ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិពេលនេះផ្តើមមានកំណើនឡើងវិញ?

សំឡេង ០៥:២៥
ហេតុអ្វីបានជាតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិពេលនេះផ្តើមមានកំណើនឡើងវិញ?
ហេតុអ្វីបានជាតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិពេលនេះផ្តើមមានកំណើនឡើងវិញ? SPA/AFP

បន្ទាប់​ពី​មាន​តម្លៃ​លើស ៧០ដុល្លារ​ក្នុង​មួយ​ធុងបារីល​កាល​ពី​ថ្ងៃទី៨ មីនា​កន្លង​ទៅ​មក តម្លៃ​ប្រេងឆៅ​ក្នុង​មួយ​ធុងបារីល​នៅ​លើ​ទីផ្សារអន្តរជាតិ​សព្វថ្ងៃ​កំពុង​បន្ត​មាន​តម្លៃ​ក្នុង​រង្វង់​ពី ៦៨ ទៅ ៦៩ដុល្លារ។ នេះ​ជា​តម្លៃ​មួយ​ដែល​គេ​បាន​ស្គាល់​នៅ​ដើម​ឆ្នាំ ២០២០ ពោល​នៅ​មុន​ផ្ទុះ​ជំងឺ​កូវីដ១៩។ អ្នក​ដែល​កំពុង​ញញឹម​បិទមាត់​មិន​ជិត​គឺ​គ្មាន​នរណា​ក្រៅ​ពី​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ទេ។ តែ​ទន្ទឹម​គ្នា​នេះ ការ​ត្រេកត្រអាល​របស់​ពួក​គេ​ក៏​មាន​បង្កប់​ដោយ​ភាព​ប្រយ័ត្នប្រយែង​ដែរ។ តើ​ការ​ប្រយ័ត្នប្រយែង​របស់​ពួក​គេ​មាន​អ្វី​ខ្លះ និង​ថា តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​ជំរុញ​ឲ្យ​តម្លៃប្រេង​ផ្តើម​ងើប​ឡើង​វិញ​ពេល​នេះ?។

ផ្សាយពាណិជ្ជកម្ម

នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩ នា​ដើម​ឆ្នាំ ២០២០ តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារអន្តរជាតិ​មាន​តម្លៃ​ពី ៦៨ ទៅ ៦៩ដុល្លារ​ក្នុង​មួយ​ធុង​បារីល។ តែ​តម្លៃ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពេញ​មួយ​ឆ្នាំ ២០២០ នៅ​ពេល​ដែល​មាន​ប្រទេស​ម្តង​មួយៗ​បាន​ឆ្លង​រាលដាល​ដោយ​កូវីដ១៩ និង​បាន​សម្រេច​បិទខ្ទប់​ប្រទេស​ដើម្បី​ទប់ស្កាត់។ ការ​បិទខ្ទប់​ប្រទេស​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្អាក​មួយ​រយៈ​នូវ​សកម្មភាព​ការងារ និង​សកម្មភាព​ផលិកម្ម​មួយ​ចំនួន ពិសេស​ការងារ និង​ការ​ផលិត​ណា​ដែល​មិន​ចាំ​បាច់។ មធ្យោបាយ​ធ្វើ​ដំណើរ ពិសេស​តាម​យន្តហោះ​ក៏​ត្រូវ​បាន​កាត់​បន្ថយ ឬ​បាន​បិទ​ទាំង​ស្រុង​តែ​ម្តង ហើយ​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៀត​សោត ទោះ​ក្នុង​គោលដៅ​ទេសចរណ៍ ឬ​ការងារ​ក៏​ត្រូវ​បាន​បិទ ឬ​កាត់​បន្ថយ​ដែរ។ នេះ​ហើយ​ជា​ហេតុផល​ដែល​បាន​ធ្វើ​ឲ្យ​តម្លៃប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង ព្រោះ​តម្រូវការ​បាន​ធ្លាក់​ចុះ។

ក្នុង​ឆ្នាំ ២០២០ តម្លៃ​ប្រេងឆៅ​របស់​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ ឬ​ហៅកាត់ Opep បាន​ធ្លាក់​ដល់​ទៅ ១២ដុល្លារ​ក្នុង​មួយ​ធុង​បារីល។ ចំណែក​តម្លៃប្រេង​របស់​អាមេរិក​វិញ​បាន​ធ្លាក់​រហូត​ក្រោម​សូន្យ​ទៅ​ទៀត មាន​ន័យ​ថា មិន​ត្រឹម​លក់​ប្រេង​ដោយ​មិន​យក​លុយ​ទេ តែ​បាន​ថែម​លុយ​ឲ្យ​អ្នក​ទិញប្រេង​ទៀត​ផង។ នេះ​ក៏​ដោយសារ​តែ​ក្រុមហ៊ុន​ប្រេង​របស់​អាមេរិក​នៅ​សល់​ប្រេង​ច្រើន​លក់​មិន​ចេញ និង​មិន​ចង់​បន្ត​បង់​លុយ​ថ្លៃ​ស្តុក​ប្រេង។ ដើម្បី​ស្រោចស្រង់​តម្លៃប្រេង​ឡើង​វិញ អង្គការ Opep រួម​ទាំង​រុស្ស៊ី​ដែល​ជា​ប្រទេស​ជង្រុក​ប្រេង​មួយ​ដែរ តែ​មិនមែន​ជា​សមាជិក Opep បាន​ប្រើ​យុទ្ធសាស្រ្ត​កាត់​បន្ថយ​ផលិតកម្ម​ប្រេង ឬ​និយាយ​ឲ្យ​ស្រួល​យល់ បន្ថយ​ការ​បូម​ប្រេង។

នៅ​ក្នុង​កិច្ចព្រមព្រៀង Opep និង​រុស្ស៊ី​បាន​ឯកភាព​កាត់​បន្ថយ​ការ​បូមប្រេង​ក្នុង​បរិមាណ ១០លានធុងបារីល​ក្នុង​មួយ​ថ្ងៃ​លើ​តម្រូវការ​សរុប​ក្នុង​លោក​ប្រមាណ​ជា ១០០លានធុងបារីល​ក្នុង​មួយ​ថ្ងៃ។ វិធានការ​មួយ​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន ព្រោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្លៃ​ប្រេង​បាន​ឡើង​ស្រឺតៗ​មក​វិញ​រហូត​មាន​តម្លៃ​លើស ៧០ដុល្លារ​ក្នុង​មួយ​ធុង​បារីល​កាល​ពី​ថ្ងៃទី៨ មីនា​កន្លង​ទៅ ហើយ​ឥឡូវ​នេះ តម្លៃ​របស់​វា​កំពុង​ទ្រឹង​ក្នុង​ចន្លោះ ៦៨ និង ៦៩ដុល្លារ។ តែ​ក្រៅ​ពី​មធ្យោបាយ​កាត់​បន្ថយ​ការ​បូមប្រេង ការ​មាន​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ និង​ការ​ផ្តើម​មាន​កំណើន​សេដ្ឋកិច្ច​សកល​ឡើង​វិញ​ក៏​ជា​កត្តា​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​វិល​ទៅ​រក​ភាព​ធម្មតា​វិញ​ដែរ។

នេះ​ពិត​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ និង​ក្រុមហ៊ុន​ប្រេង។ តែ​អង្គការ Opep និង​ប្រទេស​សមាជិក​ខ្លះ ពិសេស​អារ៉ាប៊ីសាអូឌីត​យល់​ឃើញ​ថា ស្ថានការណ៍​នៅ​មិន​ទាន់​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​ស្រួលបួល​ទេ និង​ថា គេ​ត្រូវ​ស្វែង​រក​វិធានការ​ពិសេស​មួយ​ចំនួន​ទៀត​ដើម្បី​ទប់​កុំ​ឲ្យ​តម្លៃប្រេង​ដាំ​ក្បាល​ចុះ​ជា​ថ្មី។ អារ៉ាប៊ីសាអូឌីត​សង្ឃឹម​ថា តម្លៃ​ប្រេង​ស្ទុះ​ឡើង​វិញ​ពេល​នេះ​នឹង​មិន​ជំរុញ​ឲ្យ​អាមេរិក​ផ្តើម​បូម​ប្រេង​របស់​ខ្លួន​ជា​ថ្មី​ទេ។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ​នេះ វត្តមាន​ប្រេង​អាមេរិក​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្វើ​ឲ្យ Opep និយាយ​ជារួម និង​អារ៉ាប៊ីសាអូឌីត និយាយ​ដោយឡែក​ឈឺក្បាល វិលមុខ​ខ្លាំង​ណាស់។

អ្វី​ដែល​ពួក​គេ​បារម្ភ ការ​បូមប្រេង​ឡើង​វិញ​របស់​អាមេរិក​ដោយ​គ្មាន​កំណត់​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​ជា​ថ្មី។ តែ​បើ​យោង​តាម​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត វិបត្តិ​ប្រេង​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ​អាច​ធ្វើ​ឲ្យ​អាមេរិក​បន្ត​រារែក អល់អែក​ក្នុង​ការ​ចាប់​ផ្តើម​បូមប្រេង​ឡើង​វិញ។ ពិត​ណាស់ និង​បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ឆ្នាំ ២០២០ តម្លៃប្រេង​បាន​ចាប់​ផ្តើម​ស្ទុះ​ឡើង​បន្តិច​វិញ​នៅ​ដើម​ឆ្នាំ ២០២១ ពិសេស​តម្រូវការ​របស់​ចិន។ តែ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​បាន​យល់​ឃើញ​ថា និន្នាការ​មួយ​នេះ​កំពុង​បន្ត​ផុយស្រួយ​ខ្លាំង​នៅ​ក្នុង​បរិបទ​សព្វថ្ងៃ។ អ្វី​ដែល​កំពុង​បន្ត​ស្រពិចស្រពិល​មិន​ទាន់​ច្បាស់​ចំពោះ​ពួក​គេ គឺ​កំណើន​តម្រូវការ​បរិមាណ​ប្រេង​ពិត​ប្រាកដ​ក្នុង​លោក​នៅ​ឆ្នាំ ២០២១ នេះ។ តែ​អ្វី​ដែល​ច្បាស់​ចំពោះ​ពួក​គេ កំណើន​តម្រូវការ​បរិមាណ​ប្រេង​ក្នុង​ឆ្នាំ ២០២១ នេះ​នឹង​មិន​អាច​ទូទាត់​លាត់សោយ​លើ​ការ​ខាតបង់​ក្នុង​ឆ្នាំ ២០២០ បាន​ឡើយ។

ចុះ​សម្រាប់​រយៈពេល​វែង​វិញ តើ​ប្រេង​នឹង​បន្ត​ឡើង​ថ្លៃ ឬ​ចុះ​ថ្លៃ?។ គេ​ពិបាក​ផ្តល់​ចម្លើយ​ជាក់​ច្បាស់​ចំពោះ​សំណួរ​នេះ។ អ្វី​ដែល​គេ​បាន​មើល​ឃើញ ក្រុមហ៊ុន​ប្រេង​ដែល​បាន​ខាត​បង់​​ច្រើន​បាន​កាត់​បន្ថយ​ការ​វិនិយោគ​របស់​ខ្លួន ពិសេស​ការ​រុករក​អណ្តូងប្រេង​ថ្មីៗ​ទៀត។ ចូរ​កុំ​ភ្លេច​ថា អណ្តូងប្រេង​សព្វថ្ងៃ​នឹង​មិន​ស្ថិត​ជា​អមតៈ ហើយ​ប្រភពប្រេង​នៅ​ក្នុង​អណ្តូង​នោះ​ក៏​នឹង​គ្មាន​បរិមាណ​ឋេរ​រហូត​ដែរ។ បើ​គ្មាន​គម្រោង​រក​អណ្តូង​ថ្មី ហើយ​បើ​ការ​ផ្គង់ផ្គង់​មាន​កំណត់ ឬ​មាន​តិច​ជាង​តម្រូវការ នោះ​តម្លៃប្រេង​នឹង​អាច​បន្ត​ឡើង​ថ្លៃ​នៅ​ឆ្នាំ ២០២២ និង ២០២៣។ ភាព​មិន​ប្រាកដប្រជា​មួយ​ទៀត គឺ​សមត្ថភាព​របស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ការ​អនុវត្តន៍​លើ​នយោបាយ​អាកាសធាតុ​ដែល​ចង់​ងាក​ទៅ​រក​ថាមពល​កកើត​ឡើង​វិញ​ដោយ​កាត់បន្ថយ​បន្តិច​ម្តងៗ​លើ​ការ​ពឹង​លើ​ប្រេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI