វិបត្តិកូវីដជាដើមហេតុធ្វើឲ្យនិស្សិតស្រីម៉ាឡេស៊ី ចុះឈ្មោះ ជាសមាជិករបស់ SugarBook?
ចុះផ្សាយនៅថ្ងៃ៖
សំណុំរឿងតុលាការមួយនៅម៉ាឡេស៊ី បានឆ្លុះបញ្ចាំងពីផលវិបាកនៃវិបត្តិកូវីដ ទៅលើសង្គម និងសេដ្ឋកិច្ច។ នៅសប្តាហ៍មុននេះប៉ូលិសម៉ាឡេស៊ីបានសម្រេចចាប់ខ្លួនស្ថាបនិកវិបសៃតិ៍ ជំនាញខាងណាត់ជួប មួយ ឈ្មោះ SugarBook ក្រោមបទចោទប្រកាន់ ជំរុញឲ្យប្រព្រឹត្តអំពើពេស្យាចារ។ ស្ថាបនិកវិបសៃតិ៍Sugarbook ដែលបានបង្កើតរឿងចម្រូងចម្រាសក្នុងសង្គមអភិរក្ស ម៉ាឡេស៊ី ត្រូវបង្ហាញមុខនៅ តុលាការម៉ាឡេស៊ី នៅថ្ងៃពុធទី ២៤កុម្ភៈនេះ។ តើSugarBook ជាអ្វីឲ្យបា្រកដ? យើងស្តាប់ឈាង បុប្ផា
នៅលើទំព័រវិបសៃតិ៍របស់SugarBook គេអាចអានយល់ថា SugarBookគឺជាកម្មវិធី បណ្តាញសង្គមជាន់ខ្ពស់ ដែលនៅក្នុងនោះ សមាជិកអាចទាក់ទង ជួបគ្នា និងអភិវឌ្ឍទំនាក់ទំនង ដោយផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមក។ ផលប្រយោជន៍នោះ គឺម្នាក់មានកាបូបលុយ ដែលគេហៅថា Sugar Daddy ចំណែកម្នាក់ទៀតមានសំរស់ស្រស់ស្អាត និងនៅក្មេងដែលគេឲ្យឈ្មោះថា Sugar baby។ ពាក្យស្លោកមួយ របស់ SugarBookបានសរសេរយ៉ាងច្បាស់ថា នៅពេលមនោសញ្ជេតនា ជួបប្រទាក់ជាមួយ ទឹកប្រាក់ និងមានគោលដៅ ជួយចាប់ផ្គូផ្គង រវាងបុរស អ្នកមាន ជាមួយ នារីវ័យក្មេង ដោយភាគីបុរសត្រូវផ្តល់គាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ភាគីម្ខាងទៀតជាថ្នូរនឹងទំនាក់ទំនងផ្លូវភេទ។
អំពើពេស្យាចារនៅពីក្រោយ វិបសៃតិ៍ SugarBook? ដូចជាកម្មវិធីចាប់គូ តាមអ៊ីនធ័នែតផ្សេងទៀត SugarBookអះអាងថា គេបានត្រឹមតែជួយឲ្យមនុស្សជួបគ្នា ប៉ុន្តែ មិនបានជំរុញលើកទឹកចិត្តឲ្យគេមានទំនាក់ទំនងផ្លូវភេទនោះទេ។
អាជ្ញាធរម៉ាឡេស៊ីមិនយល់ដូច្នេះនោះទេ។ នៅថ្ងៃពុធសប្តាហ៍មុន ប៉ូលិសម៉ាឡេស៊ី បានចូលចាប់ ស្ថាបនិករបស់វិបសៃតិ៍ SugarBook នៅក្រោមបទចោទប្រកាន់ថា ប្រើប្រាស់អ៊ីនធ័រនែត មិនត្រឹមត្រូវ និងញុះញង់ឲ្យមានការប្រព្រឹត្តអំពើពេស្យាចារ។ តាមកាសែតក្នុងស្រុកម៉ាឡេស៊ី អាជ្ញាធរបានសម្រេចបិទខ្ទប់វិបសៃតិ៍ SugarBook រួចហើយ ប៉ុន្តែ នៅតែមានអ្នកលួចចូលប្រើ តាមរយៈ បណ្តាញអ៊ីនធ័រនែតផ្សេងទៀត ឬ កម្មវិធី ដែលគេដោនឡូត ក្នុងទូរស័ព្ទ ដៃ នោះបើទោះបីជាមានការព្រមាន ពីអាជ្ញាធរក្តី។
SugarBookត្រូវបានបង្កើតឡើង នៅឆ្នាំ ២០១៦ ប៉ុន្តែ ហេតុអ្វីអាជ្ញាធរម៉ាឡេស៊ី ចាត់វិធានការប្រឆាំង នៅពេលនេះ ?
ក្រៅពីម៉ាឡេស៊ី SugarBookមានវត្តមានដំណើរការ នៅប្រទេសសិង្ហបុរី ថៃ និងសហរដ្ឋអាមេរិក។ នៅម៉ាឡេស៊ី វិបសៃតិ៍ SugarBook ត្រូវបិទខ្ទប់ ចំណែកស្ថាបនិកត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការ ក៏ដោយសារតែការរពឹសមាត់របស់ SugarBookខ្លួនឯង។ នៅសប្តាហ៍មុន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន SugarBookបានអះអាងថា និស្សិតជាច្រើនពាន់នាក់ ដែលមកពីសកលវិទ្យាល័យ ល្បីៗ ទាំង១០របស់ម៉ាឡេស៊ី បានចុះឈ្មោះ ជាសមាជិក របស់ក្នុងនាម ជាSugarbabies។ តាមរបាយការណ៍ផ្ទៃក្នុងរបស់SugarBook ចំនួនសមាជិកផ្នែកSugarbabies បានកើនឡើង ៤០% ដោយមកពីនិស្សិតស្រីនៅសកលវិទ្យាល័យកាន់តែច្រើនបានចុះឈ្មោះជាសមាជិកSugarbabies ដើម្បី បានប្រាក់សម្រាប់បង់ថ្លៃសាលារៀន ថ្លៃរស់នៅប្រចាំថ្ងៃ និងការស្នាក់នៅជាដើម។ ការណ៍នេះធ្វើឲ្យម៉ាឡេស៊ីជាប់ចំណាត់លេខ៣ នៅអាស៊ី ក្នុងនាមជាប្រទេសដែលសំបូរមនុស្សចុះឈ្មោះ ស្វែងរកទំនាក់ទំនង នៅលើបណ្តាញណាត់ជួប។
នៅក្រោយការចេញផ្សាយរបាយការណ៍ផ្ទៃក្នុងរបស់SugarBook មនុស្សជាច្រើនមិនមានការភ្ញាក់ផ្អើលនោះទេ ព្រោះថា ភាពអត្តខាត់ ស្ថានភាពមិននឹងន របស់និស្សិតមានកាន់តែច្រើន ដែលធ្វើឲ្យវិបសៃត៍ SugarBookកាន់តែជោគជ័យ មានសមាជិកច្រើន ចាប់តាំងពីផ្ទុះកើតមានវិបត្តិកូវីដ។ ជាក់ស្តែង របាយការណ៍របស់SugarBookបានបង្ហាញថា សកលវិទ្យាល័យដ៏ល្បីឈ្មោះ Sunway ដែលមាននិស្សិតស្រីច្រើនជាងគេ ចុះឈ្មោះជាសមាជិករបស់កម្មវិធី SugarBook មានតម្លៃសិក្សា ប្រមាណ ១២ ២០០ដុល្លារ ពោលគឺមិនចុះថ្លៃទាល់តែសោះ ចាប់តាំងពីមានវិបត្តិកូវីដ១៩។
យ៉ាងណាក៏ដោយ របាយការណ៍ផ្ទៃក្នុងរបស់វិបសៃតិ៍ SugarBook ល្មមអាចទាញចំណាប់អារម្មណ៍របស់អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនាអ៊ីស្លាម ឲ្យចេញមុខ ទាមទារបិទវិបសៃតិ៍ SugarBook ដើម្បីទប់ស្កាត់កុំឲ្យយុវជនលង់ខ្លួនចូលក្នុងអំពើអសីលធម៌។ អសីលធម៌ ព្រោះថា នៅម៉ាឡេស៊ី ជាទីដែលប្រជាជនពាក់កណ្តាល (នៃប្រជាជនសរុប ៣២លាននាក់ )គោរពជឿសាសនាអ៊ីស្លាម ការមានទំនាក់ទំនងផ្លូវភេទក្រៅចំណងអាពាហ៍ពិពាហ៍ គឺជារឿងខុសច្បាប់។
នៅសប្តាហ៍មុន បុរស វ័យ ៣៤ឆ្នាំ ដែលជាស្ថាបនិករបស់ SugarBook ត្រូវប៉ូលិសចាប់ខ្លួន នៅក្រោយការស៊ើបអង្កេតប្រឆាំង ពេស្យាចារ ដែលជាអំពើខុសច្បាប់នៅប្រទេសអភិរក្សនិយមដូចជាម៉ាឡេស៊ី។ ស្ថាបនិក របស់SugarBookត្រូវចោទប្រកាន់ ថា បានអូសទាញនិស្សិតស្រី ឲ្យធ្លាក់ខ្លួនក្នុងអំពើពេស្យាចារ ព្រោះថា បើសិនគេប្រើម៉ែលនិស្សិតដើម្បីចុះឈ្មោះ ជាសមាជិក នោះ គេមិនចាំបាច់បង់ថ្លៃ សម្រាប់ការចុះឈ្មោះទេ។
សម្រាប់ អ្នកវិភាគឯករាជ្យ និងអ្នកចម្រើននិយមជាតិម៉ាឡេស៊ី មួយចំនួន គេមិនគួរដាក់បន្ទុក ប្រញាប់ ថ្កោលទោសនិស្សិតថា គ្មានសីលធម៌នោះទេ។ ម្យ៉ាង អ្នកដែលពាក់ព័ន្ធ នៅបណ្តាញ របស់SugarBookសុទ្ធតែមានអាយុ ធំពេញវ័យ អាចសម្រេចចិត្តខ្លួនឯង ដោយគ្មានអ្នកបង្ខំនោះទេ។ អ្នកនយោបាយម៉ាឡេស៊ី ដែលមកពីក្រុមអភិរក្សនិយម គួរតែផ្តោតសំខាន់ទៅលើបញ្ហា រៀបការមុនអាយុ វិញប្រសើរជាង។ តាមអ្នកវិភាគខាងលើ នៅម៉ាឡេស៊ី អ្នកនយោបាយជាច្រើន ធ្វើថ្លង់ ធ្វើគ ស្ពឹកស្រពន់ គ្មានចាត់វិធានការអ្វីទេ នៅចំពោះមុខទំនៀមទម្លាប់ ចាប់បង្ខំក្មេងស្រី ឲ្យរៀបការ នៅមុនអាយុ ១៨ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ