ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិនកំពុងតែ​​ក្លាយ​ជា​កម្មវត្ថុ នៃ​ការ​ជះកំហឹង​ក្រេវក្រោធ របស់​បាតុករ​ភូមា

សំឡេង ០៦:០៨
បាតុករភូមា ពួននៅ​ពីក្រោយ​រនាំង​ការពារ ខាងមុខស្ពាន Bayint Naung Bridge ក្នុងសង្កាត់ Mayangone ក្រុងរ៉ង់ហ្គូន ថ្ងៃទី ១៦ មីនា ២០២១
បាតុករភូមា ពួននៅ​ពីក្រោយ​រនាំង​ការពារ ខាងមុខស្ពាន Bayint Naung Bridge ក្នុងសង្កាត់ Mayangone ក្រុងរ៉ង់ហ្គូន ថ្ងៃទី ១៦ មីនា ២០២១ REUTERS - STRINGER

សកម្មភាពបាតុកម្មនៅប្រទេសភូមា កាន់តែមាន​ភាពហិង្សាខ្លាំងឡើងៗ ដោយ​ការប្រឈមមុខដាក់គ្នា រវាងបាតុករភូមាដែលតាំងចិត្តមុតមាំ និងកងសមត្ថកិច្ចដែលទទួលបញ្ជាឲ្យ​បង្រ្កាប​ យ៉ាងចាស់ដៃ។ កាលពីថ្ងៃអាទិត្យ​ទី១៤មីនា មានបាតុករយ៉ាងហោច ៧៤នាក់បានស្លាប់ ហើយកាលពីថ្ងៃចន្ទទី​១៥មីនា មាន២០នាក់​ បានស្លាប់បន្ថែមទៀត។ រោងចក្រចិន ក្បែរក្រុងរ៉ង់ហ្គូន ជាច្រើនកន្លែង ត្រូវបាន​ដុតបំផ្លាញ នឹងរកការវាយបំផ្លាញ ដោយក្រុមបាតុករ។ គេសង្កេតឃើញថា ទឹកចិត្តក្រេវក្រោធរបស់ក្រុមបាតុករភូមា មានសន្ទុះកាន់តែខ្លាំង ហើយពួកគេបាន​ជះកំហឹងនេះ ទៅលើជនជាតិចិន ក៏ដូចជារោងចក្រ សហគ្រាសចិននៅភូមា ដោយ​សារតែបាតុករភូមាជឿថា គឺរដ្ឋាភិបាលចិន ដែលជាអ្នក​នៅពីក្រោយ​ ចាំគាំទ្រកងទ័ពភូមា ឲ្យ​ប្លន់អំណាចពីប្រជាជន។

ផ្សាយពាណិជ្ជកម្ម

រោងចក្រចិនចំនួន៣២ទីតាំង រងការវាយបំផ្លាញ និងដុតកំទេច

កាលពីថ្ងៃអាទិត្យ​ ទី១៤មីនា យ៉ាងហោចណាស់ មានរោងចក្រចិនចំនួន ៣២ទីតាំង នៅសង្កាត់ Hlaing Tharyar ជាយទីក្រុងរ៉ង់ហ្គូន ត្រូវបាន​បាតុករភូមា ចូលទៅវាយកំទេច និងដុតបំផ្លាញ។ សមត្ថកិច្ចភូមាបានបាញ់រះ បណ្តេញក្រុមបាតុករ បណ្តាលឲ្យ​ស្លាប់ យ៉ាងហោច២២នាក់ នៅក្នុងសង្កាត់នេះ។ ជាសរុប នៅថ្ងៃអាទិត្យ ទី១៤កុម្ភៈ មានបាតុករភូមា ស្លាប់ចំនួន ៧៤នាក់ ទូទាំងប្រទេស ដែលនេះគឺជាចំនួនស្លាប់ច្រើនបំផុត។ គិតពីថ្ងៃផ្ទុះបាតុកម្មនៅដើមខែកុម្ភៈមក គឺមានប្រជាជនភូមា ប្រមាណ​១៨០នាក់ហើយ ដែល​បានស្លាប់ ដោយ​ការបង្រ្កាបរបស់សមត្ថកិច្ច។

ខណៈដែលកំហឹងក្រេវក្រោធរបស់បាតុករភូមា កាន់តែផុសផុលឡើង គេសង្កេតឃើញថា ប្រជាជនចិន ឬក៏មុខជំនួញរបស់ចិននៅភូមា បានក្លាយ​ជាកម្មវត្ថុនៃការជះកំហឹង របស់បាតុករភូមា។ កាលពីថ្ងៃចន្ទ ទី១៥មីនា លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានលើកឡើងថា រដ្ឋាភិបាល​ចិន កំពុងតាមដានស្ថានការណ៍នេះ ដោយយកចិត្តទុកដាក់បំផុត។ ក្រសួងការបរទេសចិន បានអំពាវនាវ ឲ្យ​ប្រជាជនចិនរស់នៅក្នុង​ប្រទេសភូមា ត្រូវមានការប្រុងប្រយ័ត្ន។ តែយ៉ាងណា សម្រាប់ពេលនេះ រដ្ឋចិន មិនទាន់មានគំរោងណាមួយ ជន្លៀសប្រជាជនខ្លួន ចេញពីប្រទេសភូមាទេ។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសចិន បានអំពាវនាវ ឲ្យ​រដ្ឋអំណាចភូមា ត្រូវការពារសុខសុវត្ថិភាពរបស់ក្រុមហ៊ុន ក៏ដូចជាសន្តិសុខរបស់​​​ប្រជាជនចិន ហើយ​នឹងត្រូវវែកមុខ  ចាប់ខ្លួន​អ្នកទទួលខុសត្រូវ ក្នុងការដុតបំផ្លាញ​រោងចក្ររបស់ចិន។ បើតាម​ប្រភពចុះផ្សាយដោយ កាសែតចិន ជាភាសាអង់គ្លេស Global Times ការខូតខាតរបស់រោងចក្រចិន កាលពីថ្ងៃអាទិត្យ​ គឺមានតម្លៃគិតជាទឹកប្រាក់ ប្រមាណ​៣២លានដុល្លារ។

តៃវ៉ាន់​ភ័យ ខ្លាច​បាតុករ​ច្រឡំ​ថាជាចិន

ដោយឡែក ក្រសួងការបរទេសកោះតៃវ៉ាន់ ក៏បានជូនដំណឹង ឲ្យទៅ​ប្រជាជនខ្លួន ដែលមានហាងទំនិញ ឬរោងចក្រ នៅ​ភូមា ត្រូវ​ដាក់ទង់ជាតិតៃវ៉ាន់ និង​សរសេរផ្លាកអក្សរនៅខាងមុ​ខ ដើម្បី​បញ្ជាក់ថាខ្លួន គឺជាតៃវ៉ាន់ មិនមែនជាចិនទេ។ ធ្វើ​បែបនេះ ដើម្បី​បញ្ចៀសកុំឲ្យ​មានការប្រើអំពើហិង្សាដោយយល់ច្រឡំ​។ ក្រសួងការ​បរទេសតៃវ៉ាន់អះអាងថា កាលថ្ងៃអាទិត្យ​ទី ១៤មីនា មាន​ជនជាតិតៃវ៉ាន់យ៉ាងហោច១០នាក់ ដែលត្រូវរារាំង ព័ទ្ធស្ទាក់ ដោយការប្រើអំពើហិង្សារបស់បាតុករភូមា ទៅលើទីតាំងរោងចក្រ និងសហគ្រាសពួកគេ។

យ៉ាងហោចណាស់​ មានក្រុមហ៊ុនតៃវ៉ាន់ ជាង​២៧០ក្រុមហ៊ុន ដែលធ្វើជំនួញ​នៅ​ភូមា ក្នុងវិស័យវាយនភណ្ឌ ដេរខោអាវ ស្បែកជើង និង​ វិស័យធនាគារផងដែរ។ គួរកត់សំគាល់ថា តាំងតែពីក្រុមយោធាភូមា បានធ្វើរដ្ឋប្រហារភ្លាមនៅថ្ងៃទី១កុម្ភៈ រដ្ឋាភិបាលតៃវ៉ាន់ បានចេញសេចក្តីប្រកាសថ្កោលទោសភ្លាម ដែលគោលជំហរនេះ​ វាខុសគ្នាស្រលះពីរដ្ឋាភិបាលចិនប៉េកាំង។ ចិនបានបដិសេធ មិន​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ប្រើពាក្យ​ថា ថ្កោលទោសរដ្ឋប្រហារទេ។

ប្រជាជនភូមាជឿថាចិន គាំទ្ររបបសិក

មានប្រជាជន​ភូមា កាន់តែច្រើន ដែលជឿថា ចិនមានគោលជំហរមិនច្បាស់លាស់ ដៃមួយ ចង់ចាប់ត្រីម្តង២។ អ្នកខ្លះទៀតជឿថា គឺក្រុមកងទ័ពភូមា អាងថាមានចិន ជាបង្អែកនៅពីក្រោយ បានជាហ៊ានធ្វើរដ្ឋប្រហារ មិនខ្លាចទណ្ឌកម្ម និងការថ្កោលទោស ពីសំណាក់ប្រទេសលោកខាងលិច។ អំពើហិង្សា ធ្វើទៅលើ​រោងចក្រ និងក្រុមហ៊ុនចិន នាប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញ​ឲ្យ​ឃើញច្បាស់ អំពីទំនោរនៃការជះកំហឹង របស់​ប្រជាជនភូមា ទៅលើ​ផលប្រយោជន៍ចិន។

មានប្រភពខ្លះ អះអាងថា បើសិនជាស្ថានការណ៍កាន់តែដុនដាប ចិនអាចនឹងបញ្ជូនកម្លាំង ដើម្បីចូលមកការពារផលប្រយោជន៍របស់​ចិននៅភូមា។ ជាក់ស្តែង កំពង់ផែ និងបំពង់បង្ហូរឧស្ម័នចិន ដែលស្ថិតនៅ ក្នុងរដ្ឋរ៉ាឃីន។ ដំណឹងបំផុលបំផុល ពិតខ្លះមិនពិតខ្លះ នៅតាមបណ្តាញសង្គម បានចូលរួមធ្វើឲ្យ​ប្រជាជនភូមា មានកំហឹងស្អប់ចិនកាន់តែខ្លាំង។ សកម្មជនប្រឆាំងម្នាក់ ឈ្មោះ Maung Zarni បានសរសេរលើទំព័រ Twitter ដោយ​ប្រៀបធៀបស្ថានការណ៍នៅ​ភូមា ថាដូចទៅនឹងស៊ីរី។ នៅស៊ីរីមានរុស្ស៊ី ចាំជួយ​របបផ្តាច់ការបាស្ហារ អាល់អាសាដ រីឯនៅភូមាវិញ គឺមានចិន ជាអ្នកចាំជួយ​របបសិករបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

ជាការកត់សំគាល់ ចលនាបាតុកម្មរបស់ប្រជាជនភូមា ដែលបានផ្តើមឡើងដោយការដង្ហែរក្បួនដោយសន្តិវិធី តែពេលនេះ ហាក់កំពុងតែ​ហក់ចូល ទៅក្នុង​សកម្មភាពហិង្សាអាណាធិបតេយ្យ បន្ទាប់ពីរងការវាយ​បង្រ្កាប យ៉ាងចាស់ដៃពីសំណាក់កងទ័ពភូមា។

បាតុកម្មសន្តិវិធី ក្លាយជាសង្រ្គាមស៊ីវីល?

ដោយសង្កេតឃើញថា បាតុកម្ម​ដោយសន្តិវិធី មិនបានលទ្ធផល ហើយ​បែរជារងការវាយបង្រ្កាប ស្លាប់មនុស្ស​ជាច្រើននាក់បែបនេះ បាតុករភូមា ហាក់កំពុងតែ​ផ្លាស់ប្តូរយុទ្ធសាស្ត្រ ជ្រើសយកការតស៊ូ​ប្រយុទ្ធ ដោយ​ប្រើកម្លាំង មិនខ្លាចស្លាប់។ សកម្មជនប្រឆាំងម្នាក់ ដែលជាអនុប្រធាននៃគណកម្មាធិការ​តំណាងសភាសម្ព័ន្ធភូមា ដែលត្រូវបានបង្កើតឡើងក្រៅផ្លូវការ ដោយ​ប្រជាជន បានអំពាវនាវ ឲ្យ​ប្រជាជនភូមាទាំងអស់ នាំគ្នាធ្វើ​បដិវត្តតស៊ូ ដើម្បីផ្តួលរំលំរបបផ្តាច់ការយោធា។ សារអំពាវនាវ ដែលមានខ្លឹមសារ ហាក់ហៅឲ្យ​ប្រជាជនភូមាកាន់អាវុធប្រយុទ្ធនេះ បានលើកឡើងផងដែរថា ប្រជាជនជនជាតិភាគតិត មានជនជាតិកេរ៉េន ជនជាតិហ្សាន ជនជាតិកាឈីនជាដើម នឹងបញ្ជូនអាវុធ មកជួយបាតុករភូមា។

ជាការពិត មានការបារម្ភ កាន់តែខ្លាំងឡើង អំពីស្ថានការណ៍ចលាចល ក្លាយ​ជាសង្រ្គាមស៊ីវីល ភូមា។ ស្ថានការណ៍ចលាចលនេះ អាចនឹង​ធ្វើឲ្យ​ប៉ះពាល់ជាខ្លាំង ដល់ជំនួញ និងផលប្រយោជន៍របស់ចិន នៅភូមា។ សង្រ្គាមនឹងចលាចលនៅភូមា ក៏អាចធ្វើ​ឲ្យ​ច្រួលច្របស់ផងដែរ ដល់តំបន់អាស៊ាន។ សម្រាប់ពេលនេះ នៅចំពោះមុខមហាជន ចិនតែងតែបានអំពាវនាវ ឲ្យ​គ្រប់ភាគីនយោបាយ​ភូមា ត្រូវចរចាគ្នាដោយសន្តិវិធី។ តែការពិតនៅពីក្រោយខ្នងយ៉ាងណា គឺគ្មាននរណាដឹងច្បាស់ ពីគោលជំហររបស់ចិននោះទេ។ មិន​យូរមិនឆាប់ ចិនប្រាកដជាត្រូវ​សម្រេចចិត្ត ថាត្រូវជ្រើសរើស​យក​ភាគីមួយ​ហើយ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI