ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប-ចិន៖ កិច្ចព្រមព្រៀងវិនិយោគអាចនឹងរងគ្រោះ​ដោយ​ភាពតានតឹងរឿងអ៊ុយហ្គួរ?

សំឡេង ០៥:៣៨
កិច្ចព្រមព្រៀងវិនិយោគអឺរ៉ុប-ចិន ត្រូវបានចុះ កាលពីខែធ្នូឆ្នាំ២០២០ ក៏ប៉ុន្តែ នៅមិនទាន់​ឆ្លងកាត់​ការអនុម័ត​ផ្តល់​សច្ចាប័ន ពី​សំណាក់​សភា​អឺរ៉ុប​នៅឡើយ
កិច្ចព្រមព្រៀងវិនិយោគអឺរ៉ុប-ចិន ត្រូវបានចុះ កាលពីខែធ្នូឆ្នាំ២០២០ ក៏ប៉ុន្តែ នៅមិនទាន់​ឆ្លងកាត់​ការអនុម័ត​ផ្តល់​សច្ចាប័ន ពី​សំណាក់​សភា​អឺរ៉ុប​នៅឡើយ AFP - JOHANNA GERON

នៅក្នុងរយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយ​នេះ ទំនាក់ទំនង រវាង​ចិន និង​អឺរ៉ុប បាន​ធ្លាក់ក្នុងសភាពតានតឹងយ៉ាងខ្លាំង​កម្រមាន ក្រោយ​ពីមាន​ការ​ដាក់ទណ្ឌកម្ម​គ្នាទៅវិញទៅមក ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​​នៅ​តំបន់ស៊ីងជាំង។ ស្ថិតក្នុងសភាពតានតឹងនេះ សំណួរបានចោទឡើង ទាក់ទងនឹង​ជោគវាសនា​នៃ​កិច្ចព្រមព្រៀងវិនិយោគ រវាង​ចិន និង​សហភាព​អឺរ៉ុប ដែល​ជាកិច្ចព្រមព្រៀង​ដ៏សំខាន់មួយ ប្រសូត្រចេញពីការ​ចរចា​យ៉ាងស្វិតស្វាញ​អស់រយៈពេល​រាប់ឆ្នាំ ក៏ប៉ុន្តែ នៅមិនទាន់​ឆ្លងកាត់​ដំណាក់កាលផ្តល់​សច្ចាប័ន​នៅឡើយ។

ផ្សាយពាណិជ្ជកម្ម

ការប្រើទណ្ឌកម្ម​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ គឺជាបទពិសោធន៍​ដ៏​ចាស់ឆ្នាំមួយទៅហើយ សម្រាប់​អឺរ៉ុប។ ដូច្នេះ នៅពេលដែល​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​ចិន ជុំវិញបញ្ហា​អ៊ុយហ្គួ នៅ​ស៊ីងជាំង អឺរ៉ុប​គួរតែដឹងខ្លួន​ជាមុន​ថា ចិន​ប្រាកដ​ជានឹង​ឆ្លើយតបមកវិញ។ ក៏ប៉ុន្តែ អ្វីដែល​ប្រហែលជា​ធ្វើ​ឲ្យ​អឺរ៉ុបភ្ញាក់ផ្អើល គឺ​ទំហំ​នៃ​​ទណ្ឌកម្ម​តប​របស់​ចិន។

ជាទម្លាប់ នៅពេលសម្រេចដាក់ទណ្ឌកម្ម ដូចជា​ទៅលើ​រុស្ស៊ី​ ជាដើម អឺរ៉ុប​តែងតែ​ឃើញមាន​ការ​ឆ្លើយតបមកវិញ ដោយសមាមាត្រ មួយទៅមួយមក ​ពីរទៅពីរមក ឬដែលគេតែងតែហៅថា « ភ្នែក​ឲ្យធួននឹងភ្នែក »។ ក៏ប៉ុន្តែ ជាមួយចិន​លើកនេះវិញ ទណ្ឌកម្ម​ដែល​អឺរ៉ុប​ដាក់​មួយទៅ ចិន​តបមកវិញ​រហូតដល់​ទៅ២ ឬ​៣ដងឯណោះ។

យើងឃើញ​ថា ទណ្ឌកម្មដែល​អឺរ៉ុប​សម្រេច​ដាក់​កាល​ពីថ្ងៃចន្ទ គឺ​ដាក់ទៅលើ​មន្រ្តីតំបន់ស៊ីងជាំងចំនួន ៤រូប និង​ស្ថាប័នមួយ ដែល​ទទួលបន្ទុក​ខាង​អនុវត្ត​គោលនយោបាយ​ផ្នែក​សន្តិសុខ​របស់​បក្សកុម្មុយនិស្ត​ចិន នៅក្នុង​តំបន់​ស៊ីងជាំង ហើយ​ដែល​​សហភាពអឺរ៉ុប​បាន​ចាត់ទុក​ថា​ជា​អ្នក​​ជាប់ពាក់ព័ន្ធ​ដោយផ្ទាល់ ទៅនឹង​ការរំលោភសិទ្ធិជនជាតិ​អ៊ុយហ្គួ។

ឆ្លើយតបមកវិញ ចិន​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​បុគ្គលចំនួន ១០រូប និង​ស្ថាប័ន​ចំនួន ៤ របស់​អឺរ៉ុប ដែល​ចិន​កំណត់​មុខសញ្ញា​ថា​ជា​អ្នក​បំភ្លៃព័ត៌មាន​ និង​ជ្រៀតជ្រែកចូល​ក្នុង​កិច្ចការផ្ទៃក្នុង​របស់​ចិន។ ក្នុងចំណោម​បុគ្គល និង​ស្ថាប័ន​ដែល​ត្រូវ​រងទណ្ឌកម្ម​ពី​ចិន​នេះ គេឃើញ​មាន​សមាជិកសភាអឺរ៉ុប អនុគណៈកម្មការអឺរ៉ុបទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស និង​ក៏មាន​ដែរ​អ្នកស្រាវជ្រាវ និង​​វិទ្យាស្ថានស្រាវជ្រាវ​ទៅលើ​បញ្ហាអ៊ុយហ្គួ​នៅ​ស៊ីងជាំង។

ការតបត​របស់​ចិន​នេះ វាឆ្លុះបញ្ចាំងពី​យុទ្ធសាស្រ្តការទូត​ថ្មី​ ដែលចិនតែងអនុវត្ត​នៅក្នុង​ រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ហើយដែលគេតែងតែ​ហៅ​ថា​នយោបាយបែប « ចចកចម្បាំង» (Wolf Warrior)។ ក៏ប៉ុន្តែ អ្វីដែលគេគួរកត់សម្គាល់ ហើយដែល​គួរ​ឲ្យ​ងឿងឆ្ងល់ គឺនៅត្រង់​ថា ទណ្ឌកម្ម​ដែល​ចិន​បាន​ដាក់តបមកវិញ​នេះ មិនត្រឹមតែខ្លាំងជាង​ទណ្ឌកម្ម​របស់​អឺរ៉ុបនោះទេ ក៏ប៉ុន្តែជាងនេះទៅទៀត គឺ​ដាក់ទៅលើ​សមាជិកសភា​អឺរ៉ុប នៅក្នុងពេលដែល​សភា​អឺរ៉ុប​ត្រូវ​អនុម័តផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ដ៏សំខាន់​មួយ ដែល​ចិន​បានចុះ​ជាមួយ​សហភាព​អឺរ៉ុប កាល​ពីខែធ្នូ​កន្លងទៅ គឺ​កិច្ចព្រមព្រៀង​វិនិយោគ។

ភ្លាមៗក្រោយ​ការប្រកាស​ដាក់ទណ្ឌកម្ម​របស់​ចិន កិច្ចប្រជុំ​របស់​ក្រុមការងារ​សភា​អឺរ៉ុប ដើម្បី​ជជែក​អំពី​កិច្ចព្រមព្រៀង​វិនិយោគ​អឺរ៉ុប-ចិន​ត្រូវបានលុបចោល ហើយ​ក្រុមសមាជិកសភា​អឺរ៉ុប ដែលមាន​សំឡេង​ភាគច្រើន​លំដាប់ទីពីរ បាន​លើកឡើង​ថា នឹង​គ្មានការ​ប្រជុំពិភាក្សា​លើ​ការផ្តល់សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​វិនិយោគ​នេះ​ទេ ដរាបណា​សមាជិកសភា​នៅជាប់​ទណ្ឌកម្មរបស់​ចិន។

ពីខាង​រដ្ឋាភិបាល​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុបវិញ គេឃើញ​ថា ប្រទេស​ជាច្រើន ក្នុងនោះ រួមមាន​ទាំងបារាំងផងបាន​កោះហៅ​ឯកអគ្គរដ្ឋទូតចិន ដើម្បី​មកធ្វើការ​តវ៉ា ចំណែក​ចិន​វិញ​បាន​​តបមកវិញ​ថា ការកោះហៅឯកអគ្គរដ្ឋទូតនេះ គឺ​ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យកបាន។

សំណួរត្រូវចោទឡើង​ថា តើ​ការ​តបតគ្នា​ទៅវិញ​ទៅមកនេះ នឹង​ត្រូវ​បន្ត​ទៅដល់​ត្រឹមណា ហើយថា តើ​ចិន និង​សហភាព​អឺរ៉ុប​សុខចិត្ត​​​បាត់បង់​កិច្ចព្រមព្រៀងវិនិយោគ​ទៅវិញ ដោយសារ​តែ​ភាពតានតឹង​​នៅពេលនេះ​ឬ​ក៏​យ៉ាងណា?

កិច្ចព្រមព្រៀងវិនិយោគនេះ គឺជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់មួយ ដែល​ចិន និង​អឺរ៉ុប បាន​ចរចា​គ្នា​យ៉ាងស្វិតស្វាញ​អស់រយៈពេល​ជាច្រើន​ឆ្នាំ ទម្រាំ​បានចេញ​ជា​រូបរាងឡើង ហើយ​បើ​សិន​ជា​គេ​មើល​ពីជ្រុង​សេដ្ឋកិច្ច គេឃើញ​ថា សហភាព​អឺរ៉ុប​ជា​អ្នក​នឹង​អាច​ទាញយក​ផលចំណេញ​បាន​ច្រើន​ជាង តាមរយៈ​ការ​បើក​ចំហ​ទីផ្សា​រ​របស់​ចិន ដល់​ក្រុមហ៊ុន​អឺរ៉ុប។ ដូច្នេះ បើ​និយាយ​ត្រង់​ចំណុច​នេះ អ្នកដែល​ត្រូវ​ខាតបង់​ច្រើន​ជាង ក្នុងករណី​ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវជាប់គាំង គឺ​មិនមែន​ចិន​នោះទេ គឺ​សហភាព​​អឺរ៉ុប។

ក៏ប៉ុន្តែ ប្រសិនបើ​គេ​មើលពី​ជ្រុង​នយោបាយវិញ គឺ​ចិន​ដែល​នឹង​ត្រូវ​ជា​អ្នក​ខាតបង់​ច្រើន ពីព្រោះ​ថា តាមការពិត​ទៅ ផលចំណេញ​ខាង​នយោបាយ​នេះហើយ ដែល​ជាកត្តា​ចម្បង ជំរុញ​ឲ្យ​ចិន​សុខចិត្ត​ធ្វើ​សម្បទាន​ចំពោះ​អឺរ៉ុប បើក​ចំហទីផ្សារ​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប ដើម្បី​បាន​ចុះ​កិច្ចព្រមព្រៀងវិនិយោគ​ជាមួយអឺរ៉ុប។

សម្រាប់​ចិន កិច្ចព្រមព្រៀង​វិនិយោគនេះ គឺ​ជា​ជោគជ័យ​ខាង​នយោបាយ​​មួយ ជានិម្មិតរូប​នៃ​សមត្ថភាព​របស់​ចិន​ក្នុងការ​ទាក់ទាញ​ដៃគូ​ដ៏​សំខាន់​ដូចជា​សហភាព​អឺរ៉ុប នៅក្នុងបរិបទ​នៃ​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​​គេអាច​នៅចាំបានថា នៅពេលដែល​ចិន​ចុះកិច្ចព្រមព្រៀងវិនិយោគ​ជាមួយ​សហភាព​អឺរ៉ុបនេះ ចិន​កំពុង​ប្រឈម​នឹង​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក ចំណែក​អាមេរិក ក្រោម​រដ្ឋការ​របស់​លោក​ដូណាល់ ត្រាំ ក៏​មានការខ្វែងគំនិតគ្នាច្រើន​ជាមួយ​អឺរ៉ុប ក្នុងនោះ​ក៏មានដែរ ការខ្វែងគំនិតគ្នា​ជុំវិញ​ការ​រកស៊ី​ជាមួយចិន។

ដូច្នេះ សម្រាប់​ចិន ការចុះកិច្ចព្រមព្រៀង​វិនិយោគ បើក​ចំហទីផ្សារ​ចិន​ដល់​ក្រុមហ៊ុន​អឺរ៉ុបនេះ ក៏​ជា​យុទ្ធសាស្រ្ត​មួយ​ផងដែរ ក្នុងគោលដៅ​បំបែក​សហភាព​អឺរ៉ុប ពី​សហរដ្ឋ​អាមេរិក ក្នុង​យុទ្ធនាការប្រឆាំងចិន។

នៅពេលនេះ ស្របពេល​ដែល​លោកដូណាល់ ត្រាំ ត្រូវ​ចាញ់ឆ្នោត​ធ្លាក់ពីតំណែង​បាត់ទៅហើយ ចំណែក​រដ្ឋាភិបាល​របស់លោក​បៃដិន ក៏​​មានទំនោរទៅរក​អឺរ៉ុបស្រាប់ ផងនោះ ការប្រឈមមុខដាក់គ្នា រវាង​ចិន និង​អឺរ៉ុប អាច​នឹង​​បង្ក​ហានិភ័យ​ដ៏​ចម្បងមួយ សម្រាប់ចិន គឺ​វា​អាច​រុញសហភាព​អឺរ៉ុប​ឲ្យ​ត្រឡប់​ទៅរួមដៃគ្នា​ជាមួយ​អាមេរិក​វិញ ដើម្បី​​មកប្រឆាំងនឹងចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI