ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​បៃដិន​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ទន់​ភ្លន់​ជាង​មុន​ដាក់​ក្រុម​អ្នក​ប្រឆាំង​?

សំឡេង ០៤:៥៨
ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសាលម៉ាន។
ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសាលម៉ាន។ AP - Bandar Aljaloud

​ក្រោយ​ពេល​ដែល​លោក​ចូ បៃដិន​ ឡើង​ក្លាយ​ជា​ម្ចាស់​សេតវិមាន​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ ប្រទេស​អារ៉ាប៊ីសាអូឌីត​ ​ចាប់ផ្តើម​បញ្ចេញ​ឫកពា​ប្លែក​ដោយ​ប្រញាប់​ប្រញាល់​ដោះលែង​អ្នកទោស​នយោបាយ​មួយចំនួន​ និង​បន្ធូរ​បន្ថយ​ទំនាក់ទំនង​តានតឹង​ជាមួយ​ក្រុម​ប្រទេស​ដែលជា​គូ​បដិបក្ខ​។ តើការ​ផ្លាស់ប្តូរ​​ជំហរ​នយោបាយ​របស់​អារ៉ាប៊ីសាអូឌីតបែប​នេះ កើតឡើងដោយសារតែរង​ឥទ្ធិពល​របស់លោកចូ បៃដិនឬ?

ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ីសាអូឌីត​ ចេះ​បត់បែន​តាម​កាលៈទេសៈ

រដ្ឋបាល​អាមេរិកថ្មី​របស់​លោក​ចូ បៃដិន​ ពុំ​អនុវត្ត​ឡើយ​នយោបាយ​ការ​បរទេស​ស្និទ្ធស្នាល​ល្អឺន​ល្អិនខ្លាំងនិង​តាម​គាំទ្រ​ការពារ​អារ៉ាប៊ីសាអូឌីត​ផ្កាប់មុខ​ដូច​រដ្ឋបាល​ចាស់​របស់​លោក​ដូណាល់ ត្រាំ​។

តាំងពី​អំឡុងពេលធ្វើ​យុទ្ធនាការ​បោះឆ្នោត​មកម្ល៉េះ​ លោកបៃដិន​ បាន​សន្យា​បញ្ឈប់​គោល​នយោបាយ​ការ​បរទេស​ខ្ជីខ្ជា​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា​។ ជាគោល​នយោបាយ​ការទូត​ខ្ជីខ្ជា​រយៈពេល​ ៤ឆ្នាំ​ ដែល​លោក​ចង់សំដៅ​ដល់​ក្នុង​អំឡុង​អាណត្តិ​ដឹកនាំ​របស់​លោក​អតីត​ប្រធានាធិបតីត្រាំ​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​ផ្លូវការ​មួយ​នាពេលថ្មីៗនេះ​ ទីក្រុង​វ៉ាស៊ីនតោន​បាន​ហៅ​អារ៉ាប់​ប៊ីសាអូឌីត​ថាជាដៃគូ​សន្តិសុខ​ ជំនួសឲ្យអ្វី​ដែល​រដ្ឋបាល​លោកត្រាំ​ធ្លាប់តែ​ហៅ​ពេញៗ​មាត់ថា​ជាសម្ព័ន្ធ​មិត្ត​ និងជា​អតិថិជន​ទិញអាវុធ​ដ៏សំខាន់​របស់​សហរដ្ឋ​អាមេរិក​។

ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយថា​ការហៅ​ទីក្រុងរីយ៉ាដថា​ជា​ដៃ​គូសន្តិសុខ​បែបនេះ​ មានន័យថា​ អាមេរិករបស់លោកចូ បៃដិន​ កំពុង​បែរ​ងាក​ចេញ​ពី​ទំនាក់​ទំនង​ចាក់ទឹក​មិនលេច​ជាមួយ​ អារ៉ាប់ប៊ីសាអូឌីត​ នៅចំ​ពេល​ដែល​អាមេរិក​កំពុង​ពិនិត្យ​សើរើ​មើល​ការ​លក់​អាវុធទៅ​ប្រទេស​អារ៉ាប់​មួយនេះ​។

ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ បញ្ហាសិទ្ធិ​មនុស្ស​ក៏ជា​ចំណុច​អាទិភាព​មួយ​ដែរ​របស់​លោកចូ បៃដិន។ ​ដោយ​ពិនិត្យ​ពិច័យ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ គេ​រំពឹង​ផងដែរ​ថា​ មេដឹកនាំអាមេរិករូបនេះ​ នឹង​ថែរក្សាភាព​ជាដៃ​គូ​សន្តិសុខ​ដ៏​មានតម្លៃ​ ខណៈពេល​ដែល​ប្រទេសអាមេរិក​កំពុង​ងាកទៅ​ពិភាក្សា​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ដែល​ជា​សត្រូវ​ធំ​របស់​អារ៉ាប៊ីសាអូឌីត​។

អារ៉ាប៊ីសាអូឌីត បន្ទន់ឥរិយាបថទៅរកលោកចូ បៃដិន

ប្រឈមនឹង​ផែនការថ្មី​របស់​អាមេរិកាំង​ ក្នុងការ​ភ្ជាប់ទំនាក់ទំនងថ្មី​ជាមួយ​អ៊ីរ៉ង់ និង​ក្នុង​ការ​ពិនិត្យ​ឡើង​វិញអំពី​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​អារ៉ាប៊ីសាអ៊ូឌីត​ ដោយ​ផ្តោតលើ​គុណតម្លៃ​ជាសំខាន់នោះ​ ទីក្រុងរីយ៉ាដ​ជៀសមិនរួចឡើយ​ពីត្រូវ​បត់បែនគោល​ជំហរ​របស់ខ្លួន​តាម​កាលៈទេសៈ​ដែលតម្រូវ។

នៅមួយ​រយៈពេល​ចុងក្រោយនេះ​ គេឃើញ​អាជ្ញាធរក្រុងរីយ៉ាដ​បានសម្រេច​ដោះលែង​ក្រុម​អ្នក​ទោសនយោបាយ​មួយចំនួន​ ដែល​ក្នុងនោះរួមផងដែរសកម្មជន​ទាមទារ​សិទ្ធិ​ស្ត្រី​ម្នាក់​ឈ្មោះថា​ លូចាអ៊ីន ថាហ្សលូល(Loujain al-Hathloul)។

សកម្មជនរូបនេះគឺជាស្ត្រីដែលមានកិត្តិសព្ទល្បីល្បាញខ្លាំងក្នុងការចេញទាមទារ​សិទ្ធិ​សេរីភាព​ឲ្យស្ត្រីអារ៉ាប៊ីសាអូឌីតមាន​សិទ្ធិបើកបរ និងអាចទៅ​ណា​មក​ណា​ដោយខ្លួន​ឯងបាន​។ ក្រុមអ្នកវិភាគ​យល់ឃើញថា​ ពាក្យ​សម្តី​របស់​លោកចូ បៃដិន ពី​ការ​ផ្លាស់ប្តូរ​នយោបាយ​ការបរទេស​ជាមួយអារ៉ាប៊ីសាអូឌីត​ គឺជាកត្តារួមចំណែកយ៉ាងច្រើនបង្កើត​ឲ្យ​មាន​ការ​ដោះលែង​សកម្មជនស្ត្រីរូបនេះ​ កាលពីសប្តាហ៍មុន​។

ក្រៅពីនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​ការកំណត់​នយោបាយការទូត​ថ្មី​របស់​វ៉ាស៊ីនតោន​ ទីក្រុង​រីយ៉ាដ​ ក៏បានបង្ហាញផងដែរ​ពីចេតនា​ចូលរួម​ដោះស្រាយ​ជម្លោះ​នៅក្នុង​តំបន់។ នេះ​ គឺជា​ប្រសាសន៍​របស់​អ្នកស្រី​ គ្រីស្ទីន ឌីវ៉ាន​ (Kristin Diwan) អ្នកជំនាញ​នៃ​វិទ្យាស្ថាន​រដ្ឋ​ឈូង​សមុទ្រ​អារ៉ាប់​នៅក្នុងវ៉ាស៊ីនតោន​នៃ​សហរដ្ឋអាមេរិក​។

ដើម្បីពង្រឹងតួនាទី​របស់ខ្លួន​នៅក្នុង​យុគសម័យថ្មី​នេះ កាលពី​ខែដើម​មករា​ ឆ្នាំ ២០២១​ កន្លងទៅ​ អារ៉ាប់ប៊ីសាអូឌីត​បាន​ដឹកនាំ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​ជូរចត់​រយៈពេល​ ៣ ឆ្នាំ​ជាមួយ​ប្រទេស​ក្បែរខាង​កាតា​។

មួយវិញទៀត​ រាជាណាចក្រ​មួយនេះ​ ក៏ចង់​កាត់​បន្ថយ​ផងដែរ​ទំនាក់ទំនង​តានតឹង​ជាមួយ តួកគី​ បន្ទាប់ពី​បានធ្វើ​ពហិការ​មិន​ទិញ​ទំនិញ​របស់​តួកគី​ជាសាធារណៈ​កាលពីឆ្នាំមុន​ ដោយសារ​តែ​មិនត្រូវរ៉ូវគ្នា​ ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ ក្នុង​ទីក្រុងអ៊ីស្តង់ប៊ុល កាលពី​ខែ​តុលា ឆ្នាំ ២០១៨​។

អ្នកស្រី​ គ្រីស្ទីន ឌីវ៉ាន​ អ្នក​ជំនាញខាងកិច្ចការ​នយោបាយ​និង​ទំនាក់ទំនង​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា​ កំណត់​សម្គាល់​ដែល​ទើប​រៀបរាប់ខាងលើ​ អំពី​គោល​ជំហរ​នយោបាយ​ថ្មីៗខុសពីមុនរបស់​អារ៉ាប៊ីសាអូឌីត បង្ហាញពី​ភាព​បត់បែនថ្មី​របស់ប្រទេសនេះ​។

ជារួមមក​ ការផ្លាស់ប្តូរ​ជំហរនយោបាយ​ដោយ​ងាកទៅប្រញាប់ញាល់​ដោះលែង​អ្នកទោស​នយោបាយ​មួយចំនួន​ និង​បែរទៅ​បន្ធូរបន្ថយ​ទំនាក់ទំនង​តានតឹង​ជាមួយ​ក្រុម​ប្រទេស​ដែលជា​គូបដិបក្ខ​ ស្របទៅតាម​ការចង់បាន​របស់​សហគមន៍​អន្តរជាតិ​ គឺជា​សញ្ញា​បញ្ជាក់​ប្រាប់ថា​ ទោះជាយ៉ាងណាក្តី​ អារ៉ាប៊ីសាអូឌីត​ នៅទីបំផុតទៅ​ ងក់​ក្បាល​យល់ព្រម​ទៅកាន់​លោកចូ បៃដិន​ ដែលជា​មេដឹកនាំអាមេរិកថ្មី​។

ដូច្នោះហើយ​ គេអាច​សន្និដ្ឋាន​បានថា​ ​នយោបាយ​ការ​បរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ក្រោម​អាណត្តិ​ដឹកនាំ​របស់​លោកចូ បៃដិន​ ចំពោះ​ពិភពលោក ក៏ដូចជាតំបន់​មជ្ឈិមបូព៌ា​ ពិតជាមាន​ឥទ្ធិពល​អាចធ្វើឲ្យ​អារ៉ាប៊ីសាអូឌីត​ ផ្លាស់ប្តូរ​គោល​នយោបាយ​ទន់ភ្លន់​ជាងមុន​ ចំពោះ​ក្រុមអ្នកប្រឆាំង​នៅក្នុងប្រទេស​ ក៏ដូចជា​ជាមួយ​បណ្តា​ប្រទេស​ដែល​ជា​គូ​បដិបក្ខ​មួយចំនួនដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI