ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីខែកុម្ភៈនេះសម្បូរយានទៅកាន់ភពអង្គារ?

សំឡេង ០៥:៣០
យាន Perseverance ធ្វើ​ដំណើរ​ទៅដល់​ភពអង្គារ នៅថ្ងៃទី១៨ កុម្ភៈ ២០២១
យាន Perseverance ធ្វើ​ដំណើរ​ទៅដល់​ភពអង្គារ នៅថ្ងៃទី១៨ កុម្ភៈ ២០២១ © NASA/JPL-Caltech

នៅ​ក្នុង​ខែកុម្ភៈ​នេះ មាន​យាន​អវកាស​ដល់ទៅ៣ ដែល​បាន​​ទៅដល់ ឬ​ត្រូវ​ទៅដល់​ភពអង្គារ។ បន្ទាប់​ពី​យាន​របស់​អេមីរ៉ា អារ៉ាប់រួម និង​យាន​របស់​ចិន កាល​ពី​សប្តាហ៍មុន គឺ​ដល់​វេន​របស់​អាមេរិក​ម្តង ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅដល់​ភពអង្គារ នៅថ្ងៃ​ព្រហស្បតិ៍ ១៨កុម្ភៈនេះ។ តើហេតុអ្វីបាន​ជា​គេ​នាំគ្នា​សម្រុក​បញ្ជូន​យាន​ទៅ​កាន់​ភពអង្គារ នៅ​ក្នុង​ពេល​តែមួយបែបនេះ?

ផ្សាយពាណិជ្ជកម្ម

យាន៣​ទៅដល់​ភពអង្គារ​ស្ទើរក្នុងពេល​តែមួយ (ក្នុងចន្លោះពេល​ត្រឹម​១សប្តាហ៍) គឺ​ដោយសារ​តែ​យាន​ទាំង៣​នេះ​ត្រូវ​បាន​បាញ់បង្ហោះ​ចេញ​ពីផែនដី​នេះ​ទៅ នៅពេល​ប្រហាក់ប្រហែលគ្នា។ ​យាន​ឈ្មោះ « Hope » របស់​អារ៉ាប់រួម​ត្រូវ​គេ​បាញ់បង្ហោះ កាលពីថ្ងៃទី១៩កក្កដា ឆ្នាំ២០២០ យាន Tianwen-1 ​របស់​ចិន ​បាញ់បង្ហោះ​ នៅថ្ងៃទី២៣កក្កដា ចំណែក​យាន Perseverance ​របស់​ណាសា​បាញ់បង្ហោះ​ នៅថ្ងៃ​ទី៣០កក្កដា។

ការណ៍​ដែល​​យានទាំង៣ ត្រូវ​បាន​គេ​បាញ់បង្ហោះ​នៅ​ក្នុង​អំឡុង​ពេល​ប្រហាក់ប្រហែលគ្នា​បែបនេះ ក៏ដោយសារ​តែ នៅចុងខែកក្កដា​ឆ្នាំ២០២០​នោះ វា​គឺ​ជា​ឳកាស​តែមួយគត់ នៅរៀងរាល់​ប្រមាណ​ជា ២ឆ្នាំម្តង (២៦ខែ) ដែល​​ភពអង្គារ និង​ភពផែនដី​ វិលមកដល់​ទីតាំង​មួយ ដែល​អាច​ឲ្យ​គេ​​បាញ់បង្ហោះយាន​ចេញ​ពីផែនដី​នេះ សំដៅទៅកាន់​ភពអង្គារ ដោយ​ប្រើ​ថាមពល​តិចបំផុត។

ហេតុដូច្នេះហើយ​បាន​ជា​ទីភ្នាក់ងារ​អវកាស​ទាំង​៣ (អារ៉ាប់រួម ចិន និង​អាមេរិក) ចាំបាច់​ត្រូវតែ​បាញ់បង្ហោះ​យាន នៅ​ក្នុង​អំឡុង​ចុងខែ​កក្កដា​​នោះ ដោយ​​បើ​សិន​ជា​គេ​ខកខាន​មិន​អាច​បាញ់បង្ហោះ​នៅពេល​នោះបានទេ គេ​នឹង​ត្រូវ​រង់ចាំ​រហូតដល់​ទៅ​ជាង ២ឆ្នាំក្រោយ គឺ​​នៅ​អំឡុង​ចុងខែកញ្ញា ដើមខែ​តុលា ឆ្នាំ២០២២​ខាងមុខ ទើប​មាន​ឳកាស​នេះ​សាជា​ថ្មី​ម្តងទៀត។

មែនទែន​ទៅ យាន​ ៣ ទៅកាន់​ភពអង្គារ ក្នុងឆ្នាំតែមួយបែប​នេះ​ វាមិនមែន​ជា​លើកទីមួយ​នោះទេ។ កាល​ពីឆ្នាំ១៩៧១ ក៏​ធ្លាប់​មាន​ការ​បញ្ជូន​យាន​៣​ទៅកាន់​ភព​អង្គារ ក្នុង​ឆ្នាំតែមួយបែបនេះ​ដែរ គឺ​យាន​ពីរ​របស់​សហភាព​សូវៀត និង​យាន​មួយ​របស់​ណាសា។ ចំណែក​ឆ្នាំ១៩៧៣​វិញ គឺ​មាន​យាន​ដល់​ទៅ ៤ ត្រូវ​បាន​​សហភាព​សូវៀត​​​បញ្ជូន​ទៅ​កាន់​ភពអង្គារ ក្នុង​ឆ្នាំតែមួយ។

ក៏ប៉ុន្តែ ទោះជាយ៉ាងណា អ្វីដែល​​គួរ​កត់សម្គាល់​ សម្រាប់យាន​ទៅកាន់​ភព​អង្គារ​នៅពេលនេះ គឺ​ភាព​ចម្រុះគ្នា ចម្រុះ​ទាំង​ប្រទេស​ដែល​បញ្ជូនយាន ចម្រុះទាំង​ទម្រង់​និង​បេសកកម្ម​របស់​យាន។

យាន Hope របស់​អារ៉ាប់រួម ដែល​ធ្វើ​ដំណើរ​ទៅដល់​ភពអង្គារ កាល​ពីថ្ងៃ​ទី៩កុម្ភៈកន្លងទៅនេះ គឺ​ជា​ប្រភេទ « Orbiter » ពោលគឺ​ជា​យាន​ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពអង្គារ ដោយ​មិនចុះចត​លើ​ដី ហើយ​បេសកកម្ម​ចម្បង​របស់ Hope គឺ​សិក្សា​លម្អិត​ អំពី​អាកាសធាតុ​របស់​ភពអង្គារ។ ទិន្នន័យ​បាន​ពីយាន​នេះ​​នឹង​អាច​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​ដឹង​កាន់តែ​ច្បាស់ អំពី​អាកាសធាតុ​របស់​ភពអង្គារ ក្នុងពេល​បច្ចុប្បន្ន​នេះ​ផង ហើយ​ក៏​អាច​ឲ្យ​គេ​សិក្សា​បានផងដែរ អំពី​ដំណើរវិវឌ្ឍ​នៃ​អាកាសធាតុ​លើ​ភពអង្គារ តាំង​ពី​អតីតកាល​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ដែល​ចំណុច​នេះ វា​មាន​សារៈសំខាន់​អាច​ឲ្យ​គេដឹង​អំពី​លក្ខខណ្ឌ​អំណោយផល​ដល់​ជីវិត​លើ​ភពអង្គារ​កាល​ពីអតីតកាល​ផង ហើយ​ក៏​អាច​សិក្សា​ប្រៀបធៀបផងដែរ អំពី​អ្វីដែល​បាន​កើតឡើង​ចំពោះ​ភពអង្គារ និង​ការប្រែប្រួល​អាកាសធាតុ ដែល​កំពុង​កើតមាន​ នៅលើ​ភពផែនដី​របស់​យើង។

យាន Perseverance របស់​ណាសា​ ដែល​នឹង​ត្រូវ​ទៅដល់ភពអង្គារ​ នៅថ្ងៃ​ទី១៨​កុម្ភៈ​ នេះ គឺ​ជា​ប្រភេទ « រ៉ូវ័រ » ដែល​ត្រូវ​ចុះចត និង​បន្ទាប់មក​​ផ្លាស់ទី នៅលើ​ដីភពអង្គារ ហើយ​បេសកកម្ម​ចម្បង គឺ​ស្វែងរក​តម្រ៉ុយ​នៃ​ជីវិត​លើ​ភពអង្គារ។

យាន Tianwen-1 របស់​ចិនវិញ បាន​ធ្វើ​ដំណើរ​ទៅដល់​ភពអង្គារ ក្រោយ​យាន​របស់​អារ៉ាប់​រួម​មួយថ្ងៃ ពោលគឺ តាំង​ពី​ថ្ងៃ​ទី១០​កុម្ភៈ​កន្លងទៅ ក៏ប៉ុន្តែ នោះ​គ្រាន់តែ​ជា​ដំណាក់កាល​ទីមួយតែ​ប៉ុណ្ណោះ ព្រោះ​​នៅ​ក្នុង​បេសកកម្ម​របស់​ចិន​​ទៅកាន់​ភពអង្គារ​នេះ មាន​​​យាន​ដល់​ទៅ​ពីរ​នៅ​ជាមួយគ្នា​ គឺ​ទីមួយ​ជា​ប្រភេទ Orbiter ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ ចំណែក​យានទីពីរ​ជា​ប្រភេទ « រ៉ូវ័រ » ដែល​ត្រូវ​ចុះចត​លើ​ដី។

កាលពីថ្ងៃ​ទី១០​កុម្ភៈ​នោះ Tianwen-1 បាន​ចូល​ទៅ​ដល់​ត្រឹម​គន្លង​តារាវិថី​ជុំវិញ​ភពអង្គារ ដោយ​នឹង​ត្រូវ​​ចំណាយ​ពេល​ជាច្រើន​ខែ​ថតយក​រូបភាព​ផ្ទៃដី​ភពអង្គារ ដើម្បី​កំណត់​ទីតាំង​​ចុះចត ហើយ​រហូត​ទាល់តែ​ដល់​ខែឧសភា ឬខែមិថុនា​ខាងមុខ ទើប​យាន​ដែល​មាន​ផ្ទុក « រ៉ូវ័រ » ត្រូវ​ផ្តាច់ខ្លួនពី « Orbiter » ហើយ​​ហោះសំដៅ​ទៅចុះលើ​ដី​ភពអង្គារ។

បេសកកម្ម​ដ៏ចម្បង​មួយ​របស់ Tianwen-1 គឺ​ស្វែងរក​ទឹក ទាំង​ទឹកកក និង​ទឹករាវ នៅក្រោមដីភពអង្គារ។

គួរបញ្ជាក់ថា គិតមក​ទល់នឹងពេលនេះ ថ្វីដ្បិតតែ​មាន​ប្រទេស​ច្រើន​ធ្លាប់​ទទួលជោគជ័យ​ក្នុងការ​បញ្ជូន​យាន​ទៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញភពអង្គារ ក្នុងនោះ​ក៏រួមមាន​ទាំង​រុស្ស៊ី អឺរ៉ុប និង​ឥណ្ឌា​ផងដែរ ក៏ប៉ុន្តែ ក្រៅពីសហរដ្ឋ​អាមេរិក នៅមិនទាន់​មាន​ប្រទេស​ណា ដែល​អាច​ចុះចត​យានប្រភេទ « រ៉ូវ័រ » ទៅដល់​លើដី​ភពអង្គារ​បាន​ដោយ​ជោគជ័យ​នៅឡើយ​នោះទេ។

កន្លងមក សហភាព​សូវៀត​ធ្លាប់​បាន​ចុះចត​យាន​លើ​ភពអង្គារ​ដែរ ក៏ប៉ុន្តែ យាន​ទាំងនោះ​សុទ្ធតែ​ត្រូវ​ខូច​នៅពេល​​ចុះចត ដោយមិនមាន​យានណាមួយ​អាច​ដំណើរការ​នៅលើ​ដីភពអង្គារ​បាននោះទេ។

ដូច្នេះ ប្រសិន​បើចិន​ពិតជា​អាច​ចុះចត និង​ដាក់​ឲ្យ​ដំណើរការ​ « រ៉ូវ័រ » នៅលើ​ដីភពអង្គារ​បានមែន នៅខែឧសភា ឬ​ខែមិថុនា​ខាងមុខនេះ ចិន​នឹង​ក្លាយ​ជា​ប្រទេស​ទី២ ក្នុង​ប្រវត្តិសាស្រ្ត បន្ទាប់​ពី​សហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI