តើការដាក់ឲ្យប្រើលិខិតឆ្លងដែនវ៉ាក់សាំងកូវីដអាចដំណើរការទៅរួចដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ដោយមានមនុស្សរាប់លាននាក់ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដជារៀងរាល់ថ្ងៃ មេដឹកនាំប្រទេសមួយចំនួន កំពុងបង្ហាញពីក្តីសង្ឃឹមថ្មី។ ជាក្តីសង្ឈឹមដែលអាចជួយឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនវិលត្រលប់ទៅរកសភាពធម្មតាវិញ តាមរយៈការដាក់ឲ្យប្រើលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ។ តើលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ គឺជាអ្វី? ហើយតើថា ការដាក់ឲ្យប្រើលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ អាចដំណើរការទៅរួចដែរឬទេ?
ក្នុងបរិបទកូវីដ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រៅពីខិលិតឆ្លងដែន ការធ្វើដំណើរអាចនឹងត្រូវការឯកសារថ្មីមួយបន្ថែមទៀតដែលនោះគឺជាឯកសារឌីជីថលសម្រាប់បញ្ជាក់ថាអ្នកដំណើរធ្លាប់បានចាក់វ៉ាក់សាំង ឬធ្វើតេស្តរកជំងឺកូវីដរួចហើយ។
លទ្ធភាពនៃការចេញលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ ដល់អ្នកទាំងឡាយណាដែលបានចាក់ថ្នាំបង្ការកូវីដរួចហើយ បានបង្កើតក្តីសង្ឃឹមចំពោះវិស័យទេសចរណ៍ដែលកំពុងរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុត ឲ្យអាចដំណើរឡើងវិញបាន។
រដ្ឋាភិបាលនៃប្រទេសមួយចំនួន ហើយនិងក្រុមហ៊ុនក្នុងឧស្សាហកម្មទេសចរណ៍ខ្លះ បានបញ្ចូលវាក្យសព្ទថ្មីថា លិខិតឆ្លងដែនវ៉ាក់សាំងកូវីដនេះទៅក្នុងវចនានុក្រុមរបស់ពួកគេរួចទៅហើយ។
តើលិខិតឆ្លងដែនវ៉ាក់សាំងកូវីដគឺជាអ្វី?
លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ ឬលិខិតឆ្លងដែនភាពស៊ាំ ដែលហៅជាភាសាអង់គ្លេសថា “Covid vaccine passports” ឬ "Immunity passports" គឺជាវិញ្ញាបនប័ត្រឌីជីថល ដែលបញ្ជាក់ថាបុគ្គលម្នាក់ បានទទួលការចាក់ថ្នាំបង្ការកូវីដរួចហើយ។ សម្រាប់ករណីខ្លះ វា ក៏អាចជាឯកសារបង្ហាញថា អ្នកបានធ្វើតេស្តអវិជ្ជមានកូវីដ ដូច្នេះអ្នកអាចធ្វើដំណើរ ទៅណាមកណាបានកាន់តែងាយស្រួល។
សព្វថ្ងៃនេះ ប្រទេសជាច្រើន កំពុងទាមទារភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានកូវីដ មុននឹងអនុញ្ញាតឲ្យអ្នកធ្វើដំណើរមកពីក្រៅ ចូលក្នុងប្រទេសពួកគេបាន។ ចំណាត់ការនេះ អាចជារឿងចំបាច់ ដើម្បីអាចចាប់ផ្តើមឧស្សាហកម្មទេសចរណ៍ឡើងវិញបាន។
ដោយឡែក ព្រោះតែតែអន្ទៈសារចង់ជួយស្រោចស្រង់សេដ្ឋកិច្ច និងធ្វើឲ្យប្រទេសចាប់មានដំណើរឡើងវិញ ប្រទេសអ៊ីស្លង់ និងអ៊ីស្រាអែល បានចេញលិខិតឆ្លងដែនកូវីដឲ្យដល់ប្រជាជនណាដែលបានទទួលការចាប់វ៉ាក់សាំងរួចហើយ។ ចំណែកប្រទេសផ្សេងទៀត មានដូចជាស៊ុយអែត និងដាណឺម៉ាកជាដើម កំពុងរៀបចំដាក់ឲ្យដំណើរការវិញ្ញាបនប័ត្រវ៉ាក់សាំងកូវីដឌីជីថលនេះដែរ។
មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួនបី បាននិយាយថាពួកគេនឹងមិនទទួលយកអ្នកដំណើរណា ដែលគ្មានលិខិតឆ្លងដែនកូវីដនោះទេ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិជាភាសាអង់គ្លេសកាលពីថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ២០២១។
រីឯបណ្តាក្រុមហ៊ុនឯកជនជាច្រើនទៀត ក៏កំពុងចាប់ផ្តើមគិតគូរធ្វើឲ្យ លិខិតឆ្លងដែនកូវីដនេះ ក្លាយជាឯកសារដែលអ្នកធ្វើដំណើរចាំបាច់ត្រូវតែមានផងដែរដើម្បីអាចជិះយន្តហោះ ជិះទូកកម្សាន្ត ឬចូលរួមក្នុងព្រឹត្តិការណ៍ដូចជាការប្រគំតន្ត្រីជាដើម។ល។
អ្នកជំនាញព្រមានថាការប្រើលិខិតឆ្លងដែនវ៉ាក់សាំងកូវីដអាចជាការរើសអើង
ក៏ប៉ុន្តែ ការទាមទារលិខិតឆ្លងដែនកូវីដជាចាំបាច់ ក្នុងពេលធ្វើដំណើរ ឬត្រលប់ទៅធ្វើការ ឬក៏ដើម្បីចូលរួមក្នុងសកម្មភាពផ្សេងៗ គឺជាគំនិតដែលកំពុងចោទជាសំណួរទាក់ទងកត្តាវិទ្យាសាស្ត្រ និងក្រមសីលធម៌។
ស្របពេលដែល ក្រុមហ៊ុនអាជីវកម្ម និងអ្នកនយោបាយមួយចំនួនបានលើកឡើងពីភាពចាំបាច់ក្នុងការមានលិខិតឆ្លងដែនវ៉ាក់សាំងក្នុងពេលធ្វើដំណើរ ក្រុមអ្នកជំនាញ បាន ព្រមានថា ការទាមទារភស្តុតាងបង្ហាញថាបានចាក់វ៉ាក់សាំងកូវីដអាចជាទង្វើរើសអើង។
ក្រុមអ្នកជំនាញ បាននិយាយថាការដាក់ឲ្យប្រើ លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ គឺជារឿង "អាចធ្វើទៅបាន" ប៉ុន្តែគេគួរចាំរហូតដល់ដឹងច្បាស់បន្ថែមទៀតសិន តើថារយៈពេលនៃភាពស៊ាំមានមានប្រសិទ្ធភាពយូរបានប៉ុណ្ណា។
កត្តាវិទ្យាសាស្ត្រសំខាន់ៗ ចោទនៅត្រង់ ភាពស៊ាំ មានរយៈពេលយូរប៉ុណ្ណា ហើយថាតើវ៉ាក់សាំង អាចនឹងការពារ មិនឲ្យឆ្លងមេរោគកូវីដបំប្លែងថ្មីឬក៏អត់។ ហេតុដូចនេះ វាគឺជារឿងពិបាកសម្រេចណាស់ ថាតើលិខិតឆ្លងដែនកូវីដ គួរតែមានសុពលភាពយូរប៉ុណ្ណា។
សម្រាប់អ្នកជំនាញ ការចាក់វ៉ាក់សាំងកូវីដបង្ហាញថាពីការការពារមនុស្ស មិនឲ្យឆ្លងជំងឺកូវីដ។ ក៏ប៉ុន្តែ រហូតមកទល់នឹងពេលនេះ នៅតែមានសំណួរចោទសួរថាតើវ៉ាក់សាំង អាចជួយការពារមនុស្សមិនឲ្យឆ្លងកូវីដបានប៉ុន្មានភាគរយ និងការពារមិនឲ្យចម្លងមេរោគនេះទៅអ្នកដទៃប៉ុន្មានភាគរយ?
ចំណុចសំខាន់មួយទៀត ការដាក់ឲ្យប្រើលិខិតឆ្លងដែនកូវីដ ត្រូវបានគេមើលឃើញថា អាចបង្កើតឲ្យមានការរើសអើងដែរ ពីព្រោះការចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លះ ដូចជានៅបារាំងជាដើមគឺធ្វើឡើងដោយការស្ម័គ្រចិត្ត។ រដ្ឋាភិបាលបារាំង មិនចង់ដាក់សម្ពាធលើពលរដ្ឋខ្លួនឲ្យដាក់វ៉ាក់សាំង ដោយបង្ខំចិត្ត ដើម្បីតែទទួលបានលិខិតឆ្លងដែនកូវីដនោះដែរ។
បន្ថែមលើនេះ ការតម្រូវឲ្យមានលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ អាចជាវិធានការ អើសរើងដល់ក្រុមមនុស្សដែលមិនអាចចាក់វ៉ាក់សាំងបានដោយសារតែហេតុផលវេជ្ជសាស្ត្រដូចជា ក្មេងៗ និងស្ត្រីមានផ្ទៃពោះជាដើម។
ហេតុដូចនេះហើយ ក្រុមអ្នកជំនាញ ក៏ដូចជាអង្គការសុខភាពពិភពលោកដែរ មិនគាំទ្រឡើយឲ្យប្រើ និងទាមទារលិខិតឆ្លងដែនវ៉ាក់សាំងកូវីដជាចាំបាច់ក្នុងពេលធ្វើដំណើរ នាកាលៈទេសៈដូចបច្ចុប្បន្ននេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ