ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នុយក្លេអ៊ែរ៖តើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មិនមែនកំពុងលេងល្បែងគ្រោះថ្នាក់រវាងគ្នាឡើងវិញទេ ឬយ៉ាងណា?

សំឡេង ០៥:២៩
ប្រធានាធិបតីអាមេរិក​លោក​ចូ បៃដិន
ប្រធានាធិបតីអាមេរិក​លោក​ចូ បៃដិន © AP

សង្រ្គាម​ពាក្យ​សម្តី​ហាក់​កំពុង​មាន​ឡើង​វិញ​រវាង​ប្រទេស​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បញ្ជាក់​ដោយ​ព្រមាន​ថា លោក​នឹង​មិន​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ចេញ​ទេ ប្រសិន​បើ​អ៊ីរ៉ង់​មិន​ត្រឡប់​ទៅ​គោរព​ត្រឹមត្រូវ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឡើង​វិញ​នោះ។ ចំណែក​អ៊ីរ៉ង់​វិញ​បាន​បញ្ជាក់​វិញ​ថា ដរាប​ណា​លោក​បៃដិន​មិន​លើក​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់​ជា​មុន​ទេ អ៊ីរ៉ង់​ក៏​មិន​ត្រឡប់​ទៅ​គោរព​ត្រឹម​ត្រូវ​នូវ​កិច្ចព្រមព្រៀង​នោះ​ដែរ។ ការ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​រវាង​ភាគី​ទាំង​ពីរ​ពេល​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា ការ​ផ្តើម​កិច្ចសន្ទនា​ឡើង​វិញ​រវាង​គូសត្រូវ​ទាំង​ពីរ​នឹង​មិន​ងាយ​ស្រួល​ឡើយ។ តើ​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​មិនមែន​កំពុង​លេង​ល្បែង​ដ៏​គ្រោះថ្នាក់​រវាង​គ្នា​ឡើង​វិញ​ទេ ឬ​យ៉ាង​ណា?។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​យល់​ពី​សង្រ្គាមពាក្យ​សម្តី​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ពេល​នេះ​បាន យើង​គួរ​ថយ​ក្រោយ​មួយ​ជំហាន​យ៉ាង​វែង​ទៅ​ចាប់​អារម្មណ៍​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​កក្កដា​ឆ្នាំ ២០១៥ ដោយ​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ប្រទេស​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បូក​ប្រទេស​អាល្លឺម៉ង់ និង​អ៊ីរ៉ង់។ មួយ​វិញ​ទៀត គឺ​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ។ តែ​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​វិញ​ក្នុង​ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ លោក​ត្រាំ​បាន​ពន្យល់​ថា កិច្ចព្រមព្រៀង​មួយ​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ និង​ទប់​អ៊ីរ៉ង់​មិន​ឲ្យ​បង្ក​អស្ថិរភាព​នៅ​ក្នុង​តំបន់​បាន​ទេ។

ចំណែក​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​មិន​ដក​ខ្លួន​ចេញ​ដូច​អាមេរិក និង​ថែម​ទាំង​បាន​បរិហារ​លើ​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​ទៀត​ផង។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុម​ប្រទេស​ហត្ថលេខី​ដែល​បាន​ប្តេជ្ញា​រក្សា​ទុក និង​គោរព​តាម​កិច្ចព្រមព្រៀង​មិន​បាន​ធ្វើ​អ្វី​ជា​ដុំកំភួន​ក្នុង​ការ​ត តាំង​ទល់​នឹង​លោក​ត្រាំ​ដើម្បី​ជួយ​អ៊ីរ៉ង់​ទេ។ សូម្បី​តែ​ចិន និង​រុស្ស៊ី​ដែល​គាំទ្រ​អ៊ីរ៉ង់​ផ្កាប់មុខ​ក៏​ហាក់​មិន​បាន​ធ្វើ​អ្វី​ធំ​ដុំ​ដើម្បី​ជួយ​អ៊ីរ៉ង់​ដែរ។ អ៊ីចឹង​ហើយ​បាន​អ៊ីរ៉ង់​បាន​សម្រេចចិត្ត​តតាំង​នឹង​រដ្ឋបាល​លោក​ត្រាំ​ខ្លួន​ឯង​ដោយ​ផ្តើម​ឈប់​គោរព​តាម​ករណីយកិច្ច​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ជាក់ស្តែង​នៅ​ដើម​ឆ្នាំ ២០២១ នេះ អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​ផ្តើម​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​ដល់​ទៅ ២០% ពោល​ខ្ពស់​ឆ្ងាយ​ពី​ការ​កំណត់​របស់​កិច្ចព្រមព្រៀង​ដែល​តម្រូវ​ឲ្យ​មាន​តិច​ជាង ៣,៦៧%។

គួរ​បញ្ជាក់​ថា អ្វី​ដែល​សហគមន៍​អន្តរជាតិ​បារម្ភ​ខ្លាំង គឺ​ខ្លាច​អ៊ីរ៉ង់​ផលិត​គ្រាប់បែក​បរមាណូ។ ពិត​ណាស់ ដើម្បី​អាច​ផលិត​គ្រាប់បែក​បរមាណូ​បាន អ៊ីរ៉ង់​ត្រូវ​ការ​អ៊ុយរ៉ាញ៉ូម​ចម្រើនរួច​ក្នុង​អត្រា​ដល់​ទៅ ៩០%។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នីតិវិធី​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ពី​អត្រា ២០% ទៅ ៩០% គឺ​ងាយស្រួល និង​ឆាប់​រហ័ស​ជាង​នីតិវិធី​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ពី​អត្រា ៣% ទៅ ២០% ឆ្ងាយ​ណាស់។ ពេញ​មួយ​អាណត្តិ ៤ឆ្នាំ​របស់​លោក​ត្រាំ ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីរ៉ង់​បាន​ស្គាល់​ភាព​រកាំរកូស និង​ល្អក់កករ​ខ្លាំង។ អ៊ីរ៉ង់ និង​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​នៃ​កិច្ចព្រមព្រៀង​សង្ឃឹម​ថា ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​ថ្មី​លោក​ចូ បៃដិន អ្វីៗ​នឹង​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេហេរ៉ង់។ នេះ​ក៏​ដោយសារ​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត លោក​បៃដិន​បាន​សន្យា​នាំ​អាមេរិក​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឡើង​វិញ។

តែ​នៅ​ទីបំផុត អ្វីៗ​ហាក់​កំពុង​មាន​ភាព​ស្មុគស្មាញ និង​ខុស​ពី​ការ​រំពឹង​ទុក​ទៅ​វិញ។ អ្នកកាសែត​របស់​ទូរទស្សន៍ CBS បាន​សួរ​លោក​បៃដិន​នា​ចុង​សប្តាហ៍​កន្លង​ទៅ​ថា តើ​លោក​អាច​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់​ឬ​អត់​ដើម្បី​ឲ្យ​អ៊ីរ៉ង់​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​ឡើង​វិញ?។ លោក​បៃដិន​បាន​ឆ្លើយ​ថា ទេ។ អ្នក​កាសែត​ក៏​បាន​សួរ​បន្ត​ទៀត​ថា​បើ​អ៊ីចឹង តើ​អ៊ីរ៉ង់​ឬ​ដែល​ត្រូវ​បញ្ឈប់​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ជា​មុន?។ លោក​បៃដិន​បាន​ឆ្លើយ​ដោយ​ងក់ក្បាល។ តាម​រយៈ​ចម្លើយ​ងក់ក្បាល​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា អ្នក​ដែល​ត្រូវ​បោះ​ជំហាន​មុន​គេ​មិនមែន​លោក​បៃដិន​ទេ គឺ​អ៊ីរ៉ង់ ឬ​និយាយ​បែប​ផ្សេង គឺ​អ៊ីរ៉ង់​ដែល​ត្រូវ​ធ្វើ​សម្បទាន​មុន​គេ មិនមែន​លោក​បៃដិន​ឡើយ។

តែ​ចំណោទ​នៅ​ត្រង់​ថា អ៊ីរ៉ង់​ក៏​បាន​ដាក់​លក្ខខណ្ឌ​ដូច​គ្នា​នេះ​ដោយ​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​ព្រមាន​នៅ​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​នា​ថ្ងៃ​អាទិត្យ ទី៧ កុម្ភៈ​ថា បើ​លោក​បៃដិន​មិន​​ដក​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់​ជា​មុន​ទេ នោះ​អ៊ីរ៉ង់​ក៏​មិន​ព្រម​ឈប់​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម ហើយ​ក៏​មិន​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​ឲ្យ​បាន​ពេញលេញ​ឡើង​វិញ​ដែរ។ បើ​គេ​មើល​មួយ​ភ្លែត​ទៅ អាមេរិក និង​អ៊ីរ៉ង់​ទទួល​បាន​ពិន្ទុ​ម្នាក់​មួយ​ដូច​គ្នា​ដោយ​គ្មាន​អ្នក​ឈ្នះ និង​គ្មាន​អ្នកចាញ់។ តែ​បើ​គេ​វិភាគ​បន្តិច​ទៅ គឺ​រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន​ទេ​តើ​ដែល​កំពុង​លេង​ល្បែង​ដ៏​គ្រោះថ្នាក់​បន្សល់​ទុក​ដោយ​រដ្ឋបាល​របស់​លោក​ត្រាំ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ លោក​បៃដិន​ត្រូវ​នាំ​អាមេរិក​ឲ្យ​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​វិញ ព្រោះ​ទី១ លោក​បៃដិន​បាន​សន្យា​នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត និង​ទី២ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​អូបាម៉ា​ដែល​លោក​បៃដិន​ជា​អនុប្រធានាធិបតី។

វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​គ្រប់​ភាគី​ហត្ថលេខី​ទាំង​អស់​នៃ​កិច្ចព្រមព្រៀង​ត្រូវ​រួសរាន់​ដើម្បី​ស្រោចស្រង់​កិច្ចព្រមពៀង​ដោយ​ចាប់​ផ្តើម​ពី​អាមេរិក​មុន​គេ និង​បន្ត​ដោយ​អ៊ីរ៉ង់។ បើ​កិច្ចព្រមព្រៀង​កាល​ពី​ជាង ៥ឆ្នាំ​មួយ​នេះ​នឹង​ត្រូវ​រលាយ​នៅ​ថ្ងៃ​ណា​មួយ គឺ​ជា​ការ​ដើរ​ត្រឡប់​ក្រោយ​វិល​រក​ទ្រនំ​ចាស់ ព្រោះ​ត្រូវ​ដឹង​ថា ភាគី​ពាក់ព័ន្ធ​បាន​ចំណាយ​ពេល​ចរចា​ច្រើន​ឆ្នាំ និង​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ច្រើន​ណាស់​ទំរាំ​ទទួល​បាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ។ តែ​បើ​ចៀស​មិន​ផុត​ពី​ការ​រលាយ​នៅ​ថ្ងៃ​ណា​មួយ វា​ជា​កំហុស​ទាំង​អស់​គ្នា​ដែល​គេ​មិន​អាច​ទម្លាក់​ទៅ​លើ​តែ​ប្រទេស​ណា​មួយ​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI