ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើព្រឹត្តិការណ៍រដ្ឋប្រហារនៅភូមាជាវាសនារបស់ប្រទេស ឬជាកំហុសរបស់លោកស្រីអ៊ុង សានស៊ូជី?

សំឡេង ០៥:២១
តើព្រឹត្តិការណ៍រដ្ឋប្រហារនៅភូមាជាវាសនារបស់ប្រទេស ឬជាកំហុសរបស់លោកស្រីអ៊ុង សានស៊ូជី?
តើព្រឹត្តិការណ៍រដ្ឋប្រហារនៅភូមាជាវាសនារបស់ប្រទេស ឬជាកំហុសរបស់លោកស្រីអ៊ុង សានស៊ូជី? AP - Aung Shine Oo

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី១ កុម្ភៈ កងទ័ព​ភូមា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី។ ចំណែក​រូប​លោក​ស្រី​ស៊ូជី រួម​ទាំង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ក៏​ត្រូវ​បាន​កងទ័ព​ចាប់​ខ្លួន។ បន្ទាប់​មក កងទ័ព​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​សម្រាប់​រយៈពេល ១ឆ្នាំ និង​បាន​សន្យា​រៀបចំ​បោះឆ្នោត​ថ្មី។ ហេតុផល​ដែល​កងទ័ព​បាន​លើក​ឡើង គឺ​មក​ពី​មាន​ការ​លួចបន្លំ​សន្លឹក​ឆ្នោត​នា​ការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២០ ដែល​គណបក្ស​របស់​លោកស្រី​ស៊ូជី​បាន​ទទួល​ជ័យជម្នះ​ភ្លូកទឹក ភ្លូកដី។ គួរ​រម្លឹក​ថា ភូមា​ធ្លាប់​បាន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​របបសឹក​ជាង​កន្លះ​សតវត្ស។ គឺ​ទើប​នៅ​ឆ្នាំ ២០១៦ ដែល​ភូមា​បាន​ស្គាល់​របប​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​លោកស្រី​អ៊ុង សានស៊ូជី។ តែ​នៅ ៥ឆ្នាំ​ក្រោយ​មក ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ហាក់​កំពុង​វិល​ត្រឡប់​ចូល​ផ្លូវ​ប្រវត្តិសាស្រ្ត​ច្រំដែល​មួយ​នេះ​ឡើង​វិញ។ តើ​វា​ជា​វាសនា​របស់​ប្រទេស ឬ​ជា​កំហុស​របស់​លោកស្រី​អ៊ុង សានស៊ូជី?។

ផ្សាយពាណិជ្ជកម្ម

បើ​គេ​និយាយ​ពី​ប្រទេស​ភូមា មជ្ឈដ្ឋាន​ទូទៅ ពិសេស​មជ្ឈដ្ឋាន​អន្តរជាតិ​ពិត​ជា​ចាប់​អារម្មណ៍​ភ្លាម​ពី​លោកស្រី​អ៊ុង សានស៊ូជី។ នេះ​ក៏​ដោយសារ​ថា​ក្រោម​ភ្នែក ច្រមុះ​របស់​សហគមន៍​អន្តរជាតិ និយាយ​ជា​រួម និង​របស់​ប្រជាជន​ភូមា និយាយ​ដោយឡែក លោកស្រី​អ៊ុង សានស៊ូជី​ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និង​ការ​ប្រយុទ្ធ​តតាំង​ទល់​របប​ផ្តាច់ការ​យោធា​ភូមា។ តែ​មុន​នឹង​និយាយ​ពី​ជីវិត​តស៊ូ​នយោបាយ​របស់​លោកស្រី គេ​គួរ​ផ្តោត​ជា​ដំបូង​នូវ​ប្រវត្តិរូបសង្ខេប​របស់​លោកស្រី។ ចាប់​កំណើត​ក្នុង​ឆ្នំា ១៩៤៥ លោកស្រី​អ៊ុង សានស៊ូជី​ជា​កូន​ទី៣​របស់​ឱពុក​ឈ្មោះ​អ៊ុង សាន និង​ម្តាយ​ឈ្មោះ​ដា ឃិន ជី។ ម្តាយ​មាន​អាជីព​ជា​គីលានុបដ្ឋាយិកា ហើយ​ឱពុក​ជា​មេបញ្ជាការ​កងទ័ព។ ក្នុង​នាម​ជា​អ្នក​រំដោះ​ប្រទេស លោក​អ៊ុង សាន​ទទួល​បាន​ងារ​ជា​វីរបុរស​ឯករាជ្យជាតិ និង​បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ដឹកនំា​រដ្ឋាភិបាល​អន្តរកាល។

តែ​វីរបុរស​ឯករាជ្យជាតិ​រូប​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ក្នុង​ឆ្នាំ ១៩៤៧ ខណៈ​ដែល​លោកស្រី​អ៊ុង សានស៊ូជី​ទើប​មាន​អាយុ ២ឆ្នាំ​ប៉ុណ្ណោះ។ ក្នុង​ឆ្នំា ១៩៦០ ពោល​ក្នុង​ពេល​ដែល​ម្តាយ​ទទួល​បាន​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ភូមា​ប្រចំា​ប្រទេស​ឥណ្ឌា លោកស្រី​អ៊ុង សានស៊ូជី​ក៏​បាន​ទៅ​រៀនសូត្រ​នៅ​ឥណ្ឌា​រហូត​ដល់​ឆ្នំា ១៩៦៤។ បន្ទាប់​មក លោកស្រី​បាន​ភៀសខ្លួន​ទៅ​ប្រទេស​អង់គ្លេស​ដោយ​បាន​បន្ត​ការ​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ Oxford។ នៅ​ក្នុង​ប្រទេស​អង់គ្លេស លោកស្រី​បាន​រៀបការ​ជាមួយ​លោក​មីកាអែល អារីស​ក្នុង​ឆ្នាំ ១៩៧២ ដែល​លោកស្រី​បាន​ស្គាល់​នៅ​សាកលវិទ្យាល័យ Oxford និង​មាន​កូនប្រុស ២នាក់។ បន្ទាប់​មក​ក្នុង​ឆ្នាំ ១៩៨៨ លោកស្រី​បាន​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ​ដើម្បី​ទៅ​មើល​ម្តាយ​ឈឺ​ធ្ងន់ និង​បាន​សម្រេចចិត្ត​ដាក់ខ្លួន​ជាមួយ​នឹង​វាសនា​របស់​ប្រទេស​តាំង​ពី​ពេល​នោះ​មក។

ជម្រើស​ដាក់ខ្លួន​ជាមួយ​នឹង​វាសនា​របស់​ប្រទេស​ពេល​នោះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​កំពុង​ស្គាល់​ការ​បះបោរ​ខ្លាំង​ប្រឆាំង​នឹង​របបសឹក។ ចលនា​បះបោរ​ឆ្នាំ ១៩៨៨ មួយ​នេះ​ត្រូវ​បាន​របបសឹក​បង្រ្កាប​យ៉ាង​បង្ហូរឈាម​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៣ ០០០នាក់។ « ក្នុង​នាម​ជា​កូនស្រី​របស់​ឱពុក​ខ្ញុំ ខ្ញុំ​មិន​អាច​ឈរ​ឱបដៃ​មើល​អ្វី​ដែល​កំពុង​កើត​មាន​បាន​ទេ » នេះ​ជា​សុន្ទរកថាទី១ របស់​លោកស្រី​អ៊ុង សានស៊ូជី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ចំណុច​ចាប់​ផ្តើម​ជីវិត​នយោបាយ និង​ការ​ប្រសូត្រ​ចេញ​នូវ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី។ តែ​ត្រួយ​ប្រជាធិបតេយ្យ​មួយ​​នេះ​ត្រូវ​បាន​របបសឹក​ក្តិច​ចោល​ភ្លាមៗ​ដោយ​ចាប់​លោកស្រី​អ៊ុង សានស៊ូជី​ទៅ​ឃុំ​នៅ​ក្នុង​ផ្ទះ​របស់​លោកស្រី​ក្នុង​ឆ្នាំ ១៩៨៩។

ទោះ​ជា​យ៉ាង​នេះ​ក្តី គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ទទួល​បាន​ជ័យជម្នះ​ធំធេង​នា​ការ​បោះឆ្នោត​ឆ្នាំ ១៩៩០ និង​ដែល​លោកស្រី​បាន​ត្រឹម​ចូលរួម​សាទរ​ពី​ចម្ងាយ។ តែ​គួរ​ឲ្យ​ស្តាយ របបសឹក​មិន​បាន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ បុព្វហេតុ​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី​បាន​ធ្វើ​ឲ្យ​លោកស្រី​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ១៩៩១។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១០ ពោល​ក្រោយ​ពី​បាន​ជាប់​ឃុំ​ក្នុង​ផ្ទះ​អស់​រយៈពេល ១៥ឆ្នាំ​ទើប​របបសឹក​បាន​ដោះលែង​លោកស្រី​អ៊ុង សានស៊ូជី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ ២០១១ របបសឹក​បាន​រំលាយ​ខ្លួន​ទៅ​ជា​របបស៊ីវិល ហើយ​លោកស្រី​អ៊ុង សានស៊ូជី​បាន​ចូល​អង្គុយ​កៅអី​ជា​សមាជិក​សភា​ក្នុង​ឆ្នាំ ២០១២។

« ខ្ញុំ​មិន​ជឿ​លើ​ព្រេងវាសនា និង​ភាព​ស្រមើលស្រម៉ៃ​ទេ។ ខ្ញុំ​ជឿ​តែ​លើ​ការងារ​មួយ​ប៉ុណ្ណោះ។ ព្រេងវាសនា និង​ភាព​ស្រមើលស្រម៉ៃ​នាំ​យើង​​ទៅ​មិន​ឆ្ងាយ​ឡើយ » នេះ​ជា​ឃ្លា​ដែល​លោកស្រី​អ៊ុង សានស៊ូជី​បាន​ថ្លែង​ក្នុង​ខែ​សីហា ឆ្នាំ ២០១៥។ នៅ​ប៉ុន្មាន​ខែ​មក​ក្នុង​ឆ្នាំ ២០១៥ ដដែល គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក ភ្លូកដី​នៅ​ក្នុង​ការ​បោះឆ្នោត។ ទំព័រ​សករាជ​ថ្មី​សម្រាប់​ប្រទេស និង​ប្រជាជន​ភូមា​ក៏​បាន​បើក​ឡើង ក្រោយ​ពី​បាន​ស្គាល់​សករាជ​របបសឹក​ជាង​កន្លះ​សតវត្ស។ តាម​ធម្មតា ទំព័រ​សករាជ​ថ្មី​ដដែល​នេះ​នឹង​ត្រូវ​បន្ត​មាន ៥ឆ្នាំ​ទៅ​មុខ​ទៀត ព្រោះ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ក៏​បាន​ឈ្នះ​ឆ្នោត​ភ្លូកទឹក ភ្លូកដី​នា​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០២០។

តែ​ទីបំផុត​ទៅ​លើក​នេះ កងទ័ព​បាន​សម្រេច​ចិត្ត​កាច់ចង្កូត​ប្រទេស​ទៅ​រក​ផ្លូវ​ផ្សេង​ដែល​ខ្លួន​ធ្លាប់​បាន​ដើរ​រយៈពេល​ជាង ៥០ឆ្នាំ។ តើ​នេះ​ជា​វាសនា និង​ជា​កម្មផល​របស់​ប្រទេស​ភូមា ឬ​មួយ​ក៏​ជា​កំហុស​របស់​លោកស្រី​អ៊ុង សានស៊ូជី?។ តាម​ពិត​ទៅ​នៅ​ភូមា អ្នក​ដែល​កំពុង​មាន​អំណាច និង​បន្ត​មាន​អំណាច​ពិតប្រាកដ​ក្នុង​ដៃ​គឺ​កងទ័ព។ ក្រោម​ភ្នែក ច្រមុះ​របស់​ក្រុម​ឧត្តមសេនីយ ការ​ឈ្នះឆ្នោត​ភ្លូកទឹក ភ្លូកដី​របស់​លោកស្រី​អ៊ុង សានស៊ូជី​កាល​ពី​ឆ្នាំ ២០១៥ ជា​រឿង​ធម្មតា និង​អាច​ទទួល​យក​បាន។ តែ​ការ​ឈ្នះ​ភ្លូកទឹក ភ្លូកដី​ជា​ថ្មី​ក្នុង​ឆ្នាំ ២០២០ បាន​ធ្វើ​ឲ្យ​ក្រុម​ឧត្តមសេនីយ​ភ្ញាក់​ដឹង​ខ្លួន​ថា អំណាច​បាន​និង​កំពុង​របូត​ចេញ​ពី​ដៃ​របស់​ពួក​គេ​កាន់​តែ​ច្រើន​ឡើងៗ​ដែល​វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​ក្រសោប​យក​ត្រឡប់​វិញ​ហើយ។

មែនទែន​ទៅ ទំនាក់ទំនង​រវាង​លោកស្រី​អ៊ុង សានស៊ូជី និង​កងទ័ព​មិន​ដែល​ស្គាល់​ភាព​ល្អូកល្អឺន និង​រលូន​ម្តង​ណា​ទេ ទោះ​បី​ជា​លោកស្រី​នៅ​ជា​អ្នក​ប្រឆាំង និង​បាន​កាន់​អំណាច​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ។ នៅ​ក្នុង​ពេល​កាន់​អំណាច​ទៀត​សោត លោកស្រី​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ជាមួយ​កងទ័ព​ដែល​មាន​អសនៈ ២៥% ជា​ស្វ័យប្រវត្តិ​នៅ​ក្នុង​សភា​ទាំង​ពីរ និង​ក្តាប់​ក្រសួង​សំខាន់​ចំនួន ៣ គឺ​មហាផ្ទៃ ការពារជាតិ និង​ព្រំដែន។ លោកស្រី​អ៊ុង សានស៊ូជី​បាន​ដឹង​ច្បាស់ណាស់​ថា កងទ័ព​មិន​បាន​ទុក​បណ្តោយ​ឲ្យ​លោកស្រី​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​សំណុំរឿង​ខ្លះ លោកស្រី​បាន​បង្ខំ​ចិត្ត​បិទភ្នែក ក្បត់​ឧត្តមគតិ​ខ្លួន​ឯង​ដើម្បី​សម្រប​តាម​កងទ័ព។ តែ​បញ្ហា​នៅ​ត្រង់​ថា សម្បទាន​របៀប​នេះ​បាន​ធ្វើ​ឲ្យ​រូបភាព និង​កេរ្តិ៍ឈ្មោះ​របស់​លោកស្រី​អាប់ឱន​យ៉ាង​ខ្លាំង​នៅ​លើ​ឆាកអន្តរជាតិ។

សំណុំរឿង​ដែល​សហគមន៍​អន្តរជាតិ​បាន​រិះគន់ និង​ស្តីបន្ទោស​លោកស្រី​អ៊ុង សានស៊ូជី​ពី​បទ​មិន​បាន​ដោះស្រាយ គឺ​បញ្ហា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ក្នុង​ឆ្នាំ ២០១៧ ពោល​ក្នុង​ពេល​លោកស្រី​កាន់​អំណាច មាន​ពួក​រ៉ូហ៊ីងយ៉ា​ជិត ១លាននាក់​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស​ដើម្បី​គេច​ពី​ការ​ធ្វើ​បាប​របស់​កងទ័ព​ភូមា។ សោកនាដកម្ម​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ភូមា​ជាប់​ចោទ​ក្នុង​បទ​ប្រល័យពូជសាសន៍ និង​ត្រូវ​ប្រឈម​ការ​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ក្នុង​ប្រទេស​ហូឡង់។ តែ​លោកស្រី​អ៊ុង សានស៊ូជី​ដែល​បាន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​មួយ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហូឡង់​ដើម្បី​​ការពារ​ភូមា​នៅ​មុខ​តុលាការ​ផ្ទាល់។

ឥឡូវ​នេះ សករាជ​អតីតកាល​បាន​វិល​ត្រឡប់​វិញ​ដែល​អ្វីៗ​គ្រប់​យ៉ាង​នឹង​ត្រូវ​ចាប់​ផ្តើម​សារ​ឡើង​វិញ​ទាំង​អស់​សម្រាប់​ប្រទេស និង​ប្រជាជន​ភូមា។ មាន​អាយុ ៧៥ឆ្នាំ លោកស្រី​អ៊ុង សានស៊ូជី​បាន​ក្លាយ​ជា​ឥស្សរជន​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​ខ្វល់ខ្វាយ​ជា​ថ្មី​ដោយ​មិន​ប្រាកដ​ថា ភាព​ច្រំដែល​ប្រវត្តិសាស្រ្ត​មួយ​នេះ​នៅ​ភូមា​អាច​មាន​ថ្ងៃ​អវសាន​ដែរ ឬ​អត់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI