ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សម្តេចប៉ាបហ្រ្វង់ស័រ៖សហគមន៍សាសនាកាតូលិកនៅតំបន់មជ្ឈិមបូព៌ាមិនត្រូវអស់សង្ឃឹមទេ

សំឡេង ០៥:២៩
ប្រមុខ​សង្ឃកាតូលិក​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​
ប្រមុខ​សង្ឃកាតូលិក​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​ AP - Hadi Mizban

ប្រមុខ​សង្ឃកាតូលិក​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​បាន​បិទបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នា​ថ្ងៃ​អាទិត្យ ទី៧ មីនា។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទី៣៣ របស់​ប្រមុខ​សង្ឃកាតូលិក​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់ និង​ជា​លើកទី១ សម្រាប់​សម្តេច​ប៉ាប​ហ្រ្វង់ស័រ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មួយ​ចំនួន​របស់​គ្រិស្តសាសនិកជន និង​បាន​ជួប​សន្ទនា​ជាមួយ​ប្រមុខ​សាសនាអ៊ីស្លាម​និកាយ​ឈីអ៊ីត​ដ៏​សំខាន់​ជាង​គេ​ក្នុង​លោក។ វត្តមាន​របស់​ប្រមុខ​សង្ឃកាតូលិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​ធ្វើ​ឡើង ខណៈ​ដែល​សហគមន៍​កាតូលិក​ក្នុង​ប្រទេស​អ៊ីស្លាម​មួយ​នេះ​បាន​រងគ្រោះ​យ៉ាង​ខ្លាំង។ អ្វី​ទៅ​ជា​ស្ថានភាព​របស់​អ្នក​កាន់​សាសនា​កាតូលិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់?។

ផ្សាយពាណិជ្ជកម្ម

ចប់​ហើយ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​ប្រមុខ​សង្ឃកាតូលិក​សម្តេចប៉ាប​ហ្វ្រង់ស័រ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ គឺ​ជា​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ព្រះអង្គ​បាន​រង់ចាំ​អស់​រយៈពេល ៦ឆ្នាំ​មក​ហើយ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​របស់​សម្តេចប៉ាប​ហ្រ្វង់ស័រ​លើ​ទឹកដី​អ៊ីរ៉ាក់​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ស្ថានភាព​របស់​សហគមន៍​អ្នកកាន់សាសនា​កាតូលិក​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និយាយ​ជា​រួម និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និយាយ​ដោយឡែក​បាន​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង។ ពិតណាស់ អ៊ីរ៉ាក់​ជា​ប្រទេស​អ៊ីស្លាមនិកាយឈីអ៊ីត តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ប្រទេស​អ៊ីស្លាម​មួយ​នេះ​ក៏​មាន​រស់នៅ​ដោយ​អ្នកកាន់​សាសនា​ផ្សេង​ទៀត​ដែរ ដូច​យ៉ាង​សាសនា​កាតូលិក សាសនា​យេហ្ស៊ីឌីស ឬ​មួយ​ក៏​សាសនា​កាកាអ៊ីស។

បើ​គេ​និយាយ​ពី​សហគមន៍​សាសនាកាតូលិក​តែ​មួយ មាន​សម័យកាល​ចំនួន​ពីរ​ដែល​សហគមន៍​សាសនា​មួយ​នេះ​បាន​ឆ្លង​កាត់​យ៉ាង​វេទនា​ជាទីបំផុត ទី១ សម័យកាល​សង្រ្គាម​បង្ក​ឡើង​ដោយ​សហរដ្ឋអាមេរិក និង​ទី២ គឺ​សម័យកាល​នៃ​ការ​ចាប់​កំណើត​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ប៉ែកខាងជើង និង​ខាង​លិច​ប្រទេស។ នៅ​មុន​ឆ្នាំ ២០០៣ ដែល​ជា​ឆ្នាំ​នៃ​ការ​វាយប្រហារ​របស់​ទ័ពអាមេរិក​លើ​អ៊ីរ៉ាក់​ដើម្បី​ទម្លាក់​របបផ្តាច់ការ​សាដាំ ហ៊ូសេន ចំនួន​អ្នកកាន់​សាសនា​កាតូលិក​នៅ​អ៊ីរ៉ាក់​មាន​ប្រមាណ​ពី ១ ២០០ ០០០ ទៅ ១ ៥០០ ០០០នាក់។ តែ​សព្វថ្ងៃ​នេះ ចំនួន​អ្នកកាន់​សាសនា​កាតូលិក​នៅ​សល់​ប្រមាណ​​ពី ៣០០ ០០០ ទៅ ៥០០ ០០០នាក់​ប៉ុណ្ណោះ ពោល​ស្មើ​នឹង ១% នៃ​ចំនួន​ពលរដ្ឋ​អ៊ីរ៉ាក់​សរុប។ ឃើញ​ថា​ក្នុង​រយៈពេល​មិន​ដល់ ២០ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​អ្នក​កាន់​សាសនា​កាតូលិក​នៅ​អ៊ីរ៉ាក់​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។

សហគមន៍​សាសនា​កាតូលិក​ជា​ផ្ទាំងស៊ីប​នៃ​សង្រ្គាម និង​អំពើហិង្សា​ដែល​អ៊ីរ៉ាក់​បាន​ឆ្លង​កាត់​ជិត ២ទសវត្ស​កន្លង​ទៅ។ ចាប់​ពី​ឆ្នាំ ២០០៣ មាន​មន្រ្តីសង្ឃ​កាតូលិក​ជា​ច្រើន​អង្គ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​មាន​អង្គ​ខ្លះ​ទទួល​បាន​ការ​ដោះលែង​ជា​ថ្នូរ​នឹង​ការ​បង់ប្រាក់​យ៉ាង​ច្រើន​សម្បើម និង​អង្គ​ខ្លះ​ទៀត​បាន​រក​ឃើញ​ស្លាប់​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ការ​ចាប់​ខ្លួន។ ក្រៅ​ពី​ការ​ចាប់ខ្លួន​ទារប្រាក់ និង​សម្លាប់​មន្រ្តីសង្ឃ​កាតូលិក វិហារ​កាតូលិក និង​ហាងទំនិញ​របស់​អ្នកកាន់​សាសនា​កាតូលិក​សឹង​ទាំង​អស់​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ដោយ​ភេវរកម្ម។ ប្រឈម​នឹង​ការ​វាយប្រហារ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ អ្នក​កាន់សាសនា​កាតូលិក​ខ្លះ​បាន​ភៀសខ្លួន​ទៅ​ជ្រក​កន្លែង​ផ្សេង និង​ខ្លះ​ទៀត​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​តែ​ម្តង។

ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​សាសនា​កាតូលិក​នៅ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន គឺ​ព្រឹត្តិការណ៍​ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ ២០១០។ ក្នុង​ថ្ងៃ​នោះ កម្ម៉ង់ដូ​ម្នាក់​របស់​អង្គការ​ភេរវនិយម​អាល់កៃដា​បាន​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​ក្នុង​វិហារ​កាតូលិក​មួយ​ក្នុង​ទីក្រុង​បាកដាដ។ នៅ​ពេល​កម្លាំង​ប៉ូលិស​អ៊ីរ៉ាក់​បាន​ចូលខ្លួន​អន្តរាគមន៍ មាន​ចំណាប់ខ្មាំង​ដែល​ជា​គ្រិស្តសាសនិកជន​ចំនួន ៤៨នាក់​ត្រូវ​បាន​កម្ម៉ង់ដូ​អាល់កៃដា​បាញ់សម្លាប់ មុន​នឹង​រូប​គេ​ត្រូវ​បាន​កម្លាំងប៉ូលិស​អ៊ីរ៉ាក់​បាញ់​សម្លាប់។ គឺ​ទើប​ចាប់​ពី​ឆ្នាំ ២០១២ ដែល​ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង​ហាក់​បាន​ចាប់​ផ្តើម​គ្រាន់​បើ​បន្តិច។ តែ​នៅ​ឆ្នាំ ២០១៤ និង​ក្នុង​ពេល​ដែល​អ៊ីរ៉ាក់​កំពុង​បន្ត​គំរាមកំហែង​ដោយ​ពួក​អាល់កៃដា ស្រាប់​តែ​មាន​លេច​ឡើង​នូវ​អង្គការ​ភេរវនិយម​ថ្មី​មួយ​ទៀត​ដែល​គេ​ស្គាល់​ឈ្មោះ « អង្គការ​រដ្ឋអ៊ីស្លាម »នៅ​ប៉ែកខាងជើង និង​ប៉ែកខាងលិច។

គឺ​នៅ​ពេល​នោះ​ហើយ​ដែល​សហគមន៍​សាសនា​កាតូលិក​បាន​ទទួល​រង​ការ​ធ្វើ​ទុកបុកម្នេញ​ជា​បន្ត​​ទៀត។ នៅ​ពេល​ដែល​ទីក្រុង​ម៉ូស៊ូល​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៤ ពួកជីហាត​អង្គការ​ភេរវនិយម​មួយ​នេះ​បាន​ឲ្យ​អ្នកកាន់​សាសនា​កាតូលិក​ជ្រើស​យក​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ចំនួន ៣ ទី១ ប្តូរ​ជំនឿ​សាសនា ទី២ បង់ពន្ធពិសេស និង​ទី៣ ចាកចេញ។ នៅ​ទីបំផុត គឺ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ទេ​តើ​ដែល​ជា​អ្នក​សម្រេចិត្ត​ជំនួស​អ្នកកាន់​សាសនា​កាតូលិក​ដោយ​បាន​បណ្តេញ​ពួក​គេ និង​រឹបអូស​យក​ផ្ទះសម្បែង។ វិធានការ​ធ្វើ​បាប​អ្នកកាន់​សាសនា​កាតូលិក​ក៏​បាន​បន្ត​មាន​នៅ​ទីកន្លែង​ផ្សេង​ទៀត​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម។

តែ​អ្វី​ដែល​សង្រ្គាម និង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បន្សល់​ទុក​សម្រាប់​អ្នក​កាន់​សាសនា​កាតូលិក​ពេល​នេះ គឺ​វិហារ​របស់​គេ​ដែល​នៅ​សល់​តែ​គំនរ​ថ្ម​បាក់បែក ឬ​មួយ​ក៏​វិហារ​ដែល​នៅ​សល់​តែ​សសរ​ជា​ដើម។ គឺ​នៅ​ទីតាំង​ទាំង​អស់​នោះ​ហើយ​ដែល​ប្រមុខ​សង្ឃកាតូលិក​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​បាន​ទៅ​បំពេញ​ទស្សនកិច្ច ពិសេស​រៀបចំ​ពិធី​សូត្រធម៌​នា​ថ្ងៃ​ទស្សនកិច្ច​ចុង​ក្រោយ​នៅ​ស្រុក​ការ៉ាកូស​ដែល​ជា​ស្រុក​ដែល​មាន​អ្នកកាន់​សាសនា​កាតូលិក​រស់នៅ​ច្រើន​ជាង​គេ។ សារ​ដែល​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​បាន​មាន​បន្ទូល​យ៉ាង​ទទូច គឺ​អំពាវនាវ​ឲ្យ​មាន​ការ​អត់ឱន មាន​សន្តិភាព និង​មាន​យុត្តិធម៌ រួម​ទាំង​ស្នើ​ដល់​អ្នក​កាន់​សាសនា​កាតូលិក​នៅ​មជ្ឈិមបូព៌ា​ទាំង​អស់​កុំ​ឲ្យ​អស់​សង្ឃឹម។

អ្វី​ដែល​សម្តេចប៉ាប​ចង់​បាន និង​ចង់​ឃើញ​សម្រាប់​អនាគត​ប្រទេស​អ៊ីរ៉ាក់ គឺ​ការ​រួមរស់​ជាមួយ​គ្នា​ក្នុង​សន្តិភាព​រវាង​ពលរដ្ឋ​មក​ពី​គ្រប់​សាសនា​ទាំង​អស់។ សម្តេច​ប៉ាប​បាន​យល់​ឃើញ​ថា សម្លេង​របស់​សហគមន៍​សាសនា​កាតូលិក​ជា​សម្លេង​ភាគតិច​នៅ​អ៊ីរ៉ាក់​មែន តែ​ជា​សម្លេង​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​អនាគត​របស់​ប្រទេស​នេះ និង​សម្រាប់​តំបន់​មជ្ឈិមបូព៌ា​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI