ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើលុយយ័ន​របស់​ចិននឹងអាចប្រកួតប្រជែងជាមួយដុល្លារអាមេរិកដែរឬទេ?

សំឡេង ០៥:៣១
Billetes de 100 yuanes (en rojo) y billetes de 100 dólares
Billetes de 100 yuanes (en rojo) y billetes de 100 dólares Nicolas Asfouri AFP/Archivos

សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ជាងសេដ្ឋកិច្ចអាមេរិក នៅអនាគតដ៏ខ្លីខាងមុខ។ សំណួរមួយចម្បងត្រូវគេចោទសួរឡើង នៅពេលទំហំសេដ្ឋកិច្ចចិនកាន់តែធំធៀបជាមួយសេដ្ឋកិច្ចសកល ប៉ុន្តែ តើហេតុអ្វីតួនាទីរបស់រូបិយវត្ថុរបស់ចិន គឺ លុយYuan នៅមានកម្រិតទាបខ្លាំង? តើលុយYuan អាចមានតួនាទីសំខាន់ស្របអំណាចសេដ្ឋកិច្ចចិនដែរឬទេ? ចម្លើយអាស្រ័យនៅលើប្រទេសចិន និងសហរដ្ឋអាមេរិក។ ផ្អែកលើប្រវត្តិសាស្រ្តពិភពលោក ល្គឹកណាតែលុយនៃប្រទេសមហាអំណាចណាមួយក្លាយជារូបិយប័ណ្ណអន្តរជាតិកំពូលហើយ វាកម្រនឹងមានអ្វីមកជំនួសបានណាស់ លើកលែងតែមានរឿងអ្វីចម្លែកកើតឡើង។

ផ្សាយពាណិជ្ជកម្ម

គ្មាននរណាម្នាក់អាចជំទាស់ទេថា ការកើនឡើងសេដ្ឋកិច្ចចិនគឺជាកត្តាដ៏ចម្បងមួយដែលនឹងចារឹកជោគវាសនាសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលរាប់ទសវត្សរ៍ខាងមុខ។ សេដ្ឋកិច្ចប្រទេសចិននឹងនាំមុខសេដ្ឋកិច្ចសហរដ្ឋអាមេរិក ផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) នាពេលអនាគតដែលនៅមិនឆ្ងាយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត មនុស្សយ៉ាងច្រើននៅទ្វីបអឺរ៉ុបបានមើលឃើញថា ចិនបច្ចុប្បន្នជាមហាអំណាចសេដ្ឋកិច្ចឈានមុខគេរួចទៅហើយនៅលើពិភពលោក។

ក្នុងវិស័យហិរញ្ញវត្ថុ សំណួរមួយចម្បងត្រូវគេចោទសួរឡើង នៅពេលទំហំសេដ្ឋកិច្ចចិនកាន់តែធំធៀបជាមួយសេដ្ឋកិច្ចសកល ប៉ុន្តែ តើហេតុអ្វី​តួនាទីរបស់រូបិយវត្ថុរបស់ចិន គឺ លុយYuan នៅមាន​កម្រិតទាបខ្លាំង?

ទោះបីជាការពិតដែលថាទំហំសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រៀបធៀបនឹងសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះជាលំដាប់ ក៏សារៈសំខាន់នៃប្រាក់ដុល្លារអាមេរិកបែរជាមានការកើនឡើង ក្នុងប្រតិបត្ដិការសេដ្ឋកិច្ចនានា តួយ៉ាង ការចេញវិក្កយបត្រពាណិជ្ជកម្មបរទេសជាប្រាក់ដុល្លារអាមេរិក ការក្របដណ្ដប់របស់ដុល្លារអាមេរិកក្នុងវិស័យមូលបត្របំណុលអន្តរជាតិ និងការប្រើប្រាស់ដុល្លារអាមេរិកជាប្រាក់បម្រុងផ្លូវការអន្តរជាតិ។

ផ្អែកតាមប្រវត្តិសាស្រ្ដពិភពលោក រូបិយប័ណ្ណអន្ដរជាតិដែល​មានលក្ខណៈដូចដុល្លារអាមេរិកបច្ចុប្បន្ន ត្រូវគេប្រៀបធៀបនឹងគោលការណ៍ A Lingua Franca។ គោលការណ៍នេះសំដៅដល់ភាសារួម ភាសាភ្ជាប់ទំនាក់ទំនង ឬភាសាចងស្ពាន។ ល្គឹកណាតែវាបានកើតឡើងហើយ វាកម្រនឹងមានអ្វីមកជំនួសបានណាស់។ ជាឧទាហរណ៍ ការផ្លាស់ប្តូរពីការប្រើប្រាស់លុយផោនរបស់ចក្រភពអង់គ្លេសទៅជាប្រាក់ដុល្លារអាមេរិក ក្នុងនាមជារូបិយប័ណ្ណគន្លឹះអន្តរជាតិ ត្រូវបានធ្វើឡើងនៅទីបញ្ចប់នៃសង្គ្រាមលោកលើកទី២ប៉ុណ្ណោះ ទោះជាមុនពេលនោះសេដ្ឋកិច្ចអាមេរិកបានឈានមុខ សេដ្ឋកិច្ចអង់គ្លេសយូរឆ្នាំមកហើយ។

យោងតាមការស្ទង់មតិរបស់ធនាគារ The Bank for International Settlements ចំណែកចរាចរណ៍​នៃប្រាក់Yuanក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសបានកើនឡើងពីតិចជាង ០,១% ក្នុងឆ្នាំ២០០៤ ដល់ ២% ក្នុងឆ្នាំ២០១៩ ។ ចរាចរណ៍លុយYuanនេះនៅកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ដែលមានការចរាចរណ៍ ៤៤ភាគរយនៃប្រតិបត្តិការប្តូរប្រាក់បរទេសទូទាំងពិភពលោក។

តើប្រាក់Yuanអាចនឹងមានតួនាទីសំខាន់ស្របនឹងទំហំអំណាចសេដ្ឋកិច្ចចិនដែរឬទេ? ចម្លើយអាស្រ័យនៅលើប្រទេសចិន និងសហរដ្ឋអាមេរិក។ ដោយសារពាណិជ្ជកម្ម និងហិរញ្ញវត្ថុមានទំនាក់ទំនងគ្នាទៅវិញទៅមក ប្រទេសចិនត្រូវការទីផ្សារហិរញ្ញវត្ថុលុយYuanដែលគាំទ្រដល់ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជាមួយប្រទេសដែលកំពុងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង។ ក៏ប៉ុន្តែ ចិន​ក៏មិនអាចក្លាយជាមហាអំណាចពេញមុខពេញមាត់នោះទេ ប្រសិនបើលុយYuanរបស់ខ្លួននៅតែខ្សោយ។ ក្នុងពេលជាមួយគ្នា អាជ្ញាធរចិនតែងតែមានការប្រុងប្រយ័ត្ន ចំពោះយន្តការធ្វើឱ្យ​ទីផ្សារហិរញ្ញវត្ថុរបស់ខ្លួនមានសេរីភាពពេញលេញ។ សម្រាប់កង្វល់នេះ គោលការណ៍នីតិរដ្ឋជារឿងចម្បង សម្រាប់ការអភិវឌ្ឍឱ្យ​កាន់តែស៊ីជម្រៅក្នុងវិស័យហិរញ្ញវត្ថុ។ ក្នុងពេលជាមួយគ្នា វាក៏អាចធ្វើឱ្យ​កំណើនសេដ្ឋកិច្ចចិនត្រូវរាំងស្ទះផងដែរ។

សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងទទួលបាន "ឯកសិទ្ធិដ៏លើសលប់" ឬជាភាសាបរទេស "Exorbitant Privilege" ព្រោះថាប្រាក់ដុល្លារអាមេរិកជា រូបិយប័ណ្ណបម្រុងអន្តរជាតិរបស់ពិភពលោក។ ក៏ប៉ុន្តែទៅថ្ងៃខាងមុខ ប្រទេសផ្សេងទៀតអាចនឹងចង់ងាកចេញ ប្រសិនបើដុល្លារអាមេរិកត្រូវរងការគំរាមកំហែង។ ជារឿយៗ រដ្ឋាភិបាលអាមេរិកតែងតែដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសផ្សេងៗ ដោយប្រើប្រាស់យន្តការប្រាក់ដុល្លារអាមេរិក។ ក៏ប៉ុន្តែ ប្រសិនបើការគំរាមកំហែងនេះមានទំហំធំពេកនៅក្នុងក្រសែភ្នែកប្រទេសដទៃទៀត នុ៎ះការព្យាយាមធ្វើយ៉ាងណាប្រើប្រាស់មធ្យោបាយថ្មីក្រៅពីដុល្លារអាមេរិកនឹង​កើនឡើង។

ទៅថ្ងៃមុខ តើសេដ្ឋកិច្ចចិនអាចនឹងធំជាងសេដ្ឋកិច្ចអាមេរិកប្រាកដដែរឬយ៉ាងណា? ប្រវត្តិសាស្រ្ដពិភពលោកបានបង្ហាញថា សេដ្ឋកិច្ចជប៉ុនស្ទើរតែឈានទៅមានកម្រិតខ្ពស់ជាងសេដ្ឋកិច្ចអាមេរិក អំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ គិតត្រឹមចុងឆ្នាំ១៩៨៩ ក្រុមហ៊ុនធំៗបំផុតចំនួន៧ក្នុងចំណោមក្រុមហ៊ុនធំៗទាំង១០នៅលើពិភពលោកគឺជាក្រុមហ៊ុនជប៉ុន។ ក្រុមហ៊ុនផ្សេងទៀត៣ គឺក្រុមហ៊ុនIBM ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ក្រុមហ៊ុនExxon ស្ថិតនៅចំណាត់ថ្នាក់លេខ៨ និងក្រុមហ៊ុនRoyal Dutch Shell ស្ថិតនៅចំណាត់ថ្នាក់លេខ១០។ ទោះជាយ៉ាងណា ចំពោះករណីសេដ្ឋកិច្ចជប៉ុន កត្តាសំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ចគឺពាក់ព័ន្ធនឹងការផ្លាស់ប្តូររបាយការណ៍ប្រជាសាស្រ្តយ៉ាងឆាប់រហ័សរបស់ប្រជាជនជប៉ុន នៅចុងទសវត្សរ័ឆ្នាំ១៩៨០។ តាំងពីពេលនោះមក ប្រជាជនជប៉ុនបានធ្លាក់ចុះជាបន្ដបន្ទាប់។

ចំពោះករណីប្រទេសចិន ការផ្លាស់ប្តូរប្រជាសាស្ត្រក៏ត្រូវគេរំពឹងទុកផងដែរ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ ជាបច្ចេកទេសសេដ្ឋកិច្ច កំណើនផលិតភាពដែលជាកត្តាជំរុញឱ្យ​មាន​កំណើនសេដ្ឋកិច្ច អាចត្រូវរងផលប៉ះពាល់ដោយការធ្លាក់ចុះចំនួនប្រជាជនផងដែរ ព្រោះថាលទ្ធភាពនៃការប្រើប្រាស់របស់ពលរដ្ឋវ័យក្មេងមានសភាពធំជាងប្រជាជនវ័យចំណាស់។ ដូច្នេះ នៅពេល​ប្រទេសមួយមានប្រជាជនក្មេងតិច និងប្រជាជនវ័យចំណាស់ច្រើន នុ៎ះសេដ្ឋកិច្ចអាចនឹងធ្លាក់អន់ថយ។

ជារួម ថាតើចិនអាចដើរតាមផ្លូវផ្សេងពីជប៉ុនដែរឬយ៉ាងណា អាស្រ័យថាតើប្រព័ន្ធនយោបាយចិនអាចដំណើរការមានប្រសិទ្ធិភាពយ៉ាងដូចម្តេចទៅថ្ងៃខាងមុខ។ ជាការពិត ប្រជាជនចិនបច្ចុប្បន្នមានចំនួនច្រើនជាងសហរដ្ឋអាមេរិកចំនួនពី ៣ ទៅ ៤ដង។ ដូច្នេះ ប្រសិនបើប្រជាជនចិនម្នាក់មានប្រាក់ចំណូលត្រឹម ៥០ភាគរយនៃប្រាក់ចំណូលប្រជាជនអាមេរិក នុ៎ះសេដ្ឋកិច្ចចិននឹងអាចធំជាងសហរដ្ឋអាមេរិកចំនួន២ដង។ ទៅថ្ងៃខាងមុន រឿងនេះអាចមានប្រូបាប៊ីលីតេកើតឡើងខ្ពស់ លើកលែងតែមានរឿងចម្លែកអ្វីកើតឡើង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI