ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើលោកការីម ខាន់ដែលជារដ្ឋអាជ្ញាថ្មីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិមានប្រវត្តិរូបសង្ខេបអ្វីខ្លះ?

សំឡេង ០៥:២៨
តើលោកការីម ខាន់ដែលជារដ្ឋអាជ្ញាថ្មីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិមានប្រវត្តិរូបសង្ខេបអ្វីខ្លះ?
តើលោកការីម ខាន់ដែលជារដ្ឋអាជ្ញាថ្មីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិមានប្រវត្តិរូបសង្ខេបអ្វីខ្លះ? AFP - SABAH ARAR

តុលាការព្រហ្មទណ្ឌអន្តរជាតិ​ដែល​ហៅកាត់​ជា​ភាសា​អង់គ្លេស ICC មាន​ទីស្នាក់ការ​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡង់​ទើប​មាន​រដ្ឋអាជ្ញា​ថ្មី​លោក​ការីម ខាន់។ លោក​ត្រូវ​បាន​ប្រទេស​សមាជិក​បោះឆ្នោត​ឲ្យ​កាល​ពី​ថ្ងៃ​សុក្រ ទី១២ កុម្ភៈ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៧២ប្រទេស​ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង ១២៣ប្រទេស។ រដ្ឋអាជ្ញា​ថ្មី​នៃ​តុលាព្រហ្មទណ្ឌអន្តរជាតិ​រូប​នេះ​នឹង​ចូល​ជំនួស​រដ្ឋអាជ្ញា​សព្វថ្ងៃ​លោកស្រី​ហ្វាទូ បេនស៊ូដា​នៅ​ថ្ងៃទី១៦ មិថុនា​ខាង​មុខ​សម្រាប់​អាណត្តិ ៩ឆ្នាំ។ តើ​លោក​ការីម ខាន់​មាន​ប្រវត្តិរូបសង្ខេប​អ្វី​ខ្លះ និង​ថា តើ​មាន​ការងារ​អ្វី​ខ្លះ​ដែល​កំពុង​រង់ចាំ​លោក​នៅ​តុលាការព្រហ្មទណ្ឌអន្តរជាតិ?។

ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៥០ឆ្នាំ និង​ជា​ជនជាតិ​អង់គ្លេស​ដែល​មាន​ឱពុក​ដើមកំណើត​ប៉ាគីស្ថាន លោក​ការីម ខាន់​មាន​កូនប្រុស ៣នាក់ និង​ជា​មេធាវី​ដ៏​ចំណាន​ម្នាក់។ សម្រាប់​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក៏​ដូច​ជា​ក្រុម​បុគ្គលិក​នៅ​ក្នុង​តុលាការអន្តរជាតិ​មួយ​នេះ លោក​ការីម ខាន់​មិនមែន​ជា​មនុស្ស​ថ្មីថ្មោង​ដែល​គេ​មិន​ធ្លាប់​ស្គាល់​នោះ​ទេ។ មេធាវី​ជនជាតិ​អង់គ្លេស​រូប​នេះ​បាន​បម្រើការ​នៅ​ក្នុង​តុលាការព្រហ្មទណ្ឌអន្តរជាតិ​អស់​រយៈពេល ២៣ឆ្នាំ ពោល​តាំង​ពី​ឆ្នាំ ១៩៩៧។ ដំបូង លោក​ការីម ខាន់​ធ្វើ​ជា​ទីប្រឹក្សាច្បាប់​របស់​រដ្ឋអាជ្ញា​នៅ​ផ្ទៃក្នុង​តុលាការព្រហ្មទណ្ឌអន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូកូស្លាវី និង​ប្រទេស​រវ៉ាន់ដា។

បន្ទាប់​មក លោក​ការីម ខាន់​ធ្លាប់​ធ្វើ​ជា​មេធាវី​ការពារ​ជនជាប់ចោទ​ផង និង​ជនរងគ្រោះ​ផង​នៅ​ក្នុង​តុលាការ​សម្រាប់​ប្រទេស​មួយ​ចំនួន ដូច​ជា​កម្ពុជា សៀរ៉ាឡេអូន ទីម័រខាងកើត កូសូវូ ឬ​មួយ​ក៏​ប្រទេស​លីបង់។ នៅ​តុលាការព្រហ្មទណ្ឌ​អន្តជាតិ មេធាវី​រូប​នេះ​បាន​ការពារ​ដោយ​ជោគជ័យ​លើ​កូនក្តី​ជា​អនុប្រធានាធិបតី​កេនយ៉ា​លោក​វីលីយ៉ាម រូតូ ឧទ្ទាម​ស៊ូដង់​ឈ្មោះ អ៊ីឌ្រីស អាប៊ូ ហ្កាដា និង​កូនប្រុស​ម្នាក់​របស់​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​កាដាហ៊្វី​ឈ្មោះ សាអ៊ីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី។ បន្ទាប់​មក​ទៀត​តាំង​ពី​ឆ្នាំ ២០១៨ លោក​ការីម ខាន់​បាន​ដឹក​នាំ​ការ​ស៊ើបអង្កេត​អន្តរជាតិ​លើ​ឧក្រិដ្ឋកម្ម​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

តែ​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ លោក​ការីម ខាន់​ត្រូវ​បោះបង់​តំណែង​នេះ​ចោល​ដើម្បី​ទទួល​តំណែង​ថ្មី​ជា​រដ្ឋអាជ្ញា​របស់ ICC  ចាប់​ពី​ថ្ងៃទី១៦ មិថុនា​ទៅ​សម្រាប់​រយៈពេល ៩ឆ្នាំ។ គួរ​រម្លឹក​បន្តិច​ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ​ដែល​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ២០០២ មាន​រដ្ឋអាជ្ញា​ចំនួន ៣នាក់​ហើយ។ ទី១ គឺ​លោក​ល្វី ម៉ូរ៉េណូ អូកំប៉ូ​ជា​ជនជាតិ​អាហ្សង់ទីន ទី២ គឺ​លោកស្រី​ហ្វាទូ បេនស៊ូដា​ជា​ជនជាតិ​ហ្កំប៊ី​ដែល​ជា​រដ្ឋអាជ្ញា​សព្វថ្ងៃ និង​ទី៣ គឺ​លោក​ការីម ខាន់​ដែល​ទើប​ជាប់​ឆ្នោត​កាល​ពី​ថ្ងៃទី១២ កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ។ បច្ចុប្បន្ន តុលាការព្រហ្មទណ្ឌអន្តរជាតិ​មាន​សមាជិក​ចំនួន ១២៣ប្រទេស ហើយ​មាន​តួនាទី និង​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បទល្មើស​ចំនួន ៣ អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

អ្វី​ជា​ការ​កត់សម្គាល់​មិន​អាច​ប្រកែក​បាន ការ​ទទួល​បាន​តំណែង​ជា​រដ្ឋអាជ្ញា​របស់​លោក​ការីម ខាន់​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​មួយ​ដែល ICC កំពុង​ស្គាល់​ភាព​ចម្រូងចម្រាស និង​ទទួល​រងការ​រិះគន់​យ៉ាង​ខ្លាំង ពិសេស​ទាក់ទង​នឹង​របៀប​ធ្វើ​ការ រួម​ទាំង​លទ្ធផល​ស្តួចស្តើង​ដែល ICC សម្រេច​បាន​ក្នុង​វត្តមាន​រយៈពេល ១៨ឆ្នាំ​កន្លង​ទៅ។ ការ​រិះគន់​វាយប្រហារ​មាន​ទាំង​ពី​ក្រុម​ប្រទេស​សមាជិក និង​ក្រុម​ប្រទេស​មិន​សមាជិក។ រីឯ​ការ​ទទួល​បាន​លទ្ធផល​ស្តួចស្តើង​ក៏​ព្រោះ​តែ​ក្នុង​រយៈពេល ១៨ឆ្នាំ​កន្លង​ទៅ មាន​សំណុំរឿង​តែ ៥ប៉ុណ្ណោះ​ដែល​បាន​ឈាន​ដល់​ការ​ផ្តន្ទាទោស។ តើ​វា​ជា​កំហុស​របស់​អ្នក​ណា​ដែល ICC មិន​អាច​សម្រច​បាន​នូវ​លទ្ធផល​ដុំ​កំភួន​ដូច​នេះ?។ គេ​ពិបាក​ចង្អុល​មុខ​ដាក់​អ្នក​ណា​ម្នាក់ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ICC គ្មាន​កម្លាំងប៉ូលិស​ផ្ទាល់ខ្លួន និង​ត្រូវ​ការ​ឲ្យ​មាន​ការ​រួម​សហការ​ពី​គ្រប់ប្រទេស។

តែ​ចំណោទ​នៅ​ត្រង់​ថា ការ​រួម​សហការ​ពី​ប្រទេស​ណា​មួយ​អាច​មាន ឬ​មិន​មាន ឬ​មួយ​ក៏​មាន​តិច ឬ​ច្រើន​អាស្រ័យ​លើ​ផលប្រយោជន៍​ដែល​ប្រទេស​នោះ​សម្លឹង​ឃើញ។ សព្វថ្ងៃ​នេះ មាន​សំណុំរឿង​ស៊ើបអង្កេត​ចំនួន​ជាង ១០ប្រទេស​ដែល​លោក​ការីម ខាន់​ត្រូវ​បន្ត​ចាត់ចែង ក្នុង​នោះ មាន​សំណុំរឿង​​រសើបខ្លាំងចំនួនពីរ ទី១ ទាក់ទង​នឹង​ឧក្រិដ្ឋកម្មសង្រ្គាម​របស់​ទាហាន​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ទី២ ទាក់ទង​នឹង​ឧក្រិដ្ឋកម្មសង្រ្គាម​របស់​ពួក​ប៉ាឡេស្ទីន​ហាម៉ាស់ និង​ទាហាន​អ៊ីស្រាអែល​នៅ​ក្នុង​សង្រ្គាម​នៅ​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន​កាល​ពី​រដូវក្តៅ​ឆ្នាំ ២០១៤។ គឺ​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ទាំង​ពីរ​នេះ​ហើយ​ដែល​បាន​បញ្ឆេះ​កំហឹង​រដ្ឋបាល​អាមេរិក​ជំនាន់​លោក​ដូណាល់ ត្រាំ​រហូត​ដល់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋអាជ្ញា​លោកស្រី​ហ្វាទូ បេនស៊ូដា​មក​ដល់​សព្វថ្ងៃ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ការីម ខាន់​មាន​ចិត្ត​ក្លាហាន​នឹង​បន្ត​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​រសើបខ្លាំង​ទាំង​ពីរ​នេះ ឬ​អត់​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន មាន​ការងារ​ជា​ច្រើន​ដែល​កំពុង​រង់ចាំ​លោក​ដោយ​ចាប់​ផ្តើម​ពី​ការ​ធ្វើ​កំណែទម្រង់​លើ​រចនាសម្ព័ន្ធ​របស់ ICC រៀបចំ​សមាសភាព​ក្នុង​ក្រុម​ការងារ​របស់​លោក ពិនិត្យមើល​ឡើង​វិញ​លើ​យុទ្ធសាស្រ្ត​នៃ​ការ​ស៊ើបអង្កេត និង​បង្កើត​ឲ្យ​មាន​បរិយាកាស​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​គ្រប់​ប្រទេស។ អ្វី​ដែល​ច្បាស់ លោក​ការីម ខាន់​នឹង​ឡើង​កាន់​តំណែង​ជា​រដ្ឋអាជ្ញា​នៅ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​មាន​បុគ្គលិក​ក្រោម​ឱវាទ​ជាង ៣០០នាក់ និង​មាន​កញ្ចប់ថវិកា​ប្រមាណ​ជា ៥០លានអឺរ៉ូ។

តើ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​នៅ​ក្រោម​រដ្ឋអាជ្ញា​ការីម ខាន់​នឹង​ទទួល​បាន​លទ្ធផល​គ្រាន់​បើ​ជាង​រដ្ឋអាជ្ញា​ពីរ​នាក់​ដំបូង​ដែរ ឬ​ទេ?។ វា​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​ផ្តល់​ចម្លើយ​យ៉ាង​ណា​ចំពោះ​សំណួរ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI