ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន កំពុង​​លេងស្នៀត ខ្លួនមួយ​ជើង​​ជាន់​ទូកពីរ ជាមួយ​​ភូមា​ឬ?

សំឡេង ០៦:២០
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ពេលជួប​ជាមួយ​លោក​ វ៉ាង យី ប្រមុខការទូតចិន នៅក្រុងណៃពីដាវ ថ្ងៃទី ១២ មករា ២០២១។​
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ពេលជួប​ជាមួយ​លោក​ វ៉ាង យី ប្រមុខការទូតចិន នៅក្រុងណៃពីដាវ ថ្ងៃទី ១២ មករា ២០២១។​ © AP - Myanmar Military Information Team via AP

នៅក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​របស់ក្រុមយោធាភូមា គេសង្កេតឃើញថា រដ្ឋាភិបាល​ចិន ហាក់បាន​រក្សា​ការប្រុងប្រយ័ត្ន និងស្ងាត់ស្ងៀមបំផុត មិនមានប្រតិកម្មអ្វីច្រើនទេ​ ពោលគឺ​ខុសពី​ប្រទេសលោកខាងលិច ដែលបានថ្លែងថ្កោលទោសកងទ័ពភូមាភ្លាមៗ។ ទោះ​បីជា​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ រដ្ឋាភិបាល​​របស់​លោកស្រីអ៊ុងសាន ស៊ូជី ហាក់បានបង្ហាញភាពស្និទស្នាល នឹង​រដ្ឋាភិបាលចិនច្រើនមែន​ តែទន្ទឹមនឹងនេះ ចិន​ទំនង​ជា​មិន​ឲ្យ​បណ្តាយ​យ​​ ឲ្យ​ខូចខាត​ផែនការ​សេដ្ឋកិច្ច​របស់​ខ្លួនទេ ប្រសិន​បើ ​មាន​ការផ្លាស់ប្តូរនយោបាយ​ណាមួយ​នៅភូមា។

ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹងព្រឹត្តិការណ៍នយោបាយ កើតឡើងនៅថ្ងៃទី១កុម្ភៈ នៅភូមា ចិនបានបង្ហាញ​អាកប្បកិរិយាយ៉ាងច្បាស់ សញ្ជាក់​ឲ្យ​ឃើញ​នូវ​ការប្រយ័ត្នមាត់ ប្រយ័ត្នក ថ្លឹងថ្លែងយ៉ាងល្អិតល្អន់បំផុត។ ខណៈដែល​បណ្តាសារព័ត៌មានអន្តរជាតិ នៅតាម​ប្រទេសនៅអឺរ៉ុប និងនៅសហរដ្ឋអាេមរិក បាននាំគ្នាសរសេរចុះលើ​ក្របមុខព្រោងព្រាត ថា​កងទ័ពភូមាបានធ្វើរដ្ឋប្រហារ ប្លន់អំណាចពីរដ្ឋាភិបាល​លោកស្រីអ៊ុងសាន ស៊ូជី កាសែតចិនជាភាសាអង់គ្លេស Global Times ឯនោះវិញ បានសរសេរចុះផ្សាយ ដោយ​ប្រើឃ្លា​ថា « នៅភូមាមាន​ការរុះរើក្រសួង​ និងរដ្ឋាភិបាល »។

ហើយ​ស្របពេល​ដែល​រដ្ឋាភិបាល​ប្រទេសលោកខាងលិច បានថ្កោលទោសការធ្វើរដ្ឋប្រហារ និងបាន​ទាមទារ ឲ្យកងទ័ពភូមា​​ដោះលែងលោកស្រីអ៊ុងសាន ស៊ូជី លោក Wang Wenbin អ្នក​នាំពាក្យ​​ក្រសួងការបរទេសចិន បានថ្លែងអំពាវនាវថា ភាគីនយោបាយ​ភូមា ត្រូវតែសម្រុះសម្រួល​គ្នា​ ក្នុងក្របខណ្ឌច្បាប់ ដើម្បី​រក្សា​ស្ថិរភាព សង្គមនិងនយោបាយ។​

ជាការពិត ពាក្យថា​ស្ថិរភាពសង្គម និងនយោបាយនេះ មានន័យខ្លាំងសម្បើមណាស់សម្រាប់ចិន។ ព្រោះថាផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិន នៅភូមាទាំងស្រុង គឺវា​អាស្រ័យលើស្ថិរភាព​សង្គម និងនយោបាយនេះឯង។ ឯរឿងគោលការណ៍​នៃសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ គឺជារឿងបន្ទាប់បន្សំ​ប៉ុណ្ណោះ នៅក្នុងក្រសែភ្នែកថ្នាក់ដឹកនាំចិន។

តែសួរថា តើចិនត្រូវធ្វើយ៉ាងណា ដើម្បីការពារផលប្រយោជន៍ខ្លួននៅភូមា? តើ​ចិនគួរប្រកាន់ជំហរយ៉ាងណា ជាមួយ​នឹង​ការក្រឡាប់ចាក់នយោបាយ នៅភូមា នាពេលថ្មីៗនេះ?

ជាការកត់​សំគាល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពី​គណបក្សលោក​ស្រីអ៊ុងសាន​ ស៊ូជី បានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ចិនបានព្យាយាមយកចិត្តលោកស្រីអ៊ុងសាន ស៊ូជីជាខ្លាំង។ នៅឆ្នាំ២០១៧ លោកស្រីអ៊ុងសាន ស៊ូជី បានទៅធ្វើទស្សនកិច្ចនៅប៉េកាំង ហើយ​បានប្រកាសថា ភូមា នឹងចូលរួម​នៅក្នុងគំរោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់ចិន។

ក្នុងចំណោម​ប្រទេសនៅអាស៊ីអាគ្នេយ៍ យើងអាចនិយាយបានថា ភូមា មានតម្លៃយុទ្ធសាស្រ្ត​ខ្ពស់​ជាង​ប្រទេសណាៗទាំងអស់សម្រាប់ចិន។ ក្រៅពីមាន​ព្រំដែន​ជាប់ចិនដោយ​ផ្ទាល់ ភូមា គឺជាច្រក បើកទ្វារចំហរឲ្យ​ចិន ភ្ជាប់ខ្លួនមក​មហាសមុទ្រឥណ្ឌាថែមទៀតផង។ គឺក្នុង​ន័យនេះហើយ ចិនបាន​ចំណាយ​ប្រាក់វិនិយោគរាប់ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅភូមា ដូចជាផ្លូវល្បឿន​លឿន ពីព្រំដែនចិន​ ឆ្ពោះមកកាន់ទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតទី២របស់ភូមា។

ចិនក៏បានសាងសង់​កំពង់ផែទឹកជ្រៅ​ ដ៏ធំមហិមាមួយ​ នៅតំបន់​ Kyaukpyu ក្នុងឈូងសមុទ្របង់ហ្គាល់​ ក្នុងរដ្ឋរ៉ាឃីន​របស់​ភូមាដែរ​។ កំពង់ផែនៅភូមា​នេះ នឹងអនុញ្ញាតឲ្យ​ចិន អាច​ដឹកបញ្ជូន​ប្រេងកាត ព្រមទាំងឧស្ម័នធម្មជាតិ ពីតំបន់ដើមបូព៌ា ចូលទៅខេត្តយូណានរបស់​ចិន ដោយ​មិនចាំបាច់ឆ្លងកាត់ ច្រកសមុទ្រម៉ាឡាកា និងច្រកសមុទ្រតៃវ៉ាន់។ ថ្ងៃណាមួយ​ បើ​មានបញ្ហា​ផ្ទុះអាវុធជាមួយ​តៃវ៉ាន់ គឺចិននឹងមិនបារម្ភ រឿងចរាចរណ៍ដឹក​​វត្ថុធាតុដើម ប្រភពថាមពលទាំងនេះឡើយ។

តាមពិតទៅ ស្របពេល​ដែល​ចិនហាក់បង្ហាញ​ការយកចិត្តយកថ្លើម ជាមួយ​រដ្ឋាភិបាល​របស់លោកស្រីអ៊ុងសាន ស៊ូជី នាពេលកន្លងមក តែចិនក៏មិនដែលភ្លេចដែរ ក្នុងការថ្នាក់ថ្នមចិត្តក្រុមយោធាភូមា។​ ក្នុងក្រសែភ្នែករបស់​ក្រុមយោធាភូមាខ្លះ ចិនបានដើរតួនាទីច្រើន ក្នុងការ​​ទប់ស្កាត់សកម្មភាព​​បះបោរបំបែកទឹកដី នៅតាមរដ្ឋភាគខាងជើងភូមា។ តែធាតុពិត គឺចិនជាអ្នកទំនុកបំរុង គ្រឿងសព្វាវុធ ថវិកា និងផ្តល់​ទីជម្រកលាក់ខ្លួន ឲ្យ​ក្រុម​ឧទ្ទាមបំបែកទឹកដីភូមា។ ពេលណាត្រូវការ​លួងចិត្តកងទ័ពជាតិភូមា ចិនប្រើស្នៀតធ្វើជាអ្នកជួយ​ចរចា បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​ឧទ្ទាមទំលាក់អាវុធ ដកថយ។

បញ្ហា​ប្រជាជនរ៉ូហ៊ីងយ៉ា ដែល​ត្រូវបាន​ក្រុម​កងទ័ពភូមា ធ្វើទុក្ខបុកម្នេញ​ សម្លាប់ ធ្វើ​ទារុណកម្ម និងបណ្តេញចេញពីភូមិស្រុក ក៏ត្រូវបាន​ចិន ធ្មេចភ្នែកមិន​ មិនស្តីបន្ទោសកងទ័ពភូមាដែរ។ ហើយចុងក្រោយ​នេះ នៅពេល​ដែល​ក្រុម​ប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ​ បានប្រជុំគ្នាបន្ទាន់ នៅក្រោយ​ហេតុការណ៍ថ្ងៃទី​១កុម្ភៈ​ ចិនបានបោះឆ្នោតវ៉េតូ មិន​ឲ្យ​គេប្រើពាក្យ « រដ្ឋប្រហារយោធា » ទេ។

វាជារឿងងាយយល់បំផុត គឺ​គ្មានថ្ងៃដែលរដ្ឋាភិបាលចិន យក​ផលប្រយោជន៍ខ្លួន​ទៅប្រថុយគ្រោះថ្នាក់ ​ដោយ​និយាយ​អ្វី ធ្វើ​ឲ្យ​កងទ័ពភូមាថ្នាំងថ្នាក់ចិត្ត ឬចេញមុខការពារលោកស្រីអ៊ុងសាន ស៊ូជីនេោះទេ។ ផ្ទុយទៅវិញ បើទោះបីចិនមិនសម្តែង តែធាតុពិត ចិន​អាចប្រហែលជាលួចញញឹម ផងក៏មិនដឹង នៅពេលឃើញ​ លទ្ធិប្រជាធិបតេយ្យភូមា ត្រូវ​ដើរថយក្រោយបែបនេះ។

លោក Wu Qiang​​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យ Tsinghua ទីក្រុងប៉េកាំង បានលើកឡើងថា តាមពិត ព្រឹត្តិការណ៍នយោបាយ​ថ្មីៗ ដែលទើបកើតឡើងនៅភូមានេះ គឺវានឹងហុច​ផលចំណេញ​ឲ្យ​ចិនទៅវិញទេ។ លោកសាស្ត្រាចារ្យពន្យល់ថា បើ​សិនជា​ភូមារីកចម្រើនកាន់តែខ្លាំង លើមាគ៌ាលិទ្ធិប្រជាធិបតេយ្យ​ ក្រោមការដឹកនាំរបស់គណបក្ស​លោកស្រីអ៊ុងសាន ស៊ូជី នោះភូមា​នឹងងាកកាន់តែខ្លាំង ទៅកាន់សហរដ្ឋអាេមរិក។ ទោះបីកន្លងមក ចិននិងភូមា មិនបានបញ្ហា​ខ្ទាស់គ្នា ផ្នែកសេដ្ឋកិច្ចមែន តែទៅថ្ងៃមុខ នៅពេលភូមា ធំធាត់ផ្នែកសិទ្ធិសេរីភាព​និងប្រជាធិបតេយ្យ នោះភូមានិងចិន ច្បាស់ជា​អាច​ទាស់គ្នា លើ​គោលការណ៍​​មនោគមវិជ្ជានយោបាយ។​

ទោះចង់មិនចង់ សម្រាប់ពេលនេះ ខណៈដែល​ប្រទេសលោកខាងលិច នាំគ្នាចង្អុរមុខខ្លួន នាយឧត្តមសេនីយ៍​ធំៗ នៃ​កងទ័ពភូមា បានសម្លឹងឃើញថា ចិនអាចជាទីរំពឹងដ៏កក់ក្តៅ ដើម្បីការពារអំណាចរបស់ខ្លួន។ ដូច្នេះ ទោះសហរដ្ឋអាមេរិក ឬ ប្រទេសនៅអឺរ៉ុប ខំប្រឹងនិយាយ គំរាម ស្តីបន្ទោស​ឆ្កាដៃ​ឆ្កាជើង យ៉ាងណាក៏ដោយ ក៏ប្រហែលជា​ក្រុមកងទ័ពភូមា នៅតែធ្វើកន្តើយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI