ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​ជែហ្វ បេសូស៍៖ បង្កើត Amazon ចេញពីរោងដាក់ឡានរហូតក្លាយជាមហាសេដ្ឋីពិភពលោក

សំឡេង ០៤:៤៤
លោក ជែហ្វ បេសូស៍ (Jeff Bezos) ប្រធានក្រុមហ៊ុន Amazon
លោក ជែហ្វ បេសូស៍ (Jeff Bezos) ប្រធានក្រុមហ៊ុន Amazon AP - Ted S. Warren

លោក ជែហ្វ បេសូស៍ (Jeff Bezos) ទើបនឹង​​ប្រកាស កាលពីថ្ងៃ​អង្គារ​កន្លងទៅនេះ​ថា នៅ​ក្នុងឆ្នាំនេះ លោកនឹង​​លាឈប់​ពីតំណែង​ជា​អគ្គនាយក​ ហើយ​ដកខ្លួន​ថយចេញពី​ការ​គ្រប់គ្រង​ការងារ​ប្រចាំថ្ងៃ​របស់​ក្រុមហ៊ុន Amazon។ ក្រុមហ៊ុន ដែល​លោក​បាន​បង្កើតឡើង ដំបូង​​ពី​រោងដាក់ឡាន រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ដ៏ធំបំផុត​មួយ នៅ​ក្នុងវិស័យ​បច្ចេកវិទ្យា High-Tech នាពេល​បច្ចុប្បន្ន​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក ជែហ្វ បេសូស៍ បច្ចុប្បន្ន គឺ​ជា​មហាសេដ្ឋីកំពូល​លំដាប់ពិភពលោក ដោយស្ថិត​នៅ​ប្រកៀកប្រកិតគ្នា​ជាមួយ​នឹង​លោក អេឡន ម៉ាសក៍ នាយកក្រុមហ៊ុន​ Tesla និង SpaceX។ ហើយ​ក្នុងវ័យ​ទើប​នឹង ៥៧ឆ្នាំ ការ​ប្រកាស​លាឈប់​ពីតំណែង​ជា​អគ្គនាយកក្រុមហ៊ុន Amazon របស់​លោក​បេសូស៍ គឺជារឿង​ដ៏​ភ្ញាក់ផ្អើលមួយ ដែល​គេ​មិន​រំពឹងទុក ក៏ប៉ុន្តែ បើទោះជា​លែងកាន់តំណែង​ជា​អគ្គនាយក​ក៏ពិតមែន ក៏ប៉ុន្តែ លោក​បេសូស៍​នឹង​មិនចាកចេញ​ពី Amazon ទាំងស្រុង​នោះទេ ដោយ​​នៅបន្តធ្វើ​ជា​ប្រធានក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន​​ដដែល។

លោក​បេសូស៍ ដែល​បាន​បញ្ចប់ការ​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ និង​អេឡិចត្រូនិច ពីសកលវិទ្យាល័យ​ដ៏ល្បីល្បាញ​មួយ​នៅ​អាមេរិក គឺសកលវិទ្យាល័យ​ព្រីនស្តុន (Princeton) ធ្លាប់​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ធ្វើការ នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នៅ​ឯ Wall Street។ នៅពេលដែល​បដិវត្តន៍​អ៊ីនធ័រនែត​ចាប់ផ្តើម​ឡើង នៅ​ដើមទសវត្សរ៍​ឆ្នាំ៩០ លោក​បេសូស៍​បាន​បែក​គំនិត​ចង់​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួនឯងមួយ ដើម្បី​រកស៊ី​ក្នុង​វិស័យ​អ៊ីនធ័រនែត។ លោក​ក៏​បាន​បោះបង់​ចោល​ការងារ​ដ៏ស្រណុកសុខស្រួល និង​មាន​ប្រាក់ខែខ្ពស់ នៅ Wall Street ហើយ​ចេញ​ទៅ​បង្កើត​ក្រុមហ៊ុន Amazon នៅ​ឆ្នាំ១៩៩៤។

នៅពេល​បង្កើត​​ក្រុមហ៊ុន Amazon ឡើងដំបូង​នោះ លោកបេសូស៍​មិន​ទាំងមាន​ទីតាំង​សមរម្យ​ សម្រាប់​ធ្វើ​ជា​ការិយាល័យ​នោះផង ដោយ​ធ្វើការ​ចេញ​ពី​រោងដាក់ឡាន គឺមិនខុសគ្នា​ប៉ុន្មាននោះទេ ​ទៅនឹង​ពេល​ដែលលោក​​ស្ទីវ ចប បង្កើត​ក្រុមហ៊ុន Apple ឡើង​ជាលើកដំបូង។ បន្ថែម​ពីលើនេះ​ទៅទៀត នៅពេល​បង្កើត​ឡើង​ដំបូង​នោះ Amazon​ គ្រាន់តែ​ជា​ក្រុមហ៊ុន​តូចមួយ​​ ដែលរកស៊ី​ត្រឹម​លក់​សៀវភៅ​អនឡាញ​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ បន្តិចម្តងៗ Amazon បានពង្រីក​ទីផ្សារ​របស់​ខ្លួន គឺពង្រីកទាំងវិសាលភាព​នៃ​អតិថិជន​​ជាលក្ខណៈអន្តរជាតិ និង​ពង្រីក​ទាំង​ផលិតផល ដោយ​ចេញ​ពី​ការ​លក់​សៀវភៅ​ ជា​លក្ខណៈបណ្ណាគារ​អនឡាញ រហូត​ក្លាយ​ជា​ក្រុមហ៊ុនដ៏ធំមួយ ដែល​លក់​ផលិតផល​គ្រប់ប្រភេទ រាប់ចាប់តាំង​ពី​​ឧបករណ៍​អេឡិចត្រូនិច រហូតទៅដល់​សម្លៀកបំពាក់ និង​ចំណីអាហារ។

​មែនទែន​ទៅ Amazon បច្ចុប្បន្ន​នេះ មិនមែន​គ្រាន់តែ​ជា​ក្រុមហ៊ុន​ដែល​មាន​មុខជំនួញ​​​លក់ទំនិញ​អនឡាញ​នេះ​តែមួយមុខនេះនោះទេ ក៏ប៉ុន្តែ នៅមាន​មុខ​ជំនួ​ញ​ជាច្រើន​ផ្សេងទៀត ជាពិសេស គឺ​ Amazon Web Service ដែល​រកស៊ី​ខាង​ផ្តល់​សេវាកម្ម​វេបសាយ (Cloud Business) ហើយ​ដែល​ជា​ប្រភព​ប្រាក់ចំណេញ​ដ៏ធំបំផុត​របស់ Amazon គឺ​ផ្តល់​ប្រាក់ចំណេញច្រើន​ជាងការលក់ទំនិញ​អនឡាញ​ទៅទៀត។ គឺ​នាយកគ្រប់គ្រង​Amazon Web Service នេះហើយ ដែល​នឹង​ត្រូវ​ឡើង​មក​កាន់តំណែង​ជា​អគ្គនាយក Amazon ជំនួស​លោក​ជែហ្វ បេសូស៍។

បច្ចុប្បន្ន Amazon ជាក្រុមហ៊ុន​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១,៦ ទ្រីលាន​ (១,៦ លានលានដុល្លារ) ពោលគឺ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ High-Tech ដ៏មាន​តម្លៃ​​ខ្ពស់​បំផុត​នៅលើ​ពិភពលោក រួមជាមួយ​នឹង​ក្រុមហ៊ុន Google, Apple និង Microsoft។ ចំណែក​លោក ជែហ្វ បេសូស៍ វិញ គឺ​ជា​មហាសេដ្ឋី ដែល​មាន​ទ្រព្យសម្បត្តិ​រហូតដល់​ទៅ​ជិត ២០០ពាន់លាន​ដុល្លារ។

នៅពីក្រោយ​ជោគជ័យ​នេះ លោក​ជែហ្វ បេសូស៍ ក្រៅពី​ជា​មនុស្ស​ដែល​ហ៊ាន​បោះទុន​រកស៊ី​ដោយ​មិនខ្លាច​បរាជ័យ នៅមាន​យុទ្ធសាស្រ្ត​ជំនួញ​ដ៏​សំខាន់​មួយ​ទៀត ដែល​គេ​ស្គាល់​ជាទូទៅ ហើយ​ដែល​ពេលខ្លះ​គេតែងហៅ​ថា « Method Bezos » គឺ​យុទ្ធសាស្រ្ត​ទម្លាក់តម្លៃ​សុខចិត្តលក់ខាត ធ្វើ​យ៉ាងណា​​អាច​សម្លាប់​គូប្រជែង ដើម្បី​ដណ្តើម​ចំណែក​ទីផ្សារ ស្វែងរក​ប្រាក់ចំណេញ​ នៅ​ក្នុងរយៈពេលវែង​ទៅមុខ។

បន្ថែម​ពីលើ​នេះ​ទៅទៀត នៅ​ក្នុង​ក្រុមហ៊ុន Amazon លោកបេសូស៍​ក៏ត្រូវ​បាន​គេ​កត់សម្គាល់​លើ​ចំណុច​ពិសេស​មួយ​ទៀត​ផងដែរ គឺ​​លោក​ជា​អ្នក​ជំនួញ ដែល​​​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត​ទៅលើ​អតិថិជន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ខ្វះការ​យកចិត្ត​ទុកដាក់​ទៅលើ​បុគ្គលិករបស់​ខ្លួនឯង ដោយជារឿយៗ គេតែងតែ​ឃើញ​មាន​ការ​តវ៉ា អំពី​​ប្រាក់ឈ្នួល ក៏ដូចជា អំពី​លក្ខខណ្ឌការងារ​របស់​បុគ្គលិក Amazon។

នៅពេលនេះ លោក ជែហ្វ បេសូស៍ លាឈប់​ពី​មុខតំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន Amazon ក៏ប៉ុន្តែ ក្នុងវ័យ ៥៧ឆ្នាំ លោក​ក៏មិនប្រាកដ​ថា​ជា​ការ​ចូលនិវត្តន៍​នោះដែរ ពីព្រោះ​ថា ក្រៅតែ​ពីស្ថិត​នៅ​ជា​ប្រធានក្រុមប្រឹក្សា​ភិបាល​របស់ Amazon លោក​បេសូស៍ នៅ​មាន​មុខជំនួញ​ធំៗ​ជាច្រើន​ផ្សេងទៀត ជាពិសេស លោក​គឺ​ជា​ម្ចាស់​កាសែត​ដ៏ល្បីល្បាញ​មួយ​នៅ​អាមេរិក គឺ​កាសែត The Washington Post និង​ជា​ម្ចាស់​ក្រុមហ៊ុនអវកាស​ដ៏​សំខាន់មួយ គឺ​ក្រុមហ៊ុន​ Blue Origin ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI