ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វ៉ាក់សាំងកូវីដ៖ អាវុធថ្មីនៅក្នុងភូមិសាស្រ្តនយោបាយ

សំឡេង ០៥:៣០
ជំនួយវ៉ាក់សាំងចិន នៅពេល​ដឹកមកដល់​ប្រទេស​កម្ពុជា កាល​ពីថ្ងៃទី៧ កុម្ភៈ ២០២១
ជំនួយវ៉ាក់សាំងចិន នៅពេល​ដឹកមកដល់​ប្រទេស​កម្ពុជា កាល​ពីថ្ងៃទី៧ កុម្ភៈ ២០២១ AFP - TANG CHHIN SOTHY

នៅក្នុងរយៈពេល​ប្រមាណ​ជា​១ឆ្នាំ​កន្លងទៅនេះ វិបត្តិ​កូវីដ​បាន​នាំមកនូវការ​ផ្លាស់ប្តូរ​យ៉ាងច្រើន នៅ​ទូទាំង​ពិភពលោកទាំងមូល រាប់ចាប់តាំង​ពី​សកម្មភាពសេដ្ឋកិច្ច ការធ្វើដំណើរ រហូតទៅដល់​របៀបរស់នៅ​ប្រចាំថ្ងៃ។ នៅក្នុង​វិស័យ​នយោបាយ​អន្តរជាតិ​វិញ កូវីដនេះ​ក៏​បាន​ជះឥទ្ធិពល​មិនតិចនោះដែរ ហើយសូម្បីតែ​នៅពេល​មាន​វ៉ាក់សាំង ដែល​អាច​នាំ​ទៅរក​​ច្រកចេញ​ពីវិបត្តិ​កូវីដ​​ជា​បណ្តើរៗ​នោះ វ៉ាក់សាំង​បង្ការកូវីដនេះ​ក៏​កំពុង​ក្លាយ​ជា​អាវុធ​មួយ​ដ៏សំខាន់​ផងដែរ នៅក្នុង​វិស័យ​ភូមិសាស្រ្តនយោបាយ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗ​អាច​សំអាងទៅលើ​អំណាច​ពីរប្រភេទ គឺ​អំណាចរឹង (Hard Power) ដែល​សំដៅទៅលើ​អំណាចចាប់បង្ខំ​​ដោយ​ប្រើ​កម្លាំងទ័ព និង​អំណាច​ទន់ (Soft Power) ដែល​សំដៅទៅលើ​សមត្ថភាព​ក្នុងការ​ទាក់ទាញ ឬ​បញ្ចុះបញ្ចូល​ដោយ​ប្រើ​ឥទ្ធិពល ហើយ​ឥទ្ធិពល​នៅក្នុង Soft Power នេះ​ គឺ​អាច​មាន​ប្រភពច្រើន រាប់ចាប់តាំង​ពី​ម៉ូដែល​សេដ្ឋកិច្ច រចនាសម្ព័ន្ធការទូត រហូតទៅដល់​វិស័យ​​វប្បធម៌ ការអប់រំ និង​បច្ចេកវិទ្យា។

នៅក្នុងផ្នែក Soft Power នេះហើយ ដែល​វ៉ាក់សាំង​បង្ការ​កូវីដ កំពុងត្រូវ​បាន​បណ្តា​ប្រទេស​ជាច្រើន​កំពុងប្រើ​ ដើម្បី​ពង្រឹងឥទ្ធិពល​របស់ខ្លួន ប្រជែង​ជាមួយ​នឹង​ប្រទេស​ជា​គូប្រជែង នៅ​ក្នុង​វិស័យ​ភូមិសាស្រ្ត​នយោបាយ។

យើងឃើញថា ការប្រជែងគ្នានេះ​បានកើតឡើង តាំង​ពី​នៅ​ក្នុង​ដំណាក់កាលស្រាវជ្រាវ​រកវ៉ាក់សាំង ដោយ​ប្រទេសនីមួយៗ​ព្យាយាម​ធ្វើ​យ៉ាងណា​ប្រជែង​យកឈ្នះ ឲ្យ​បាន​ឈ្មោះ​ជា​ប្រទេស​ដែល​រកឃើញ​វ៉ាក់សាំង​បានមុនគេ បង្ហាញ​ឲ្យ​គេឯងឃើញ​ពី​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា និង​សមត្ថភាព​នៃ​អ្នក​វិទ្យាសាស្រ្ត​របស់​ខ្លួន ដើម្បី​យកធ្វើជា​មោទនភាព​ជាតិ​របស់ខ្លួន។

ការប្រជែងគ្នា​នេះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ នៅពេលដែល​រុស្ស៊ី​បាន​ចេញមុខ​ប្រកាស​ថា ខ្លួន​ជា​ប្រទេស​ដែល​បានរកឃើញ​វ៉ាក់សាំងកូវីដមុនគេ​បង្អស់ ហើយ​បានដាក់ឈ្មោះ​វ៉ាក់សាំងនេះ​ថា « Sputnik » ដែល​ជាឈ្មោះ​រំឭក​យ៉ាងច្បាស់​ទៅដល់​ការប្រជែងគ្នា​ដ៏​សំខាន់មួយទៀត​​នៅក្នុងប្រវត្តិសាស្រ្ត គឺ​ការ​ប្រជែងផ្នែកអវកាស នៅក្នុង​សម័យ​សង្រ្គាម​ត្រជាក់ (Sputnik គឺ​ជា​ផ្កាយរណបសិប្បនិមិត្ត​ដំបូងបង្អស់​របស់​មនុស្សជាតិ ហើយ​ដែល​ត្រូវបានសហភាព​សូវៀតបាញ់បង្ហោះ​ទៅដាក់​ក្នុងគន្លងតារាវិថី យក​ឈ្នះ​សហរដ្ឋអាមេរិក)។

បន្ទាប់​ពី​ប្រជែង​ក្នុងការរកវ៉ាក់សាំង ហើយ​ក្រោយ​ពេល​ដែល​វ៉ាក់សាំង​ត្រូវ​បានគេ​រកឃើញ​ជា​បន្តបន្ទាប់ ការប្រជែងគ្នា​ក៏​ត្រូវ​ចូល​ដល់​ដំណាក់កាល​ថ្មីមួយទៀត គឺ​ប្រជែងគ្នា​ក្នុងយុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់​ប្រជាជន​រៀងៗខ្លួនៗ។

តាមការពិត​ទៅ ការប្រជែងគ្នា​នៅ​ក្នុង​ដំណាក់កាល​នេះ គឺ​ធ្វើឡើង​ក្នុងគោលដៅ​ច្រើន។ គោលដៅ​សុខភាព​សាធារណៈ​នោះផង ពោលគឺ ចាក់វ៉ាក់សាំង ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​ពី​មេរោគ​កូវីដ។ គោលដៅ​សេដ្ឋកិច្ច​នោះផង ពោលគឺ ធ្វើ​យ៉ាងណា​បិទបញ្ចប់​វិបត្តិ​កូវីដ​ឲ្យ​បាន​ឆាប់ ដើម្បី​អាច​ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​បាន​ឆាប់ ហើយ​យកប្រៀបលើ​គូប្រជែង។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ក៏ជាការប្រជែងគ្នា​យក​មុខមាត់ និង​ឥទ្ធិពល​​ផងដែរ តាមរយៈ​ការ​បង្ហាញ​ឲ្យ​គេ​ឯងឃើញ អំពី​ប្រសិទ្ធភាព​នៃ​រចនាសម្ព័ន្ធ​សុខាភិបាល នៅក្នុង​ប្រទេស​រៀងៗខ្លួន។

នៅក្នុងការប្រជែងគ្នា​នេះ យើងឃើញ​ថា សូម្បីតែ​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​នឹងគ្នា ដូចជា​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ជាដើម ក៏​ត្រូវ​ប្រឈម​មុខដាក់គ្នា​មិនតិចដែរ ដោយសារ​ការដណ្តើម​វ៉ាក់សាំងគ្នា។ សូម្បីតែ​នៅ​ក្នុង​តំបន់​អឺរ៉ុប​តែមួយ ក៏​មាន​ការមើលមុខគ្នា​មិនត្រង់ផងដែរ ជាពិសេស រវាង​សហភាព​អឺរ៉ុប និង​អង់គ្លេស។

យើងដឹងថា អង់គ្លេស​គឺ​ជា​ប្រទេស​​​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់ប្រជាជន​មុនគេ ហើយក៏​ចាក់បាន​ច្រើន​នាក់​ផងដែរ។ ចំណែក​សហភាព​អឺរ៉ុប​វិញ អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ក្រោយ ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ក៏ក្រោយ ហើយ​ដំណើរការចាក់​វ៉ាក់សាំង​ដល់ប្រជាជននេះ​ទៀតសោតក៏​មានការយឺតយ៉ាវខ្លាំង។

ក្នុង​ស្ថានភាពនេះ រដ្ឋាភិបាល​របស់​លោក​បូរីស​ចនសុន ដែលជាអ្នក​ធ្លាប់​ធ្វើ​យុទ្ធនាការ​ជំរុញ​ឲ្យ​ពលរដ្ឋ​អង់គ្លេស​បោះឆ្នោត​ប្រជាមតិ​ចេញ​ពី​សហភាព​អឺរ៉ុប​នោះ ក៏​បាន​ឆ្លៀត​លើកយក​ជោគជ័យ​ក្នុងការ​ចាក់វ៉ាក់សាំង​នេះ​មកប្រៀបធៀប​ជាមួយនឹង​សហភាព​អឺរ៉ុប ដោយបានលើកឡើង​ថា ចំនួន​ដូសវ៉ាក់សាំង​ដែល​អង់គ្លេស​ចាក់​ឲ្យ​ប្រជាជន​របស់​ខ្លួន​នោះ គឺ​មាន​ច្រើន​ជាង​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​អេស្ប៉ាញ បូកបញ្ចូលគ្នា​ទៅទៀត។

សហភាព​អឺរ៉ុប ដែល​កាលពីមុន​ហាក់មិនសូវ​ជា​អើពើ​នឹង​ការ​ប្រជែង​ដណ្តើម​វ៉ាក់សាំង​នេះ ក៏​ចាប់ផ្តើម​ដំឡើង​សំឡេង​ដាក់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ឲ្យ​បញ្ជូន​វ៉ាក់សាំង​ទៅតាម​បរិមាណ​និង​ពេលដែល​កំណត់​ក្នុង​ការ​បញ្ជាទិញ ហើយ​រហូតថែម​ទាំង​គ្រោង​ចាត់វិធានការ​ត្រួតពិនិត្យ​ការ​នាំចេញ​វ៉ាក់សាំង​ ដែល​ផលិត​នៅ​ក្នុង​ទឹកដី​អឺរ៉ុប​ថែម​ទៀត។

សម្រាប់​អឺរ៉ុប​ នេះ​គឺ​ជា​បញ្ហា​មួយ​ ដែល​នាំ​ឲ្យ​មាន​ការ​ទើសទាល់មិនតិចនោះទេ ដោយសារ​តែ​តាំងពីដើម​រៀងមក សហភាព​អឺរ៉ុប​តែងតែ​អំពាវនាវ​ឲ្យ​​ប្រកាន់​នូវ​គោលការណ៍​សមធម៌ ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង ដើម្បី​ធានា​ថា ប្រជាជន​នៅតាម​បណ្តាប្រទេស​តូចតាច ទន់ខ្សោយ​ ខ្វះលទ្ធភាព មិនត្រូវ​បាន​គេ​ផាត់ចេញ។

ត្រង់​ចំណុច​នេះ វ៉ាក់សាំង​កូវីដ​នេះរឹតតែ​អាច​​ជា​អាវុធ​ដ៏​សំខាន់​ថែម​ទៀត ដែល​ប្រទេស​មហាអំណាច​អាច​យក​មកប្រើ នៅ​ក្នុង​ការប្រជែង​ឥទ្ធិពល​តាម Soft Power គឺ​​ការ​បង្កើន​ឥទ្ធិពល​តាមរយៈ​ការ​ផ្តល់​ជំនួយវ៉ាក់សាំង។ តាមការពិត​ទៅ នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ កុំថាឡើយ​ទៅដល់​ការ​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ ត្រឹមតែ​សុខចិត្ត​លក់​វ៉ាក់សាំង​ឲ្យ​ ក៏អាច​ជា Soft Power ដ៏មាន​ឥទ្ធិពល​មិនតិចនោះដែរ។

នៅក្នុងឡូស៊ិច​នេះហើយ ដែល​យើងឃើញ​ថា ចិន​បានចេញមុខ​យ៉ាង​សកម្ម​ជាងគេ នៅក្នុងការ​ផ្តល់​វ៉ាក់សាំង​ទៅ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ ទាំង​ការ​សន្យា​ផ្តល់​រាប់លាន​ដូស​ទៅ​ឲ្យ​យន្តការ​កូវ៉ាក់ (Covax) របស់​អង្គការ​សុខភាព​ពិភពលោក និង​ទាំង​ការ​ផ្តល់​ជា​លក្ខណៈទ្វេភាគី ទាំង​ការ​​ផ្តល់​​ទៅតាម​ការ​បញ្ជាទិញ និង​ទាំង​ការ​ផ្តល់​ឲ្យ​ជា​ជំនួយ​ដោយ​ឥតគិតថ្លៃ។ ក្នុងពេល​ជាមួយគ្នា គូប្រជែង​ដ៏ធំ​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី គឺ​ឥណ្ឌា ក៏កំពុងតែ​សកម្មខ្លាំងដែរ នៅក្នុង​អ្វីដែល​គេហៅថា « ការទូតវ៉ាក់សាំង » ដើម្បី​​ព្យាយាម​​ប្រជែង​ឥទ្ធិពល​ជាមួយចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI