ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីទីក្រុងអាំស្ទែដាំរបស់ហូឡង់សម្លឹងការអភិវឌ្ឍរយៈពេលវែងជំនួសគោលដៅកំណើនសេដ្ឋកិច្ច?

សំឡេង ០៤:១៤
មនុស្សដើរលេង​នៅ​ទីក្រុង​អាំស្ទែរដាំ​នៅខែ​សីហា​ឆ្នាំ​២០២០
មនុស្សដើរលេង​នៅ​ទីក្រុង​អាំស្ទែរដាំ​នៅខែ​សីហា​ឆ្នាំ​២០២០ AP - Mike Corder

អាំស្ទែដាំ ជាទីក្រុងធំចម្បងមួយដំបូងរបស់ពិភពលោក ដែល​បាន​អនុវត្តគំរូសេដ្ឋកិច្ចនំ Doughnut ដល់កម្រិតមូលដ្ឋាន។ គំរូសេដ្ឋកិច្ចនំ Doughnut ជា គំរូសេដ្ឋកិច្ចដែលផ្តោតលើ ការអភិវឌ្ឍស្ថិតស្ថេរយូរអង្វែង។ គំរូនៃការអភិវឌ្ឍនេះ ផ្តោតលើអ្វីដែលមនុស្សក្នុងសង្គមត្រូវការ (ឧទាហរណ៍ សន្តិសុខស្បៀង សុខភាព ការអប់រំ ប្រាក់ចំណូលនិងការងារ សន្តិភាពនិងយុត្តិធម៌ សេរីភាពនយោបាយ សមធម៌សង្គម សមភាពយេនឌ័រ លំនៅដ្ឋាន បណ្តាញសង្គម ថាមពល និងទឹក) និង បរិយាកាសសង្គមដែលមនុស្សត្រូវខ្វល់ខ្វាយ (ឧទាហរណ៍ ការប្រែប្រួលអាកាសធាតុ ការបំពុលគីមី ផលប៉ះពាល់ទឹកសាប គុណភាពដីធ្លី ការបាត់បង់ជីវចម្រុះ ការបំពុលខ្យល់ និងការថយចុះស្រទាប់អូហ្សូន)។  

ផ្សាយពាណិជ្ជកម្ម

អំឡុងរាប់ទស្សវត្សរ៍ ឬប្រហែលជាសតវត្សរ៍ គោលគំនិតសេដ្ឋកិច្ចចម្បងបានចាត់ទុក ការផ្គត់ផ្គង់និងតម្រូវការ ប្រសិទ្ធភាព លទ្ធភាពចេះប្រៀបធៀបជ្រើសរើសជម្រើសល្អបំផុត និង​កំណើនសេដ្ឋកិច្ចជាគោលដៅខ្ពស់បំផុតនៃការអភិវឌ្ឍសង្គមមួយ។ ជាឧទាហរណ៍ បញ្ហាបរិស្ថានត្រូវបានអ្នកសេដ្ឋកិច្ចហៅថា កត្ដាខាងក្រៅ។ នៅរយៈពេលវែង ការស្វែងរកកំណើនសេដ្ឋកិច្ចដែលមិនចេះចប់មិនចេះហើយនឹងធ្វើធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ឈានដល់ដំណាក់កាលហួសពីដែនកំណត់របស់វា។

នៅខែមេសា ឆ្នាំ២០២០ អំឡុងរលកទីមួយនៃការរីករាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលទីក្រុង អាំស្ទែដាំ បានប្រកាសថា ខ្លួនបានងើបឡើងចេញពីវិបត្តិ ហើយនឹងមិនប្រឈមចៀសវាងបញ្ហានេះម្ដងទៀត នាពេលអនាគត ដោយអនុវត្តទ្រឹស្តីនៃសេដ្ឋកិច្ចបែបនំ Doughnut។ ទម្រង់សេដ្ឋកិច្ចនេះ ត្រូវបានដកស្រង់ចេញពីក្នុងសៀវភៅរបស់សេដ្ឋវិទូអង់គ្លេសម្នាក់ គឺ លោកស្រី Kate Raworth។ សៀវភៅនេះចេញផ្សាយកាលពីឆ្នាំ២០១៧។ ទ្រឹស្ដីសេដ្ឋកិច្ចបែបនំ Doughnut ពន្យល់ថា គោលគំនិតសេដ្ឋកិច្ចនៅសតវត្សរ៍ទី២០ មិនអាចប្រើប្រាស់នៅក្នុងភាពជាក់ស្តែងនៃសេដ្ឋកិច្ចនៅសតវត្សរ៍ទី២១បានទេ ព្រោះថាភពផែនដីបច្ចុប្បន្នស្ថិតនៅក្បែរបញ្ហាដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។

ជាជាងការកំណត់យក​ កំណើនសេដ្ឋកិច្ចវាស់វែងដោយ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថាជា ភាពជោគជ័យនៃសង្គមមួយ ទ្រឹស្ដីនេះបានថ្លឹងថ្លែងគ្រប់ធាតុផ្សំនានានៃជីវិតមនុស្សជាតិ ដែល​មនុស្សរាល់គ្នាគួររស់នៅក្នុងជីវិតល្អ និងបរិស្ថានល្អ។ តើអ្វីជាទ្រឹស្តីសេដ្ឋកិច្ចបែបនំ doughnut?

សេដ្ឋកិច្ចបែបនំ doughnut គឺជាទម្រង់សង្គមសេដ្ឋកិច្ចមួយសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងមានទម្រង់ដូចនំ doughnut។ គំរូនៃការអភិវឌ្ឍនេះ ផ្តោតលើអ្វីដែលមនុស្សក្នុងសង្គមត្រូវការ (ឧទាហរណ៍ សន្តិសុខស្បៀង សុខភាព ការអប់រំ ប្រាក់ចំណូលនិងការងារ សន្តិភាពនិងយុត្តិធម៌ សេរីភាពនយោបាយ សមធម៌សង្គម សមភាពយេនឌ័រ លំនៅដ្ឋាន បណ្តាញសង្គម ថាមពល និងទឹក) និង បរិយាកាសសង្គមដែលមនុស្សត្រូវខ្វល់ខ្វាយ (ឧទាហរណ៍ ការប្រែប្រួលអាកាសធាតុ ការបំពុលគីមី ផលប៉ះពាល់ទឹកសាប គុណភាពដីធ្លី ការបាត់បង់ជីវចម្រុះ ការបំពុលខ្យល់ និងការថយចុះស្រទាប់អូហ្សូន)។

គោលដៅរបស់ទីក្រុង អាំស្ទែដាំ គឺនាំប្រជាជនទាំង ៨៧២,០០០ នាក់ចូលទៅក្នុងទម្រង់សេដ្ឋកិច្ចបែបនំ doughnut ដើម្បីប្រាកដថា ប្រជាជនគ្រប់រូបអាចទទួលបាននូវជីវិតដែលមានគុណភាព ដោយគ្មានការដាក់សម្ពាធច្រើនលើភពផែនដី។ ផ្អែកតាម the Doughnut Economics Action Lab ទីក្រុងមួយនេះ​កំពុងដាក់ចេញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ គ្រោងការណ៍ការងារ និងគោលនយោបាយថ្មីៗ ដើម្បីចុះកិច្ចសន្យាជាមួយរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ប្រជាជនក្នុងតំបន់ជាង ៤០០នាក់ និងអង្គការក្នុងស្រុកមួយចំនួន បានបង្កើតបណ្តាញមួយ ដែលមានឈ្មោះថា The Amsterdam Donut Coalition ដើម្បីដំណើរការកម្មវិធីផ្ទាល់ខ្លួននៅតាមមូលដ្ឋាន។

នេះជាលើកទីមួយហើយដែលទីក្រុងធំមួយព្យាយាមអនុវត្តតាមគំរូទ្រឹស្ដីសេដ្ឋកិច្ចបែបនំ doughnut ឱ្យ​ចេញជាសកម្មភាពនៅថ្នាក់មូលដ្ឋាន ប៉ុន្តែទីក្រុងអាំស្ទែដាំ មិនមែនជាទីក្រុងតែមួយនោះទេ។ ក្រុមប្រឹក្សាដឹកនាំទីក្រុងកូប៉ិនហាករបស់ប្រទេសដាណឺម៉ាក បានសម្រេចធ្វើតាមគំរូទីក្រុង អាំស្ទែដាំ នៅខែមិថុនា ដូចគ្នាទៅនឹងទីក្រុងព្រុចសែលរបស់បែលហ្ស៉ិក ទីក្រុងតូច Dunedin របស់ប្រទេសនូវែលសេឡង់ ទីក្រុង Nanaimo នៃប្រទេសកាណាដា ជាដើម។ រហូតមកដល់ពេលនេះ ទីក្រុងជាច្រើនលើពិភពលោកបានបង្ហាញទស្សនវិស័យថា គំរូសេដ្ឋកិច្ច doughnut អាចអនុវត្តបានក្នុងភាពជាក់ស្តែង។ នៅឆ្នាំ២០១៩ បណ្តាញទីក្រុងទាំង៩៧ បានផ្តោតលើបញ្ហាការប្រែប្រួលអាកាសធាតុ។  

         ផ្អែកតាមអ្នកជំនាញ វិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ អាចជាចលករមួយដ៏ចម្បងដើម្បីជំរុញឱ្យ​ទីក្រុង និងរដ្ឋាភិបាលយ៉ាងច្រើនលើពិភពលោកគិតគូរខ្វល់ខ្វាយអភិវឌ្ឍទីក្រុងរបស់ខ្លួនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងទ្រឹស្ដីសេដ្ឋកិច្ច doughnut អ្នកនិពន្ធបានដកស្រង់សំដីរបស់ សេដ្ឋវិទូដ៏ល្បីល្បាញម្នាក់ លោក Milton Friedman ថា “នៅពេលណាមានវិបត្តិកើតឡើងសកម្មភាពអនុវត្តឡើងនឹងអាស្រ័យលើគំនិតដែល​នៅពីក្រោយវិបត្តិនោះ”៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI