ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែលចោទអ៊ីរ៉ង់ពីបទវាយប្រហារលើនាវាស៊ីវិលអ៊ីស្រាអែល តែអ៊ីរ៉ង់បានបដិសេធ

សំឡេង ០៥:៣៥
Foto tirada em 14 de agosto de 2020, mostra o navio de carga Helios Ray, de propriedade israelense visto no Porto de Chiba, em Chiba, Japão.
Foto tirada em 14 de agosto de 2020, mostra o navio de carga Helios Ray, de propriedade israelense visto no Porto de Chiba, em Chiba, Japão. AP - Katsumi Yamamoto

នៅ​ថ្ងៃ​ចន្ទ ទី១ មីនា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ព្រមាន​វាយប្រហារ​អ៊ីរ៉ង់​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ ការ​ព្រមាន​របស់​លោក​នេតាន់យ៉ាហ៊ូ​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​វាយប្រហារ​លើ​នាវា​អ៊ីស្រាអែល​ដឹកទំនិញ​មួយ​នៅ​ក្នុង​សមុទ្រពែក្ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ កុម្ភៈ​កន្លង​ទៅ។ ព្រឹត្តិការណ៍​វាយប្រហារ​នោះ​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​ចង្អុល​មុខ​អ៊ីរ៉ង់។ តែ​អ៊ីរ៉ង់​បាន​ឆ្លើយ​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​នេះ។ តើ​ការ​ពិត​នៅ​ត្រង់​ណា និង​ថា តើ​ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ​អាច​ជំរុញ​ឲ្យ​គូសត្រូវ​ស៊ូពូជ​ស៊ីសាច់ ហុតឈាម​ទាំង​ពីរ​អ៊ីស្រាអែល និង​អ៊ីរ៉ង់​ផ្ទុះ​សង្រ្គាម​នឹង​គ្នា​ដែរ ឬ​ទេ?។

ផ្សាយពាណិជ្ជកម្ម

នាវា​អ៊ីស្រាអែល​ដែល​រង​ការ​វាយប្រហារ​នៅ​ក្នុង​ឈូង​សមុទ្រពែក្ស​ក្នុង​ថ្ងៃទី២៦ កុម្ភៈ​មាន​ឈ្មោះ « Helios-Ray » និង​មាន​ដោត​ទង់ជាតិ​នៃ​ប្រទេស​បាហាម៉ា។ អ្វី​ដែល​គេ​បាន​ដឹង « Helios-Ray » មាន​ដឹកទំនិញ​ជា​រថយន្ត​ដោយ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​កំពង់ផែ​នៃ​ប្រទេស​សិង្ហបុរី​ទៅ​កាន់​កំពង់ផែ​ដាមម៉ាម​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ នៅ​ពេល​រង​ការ​វាយប្រហារ នាវា​ដែល​បាន​ទម្លាក់​ទំនិញ​រួចរាល់​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​សិង្ហបុរី​វិញ។ អ្វី​ដែល​គេ​បាន​ដឹង​បន្ត​ទៀត នាវា​បាន​រង​ការ​ខូចខាត​បន្តិចបន្តួច ហើយ​បុគ្គលិក​ទាំង ២៨នាក់​ដែល​បម្រើការ​នៅ​ក្នុង​នាវា​បាន​រួច​ជីវិត​ទាំង​អស់​គ្នា​សូម្បី​តែ​របួស​ក៏​គ្មាន​ដែរ។ បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន​អ៊ីស្រាអែល ការ​វាយប្រហារ​នេះ​ហាក់​មាន​ការ​រៀបចំ​ទុក​មុន និង​បញ្ជៀស​ការ​ខូចខាត​ទ្រង់ទ្រាញ​ធំ។

តែ​​អ្វី​ដែល​គេ​នៅ​មិន​ទាន់​បាន​ដឹង តើ​នាវា​នោះ​បាន​រង​ការ​វាយប្រហារ​ដោយ​អ្វី​ទៅ ដោយ​គ្រាប់មីស៊ីល ឬ​មួយ​ដោយ​គ្រាន់មីន​ដែល​ដាក់​បង្កៃ​ជាប់​នឹង​បាត​នាវា និង​ថា តើ​ការ​វាយប្រហារ​លើ​នាវា​នោះ​ជា​ស្នាដៃ​របស់​អ្នក​ណា?។ សម្រាប់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ លោក​មិន​ញញើត​នឹង​ចោទ​អ៊ីរ៉ង់​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​លើ​នាវា​នោះ​ទេ។ « វា​ច្បាស់​ណាស់​ថា គឺ​ជា​ទង្វើ​របស់​អ៊ីរ៉ង់។ ហើយ​ទាក់ទង​នឹង​ការ​ឆ្លើយតប​របស់​ខ្ញុំ​វិញ អស់​លោក​ស្គាល់​នយោបាយ​របស់​ខ្ញុំ​ហើយ។ អ៊ីរ៉ង់​ជា​សត្រូវ​ដ៏​ធំ​របស់​អ៊ីស្រាអែល ហើយ​យើង​នឹង​វាយប្រហារ​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​នៅ​ក្នុង​តំបន់ » នេះ​ជា​សេចក្តីថ្លែង​របស់​លោក​នេតាន់យ៉ាហ៊ូ​នា​បទសម្ភាសន៍​មួយ​តាម​វិទ្យុ។

អ៊ីរ៉ង់​តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ឆ្លើយ​បក​វិញ​ភ្លាមៗ​ដោយ​គ្រាន់​តែ​ច្រាល​ចោល​យ៉ាង​ដាច់​អហង្ការ​លើ​ការ​ចោទ​ប្រកាន់​របស់​លោក​នេតាន់យ៉ាហ៊ូ។ តែ​បើ​គេ​ជឿ​លើ​កាសែត​ប្រចាំថ្ងៃ​របស់​ក្រុម​អ្នកអភិរក្សនិយមជ្រុល​អ៊ីរ៉ង់​ឈ្មោះ Kayhan ដែល​រូប​ចាងហ្វាង​កាសែត​នេះ​ត្រូវ​បាន​តែងតាំង​ដោយ​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី ការ​វាយប្រហារ​លើ​នាវាស៊ីវិល​អ៊ីស្រាអែល​ជា​ស្នាដៃ​របស់​ក្រុម​អ្នក​តស៊ូ​ក្នុង​តំបន់ មាន​ន័យ​ថា ជា​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អ៊ីរ៉ង់។ តាម​កាសែត Kayhan ដែល​បាន​ស្រង់​សម្តី​ក្រុម​អ្នកជំនាញ​យោធា​អ៊ីរ៉ង់ នាវា​អ៊ីស្រាអែល « Helios-Ray » បាន​ស៊ើបការណ៍ ហើយ​បាន​ប្រមូល​ព័ត៌មាន​នៅ​ឈូងសមុទ្រពែក្ស និង​សមុទ្រ​អូម៉ង់។ តាម​រយៈ​សំណេរ​របស់​កាសែត​អ៊ីរ៉ង់​មួយ​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា អ៊ីរ៉ង់​មិនមែន​ជា​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ដៃ​ទេ តែ​ជា​អ្នក​នៅ​ពី​ក្រោយ​ដោយ​ខ្ចី​ដៃ​អ្នក​ផ្សេង​ឲ្យ​ធ្វើ​ជំនួស​ខ្លួន។

មែនទែន​ទៅ នេះ​មិនមែន​ជា​លើកទី១ ដែល​មាន​នាវា​ស៊ីវិល​អ៊ីស្រាអែល​ដោត​ទង់ជាតិ​បរទេស​បាន​រង​ការ​វាយប្រហារ​នៅ​ក្នុង​ឈូងសមុទ្រ​ពែក្ស​ទេ ហើយ​នេះ​ក៏​មិនមែន​ជា​លើកទី១ ដែល​អ៊ីស្រាអែល​បាន​ចង្អុល​មុខ​អ៊ីរ៉ង់​ដែរ។ មួយ​វិញ​ទៀត អ៊ីស្រាអែល​ក៏​បាន​រង់ចាំ​ការ​វាយប្រហារ​របៀប​នេះ​ពី​អ៊ីរ៉ង់​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក ពោល​តាំង​ពី​ក្រោយ​ឃាតកម្ម​សម្លាប់​អ្នកជំនាញ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ម្នាក់​ក្នុង​ទឹកដី​អ៊ីរ៉ង់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០។ ឃាតកម្ម​កាល​ណោះ​ត្រូវ​បាន​អ៊ីរ៉ង់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អ៊ីស្រាអែល។ មាន​ការ​កត់សម្គាល់​ឃើញ​ថា ការ​វាយប្រហារ​លើ​នាវា​អ៊ីស្រាអែល « Helios-Ray » ពេល​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​បច្ចុប្បន្នភាព​ចំនួន​ពីរ ទី១ ក្នុង​ពេល​ដែល​អ៊ីស្រាអែល​ត្រៀម​រៀប​ចំ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី២៣ មីនា​ខាង​មុខ និង​ទី២ ចំ​ពេល​ដែល​សហគមន៍អន្តរជាតិ និង​អ៊ីរ៉ង់​កំពុង​ជជែក​គ្នា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

ពី​ខាង​អ៊ីស្រាអែល នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​បាត់បង់​ប្រជាប្រិយភាព​ដោយសារ​រឿង​អាស្រូវ​ពុករលួយ​អាច​ប្រើ​ព្រឹត្តិការណ៍​ប្រឈម​មុខ​ដាក់​អ៊ីរ៉ង់​មួយ​នេះ​ជា​ប្រធានបទក្តៅ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។ នៅ​លើ​ឆាក​អន្តរជាតិ លោក​នេតាន់យ៉ាហ៊ូ​ចង់​រម្លឹក​ប្រាប់​ពិភពលោក ពិសេស​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​ថា ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់​មិន​មាន​ត្រឹម​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ការ​សាប​ព្រោះ​នូវ​អំពើ​ភេរវកម្ម​ដោយ​ការ​វាយប្រហារ​លើ​ផ្ទាំងស៊ីប​ស៊ីវិល​ដែរ។ អ្វី​ដែល​អ៊ីស្រាអែល​បារម្ភ គឺ​ខ្លាច​រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន​បន្ទន់​ជំហរ​ជាមួយ​អ៊ីរ៉ង់ ខណៈ​ដែល​រដ្ឋបាល​អាមេរិក​ជំនាន់​លោក​ត្រាំ​បាន​ដំឡើង​សាច់ដុំ​ដាក់​អ៊ីរ៉ង់​ដោយ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។

ពី​ខាង​អ៊ីរ៉ង់​វិញ ទីក្រុង​តេហេរ៉ង់​កំពុង​បង្កើន​ឥទ្ធិពល​ដើម្បី​មាន​ប្រៀប​នៅ​ក្នុង​ការ​ជជែក និង​ដាក់​គំនាប​លើ​រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន​ឲ្យ​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​ឡើង​វិញ និង​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំង​អស់​ចេញ​ពី​អ៊ីរ៉ង់។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ព្រឹត្តិការណ៍​វាយប្រហារ​លើ​នាវា​អ៊ីស្រាអែល « Helios-Ray » ពេល​នេះ​នឹង​អាច​ផ្តល់​ប្រយោជន៍​ឲ្យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ និង​អ៊ីរ៉ង់​បាន​កម្រិត​ណា​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ព្រឹត្តិការណ៍​ច្រំដែល​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ូពូជ​គ្នា​នឹង​ឡើង​តានតឹង​មួយ​កម្រិត​ទៀត ហើយ​ការ​សងសឹក​ត្រូវ​តែ​មាន​ដោយ​ចៀស​មិន​រួច ទោះ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI