ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីក្រុមហ៊ុន Space X ឈ្លោះគ្នាជាមួយ Amazon?

សំឡេង ០៥:២២
រ៉ុកកែត​ធុន Falcon Heavy របស់​ក្រុមហ៊ុន Space X
រ៉ុកកែត​ធុន Falcon Heavy របស់​ក្រុមហ៊ុន Space X AFP

ក្រុមហ៊ុន Space X របស់លោក អេឡន ម៉ាសក៍ (Elon Musk) និង​ក្រុមហ៊ុន Amazon របស់​លោក ជែហ្វ បេសូស៍ (Jeff Bezos) បាន​បោះពាក្យសម្តី​ដាក់​គ្នា​យ៉ាងខ្លាំងៗ ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ជុំវិញ​គម្រោង​បាញ់បង្ហោះផ្កាយរណប។ តើហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​ទាំងពីរនេះ ដែល​មួយ​ជាក្រុមហ៊ុន​អវកាស ហើយ​មួយទៀត​ជា​ក្រុមហ៊ុន​លក់ទំនិញ​អនឡាញ បែរជា​មកប្រជែងគ្នា រឿង​បាញ់បង្ហោះផ្កាយរណប​បែបនេះ​ទៅវិញ?

ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Amazon ត្រូវ​បាន​គេ​ស្គាល់​​ជាទូទៅ​​ច្រើន​ជាងគេថា​ជា​ក្រុមហ៊ុន​រកស៊ី​ខាង​លក់​ទំនិញ​អនឡាញ ក៏ប៉ុន្តែ តាមការពិត​ទៅ Amazon មាន​មុខជំនួញ​ជាច្រើន​ផ្សេងទៀត ហើយ​មែនទែន​ទៅ ជំនួញ​ដែល​នាំ​លុយ​ចំណេញច្រើន​ជាងគេ​ដល់​ Amazon នោះ គឺ​មិនមែន​ការលក់ទំនិញអនឡាញ​នោះទេ តែ​ជំនួញផ្តល់​សេវាកម្ម​វេបសាយ ដែល​គេហៅ​ថា Amazon Web Service។

បន្ថែម​ពីលើ​នេះ​ទៅទៀត ប្រធានក្រុមហ៊ុន Amazon គឺ​លោក ជែហ្វ បេសូស៍ មាន​មុខ​ជំនួញ​សំខាន់មួយ​ទៀត ដែល​ត្រូវ​ប្រកួតប្រជែង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ក្រុមហ៊ុន Space X គឺ​ក្រុមហ៊ុន​អវកាស​ឈ្មោះ Blue Origin និង​គម្រោងផ្តល់​សេវាអ៊ីនធ័រនែត​តាមផ្កាយរណប​ឈ្មោះ​ថា «Project Kuiper »។ គម្រោង​ផ្កាយរណប​នេះហើយ ដែល​ជា​គូប្រជែង​ដ៏ធំជាមួយ​នឹង​គម្រោង Starlink របស់​ក្រុមហ៊ុន Space X ហើយ​​ដែល​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​ទាំងពីរ​បោះពាក្យសម្តីដាក់គ្នា​ខ្លាំងៗ មួយរយៈកាល​ចុងក្រោយ​នេះ។

ប្រព័ន្ធ Kuiper របស់​ Amazon និង Starlink របស់ Space X ជា​គម្រោង​ដែល​មាន​លក្ខណៈស្រដៀងគ្នា គឺ​ផ្តល់​សេវា​អ៊ីនធ័រនែត​​​គ្របដណ្តប់​គ្រប់​ទីកន្លែង​ពាសពេញ​ពិភពលោក​ទាំងមូល តាមរយៈ​ផ្កាយរណប​​រាប់ពាន់ ឬ​រហូតទៅដល់​រាប់ម៉ឺនគ្រឿង​រាយបណ្តាក់គ្នា​ ​នៅ​ក្នុងគន្លងតារាវិថី​ទាប​ក្បែរផែនដី ដែល​គេហៅថា Low Earth Orbit (LEO)។

អ្វី​​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុន Space​ X ឈ្លោះគ្នានៅពេលនេះ គឺ​ឈ្លោះ​ដណ្តើម​កន្លែង នៅ​ក្នុង​គន្លងតារាវិថី សម្រាប់​ផ្កាយរណប​រៀងៗខ្លួន។

តាមការពិត​ទៅ គិតរហូតមកទល់នឹង​ពេលនេះ ក្រុមហ៊ុន Space X បាន​បាញ់បង្ហោះ​ផ្កាយរណប​ Starlink នេះ​បាន​ចំនួន​ជាង ៩០០គ្រឿងមកហើយ ក្នុង​ចំណោម​ផ្កាយរណប​ទាំង ១ម៉ឺន២ពាន់គ្រឿង ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​អាមេរិក​រួចហើយ និង​ ៣ម៉ឺនគ្រឿងផ្សេងទៀត​កំពុងសុំ​អាជ្ញាប័ណ្ណ។

ក្រុមហ៊ុន Amazon វិញ នៅ​មិនទាន់​បាន​ចាប់ផ្តើម​បាញ់​បង្ហោះផ្កាយរណប​របស់ខ្លួន​នៅឡើយទេ ដោយ​ទើប​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ កាល​ពីខែកក្កដា​ឆ្នាំទៅមិញ សម្រាប់​ផ្កាយរណប​ជាង ៣ពាន់គ្រឿង នៅក្នុងគន្លងតារាវិថី​ក្នុង​រយៈកម្ពស់​ ចន្លោះ​ពី ៥៩០គីឡូម៉ែត្រ ទៅ ៦៣០​គីឡូម៉ែត្រ​។

ជម្លោះ រវាង​ Amazon និង Space X បានផ្ទុះឡើង ក្រោយ​ពី Space X បាន​សុំ​អាជ្ញាធរ​កែប្រែអាជ្ញាប័ណ្ណ ដែល​ទទួល​បាន​រួចហើយ ដោយ​ក្នុងនោះ Space X ចង់​ផ្លាស់ប្តូរ​គន្លង​តារាវិថី​ផ្កាយរណប​របស់​ខ្លួន​ចំនួន​ជិត ៣០០០គ្រឿង ទៅដាក់​ក្នុងរយៈកម្ពស់​ចន្លោះ​ពី ៥៤០គីឡូម៉ែត្រ ទៅ ៥៧០គីឡូម៉ែត្រ ពោលគឺ តែ​ប្រមាណ​ជា ២០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​គន្លង​ផ្កាយរណប​របស់​ Amazon។

នៅ​ក្នុង​ជម្លោះ​ពាក្យសម្តី​ដាក់គ្នា ទាំងតាមរយៈ​លិខិតឆ្លើយឆ្លង​ទៅកាន់​​​គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធ​អាមេរិក ហៅកាត់​ថា FCC (Federal Communications Commision) និង​ទាំង​សេចក្តីថ្លែងការណ៍​សាធារណៈ ក្រុមហ៊ុន Amazon បាន​តវ៉ា​ជំទាស់​នឹង​គម្រោង​កែប្រែ​អាជ្ញាបណ្ណ​របស់ Space X ដោយ​បាន​លើកហេតុផលថា ទៅតាម​លក្ខណៈបច្ចេកទេស ក្នុងការអនុវត្ត​ជាក់ស្តែង ផ្កាយរណប​ Starlink អាច​នឹង​មាន​គន្លង​​ប្រែប្រួល​រហូតដល់​ទៅ ៣០គីឡូម៉ែត្រ ពី​គន្លងដែល​បាន​គ្រោង​ទុក ដែលនេះ គឺ​មានន័យ​ថា ផ្កាយរណប​ Starlink អាច​នឹង​ត្រូវ​ចូល​ទៅ​ក្នុង​គន្លង​ជាមួយ​ផ្កាយរណប​របស់ Amazon ហើយ​អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បុកទង្គិចគ្នា​។

ក្រុមហ៊ុន Space X បាន​ទទួលស្គាល់​ថា​ វាពិត​ជា​មាន​ហានិភ័យ​បែបនេះ​មែន ហើយ​សន្យា​ថា នៅពេលណា​ដែល​ក្រុមហ៊ុន Amazon ចាប់ផ្តើម​បាញ់បង្ហោះផ្កាយរណប​របស់ខ្លួន Space X នឹង​មិនបាញ់បង្ហោះ​​​ផ្កាយរណប Starlink ឲ្យ​ឡើង​ទៅហួស​ពី​រយៈកម្ពស់ ៥៨០​គីឡូម៉ែត្រ​នោះទេ ពោលគឺ ស្ថិត​នៅ​ចម្ងាយ ១០គីឡូម៉ែត្រ​ពី​គន្លង​ផ្កាយរណប​របស់​ Amazon។

លោក អេឡន​ ម៉ាសក៍ ក៏ថែម​ទាំង​បាន​បោះសម្តី​តាម​ធ្វីតធ័រ​ទៅកាន់ Amazon ថា គេ​មិនគួរ​យក​គម្រោង​អនាគត​​របស់ Amazon ដែល​គេមិនដឹង​ជា​ឆ្នាំណា​ទើប​អាច​ចាប់ផ្តើម​បាន​ផងនោះ មក​ធ្វើ​ជា​លក្ខខណ្ឌ​ចងដៃចងជើង គម្រោង Starlink ដែល​​កំពុង​ដំណើរការ​បច្ចុប្បន្ន​នេះហើយ​នោះទេ។

ក៏ប៉ុន្តែ ក្រុមហ៊ុន Amazon បាន​វាយបកត្រឡប់មកវិញ​ថា Amazon បាន​រចនា​ប្រព័ន្ធផ្កាយរណប Kuiper ដោយ​តម្រូវ​ទៅតាម​អ្វីដែល Starlink បាន​គ្រោង​ធ្វើ​រួចហើយ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ប៉ះទង្គិចគ្នា។ ក៏ប៉ុន្តែ ឥឡូវនេះ Space X បែរ​ជា​មក​កែប្រែប្រព័ន្ធ​របស់​ខ្លួន​ទៅវិញ ដែល​វា​មិន​ត្រឹមតែ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផ្កាយរណប​បុកទង្គិចគ្នា​ក្នុង​អវកាស​នោះទេ ក៏ប៉ុន្តែ វា​ក៏​អាច​បង្ក​បញ្ហា​មួយ​ទៀត​ផងដែរ គឺ​ការ​រំខាន​ហ្វ្រេកង់​គ្នា​ទៅវិញទៅមក ដែល​នឹង​ឲ្យ​ប៉ះពាល់​ទៅដល់​សេវា​អ៊ីនធ័រនែត​ សម្រាប់​អ្នក​ប្រើប្រាស់។

គួរបញ្ជាក់ថា គម្រោង​ផ្តល់​សេវា​អ៊ីនធ័រនែត តាមរយៈ​ផ្កាយរណប​​ក្នុង​គន្លងតារាវិថី​ទាប​ ឬ Low Earth Orbit នេះ ក៏ធ្លាប់​ទទួល​ការ​រិះគន់​ជាច្រើន​រួចមកហើយ​ដែរ ដោយសារ​តែ​​នៅ​ក្នុង​គន្លង​តារាវិថី​ទាប​នេះ គឺ​ជា​ទីតាំង​ដែល​​សម្បូរ​ទៅដោយ​ផ្កាយរណប​ស្រាប់​ទៅហើយ​ ដូច្នេះ ការ​បាញ់​បង្ហោះ​ផ្កាយរណប​រហូតដល់​ទៅ​រាប់ម៉ឺន​​មក​បន្ថែម​ទៀតនោះ វា​អាច​នឹង​​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បុកទង្គិចគ្នា ហើយ​ម្យ៉ាងទៀត ផ្កាយរណប​ស្អេកស្កះ​ពេញ​មេឃ​បែបនេះ វា​ក៏​នឹង​អាច​រំខានផងដែរ ដល់​​តារាវិទូ ក៏ដូចជា សាធារណជន ក្នុង​​ការ​សិក្សា និងសង្កេតមើល​ផ្កាយ​នៅពេលយប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI