ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ីរី៖ សង្គ្រាម​បង្ហូរ​ឈាម​​១០ឆ្នាំ​ដោយ​គ្មាន​ន័យ​ ខណៈ​បាស្ហារ អាល់​អាសាដ ក្តាប់​អំណាច​កាន់តែ​រឹងមាំ

សំឡេង ០៦:៥៦
បាស្ហា អាល់អាសាដ ចាប់រលាក់ដៃក្នុងទឹកមុខញញឹម ជាមួយ​លោក​ពូទីន​ ប្រធានាធិបតីរុស្ស៊ី ដែលជាអ្នកមានគុណមួយ​ដ៏ធំ​ ក្នុងការ​ការពារអំណាច។ ក្រុងសូឈីល ថ្ងៃទី ១៧ ឧសភា ២០១៨
បាស្ហា អាល់អាសាដ ចាប់រលាក់ដៃក្នុងទឹកមុខញញឹម ជាមួយ​លោក​ពូទីន​ ប្រធានាធិបតីរុស្ស៊ី ដែលជាអ្នកមានគុណមួយ​ដ៏ធំ​ ក្នុងការ​ការពារអំណាច។ ក្រុងសូឈីល ថ្ងៃទី ១៧ ឧសភា ២០១៨ AP - Mikhail Klimentyev

ចលនា​បះបោ​រ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្តាច់ការស៊ីរី បាន​ចាប់ផ្តើម​ផ្ទុះឡើង កាលពីខែមីនាឆ្នាំ​២០១១។ សង្រ្គាម​បង្ហូរឈាម​ អស់រយៈពេល​ប្រមាណ​១០ឆ្នាំមកនេះ ហាក់ដូចជាគ្មានន័យអ្វី​​សោះ។ ជីវិតប្រជាជនស៊ីរីរាប់ម៉ឺននាក់បានស្លាប់ ជាច្រើនលាននាក់ ត្រូវរត់ភៀសខ្លួន ទីក្រុង និងសម្បត្តិ​បិតិកភណ្ឌ​​វប្បធម៌ស៊ីរី​ទៀតសោត ក៏ត្រូវបាន​បំផ្លេចបំផ្លាញ សឹងអស់គ្មានសល់។​ បើទោះ​ជា​មាន​ព្យុះ​មានភ្លៀង និង​កា​រតវ៉ា​រិះគន់​យ៉ាងណា មេដឹកនាំផ្តាច់ការស៊ីរី បាស្ហារ អាល់អាសាដ នៅតែ​បន្តមានៈ ក្តោបក្តាប់​អំណាច​យ៉ាង​តឹង​ណែន រហូត​មក​ទល់​ ដល់​សព្វថ្ងៃនេះ។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យ​​ បាស្ហារ អាល់អាសាដ អាចបន្តកាន់អំណាចនៅ​ស៊ីរី ​ទាំង​ដែលមាន​បាតដៃ​ប្រលាក់ឈាម​យ៉ាងដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

ពេលនេះម៉ោងនេះ កាលពី១០ឆ្នាំមុន ជោគវាសនាអនាគតនយោបាយ របស់​បាស្ហារ អាល់អាសាដ បានប្រឈមនឹងគ្រោះ​ថ្នាក់បំផុត ដោយសារតែចលនា​បដិវដ្ត របស់​ប្រជាជននៅតាម​ប្រទេសអារ៉ាប់ ។​​​ នៅ​លីប៊ី ទុយណេស៊ី អេហ្ស៊ីប របបដឹកនាំ​ផ្តាច់ការ បានដួលរលំជាបន្តបន្ទាប់ ក្រោម​សម្រែកនិងបាតុកម្មរបស់ប្រជាជន។ ក្នុងសន្ទុះនេះ បដិវត្ដរបស់​ប្រជាជនស៊ីរី ដើម្បី​ទាមទារសិទ្ធិសេរីភាព និង​​លទ្ធិប្រជាធិបតេយ្យ ក៏បានផុសផុលឡើងដែរ​ នៅរវាងខែមីនា ឆ្នាំ​២០១១។

បដិវត្តនេះ បានប្រែក្លាយ​ជាសង្គ្រាមស៊ីវីល លាយឡំដោយ​​ក្រុមភេរវកម្មអ៊ីស្លាមជ្រុលនិយម និងអន្តរាគមន៍ទ័ពបរទេស អូសបន្លាយ​ជិត​១០ឆ្នាំ ទំរាំ​តែបានស្ងប់ទៅវិញ។ តែទីបំផុត មេដឹកនាំផ្តាច់ការបាស្ហារ អាល់អាសាដ នៅតែមានវត្តមាន ​លើកំពូលអំណាចនយោបាយ​ស៊ីរីដដែល។ ការអាច​បន្ត​ក្តោបក្តាប់អំណាចនេះ គឺ​​ជាលទ្ធផល​នៃភាពមានៈ ក្រាញននាល របស់បុគ្គលបាស្ហារ អាល់អាសាដ នឹងរួមផ្សំដោយ​កត្តាផ្សេងៗទៀត ដែល​បាស្ហារ អាល់អាសាដ ចេះ​ឆក់ឱកាស លេងស្នៀត អូសក្រឡាអុក បោះជំហាន រំលងគ្រោះថ្នាក់ម្តងមួយៗ។

រុស្ស៊ី អ្នកមានគុណធំ

នៅរវាង​ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាស្ហារ អាល់អាសាដ បានបាត់បងទឹកដី​កាន់កាប់ សឹងតែ​៧០%ទៅហើយ បន្ទាប់ពី​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានឆក់ឱកាស ពង្រីនដែនដី​របស់ពួកវា នៅចន្លោះ ស៊ីរី និងអ៊ីរ៉ាក់។ គឺពេលនោះហើយ ដែល​បាស្ហារ អាល់អាសាដ បា​នទៅ​ពឹង​រុស្ស៊ី ឲ្យ​បញ្ជូនទ័ពមកជួយ​។ អន្តរាគមន៍របស់កងទ័ពរុស្ស៊ី នៅខែ​កញ្ញា ឆ្នាំ​២០១៥ គឺជា​ជំនួយ​ដ៏សំខាន់ ដើម្បី​ឲ្យ​របបដឹកនាំស៊ីរី បានស្ទុះមានកម្លាំងឡើងវិញ។

បច្ចុប្បន្ននេះ ទឹកដីស៊ីរីសឹងទាំងមូល បានត្រលប់មកស្ថិតក្នុងកណ្តាប់ដៃរបស់​កងទ័ពស៊ីរីវិញ លើកលែងតែផ្នែកខ្លះ​ នៅតំបន់ Idleb នៅភាគឥសាន្ត ដែល​ស្ថិតក្រោម​ការកាន់កាប់របស់​ជីហាត។ សង្រ្គាម​១០ឆ្នាំនេះ បានផ្តាច់ជីវិតមនុស្ស​ប្រមាណ​៣៩ម៉ឺននាក់ ហើយ​ក្នុងចំណោម​ប្រជាជនស៊ីរី សរុបប្រមាណ​២០លាននាក់ គឺមាន​ជាងពាក់កណ្តាល ដែលបាន​រត់ភៀសខ្លួន។​ សេដ្ឋកិច្ច​ស៊ីរី ត្រូវដួលរលំទាំងស្រុង ប្រជាជនរស់នៅក្នុង​ភាពក្រីក្របំផុត។

កងទ័ពស៊ីរីស្មោះស្ម័គ្រ

គួរកត់សំគាល់ដែរថា កងទ័ពស៊ីរី គឺជាបង្អែកមួយដ៏សំខាន់ ដែលទប់អំណាចរបស់​បាស្ហារ អាល់អាសាដ។​ ខុសពី​នៅលីប៊ី នៅអេហ្ស៊ីប ឬទុយណេស៊ី​ ដែលកងទ័ព​បាន​រំសាយ​ជួរ បោះបង់ចោលមេដឹកនាំផ្តាច់ការ នៅស៊ីរីវិញ កងទ័ព​បាន​បន្ត​ស្មោះស្ម័គ្រជាមួយ​បាឆាអាល់អាសាដ ទោះមាន​រឿងអ្វីក៏ដោយ។ នេះបើផ្អែកតាម​ការពន្យល់ របស់លោក Thomas Pierret អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សា​ពិភព​អារ៉ាប់។ លោកអះអាងថា មេដឹកនាំធំៗ ចំនួន​ប្រមាណ​៨០% នៃកងទ័ព​ជាតិស៊ីរី គឺជាក្រុម​អ្នកកាន់សាសនាអ៊ីស្លាម​និកាយ​ អាឡាវីត ដូចគ្នាទៅនឹង​ក្រុមគ្រួសារ បក្សពួករបស់​បាស្ហារ អាល់អាសាដ។ និកាយអ៊ីស្លាមនេះ ជាមែកធាងមួយ​ក្នុងនិកាយ​អ៊ីស្លាមឈីអ៊ីត ហើយវាក៏ជាហេតុផលមួយដែរ ដែលអ៊ីរ៉ង់បន្តលាក់ខ្លួន​ជួយរបបបាស្ហារ អាល់អាសាដ ព្រោះអ៊ីរ៉ង់​ គឺ​ជាមេឥទ្ធិពលធំ នៃអ៊ីស្លាមឈីអ៊ីត។

មហាអំណាចលោកខាងលិច មិនហ៊ានលូកដៃ

ភាពចលាចលនយោបាយ អស្ថិរភាពបង្កឡើង ដោយ​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ក៏ជាកត្តាមួយ​​ ធ្វើឲ្យ​ប្រជាជនស៊ីរីទូទៅ មានការភ័យខ្លាច មិនថាក្នុងចំណោមសហគមន​៍​អ៊ីស្លាមស៊ូនិត​កណ្តាលនិយម សហគមន៍អ៊ីស្លាមអាឡាវីត និង​ក្រុមអ្នកកាន់សាសនាគ្រិស្ត។ ដូច្នេះទោះចង់មិនចង់ អំណាចរបស់​បាស្ហារ អាល់អាសាដ បានក្លាយ​ទៅជារដ្ឋាភិបាល ដែល​អាចធានាការពារពួកគេបាន ពីក្រញ៉ាំនៃក្រុមជីហាតជ្រុលនិយម។ នេះបើផ្អែកតាមពន្យល់របស់អ្នកវិភាគម្នាក់ ប្រចាំនៅក្រុងដាម៉ាស​ ដោយ​សុំមិនបញ្ចេញឈ្មោះ។

ជាងនេះទៀត ស្ថានការណ៍នៅស៊ីរី បានបើកផ្លូវទូលាយ​ឡើងវិញ ឲ្យ​កងទ័ព​បាស្ហារ អាល់អាសាដ ដោយសារតែគ្មាន​អន្តរាគមន៍ ពី​ប្រទេសលោកខាងលិច។ បន្ទាប់ពីរឿងអាស្រូវ​ កើតឡើងនៅលីប៊ី នៅពីក្រោយអន្តរាគមន៍យោធារបស់កងទ័ពអាមេរិក រដ្ឋាភិបាល​អាមេរិក បាន​ដកថយ ប្រុងប្រយ័ត្នបំផុត មិនហ៊ាន​ធ្វើ​អ្វីច្រើនទេនៅស៊ីរី ក្រៅពីក្របខណ្ឌ ប្រយុទ្ធប្រឆាំងនឹងក្រុម​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម​។ ហើយ​នៅក្រោយ​លោក​ដូណាល់ ត្រាំ ចូលកាន់តំណែង កងទ័ពអាមេរិក បាន​ដកថយសឹងទាំងស្រុង បើកផ្លូវឲ្យយ៉ាង​ទូលាយ ដល់​​កងទ័ព​ស៊ីរី និងកងទ័ពរុស្ស៊ី។

ក្រុមនយោបាយ​​ប្រឆាំងក្រៅស្រុក​ គ្មានឯកភាព​

នៅលើឆាកអន្តរជាតិឯណោះវិញ សហគមន៍អន្តរជាតិ បានត្រឹមតែ​ប្រកាសថ្កោលទោសអំណាចផ្តាច់ការរបស់​បាស្ហារអាល់អាសាដ ហើយ​គាំទ្រក្រុម​ចលនាប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលទីបំផុតទៅ បែកខ្ញែក មិនត្រូវគ្នា​ រកមេដឹកនាំប្រឆាំងម្នាក់យកជារការមិនបាន។ នៅរវាងឆ្នាំ​២០១២ ប្រទេសប្រមាណ​១០០ប្រទេស បានប្រកាសទទួលស្គាល់ « ក្រុមសម្ព័ន្ធ​ភាពជាតិ​នៃ​កម្លាំងបដិវត្តស៊ីរី » ថាគឺជាអ្នកតំណាង​តែមួយ​គត់ឲ្យ​ប្រជាជនស៊ីរី។ ក្រុមប្រឆាំង ដែលបានភៀសខ្លួនទៅក្រៅប្រទេសនេះ បាន​ទទួលការគាំទ្រពីអង្គការសហប្រជាជាតិ តែទីបំផុត ក្រុមនេះបានឈ្លោះប្រកែកគ្នា គ្មានឯកភាពទាល់តែសោះ​។

ចុងក្រោយបង្អស់ គឺគ្មាននរណាអាចគេចផុត ពីការ​​ងាកទៅរក បាស្ហារ អាល់អាសាដវិញនោះទេ។ ប្រទេសលោកខាងលិច និង​អង្គការសហប្រជាជាតិ ដែលពីមុនធ្លាប់បានបដិសេធ មិនទទួលស្គាល់របបផ្តាច់ការស៊ីរី នៅពេលនេះ បានងាកទៅស្វែងរកការបិទបញ្ចប់ជម្លោះ ដោយ​ឲ្យ​ភាគី​ស៊ីរីទាំង​អស់​ចរចាគ្នា។ អង្គការសហប្រជាជាតិបានបង្កើត ឲ្យ​មាន​គណកម្មាធិការ​ធម្មនុញ្ញមួយ ដោយ​មានការចូលរួម​ពីក្រុមប្រឆាំង រដ្ឋាភិបាល​បាស្ហារ និងសង្គមស៊ីវីល​។

ឈ្នះឆ្នោត​ដោយ​ជិះសេះលែងដៃ

តែព្រមពេលជាមួយ​គ្នានេះ របបបាស្ហារ នឹងរៀបចំការបោះឆ្នោតមួយ​ នៅប៉ុន្មានខែខាងមុខនេះ។ ជាការបោះឆ្នោត ដែលអ្នកវិភាគគ្រប់គ្នា ទទួល​ស្គាល់​ថា បាស្ហារ អាល់អាសាដ និងឈ្នះ​យ៉ាងងាយ​ស្រួលបំផុត ព្រោះដោយសារតែគ្មានក្រុមនយោបាយ​​ប្រឆាំងណាមួយ មានកម្លាំងរួម អាចប្រជែងជាមួយ​បាន​។ ការបោះឆ្នោតនេះ​ នឹងប្រគល់ភាពស្របច្បាប់ឲ្យ​អំណាចរបស់បាស្ហារ អាល់អាសាដ ហើយ ធ្វើឲ្យ​យន្តការ​ចរចារនៅក្រុងហ្សឺណែវ ត្រូវរលាយ​គ្មានន័យ។

សូម្បីតែត្រង់ចំណុចនេះ អង្គការសហប្រជាជាតិ កំពុងតែចាញ់ស្នៀតរបស់​បាស្ហារ អាល់អាសាដដែរ។ លោក Geir Pedersen ប្រសិតរបស់អង្គការសហប្រជាជាតិដោះស្រាយបញ្ហាស៊ីរី ធ្លាប់បានបង្ហាញការខកចិត្តខ្លាំងណាស់ ដែលឃើញសហគមអន្តរជាតិ ចាញ់ស្នៀត​បាស្ហារ អាល់អាសាដ ហើយ​ខកចិត្តដោយ​សារតែក្រុមប្រឆាំងស៊ីរី គ្មានភាពសាមគ្គីគ្នា។ របបបាស្ហារ នឹងរៀបចំការ​បោះឆ្នោត បង្កើតរដ្ឋាភិបាលថ្មី ដែលក្រុមប្រឆាំងគ្មានរូបរាង្គ។ ចប់សព្វគ្រប់ហើយ របបនេះ​និង​ទារឲ្យ​ សហគមអន្តរជាតិ ជួយចំណាយ​ប្រាក់ ដើម្បីកសាងប្រទេសស៊ីរីឡើងវិញ​ ដែលតាមពិត គឺស៊ីរី​បានខ្ទេចខ្ទាំ ដោយសារតែគ្រាប់បែក គ្រាប់កាំភ្លើងរបស់​របបនេះសោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI