ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ថាមពលនុយក្លេអ៊ែរ ១០ឆ្នាំក្រោយគ្រោះមហន្តរាយ​ហ្វូគូស្ហ៊ីម៉ា

សំឡេង ០៥:៣៨
យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ថាមពលនុយក្លេអ៊ែរ​នៅតែ​បន្ត​កើនឡើង ១០ឆ្នាំក្រោយគ្រោះមហន្តរាយហ្វូគូស្ហ៊ីម៉ា ដោយ​អគ្គិសនីដែលមានប្រភព​ចេញ​ពី​នុយក្លេអ៊ែរ មាន​ប្រមាណ​ជា ១០% នៃ​តម្រូវការ​អគ្គិសនី​សរុប​នៅទូទាំងពិភពលោក
យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ថាមពលនុយក្លេអ៊ែរ​នៅតែ​បន្ត​កើនឡើង ១០ឆ្នាំក្រោយគ្រោះមហន្តរាយហ្វូគូស្ហ៊ីម៉ា ដោយ​អគ្គិសនីដែលមានប្រភព​ចេញ​ពី​នុយក្លេអ៊ែរ មាន​ប្រមាណ​ជា ១០% នៃ​តម្រូវការ​អគ្គិសនី​សរុប​នៅទូទាំងពិភពលោក AP - Branden Camp

កាលពី១០ឆ្នាំមុន នៅថ្ងៃទី១១មីនា ឆ្នាំ២០១១ គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ដ៏​ធំមួយ នៅ​ហ្វូគូស្ហ៊ីម៉ា ក្នុង​ប្រទេស​ជាប៉ុន ហើយ​បាន​ធ្វើ​ឲ្យ​គេ​ចោទជា​សំណួរ ជុំវិញ​សុវត្ថិភាព​នៃ​ថាមពល​នុយក្លេអ៊ែរ។ ១០ឆ្នាំក្រោយ​គ្រោះមហន្តរាយ​នេះ តើ​វិស័យ​ថាមពល​នុយក្លេអ៊ែរ​ទូទៅ​នៅ​ទូទាំងពិភពលោក បាន​វិវឌ្ឍ​ដល់​កម្រិតណា?

ផ្សាយពាណិជ្ជកម្ម

ការផ្ទុះម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ និង​ការលេចធ្លាយ​វិទ្យុសកម្ម នៅ​ហ្វូគូស្ហ៊ីម៉ា កាល​ពី១០ឆ្នាំមុន ត្រូវបានគេ​ចាត់ទុក​ថា​ជា​គ្រោះថ្នាក់នុយក្លេអ៊ែរ​ដ៏ធំបំផុត រាប់ចាប់តាំង​ពី​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅឈែណូប៊ីល កាល​ពីឆ្នាំ១៩៨៦។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា គ្រោះថ្នាក់​នុយក្លេអ៊ែរ​នេះ ក៏កើតឡើងផងដែរ នៅ​ក្នុង​អំឡុងពេល​ដែល​ពិភពលោក កំពុងដើរ​មកដល់​របត់​ថ្មី​ដ៏​សំខាន់មួយ គឺ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើងកម្តៅផែនដី។

គេដឹង​ថា ដើម្បី​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី​នេះ គេ​ចាំបាច់​ត្រូវ​តែ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច ហើយ​ប្រភពដ៏ចម្បងមួយ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច គឺ​វិស័យថាមពល ដែល​បច្ចុប្បន្ន​នេះ​ពឹងផ្អែកខ្លាំង​លើ​ថាមពល​ផូស៊ីល ជាពិសេស គឺ​ប្រេង និង​ធ្យូងថ្ម។

នៅ​ក្នុង​ពេលដែល​តម្រូវការ​ថាមពល​​នៅទូទាំងពិភពលោក​កំពុងតែ​កើនឡើង​ជាប់ជាប្រចាំ​ដូចជា​សព្វថ្ងៃនេះ ដើម្បី​អាច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិចបាន ដោយ​នៅ​រក្សា​កម្រិតផ្គត់ផ្គង់​ថាមពល​ទៅតាម​តម្រូវការ​បាន គេ​ត្រូវការ​ជាចាំបាច់ ជំនួស​ថាមពល​ផូស៊ីល ដោយ​ថាមពលផ្សេង ដែល​មិន​បញ្ចេញ​ឧស្ម័នកាបូនិច ហើយ​ក្នុង​ចំណោម​ប្រភេទ​ថាមពល​ដែល​មិន​បញ្ចេញ​ឧស្ម័នកាបូនិច​ក្នុងនោះ គឺមាន​​នុយក្លេអ៊ែរ ដែល​ជា​ប្រភព​ចម្បង រួមជាមួយនឹង​​វារីអគ្គិសនី។

ហេតុដូច្នេះហើយ​បាន​ជា​អ្នកជំនាញ​ជាច្រើន​តែងតែ​បានលើកឡើង​ថា នៅក្នុងបរិបទ​នៃ​កំណើន​​តម្រូវការ​ថាមពល​បច្ចុប្បន្ន​នេះ​ ប្រសិនបើ​គេ​ចង់ទប់ស្កាត់​កុំ​ឲ្យ​ផែនដី​ឡើងកម្តៅ​លើសពី ២អង្សា ទៅតាម​គោលដៅ ដែ​ល​បាន​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ថាមពល​នុយក្លេអ៊ែរ គឺ​ជា​ជម្រើសមួយ ដែលគេ​ពិបាក​នឹង​ចៀសរួច ឬយ៉ាងហោចណាស់ ពិបាកនឹង​ចៀសរួច ក្នុង​ពេលបច្ចុប្បន្ន និង​ក្នុងរយៈពេល​ខ្លីខាងមុខ។

ជាក់ស្តែង យើងឃើញ​ថា បើទោះបីជា​មាន​ការ​បារម្ភ អំពី​បញ្ហា​សុវត្ថិភាព​នុយក្លេអ៊ែរ ហើយ​ភ្លាមៗក្រោយ​ពី​មាន​គ្រោះមហន្តរាយ​នៅ​ហ្វូគូស្ហ៊ីម៉ា ប្រទេស​ជាច្រើន​បាន​សន្យា​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ថាមពល​នុយក្លេអ៊ែរ ក៏ប៉ុន្តែ ១០ឆ្នាំក្រោយមក យើងឃើញ​ថា ថាមពលនុយក្លេអ៊ែរ​មិនត្រឹមតែ​មិនថយចុះនោះទេ តែមានតែកើនឡើង​ទៅវិញ។

យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ នៅក្នុងរយៈពេល​១០ឆ្នាំកន្លងទៅនេះ ចាប់តាំង​ពី​ក្រោយ​គ្រោះមហន្តរាយហ្វូគូស្ហ៊ីម៉ា រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន ថាមពល​អគ្គិសនី​ដែលមានប្រភព​ចេញ​ពី​នុយក្លេអ៊ែរ បាន​កើនឡើង​រហូតដល់​ទៅ​ជាង ១០% ឯណោះ បើ​គិតជាសរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល។

បច្ចុប្បន្ន ចំនួន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ដែល​កំពុង​ដំណើរការ​នៅ​ទូទាំងពិភពលោក មាន​រហូតដល់​ទៅ ៤១៣ ស្ថិត​នៅ​ក្នុង​ប្រទេស​ចំនួន ៣២ ហើយ​ក្នុង​ចំណោម​​ប្រភព​ថាមពលអគ្គិសនី​សរុប​នៅ​ទូទាំង​ពិភពលោក មាន​រហូតដល់​ទៅប្រមាណ​ជា ១០% មាន ​ប្រភព​ចេញ​ពី​នុយក្លេអ៊ែរ។

ជាការពិតណាស់​ថា កំណើន​នេះ គឺមាន​ប្រភព​ចម្បង​ចេញ​ពី​ប្រទេស​ដែល​ទើបនឹង​រីកលូតលាស់​ថ្មី ជាពិសេស ចិន ដែល​ជាប់ឈ្មោះ​ជា​ប្រទេស​សាងសង់​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ថ្មីច្រើន​ជាងគេ ដោយចិន​បាន​សាងសង់ និង​ដាក់​ឲ្យដំណើរការ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ រហូតដល់​ទៅ ៣៧រ៉េអាក់ទ័រ គ្រាន់តែ​ក្នុងរយៈពេល ១០ឆ្នាំ​កន្លងទៅនេះ។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា គេ​សង្កេតឃើញ​ថា បណ្តា​ប្រទេស​ជឿនលឿន ក៏នៅតែ​បន្ត​ពឹងផ្អែក​​ខ្លាំងដែរ លើ​​ថាមពល​នុយក្លេអ៊ែរ ដោយ​សហរដ្ឋ​អាមេរិក នៅតែ​ជា​ប្រទេសនាំមុខគេ ដោយ​មាន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​សរុប​រហូតដល់​ទៅ ៩៤ ចំណែក​បារាំង​វិញ ស្ថិត​នៅ​លំដាប់ទី២ បើរាប់​ចំនួនរ៉េអាក់ទ័រ (ដែលមានសរុប​ចំនួន ៥៦) ក៏ប៉ុន្តែ ជាប់ចំណាត់ថ្នាក់​លេខ១ បើ​គិត​ជា​ចំណែកថាមពល​​នុយក្លេអ៊ែរ ដែលមានរហូតដល់​ទៅជាង ៧០% នៃ​តម្រូវការ​​អគ្គិសនីសរុប​ក្នុងស្រុក។

ចំណុចដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះ​ទៅទៀត គឺ​ជប៉ុន។ ជប៉ុន ដែល​ជា​ប្រទេស​រងគ្រោះ​ដោយ​ផ្ទាល់ ក្នុង​គ្រោះមហន្តរាយនុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា បាន​ផ្អាក​ដំណើរការ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ស្ទើរតែ​ទាំងអស់​របស់ខ្លួន ដោយ​ក្នុង​ចំណោម​រ៉េអាក់ទ័រ​សរុប​ទាំង ៥៤ ដែលមាន​នៅមុនគ្រោះថ្នាក់​នៅ​ហ្វូគូស្ហ៊ីម៉ា មានតែ ៩ប៉ុណ្ណោះ ដែល​កំពុង​មាន​ដំណើរការ​បច្ចុប្បន្ន។ ក៏ប៉ុន្តែ ១០ឆ្នាំក្រោយ​គ្រោះមហន្តរាយ រដ្ឋាភិបាល​ជប៉ុន​​កំពុងតែ​ពិចារណា ​ចង់​បង្កើន​ថាមពល​នុយក្លេអ៊ែរ​ឡើងវិញ ដោយ​បង្កើន​ពី ៦% បច្ចុប្បន្ន​នេះ ឲ្យឡើង​ដល់​ ២០% ទៅ ២២% នៅ​ក្នុងឆ្នាំ២០៣០​ខាងមុខ។

និយាយសរុបជារួមមកវិញ គ្រោះមហន្តរាយ​ហ្វូគូស្ហ៊ីម៉ា​បាន​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ជាទូទៅ ជុំវិញ​សុវត្ថិភាព​នៃ​ថាមពល​នុយក្លេអ៊ែរ ហើយ​កាន់តែ​គួរ​ឲ្យ​បារម្ភ​ទៅទៀត ដែល​គ្រោះថ្នាក់នុយក្លេអ៊ែរ​បែបនេះ​អាច​កើតឡើង នៅ​ក្នុង​ប្រទេស​ដែល​មាន​បច្ចេកវិទ្យាជឿនលឿន​ដូចជា​ប្រទេស​ជប៉ុន។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា តម្រូវការ​ថាមពល បូករួមជាមួយនឹង​ភាព​ចាំបាច់​ក្នុងការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច ធ្វើ​ឲ្យ​គេ​នៅតែ​ពឹងផ្អែកខ្លាំង​លើ​ថាមពល​នុយក្លេអ៊ែរ ដោយ​ពិបាក​នឹង​ចៀសរួច។ សូម្បីតែ​សកម្មជនបរិស្ថាន បូករួមទាំង​អ្នក​ជំនាញ​អន្តរជាតិផង ជាពិសេស អ្នក​ជំនាញ​នៅ​ក្នុង​គណៈកម្មការអន្តររដ្ឋាភិបាល​ទទួលបន្ទុក​ការប្រែប្រួល​អាកាសធាតុ ធ្លាប់បាន​លើកឡើង​ផងដែរ នៅ​ក្នុងរបាយការណ៍​របស់ខ្លួន កាល​ពីឆ្នាំ២០១៨ អំពី​តួនាទី​របស់​ថាមពល​នុយក្លេអ៊ែរ នៅក្នុង​ការ​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI