ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីរដ្ឋប្រហារភូមាធ្វើឱ្យវិនិយោគបរទេសបារម្ភខ្លាំង?

សំឡេង ០៥:០២
បាតុកម្ម​នៅ​ភូមា​ប្រឆាំងនឹង​រដ្ឋប្រហារ ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែងលោកស្រី​អ៊ុង សានស៊ូជី
បាតុកម្ម​នៅ​ភូមា​ប្រឆាំងនឹង​រដ្ឋប្រហារ ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែងលោកស្រី​អ៊ុង សានស៊ូជី © REUTERS /Issei Kato

ក្រោយការធ្វើរដ្ឋប្រហាររបស់ក្រុមយោធាភូមា និងការភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មមកលើប្រទេសអាស៊ីមួយនេះ ក្រុមហ៊ុនបរទេសយ៉ាងច្រើន ជាពិសេស ក្រុមហ៊ុនជប៉ុន និងថៃ បានសម្ដែងការព្រួយបារម្ភខ្លាំង និងការប្រឈមជាមួយអនាគតមិនប្រាកដប្រជា។ អំឡុងមួយទសវត្សរ៍ចុងក្រោយ ក្រុមហ៊ុនទាំងនោះបានបង្កើនកម្រិតនៃការវិនិយោគបរទេសរបស់ខ្លួន ព្រោះភាពទាក់ទាញ ថ្លៃដើមផលិតកម្មទាប និងកំណើនទីផ្សារក្នុងស្រុករបស់ភូមា ស្របពេលដែលការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់មហាអំណាចបស្ចិមលោក បានធ្វើឡើងកាលពីឆ្នាំ២០១១។

ផ្សាយពាណិជ្ជកម្ម

ថ្លៃដើមផលិតកម្មទាប និងកំណើនទីផ្សារក្នុងស្រុក បានធ្វើឱ្យប្រទេសភូមា ឬមីយ៉ាន់ម៉ា ក្លាយជាប្រទេសទាក់ទាញសម្រាប់ការវិនិយោគបរទេស ជាពិសេស សម្រាប់ក្រុមហ៊ុនថៃ និងជប៉ុន។ ទោះយ៉ាងណា ក្រោយការធ្វើរដ្ឋប្រហារពីសំណាក់ក្រុមយោធា និងការភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មមកលើប្រទេសអាស៊ីមួយនេះ ​ក្រុមហ៊ុនបរទេសយ៉ាងច្រើន បានសម្ដែងការព្រួយបារម្ភ និងការប្រឈមជាមួយអនាគតមិនច្បាស់លាស់។

ស្ថានភាពនយោបាយ និងការវិនិយោគបច្ចុប្បន្ននៅភូមា

ក្រុមហ៊ុនជប៉ុន និងថៃបានចាប់ផ្តើមសម្រុកចូលមកវិនិយោគ ក្នុងប្រទេសភូមា កាលពីមួយទសវត្សរ៍មុន ដោយសង្ឃឹមថា ការឱបក្រសោបទទួលយកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាស៊ីនេះនឹងបើកចំហទីផ្សារកាន់តែសេរី។ ក៏ប៉ុន្តែ វិបត្តិរដ្ឋប្រហារយោធាបច្ចុប្បន្ន បានបង្កការគំរាមកំហែងដល់ផែនការរយៈពេលវែងរបស់ក្រុមហ៊ុនទាំងនោះ។​

សម្រាប់ក្រុមហ៊ុនបរទេស ការវិនិយោគនៅភូមាគឺដើម្បីគោលបំណងប្រើប្រាស់ភូមាជាទីតាំងផលិតកម្ម ក៏ដូចជា ការទាញយកប្រយោជន៍ពីទីផ្សារក្នុងស្រុក។​ ក៏ប៉ុន្តែ ហានិភ័យបច្ចុប្បន្ន អាចមានបីកត្តាចម្បង៖ ទីមួយ ក្រុមហ៊ុនបរទេសត្រូវប្រឈមនឹងលទ្ធភាពដែលអាមេរិក និងអឺរ៉ុបដាក់ទណ្ឌកម្មមកលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ទីពីរ ក្រុមហ៊ុនបរទេសត្រូវប្រឈមនឹងហានិភ័យលើកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលត្រូវធ្វើជំនួញជាមួយរបបយោធា។ ចុងក្រោយ ហានិភ័យពាក់ព័ន្ធនឹងភាពមិនប្រាកដប្រជានៃគោលនយោបាយវិនិយោគផ្សេងៗ នាពេលអនាគត។

ហេតុអ្វីភូមាមានភាពទាក់ទាញសម្រាប់ការវិនិយោគ?

ភូមាជាប្រទេសមួយដែលបង្កភាពទាក់ទាញដល់ក្រុមហ៊ុនជប៉ុន និងថៃ ស្របពេលដែលប្រទេសទាំងពីរនេះកំពុងប្រឈមដោះស្រាយបញ្ហាកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាប្រជាជនមានវ័យចំណាស់កាន់តែច្រើន។ គេសង្កេតឃើញថា ថ្លៃដើមផលិតកម្មទាបជាកត្តាទាក់ទាញចម្បងមួយ សម្រាប់មូលដ្ឋានផលិតកម្ម។ គិតត្រឹមឆ្នាំ២០១៧ ប្រជាជនភូមាមានប្រមាណ ៥៤លាននាក់។ របាយការណ៍ប្រជាជននេះជាទំហំធំមួយសម្រាប់តម្រូវការក្នុងស្រុក ព្រោះថាប្រសិនបើប្រជាជនភូមាចំណាយជាមធ្យមតែម្នាក់មួយដុល្លារក្នុងមួយថ្ងៃ នុះវាមានន័យថា លុយ៥៤លានដុល្លារអាមេរិកបានចរាចរលើទីផ្សារ។

តើនរណាវិនិយោគនៅភូមាច្រើនជាងគេ?

យោងតាមការចេញផ្សាយរបស់កាសែតជប៉ុន The Nikkei Asia ថៃជាប្រទេសដៃគូពាណិជ្ជកម្មធំលំដាប់ទី២ របស់ភូមា។ ក្នុងឆ្នាំ២០១៩ គិតជាទឹកប្រាក់ ការនាំចេញសរុបមានចំនួន ៣,២ពាន់លានដុល្លារអាមេរិក និងទឹកប្រាក់នាំចូលសរុបមាន ២,២ពាន់លានដុល្លារអាមេរិក។ តាមទិន្នន័យរបស់រដ្ឋាភិបាលភូមា ប្រទេសថៃបានវិនិយោគក្នុងទំហំទឹកប្រាក់ជាង ១,១ពាន់លានដុល្លារអាមេរិក នៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២០។ ការវិនិយោគបរទេសរបស់ថៃក្នុងប្រទេសភូមាមានចំណាត់ថ្នាក់ទី៦ បន្ទាប់ពីប្រទេសមួយចំនួន ដូចជាសិង្ហបុរី ចិននិងជប៉ុន។ ក្រុមហ៊ុនថៃធំៗដែល​កំពុងដំណើរការនៅភូមា រួមមាន ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Amata Corp និងក្រុមហ៊ុនថាមពលយក្ស PTTEP។

យោងតាមអាជ្ញាធរវិនិយោគបរទេសភូមា​​ ក្រុមហ៊ុនជប៉ុនបានវិនិយោគជាង ១,៧ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសភូមា ចាប់តាំងពីការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិ ក្នុងឆ្នាំ២០១១។ រដ្ឋាភិបាលភូមាបានប៉ាន់ស្មានថា មានជនជាតិជប៉ុនប្រមាណ៣៥០០នាក់ កំពុងរស់នៅក្នុងប្រទេសខ្លួន។ ក្រុមហ៊ុនផលិតរថយន្ត រួមមាន ក្រុមហ៊ុន Suzuki Motor និងក្រុមហ៊ុនToyota Motor ស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងគេ ដែលបានចូលទីផ្សារប្រទេសភូមា ហើយកំពុងស្ថិតនៅក្នុងការពង្រីកវត្តមានរបស់ពួកគេនៅទីនោះផងដែរ។

ទោះជាយ៉ាងណា យោងតាមវិនិយោគិនជប៉ុន ពួកគេមានការព្រួយបារម្ភខ្លាំងអំពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងផលប៉ះពាល់ខ្លាំងមកលើការវិនិយោគបរទេសនៅក្នុងប្រទេសភូមា។

អ្វីជាជំហរអន្តរជាតិ?

ផ្អែកតាមអ្នកជំនាញ លោកខាងលិច រួមមាន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ទំនងថ្កោលទោសខ្លាំងលើរដ្ឋាភិបាលយោធាភូមា។ ជាមួយគ្នាផងដែរ មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុបបានថ្កោលទោសលើការដណ្តើមអំណាច និងទាមទារឲ្យមានការដោះលែងលោកស្រី​អ៊ុងសានស៊ូជី។ ប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ទំនងអាចប្រកាន់ជំហរពហុភាគីនិយម។ ជាក់ស្ដែង ប្រសិនបើក្រុមហ៊ុនរបស់ក្រុមយោធាភូមា រួមមាន ក្រុមហ៊ុន Myanma Economic Holdings និងក្រុមហ៊ុន Myanmar Economic Corp ត្រូវបានចាត់ទុកជាគោលដៅនៃការដាក់ទណ្ឌកម្ម នុះក្រុមហ៊ុនជប៉ុនមួយចំនួនដែលមានទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុនទាំងនេះនឹងអាចប្រឈមបញ្ហាផងដែរ។​

បើរងទណ្ឌកម្មសេដ្ឋកិច្ច តើរបបយោធាភូមាអាចរស់បានដោយរបៀបណា?

ផ្អែកតាមប្រវត្តិសាស្រ្ដកន្លងមក ការទទួលរងទណ្ឌកម្មរបស់រដ្ឋាភិបាលយោធាភូមាពីសំណាក់ប្រទេសមហាអំណាច ជាពិសេស បស្ចិមលោក មិនមែនជារឿងថ្មីនោះទេ។ មេដឹកនាំយោធាភូមា តែងតែបន្ដពឹងផ្អែកលើការអន្តរាគមន៍របស់ចិន និងរុស្ស៊ី។ ប្រទេសមហាអំណាចទាំងពីរនេះ ជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជារឿយៗ ប្រទេសទាំងពីរនេះបានប្រកាន់ជំហររារាំងមិន​ឱ្យ​មានការដាក់ទណ្ឌកម្មមកលើប្រទេសភូមា ចំពោះការរំលោភសិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI