ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI