ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​អាមេរិក​អនុម័ត​លើ​កញ្ចប់​ថវិកា​ជំនួយ​របស់​លោក​ចូ បៃដិន​ដែល​មាន​តម្លៃ ១,៩ ទ្រី​លាន​ដុល្លារ

លោកប្រធានាធិបតីចូ បៃដិនបានពិភាក្សាជាមួយអភិបាលរដ្ឋតិចសាស់ ក្នុងពេលធ្វើទស្សនកិច្ចនៅឯមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់នៅ Houston នាថ្ងៃសុក្រទី ២៦ ខែកុម្ភៈឆ្នាំ ២០២១។
លោកប្រធានាធិបតីចូ បៃដិនបានពិភាក្សាជាមួយអភិបាលរដ្ឋតិចសាស់ ក្នុងពេលធ្វើទស្សនកិច្ចនៅឯមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់នៅ Houston នាថ្ងៃសុក្រទី ២៦ ខែកុម្ភៈឆ្នាំ ២០២១។ AP - Patrick Semansky

គម្រោង​ផែនការ​ជួយ​ប្រជាជន​អាមេរិក​ក្នុង​អំឡុង​វិបត្តិ​កូវីដ​របស់​លោក​ប្រធានាធិបតី​ ចូ បៃដិន​ដែល​មាន​តម្លៃ​ ១ ៩០០ ពាន់​លាន​ដុល្លារ​​ ត្រូវ​បាន​អនុម័ត​ដោយ​សភា​តំណាងរាស្រ្ត​អាមេរិក​នៅព្រឹក​ថ្ងៃ​សៅរ៍​ ទី២៧ កុម្ភៈ​។ ចំណែក​ព្រឹទ្ធ​សភា​អាមេរិក​ គ្រោង​នឹង​ពិចារណា​លើ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​លោក​បៃដិន​នេះ​នៅ​សប្តាហ៍​ក្រោយ​។

ផ្សាយពាណិជ្ជកម្ម

រដ្ឋ​សភា​អាមេរិក​ អនុម័ត​លើ​កញ្ចប់​ថវិកា​ជំនួយ​របស់​លោក​ចូ​ បៃដិន

ការ​បោះឆ្នោត​អនុម័ត​របស់​រដ្ឋ​សភា​អាមេរិក​ លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ប្រទេស​ពី​វិបត្តិរបស់​លោក​ចូ បៃដិន​ ក្នុង​ចំនួន​ទឹក​ប្រាក់​ដ៏ច្រើន​សម្បើម​រហូត​ដល់​ ១ ៩០០ ពាន់លាន​ដុល្លារ​ ឬស្មើ ១,៩ ទ្រី​លាន​ដុល្លារគឺជា​ការ​បោះជំហាន​ដ៏​ធំ​មួយ​ក្នុងការ​អនុម័ត​ច្បាប់​អាទិភាព​ដំបូង​ សម្រាប់​រដ្ឋបាល​អាមេរិកថ្មី​។ ជាពិសេស​អនុម័ត​នៅ​ខណៈដែល​ជំងឺ​កូវីដ​ រុញ​ច្រាន​ឲ្យ​ប្រជាជន​អាមេរិក​ជាច្រើននាក់​ធ្លាក់​ក្នុង​វិបត្តិ​ និង​កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់ពី​រដ្ឋ​។

ការ​បោះឆ្នោត​របស់​រដ្ឋសភា​អាមេរិក​នេះ​ ធ្វើឡើងនៅ​ ៤ ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដនៅ​សហរដ្ឋអាមេរិក​បាន​កើន​ដល់​កន្លះ​លាននាក់​ ពោល​គឺ​មាន​លើស​ពី​ចំនួន​ទាហាន​អាមេរិក​ដែលបាន​ស្លាប់​ក្នុង​សម័យសង្រ្គាម​លោក​ទាំង២លើក​ និង​សង្រ្គាម​នៅ​វៀតណាម​បូក​បញ្ចូលគ្នា​ទៅទៀត​។

នៅក្នុង​រដ្ឋសភា​អាមេរិក​ គណបក្ស​ប្រជាធិបតេយ្យ​មាន​អាសនៈ​ លើស​បក្ស​សាធារណៈរដ្ឋ​មិន​ច្រើននោះទេ​ ពោលគឺ​លើស​ប្រមាណ​តែ​ ១០ កៅអី​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ ពួកគេ​អាច​ស្វែងរក​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​លើ​ផែនការ​របស់​លោកចូ បៃដិន​ ក្នុង​ចំនួន​ ២១៩ សំឡេង​ទល់នឹង​ ២១២​ ដែល​ជា​សំឡេងឆ្នោត​បដិសេធ​។

នៅក្នុង​ការបោះឆ្នោតនា​ព្រឹកមិញនេះ​ គ្មាន​សមាជិក​សភាតំណាងរាស្ត្រ​ណាម្នាក់​មកពី​គណបក្ស​សារធារណរដ្ឋ​ បាន​បោះឆ្នោត​គាំទ្រ​ចំពោះ​គម្រោង​ថវិកាស​ង្គ្រោះ​ប្រទេស​របស់​លោកចូ​ បៃដិន​ឡើយ​។ ដោយឡែក​ គួរឲ្យកត់សម្គាល់​ដែរ​ថា​ មាន​អ្នក​ប្រជាធិបតេយ្យ​ចំនួនពីររូប​បាន​សម្រេច​ចូលរួម​ជាមួយ​ក្រុម​អ្នក​សាធារណរដ្ឋ​ បោះឆ្នោត​ប្រឆាំង​នឹង​គម្រោង​ផែនការ​របស់​លោក​បៃដិនដែល​មាន​តម្លៃ​ ១ ៩០០ ពាន់លាន​ដុល្លារ​នេះ​។

ហេតុអី​សភា​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​ បោះឆ្នោត​ប្រឆាំង​នឹង​ផែនការ​ជួយ​សង្គ្រោះ​របស់លោក​ចូ បៃដិន?

គួរ​ជម្រាប​ជូន​ គិតមកទល់នឹងថ្ងៃសៅរ៍​ ទី​ ២៧ កុម្ភៈ​ ឆ្នាំ២០២១​នេះ​ នៅក្នុង​សហរដ្ឋអាមេរិក​ អ្នក​ឆ្លងកូវីដ​មាន​ចំនួន​ជិត​ ៣០ លាននាក់​ ចំណែក​អ្នកស្លាប់វិញ​ កើនឡើង​ដល់ជាង​ ៥ សែន​ ២ ម៉ឺននាក់​។

វិបត្តិកូវីដ​ បានធ្វើឲ្យសេដ្ឋកិច្ចអាមេរិក​ធ្លាក់ក្នុងវិបត្តិ​ ចំនួន​អ្នក​អត់ការងារ​ធ្វើ​កើនឡើង​ ដែល​ជា​ហេតុនាំឲ្យ​ប្រធានាធិបតីថ្មី​របស់​អាមេរិក​ គឺលោក ចូ បៃដិន ចង់​បញ្ចេញឲ្យ​បាន​នូវ​កញ្ចប់​ថវិកា​ជំនួយ​តម្លៃ​រហូត​ដល់​ ១ ៩០០ ពាន់លាន​​ដុល្លារ ដើម្បី​មាន​ថវិកា​គ្រប់គ្រាន់​យកទៅ​ស្តារ​ប្រទេស​និង​ជួយ​សង្គ្រោះ​ប្រជាជនអាមេរិកាំង​ឲ្យអាចងើបដើរចេញពី​វិបត្តិបាន​។

តើមាន​អ្វីខ្លះ​នៅក្នុង​គម្រោង​ផែនការ​ដោះស្រាយ​វិបត្តិ​កូវីដ និង​ស្តារ​សេដ្ឋកិច្ច​របស់​លោក​បៃដិន​?

គួរ​រំឭកជូនឡើងវិញ​បន្តិច​ថា​ កញ្ចប់ថវិកា​ថ្មីនេះ​រួមមាន​៖ ការ​ផ្តល់​ជំនួយ​ដោយផ្ទាល់​ដល់​អាជីវកម្ម​ខ្នាតតូច​ ការ​ជួយ​ជា​ប្រាក់​ចំនួន​ ១ ៤០០ ដុល្លារ ដល់​ប្រជាជន​អាមេរិក​ទាំងឡាយណា​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​តិចជាង​ ៧ម៉ឺន​ ៥ ពាន់​។ ផ្តល់​ថវិកា​សម្រាប់​សាលារៀន​ និង​ថវិកាជាច្រើន​សម្រាប់​ការ​ចែកចាយ​វ៉ាក់សាំង​ និងចុងក្រោយ​ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​សហព័ន្ធ​ទ្វេដង​រហូត​ដល់ ១៥ ដុល្លារ​ក្នុង​មួយ​ម៉ោង​។

លោកចូ បៃដិន​ បាន​គូសបញ្ជាក់ថា​ កញ្ចប់ថវិ​កាជំនួយនេះ​ គឺជា​មធ្យោបាយ​មួយ​ដែល​អាច​ជួយ​ប្រជាជនអាមេរិកាំង​ក្នុងអំឡុងវិបត្តិកូវីដ​។ ក៏ប៉ុន្តែ​ ក្រុមអ្នកសាធារណរដ្ឋ​ និយាយថា​ គម្រោង​កញ្ចប់​ថវិកា​របស់​លោកបៃដិន​ មានទំហំ​ធំ​ខ្លាំងណាស់​ និង​មិនចាំបាច់​ ត្រូវ​ចាត់​ចូល​ជា​ចំណុច​អាទិភាព​ពេក​ឡើយ​។

ហេតុអ្វី​ក្រុមអ្នក​សារធារណរដ្ឋ​យល់​ថា​ ផែនការ​របស់​លោកបៃដិន​មិន​គួរ​ចាត់ចូល​ជាចំណុច​អាទិភាពពេក​?

គេគួរដឹងថា​ ផែនការ​ស្តារ​ប្រទេស​ពី​វិបត្តិ​របស់​លោកចូ បៃ ដិន​នេះ ​គឺជា​គម្រោង​កញ្ចប់​ថវិកាធំ​ទី​២ ​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ដ៏​សាហាវ​របស់​ជំងឺកូវីដ​។ ហើយ​តាមពិតទៅ​ គម្រោងផែនការ​របស់​លោកបៃដិន​ មិនច្រើនដល់​ កញ្ចប់​ថវិកា​ជួយ​សេដ្ឋកិច្ចក្នុង​ជំនាន់ដឹកនាំ​របស់​លោកត្រាំ​កាលពីខែមីនា​ ឆ្នាំ ២០២០​ ឡើយ​។ កាលណោះ​ទំហំទឹកប្រាក់​មាន​ចំនួនរហូតដល់​ ២ ០០០ ពាន់លានដុល្លារ​។

ដោយសារតែ​ កញ្ចប់​ថវិកាស​ម្រាប់ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ និង​វិបត្តិ​សុខាភិបាល​ ធ្លាប់ត្រូវ​បាន​អនុម័ត​ម្តងរួចមកហើយ​ ហេតុដូចនេះ​ទើប ខាង​សមាជិក​សភា​តំណាងរាស្ត្រ​ មកពី​គណបក្សសាធារណរដ្ឋ​ យល់ថា​វាមិនមែនជារឿង​ចាំបាច់​ទៀតនោះទេ​ ដែលត្រូវទៅ​អនុម័ត​លើ​កញ្ចប់ថវិកា​របស់​លោកចូ បៃដិន​។

ម្យ៉ាង​ការដែល​ក្រុម​អ្នកសារធារណរដ្ឋ​ជំទាស់​នឹង​គម្រោង​ផែនការ​របស់លោក​បៃដិននេះ​ក៏ព្រោះពួក​គេ​មិន​ចង់ឲ្យ​ចំនួន​ប្រាក់បំ​ណុល​អាមេរិក ​កើនឡើង​បន្ថែមទៀត​ទៅក្នុង​បំណុល​ចាស់​ដែល​មាន​ចំនួន​ច្រើនស្រាប់ទៅហើយ​។

យ៉ាងណាក៏ដោយ​ ព្រឹទ្ធសភាអាមេរិក​គឺជា​អ្នកចុងក្រោយ​ដែល​មាន​សិទ្ធិសម្រេច​ថា​ គួរ ឬ​មិនគួរ​អនុម័តលើ​ផែនការ​សេដ្ឋកិច្ច​របស់​លោកចូ បៃដិន​ ហើយតាម​ការ​គ្រោងទុក​ ព្រឹទ្ធ​សភា​អាមេរិក​នឹង​ពិចារណា​ បោះឆ្នោត​សម្រេចលើ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់លោក​បៃដិននេះ​នៅ​សប្តាហ៍ក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI