ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការបោះឆ្នោតសភាអ៊ីស្រាអែលលើកនេះអាចបញ្ចៀសពីការជាប់គាំងនយោបាយដូចមុនដែរ ឬទេ?

សំឡេង ០៥:០៩
នៅ​ថ្ងៃទី២៣ មីនា ឆ្នាំ ២០២១ ​អ៊ីស្រាអែល​រៀបចំ​បោះឆ្នោត​សភា​ដើម្បី​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​ចំនួន ១២០រូប។
នៅ​ថ្ងៃទី២៣ មីនា ឆ្នាំ ២០២១ ​អ៊ីស្រាអែល​រៀបចំ​បោះឆ្នោត​សភា​ដើម្បី​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​ចំនួន ១២០រូប។ REUTERS - AMMAR AWAD

នៅ​ថ្ងៃ​អង្គារ ទី២៣ មីនា ប្រទេស​អ៊ីស្រាអែល​រៀបចំ​បោះឆ្នោត​សភា​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ១៩ និង​ការ​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។ គិត​ត្រឹម​ថ្ងៃ​ទី២៣ មីនា មាន​ប្រជាជន​អ៊ីស្រាអែល​ប្រមាណ​ជា ៤៩% បាន​ចាក់​វ៉ាក់សាំង​ចំនួន ២ដូស។ នេះ​ជា​ជោគជ័យ​មួយ​មិន​អាច​ប្រកែក​បាន​សម្រាប់​នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​ឈរ​ឈ្មោះ​មួយ​អាណត្តិថ្មី​ទៀត​សម្រាប់​ការ​បោះឆ្នោត​ពេល​នេះ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​របស់​គណបក្សស្តាំនិយម​រូប​នេះ​ត្រូវ​ប្រកួតប្រជែង​នឹង​បេក្ខជន​មក​ពី​គណបក្ស​ផ្សេង​ទៀត ពិសេស​គណបក្ស​កណ្តាលនិយម​របស់​លោក​យ៉ាអៀរ ឡាពីដ។

ផ្សាយពាណិជ្ជកម្ម

មិន​ដល់ ២ឆ្នាំ​ស្រួលបួល​ផង នេះ​ជា​លើកទី៤ ដែល​អ៊ីស្រាអែល​រៀបចំ​បោះឆ្នោត​សភា​ដើម្បី​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​ចំនួន ១២០រូប។ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នា​ខែ​មីនា ឆ្នាំ ២០២០ ដែល​ជា​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ ដំបូង អ៊ីស្រាអែល​បាន​រៀបចំ​មណ្ឌល​បោះឆ្នោត​ពិសេស​ដើម្បី​ទទួល​អ្នកបោះឆ្នោត​ដែល​ទើប​ត្រឡប់​ពី​បរទេស និង​ត្រូវ​ជាប់​ក្នុង​មណ្ឌល​ចត្តាឡីស័ក។ តែ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ អ៊ីស្រាអែល​ហាក់​កំពុង​ងើប​ផុត​ពី​វិបត្តិ​កូវីដ១៩ ដោយ​មាន​ប្រជាជន​ប្រមាណ ៤៩% បាន​ចាក់​វ៉ាក់សាំងបង្ការ​ចំនួន ២ដូស​រួច​ហើយ។ នេះ​ពិត​ជា​ជោគជ័យ​មួយ​ដែល​នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​មិន​អាច​មិន​អួតអាង​បាន​ទេ ពិសេស​នៅ​ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​បន្ត​ញាំញី​ដោយ​កូវីដ១៩ និង​ដែល​គ្រប់​គ្នា​បាន​មើល​ឃើញ​ថា វ៉ាក់សាំង​ជា​អាវុធ​តែ​មួយ​គត់​ដើម្បី​យក​ឈ្នះ​លើ​កូវីដ១៩។

សព្វថ្ងៃ​នេះ អ៊ីស្រាអែល​បាន​លើក​ការ​បិទខ្ទប់​ប្រទេស​ឡើង​វិញ ហើយ​ប្រជាជន​បាន​រក​ឃើញ​ជា​ថ្មី​នូវ​សកម្មភាព និង​ការ​រស់នៅ​សឹង​ធម្មតា​ដូច​នៅ​មុន​ផ្ទុះ​កូវីដ១៩។ សំណួរ​ដែល​ចោទ​នៅ​ត្រង់​ថា តើ​ជោគជ័យ​បាន​មក​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ​ពិត​ជា​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ជ័យជម្នះ​ជា​ថ្មី​ឲ្យ​លោក​នេតាន់យ៉ាហ៊ូ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ដែរ ឬ​ទេ?។ គួរ​បញ្ជាក់​ថា តាំង​ពី ១២ឆ្នាំ​កន្លង​មក​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​សោយរាជ្យ​ជា​ប្រមុខរដ្ឋាភិបាល​គ្មាន​គូប្រៀប​នៅ​ក្នុង​ឆាកនយោបាយ​អ៊ីស្រាអែល។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​រូប​នេះ​កំពុង​ប្រឡាក់ប្រឡូក​ដោយ​រឿងអាស្រូវ​ពុករលួយ និង​ការ​រំលោភអំណាច។

អ៊ីចឹង​ហើយ​បាន​នៅ ២ថ្ងៃ​មុន​ការ​រៀបចំ​បោះឆ្នោត​ក្នុង​ថ្ងៃទី២៣ មីនា មាន​ចលនា​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ផុសផុល គឺ​ចលនា​គាំទ្រ​លោក​នេតាន់យ៉ាហ៊ូ និង​ចលនា​ប្រឆាំង​លោក​នេតាន់យ៉ាហ៊ូ។ រឿងអាស្រូវ​ពុករលួយ និង​ការ​រំលោភអំណាច​របស់​លោក​នេតាន់យ៉ាហ៊ូ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​មហាជន​អ៊ីស្រាអែល​នា​រយៈពេល​ចុង​ក្រោយ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​កំចាត់​លោក​នេតាន់យ៉ាហ៊ូ​ចេញ​ពី​កៅអី​នាយករដ្ឋមន្រ្តី​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ។ លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា នៅ​ក្នុង​អសនៈ​ទាំង ១២០អសនៈ​នៅ​រដ្ឋសភា គណបក្ស​ស្តាំនិយម លីគូដ (Likoud) របស់​លោក​នេតាន់យ៉ាហ៊ូ​ទទួល​បាន​ប្រមាណ​ជា ៣០អសនៈ គណបក្សកណ្តាលនិយមYesh Atid របស់​លោក​យ៉ាអៀរ ឡាពីដ​ដែល​ជា​គូប្រជែង​សំខាន់​របស់​លោក​នេតាន់យ៉ាហ៊ូ​ទទួល​បាន​ប្រមាណ​ជា ២០អសនៈ និង​បន្ត​ដោយ​គណបក្ស​ស្តាំនិយម​ចំនួន​ពីរ​របស់​លោក​ហ្ស៊ីដេអុង សារ និង​លោក​ណាហ្វតាលី បេននែត​ដែល​ម្នាក់ៗ​ទទួល​បាន​ប្រមាណ​ជា ១០អសនៈ។

ចំណែក​អសនៈ​ដែល​នៅ​សេសសល់​អាច​ធ្លាក់​ទៅ​លើ​គណបក្ស​តូចតាច​ដែល​គាំទ្រ​លោក​នេតាន់យ៉ាហ៊ូ ឬ​គាំទ្រ​លោក​យ៉ាអៀរ ឡាពីដ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ដើម្បី​អាច​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​បាន លោក​នេតាន់យ៉ាហ៊ូ​ក៏​ដូច​លោក​យ៉ាអៀរ ឡាពីដ​ត្រូវ​ការ​សំឡេង​ពី​គណបក្ស​ផ្សេង​ដោយ​ចៀស​មិន​រួច​ដើម្បី​ទទួល​បាន​សំឡេង​ដាច់ខាត​ចំនួន ៦១សំឡេង។ តែ​បើ​តាម​មើល​ទៅ នៅ​មិន​មាន​អ្នក​ណា​ម្នាក់​អាច​ប្រមូល​បាន ៦១សំឡេង​នៅ​ឡើយ​ទេ មិន​ថា​លោក​នេតាន់យ៉ាហ៊ូ ឬ​លោក​យ៉ាអៀរ ឡាពីដ។ សូម​ជម្រាប​ថា​នៅ​អ៊ីស្រាអែល ប្រព័ន្ធ​បោះឆ្នោត​ជា​ប្រព័ន្ធ​សមាមាត្រ ហើយ​គណបក្ស​ចូលរួម​បោះឆ្នោត​នីមួយៗ​ត្រូវ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​តិច​បំផុត​ចំនួន ៣,២៥% ទើប​អាច​ចូល​ក្នុង​សភា​បាន​ដោយ​ទទួល​បាន​ចំនួន ៤អសនៈ។

អសមត្ថភាព​របស់​គណបក្ស​តូចតាច​មួយ ឬ​គណបក្ស​តូចតាច​ច្រើន​ក្នុង​ការ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​តិច ៣,២៥% អាច​ធ្វើ​ឲ្យ​លោក​នេតាន់យ៉ាហ៊ូ និង​លោក​យ៉ាអៀរ ឡាពីដ​ពិបាក​រក​គណបក្ស​ដៃគូ​ដើម្បី​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។ យ៉ាង​ណា​ក៏​ដោយ លោក​នេតាន់យ៉ាហ៊ូ និង​លោក​យ៉ាអៀរ ឡាពីដ​កំពុង​ផ្តោត​ចក្ខុ​លើ​គណបក្ស​ស្តាំនិយមជ្រុល​របស់​លោក​ណាហ្វតាលី បេននែត។ រហូត​មក​ដល់​ពេល​នេះ លោក​បេននែត​បាន​គាំទ្រ​ចុង​មាត់ ចុង ក និង​ចែករំលែក​ពី​របៀប​គ្រប់គ្រង​របស់​លោក​នេតាន់យ៉ាហ៊ូ។ តែ​លោក​បេននែត​នៅ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់​ទេ​ថា តើ​លោក​គាំទ្រ​លោក​នេតាន់យ៉ាហ៊ូ ឬ​គាំទ្រ​លោក​យ៉ាអៀរ ឡាពីដ។ អ៊ីចឹង​ហើយ​បាន​ជា​អ្នកជំនាញ​ស្ទង់មតិ​មិន​ញញើត​លើក​ឡើង​ថា ការ​បោះឆ្នោត​លើក​នេះ​ជា​ការ​បោះឆ្នោត​មួយ​ដែល​ពិបាក​ទាយ​ទុក​មុន​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​ប្រទេស​អ៊ីស្រាអែល។

តើ​រដ្ឋាភិបាល​អ៊ីស្រាអែល​ថ្មី​នៅ​ជា​រដ្ឋាភិបាល​ស្តាំនិយម​ដឹកនាំ​ដោយ​លោក​នេតាន់យ៉ាហ៊ូ​ដដែល ជា​រដ្ឋាភិបាល​ចម្រុះ​ប្រឆាំង​នឹង​លោក​នេតាន់យ៉ាហ៊ូ ឬ​មួយ​ក៏​ប្រទេស​នឹង​ជាប់​គាំង​នយោបាយ​ជា​ថ្មី​ដូច​ធ្លាប់​មាន​កន្លង​មក?។ ទាំង​នេះ​សុទ្ធសឹង​ជា​សំណួរ​ដែល​គេ​ត្រូវ​រង់ចាំ​ចម្លើយ​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI