ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋ​​អាមេរិក និង​ ចិន៖ ការ​ប្រកួត​គ្នា​ថ្មី លើ​​សង្វៀន​​ចាស់

សំឡេង ០៦:៥០
ជំនួប​ជាន់ខ្ពស់ជាលើកទីមួយ រវាងចិននិងអាមេរិក ក្រោយរដ្ឋបាលលោក​ចូ បៃដិនចូលកាន់តំណែង។ ភាគីអាេមរិកដឹកនាំដោយ​ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស អមដោយលោកទីប្រឹក្សា​ផ្នែកសន្តិសុខជាតិ Jake Sullivan ចំណែកភាគីចិន មានលោក Wang Yi រដ្ឋមន្ត្រីការបរទេស និងលោក Yang Jiechi ទីប្រឹក្សាផ្នែកនយោបាយ​ការបរទេសនៃបក្សកុម្មុយនីស្តិចិន។ ក្រុង  Anchorage រដ្ឋអាឡាស្កា ថ្ងៃទី ១៨ មីនា ២០២១
ជំនួប​ជាន់ខ្ពស់ជាលើកទីមួយ រវាងចិននិងអាមេរិក ក្រោយរដ្ឋបាលលោក​ចូ បៃដិនចូលកាន់តំណែង។ ភាគីអាេមរិកដឹកនាំដោយ​ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស អមដោយលោកទីប្រឹក្សា​ផ្នែកសន្តិសុខជាតិ Jake Sullivan ចំណែកភាគីចិន មានលោក Wang Yi រដ្ឋមន្ត្រីការបរទេស និងលោក Yang Jiechi ទីប្រឹក្សាផ្នែកនយោបាយ​ការបរទេសនៃបក្សកុម្មុយនីស្តិចិន។ ក្រុង Anchorage រដ្ឋអាឡាស្កា ថ្ងៃទី ១៨ មីនា ២០២១ AP - Frederic J. Brown

ចាប់តាំងពីចូលកាន់តំណែងមក រដ្ឋបាល​របស់​លោកចូ បៃដិន បានបង្ហាញឲ្យ​ពិភព​លោកឃើញកាន់តែច្បាស់ អំពីគោលជំហរប្រកួតប្រជែង ប្រឆាំង​ជាមួយចិន យ៉ាងបើកចំហរ មិនថាក្នុងវិស័យសេដ្ឋកិច្ច​-ពាណិជ្ជកម្ម និង​វិស័យសិទ្ធិមនុស្ស។ ការជួបប្រជុំគ្នាជាលើកទីមួយ រវាង​ថ្នាក់ដឹកនាំការទូត នៃប្រទេសទាំង២ កាលពីសប្តាហ៍មុន នៅឯតំបន់អាឡាស្កា បានប្រព្រឹត្តិធ្វើទៅ ពោរពេញដោយ​ការ​ទ្រគោះ បោះសំដីឲ្យ​គ្នាទៅវិញទៅមក ដែល​នេះបង្ហាញអំពីកំរិតនៃភាពតានតឹង រវាងមហាអំណាចទាំង២នេះ។ នេះគឺជាបរិបទនៃសង្រ្គាមត្រជាក់ថ្មីមួយ ដែលគូរប្រកួតទាំងសងខាង សុទ្ធតែជឿជាក់ ថាខ្លួន​មានប្រៀបជាងម្ខាងទៀត។

ផ្សាយពាណិជ្ជកម្ម

កំដៅនៃភាពតានតឹង​ រវាង​អាេមរិក និងចិន​ បានឡើងស្រឺតៗ នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជំនួបជាន់ខ្ពស់ជាលើកទី១ បន្ទាប់ពីរដ្ឋបាល​លោក​ចូ បៃដិន បានចូលកាន់តំណែង រវាងភាគីទាំង២ ដែលបានធ្វើឡើងនៅតំបន់អាឡាស្កា កាលពីថ្ងៃទី ១៨-១៩ មីនា បានបន្សល់ទុកនូវ​ស្នាមប្រេះស្រាំ ដោយសារតែពាក្យ​សំដី ទ្រគោះបោះបោកឲ្យ​គ្នាទៅវិញទៅមក។

គ្រាន់តែបើកឆាកប្រជុំភ្លាមៗ លោក​Antony Blinken បាន​ចាប់​ផ្តើមនិយាយ​បរិហារ ចោទចិនស្តីអំពីបញ្ហាសិទ្ធិមនុស្ស នៅហុងកុង នៅទីបេ និង​នៅខេត្តស៊ីនជាំង។  មុនបើកការប្រជុំ លោក​​ថែមទាំងបាន​​ប្រើពាក្យ « ប្រទេស » ​នៅពេលលោក លើកឡើងពី កោះតៃវ៉ាន់ ថែមទៀតផង។ ភាគី​អាេមរិក​ បានចោទចិន ថាកំពុងតែគំរាម​ ដល់ស្ថិរភាពពិភពលោក តាមរយៈការបំផ្លាញ​គោលការណ៍គ្រិះនៃច្បាប់​អន្តរជាតិ។​ លោកប្រមុខការទូតអាេមរិក បានរំលឹកជា​​ថ្មី នូវឃ្លាដែលលោកតែងតែនិយាយ គឺ អាមេរិកអាចសហការជាមួយចិន តែបើកាលៈទេសៈត្រូវប្រកួតប្រជែង ក៏ប្រកួតប្រជែង ហើយបើត្រូវ​ប្រឆាំងតទល់ គឺត្រូវប្រឆាំងតទល់។ លោក ចូ បៃដិន​ ដែលតាមដានការប្រជុំនោះពីចំងាយ បានថ្លែងប្រាប់អ្នកកាសែតថា លោកមានមោទនភាពណាស់ ចំពោះអ្វីដែល​រដ្ឋមន្ត្រីការបរទេសលោក បាននិយាយ ចំពោះមុខភាគីចិន។

លោក Yang Jiechi សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍បក្សកុម្មុយនីស្តចិន ទទួលបន្ទុកកិច្ចការបរទេស ដែលដឹកនាំគណៈប្រតិភូចិនទៅអាឡាស្កា បាន​ឆ្លើយ​ទៅវិញ នៅក្នុង​ចម្លើយ​ដំបូង ដែលមាន​រយៈពេល​ដល់ទៅ​១៦នាទី។ មន្ត្រីចិនរូបនេះ បាន​លើកលើងថា "សហរដ្ឋអាមេរិក ត្រូវតែឈប់ធ្វើឬកក្រអឺតក្រទម  មើលងាយគេ និងឈប់ដើរ​​ឱយដំបូន្មានគេឯងតទៅទៀតទៅ។ អាមេរិក គួរណាតែងាក​​ទៅ ​សម្លឹងមើលខ្លួនឯងផង ថា​ខ្លួនមានបញ្ហាអ្វីខ្លះ ដូចជាបញ្ហាប្រជាធិបតេយ្យ បោះឆ្នោតហើយប្រជាជន​មិន​ទុកចិត្តលទ្ធផល និង​បញ្ហា​រើសអើងប្រកាន់ពូជសាសន៍ ហិង្សា​ធ្វើទៅលើ​ប្រជាជនស្បែកខ្មៅជាដើម។"

គួរកត់សំគាល់ថា ការបោះសម្តីចោទប្រកាន់ ចំអកឲ្យគ្នា រវាងថ្នាក់ដឹកនាំមហាអំណាចទាំង២នេះ បានស្តែងឲ្យឃើញច្បាស់ អំពី​ការប្រកួតប្រជែងឥទ្ធិពល រវាងចិន និងអាេមរិក ក្នុងបរិបទសកលលោក ដែលពោរពេញដោយ​វិបត្តិ១០០ជំពូក​។ រវាងចិន និងអាេមរិក នាពេលនេះ គឺប្រៀបបីដូចជាសង្រ្គាមត្រជាក់ថ្មីមួយទៀត។ តែសួរថា មហាអំណាចទាំង២នេះ មួយ​ណាមានប្រៀបជាងមួយណា?

ចិនមិនមែនមិនដឹងខ្លួនទេ ថារដ្ឋបាលលោកចូ បៃដិន ពិតជា​អាចបង្កបញ្ហាឲ្យ​ខ្លួន ​កាន់តែច្រើនជាងរដ្ឋបាល​លោកដូណាល់ ត្រាំទៅទៀត។ ក្រៅពី​បញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលរដ្ឋបាលលោកចូ បៃដិន បានប្តេជ្ញាថានឹងប្រជែងជាមួយចិន រដ្ឋបាលនេះនឹងយកបញ្ហាមួយទៀត មកចោទសង្កត់ចិន គឺបញ្ហាសិទ្ធិមនុស្ស។ ជាងនេះទៀត រដ្ឋបាលលោកចូ បៃដិន មានឆន្ទៈកៀងគរប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីរួមកម្លាំងគ្នា ទប់ទល់ជាមួយចិន។ យ៉ាងណាមិញ លោកចូ បៃដិន បានពង្រឹងចំណងសហការ​ជាមួយ​​ប្រទេសធំៗបី មានជប៉ុន អូស្ត្រាលី និង​ឥណ្ឌា នៅក្នុងយុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពួតកម្លាំងគ្នា ទប់ជាមួយ​ការច្បាមអំណាចរបស់ចិន។

ក៏ប៉ុន្តែ សួរថាតើ​ ប្រសិទ្ធិភាព​នៃ​យុទ្ធសាស្ត្រនេះ អាចធ្វើឲ្យ​ចិនញញើតនឹងអាមេរិក ដែរឬទេ? បើតាមការសង្កេត ចិនហាក់ដូចជាមានទំនុកចិត្តលើខ្លួនឯងច្បាស់ណាស់ ថាទោះអាមេរិក ប្រើសំដីចោទប្រកាន់ បរិហារយ៉ាងណា តែទីបំផុតអាមេរិកបានត្រឹមតែសម្តីតែប៉ុណ្ណោះ ព្រោះថាចិនជាអ្នកឈ្នះរួចទៅហើយ។ នៅក្នុងពេលប្រជុំនៅអាឡាស្កា លោក Yang Jiechi បានឆ្លៀតរំលឹកអាមេរិកថា សម្ព័ន្ធមិត្ត៤ភាគី នៃយុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិកនោះ គឺគ្មានទំងន់អ្វីឡើយ​ទៅលើចិន បើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចិន បានចុះហត្ថលេខាជាមួយ​ក្រុមប្រទេសអាស៊ាន ជប៉ុន កូរ៉េខាងត្បូង និង​អូស្ត្រាលី កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ភាគីចិន បានរំលឹកថា អាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូពាណិជ្ជកម្មធំបំផុតទាំង៣ របស់ខ្លួន។ សម្រាប់ចិន អាមេរិកមិនមែនកំពុងតែមានប្រៀបមកលើចិននោះទេ តែគឺអាមេរិក កំពុងតែស្រវ៉េស្រវ៉ា ប្រឹងប្រយុទ្ធជាមួយចិន ទាំងត្រដរ។

ជាការពិត សម្តីបោះទៅឲ្យអាមេរិកវិញទាំងនេះ បានបង្ហាញថា ចិនមិនខ្លាចញញើតអាមេរិកទៀតទេ។ ចិនចង់ធ្វើឲ្យ​អាមេរិកដឹងខ្លួនថា យុគសម័យនៃអាមេរិក ជាមហាអំណាចគ្រប់គ្រងពិភពលោកនោះ គឺវាបានក្លាយជាអតីតកាលទៅហើយ។ អំណេះតទៅ ស្នូលធំនៃពិភពលោក គឺស្ថិតនៅអាស៊ី ដែល​មានចិន ជាអ្នកមានឥទ្ធិពលខ្លាំងបំផុត។ គំរូសេដ្ឋកិច្ច នយោបាយ​ និង​សហប្រតិបត្តិការអន្តរជាតិ គឺអាេមរិកមិនអាចជិះសេះលែងដៃតែម្នាក់ឯងបានតទៅទៀតទេ ព្រោះថាចិន គឺជា​ជំរើសបង្អែកទី​២របស់ពិភពលោក។

សម្រាប់ថ្នាក់ដឹកនាំចិន​ គឺអាេមរិក កំពុងតែគិតខុសធ្ងន់ណាស់ ដែល​ចង់ប្រយុទ្ធតតាំងជាមួយចិននាពេលនេះ ទាំងដោយ​មិនបានសិក្សាលំអិត ពិចារណាឲ្យ​បានច្បាស់ អំពីការវិវឌ្ឍន៍របស់​ពិភពលោក​។ នេះគឺជាការលើកឡើង របស់​លោក Kishore Mahbubani អតីតមន្ត្រីការទូតសិង្ហបុរីដ៏មាន​បទពិសោធន៍​ម្នាក់ នៅក្នុងសៀវភៅ ដែលមានចំណងជើង « នៅថ្ងៃដែលចិននឹងឈ្នះ »។ អ្នកវិភាគរូបនេះ អះអាងថា គ្មានផ្លូវដែលអាមេរិក អាចបន្តរក្សាតំណែងជាមហាអំណាចពិភព​លោក តែម្នាក់ឯងទៀតបាននោះទេ ដរាបណាអាមេរិក គ្មានសមត្ថភាព សម្របខ្លួន​ទៅនឹងការពិតជាក់ស្តែងនៃបរិបទពិភពលោក​។ លោក Hubert Védrine អតីតមន្ត្រីការទូតបារាំងដ៏ល្បីម្នាក់ ដែលបាន​សរសេរអារម្ភកថានៃសៀវភៅនេះ បានលើកឡើងថា យុទ្ធសាស្ត្រសង្កត់ក ស្តីបន្ទោសចិន របស់​លោកចូ បៃដិន គឺនឹងមិនបានផលទេ។

មួយវិញទៀត ជាមួយនឹងការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព នៃការឆ្លងរាលដាលកូវីដ​១៩ គឺវាបានធ្វើ​ឲ្យ​ចិន កាន់តែមានទំនុកចិត្ត។ សេដ្ឋកិច្ចចិន បានស្ទុះឡើង មានកម្លាំងល្អជាងគេ ខណៈដែលប្រទេសផ្សេងៗ មានអាមេរិក និងបណ្តាប្រទេសអឺរ៉ុបជាដើម កំពុងតែប្រឹងរើបំរាស់ចេញពីវិបត្តិកូវីដ យ៉ាងលំបាកបំផុត។ ការនាំមុខរបស់ចិននេះ បានធ្វើឲ្យ​ចិន មានឱកាសចំណាយ​ប្រាក់វិនិយោគក្នុងឧស្សាហកម្មទំនើប ឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃអនាគត។ ប្រការទាំងអស់នេះ បានធ្វើឲ្យ​ចិន ជឿជាក់ថាខ្លួន​បានឈ្នះអាេមរិករួចទៅហើយ។ តែយ៉ាងណា ថាមិនត្រូវ មោទនភាពជ្រុលហួសហេតុរបស់ចិន ដោយលែងខ្លាចរអានរណា ក៏វាអាចជាចំណុចខ្សោយមួយដែរ ទៅថ្ងៃខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI