ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វ៉ាក់សាំងយឺតយ៉ាវ៖ អឺរ៉ុបកំពុងប្រឈមបញ្ហាធ្ងន់ធ្ងរ?

សំឡេង ០៤:៤៨
ការចាក់វ៉ាក់សាំង​នៅ​បណ្តាប្រទេស​អឺរ៉ុបយឺតយ៉ាវ ដោយសារ​តែជាប់មានជម្លោះ ជាមួយ ក្រុមហ៊ុន​AstraZeneca ដែលផ្គត់ផ្គង់វ៉ាក់សាំង មិនគ្រប់គ្រាន់​តាមចំនួន និង​តាមពេលវេលា​កំណត់ក្នុង​កិច្ចសន្យា។
ការចាក់វ៉ាក់សាំង​នៅ​បណ្តាប្រទេស​អឺរ៉ុបយឺតយ៉ាវ ដោយសារ​តែជាប់មានជម្លោះ ជាមួយ ក្រុមហ៊ុន​AstraZeneca ដែលផ្គត់ផ្គង់វ៉ាក់សាំង មិនគ្រប់គ្រាន់​តាមចំនួន និង​តាមពេលវេលា​កំណត់ក្នុង​កិច្ចសន្យា។ AP - Bob Edme

ប្រៀបធៀបនឹងប្រទេសជឿនលឿនផ្សេងទៀត បណ្ដាប្រទេសក្នុងសហភាពអឺរ៉ុបហាក់មានភាពយឺតយ៉ាវខ្លាំងក្នុងការចាក់វ៉ាកសាំងឱ្យប្រជាជនខ្លួន។ ទោះជាយ៉ាងណា បញ្ហាដែលអឺរ៉ុបកំពុងប្រឈមនេះមិនមែនកើតឡើងតែដោយសារមេដឹកនាំទន់ខ្សោយម្នាក់ឬពីរនាក់ ឬក៏ចលនាសង្គមមិនទុកចិត្តលើវិទ្យាសាស្រ្ដនោះទេ ប៉ុន្តែ វាបានកើតឡើងដោយសារ បញ្ហាជាមូលដ្ឋាននៃស្ថាប័នដឹកនាំអឺរ៉ុប ជាពិសេស ការមិនឯកភាពគ្នាក្នុងសហភាពអឺរ៉ុបទាំងមូល។ ទៅថ្ងៃខាងមុខ គម្រោងសហព័ន្ធអឺរ៉ុបរួមទំនងអាចប្រឈមបញ្ហាច្រើនផ្សេងទៀត។

ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិកមានអ្វីជាច្រើនត្រូវរៀនសូត្រពីភាពជោគជ័យនៃគោលនយោបាយសាធារណៈរបស់អឺរ៉ុប ជាពិសេស នៅពេលគេនិយាយអំពី គោលនយោបាយថែទាំសុខភាពសាធារណៈ។ គ្រប់បណ្ដាប្រទេសជឿនលឿននៅអឺរ៉ុប អាចផ្តល់សេវាធានារ៉ាប់រងសុខភាពជាសកល ដល់ប្រជាពលរដ្ឋរបស់ខ្លួនគ្រប់រូប។ ក្នុងពេលជាមួយគ្នា បណ្ដាប្រទេសអឺរ៉ុបចំណាយតិចជាងឆ្ងាយណាស់ធៀបនឹងសហរដ្ឋអាមេរិក។ នៅសហរដ្ឋអាមេរិក ពលរដ្ឋយ៉ាងច្រើនមិនបានទទួលសេវាធានារ៉ាប់រងសុខភាព ក្នុងចំនួនរាប់សិបលាននាក់។ លើសពីនេះ គុណភាពជាទូទៅនៃសេវាថែទាំសុខភាពនៅអឺរ៉ុបមានគុណភាពល្អណាស់។ ជាឧទាហរណ៍ ពលរដ្ឋបារាំងជាមធ្យមអាចរំពឹងរស់នៅបានយូរជាងពលរដ្ឋអាមេរិកចំនួនបួនឆ្នាំ។

ទោះជាយ៉ាងណា នៅក្នុងពេលដ៏សំខាន់ប្រឈមជាមួយវិបត្តិជំងឺកូវីដ១៩ និងជាពេលវេលាដែល​វ៉ាក់សាំងថ្មីអាចធ្វើឱ្យ​សង្គមអឺរ៉ុបត្រលប់ទៅរកភាពដើមធម្មតាវិញ ប្រទេសអឺរ៉ុបបែរជាត្រូវជួបការផ្ទុះឡើងនៃរលកឆ្លងជំងឺម្ដងជាពីរដង និងភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំង។ នាពេលបច្ចុប្បន្ន ពលរដ្ឋអង់គ្លេស និងពលរដ្ឋអាមេរិក បាន​ចាក់វ៉ាក់សាំងក្នុងចំនួនបីដងច្រើនជាងពលរដ្ឋបារាំង និងអាល្លឺម៉ង់។

ភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងនៅអឺរ៉ុបនឹងបណ្តាលឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់បន្ថែមទៀត។ អ្នកជំនាញខ្លះបានលើកឡើងអំពី ការសម្រេចចិត្តមិនត្រឹមត្រូវរបស់អ្នកដឹកនាំនយោបាយមួយចំនួន ផ្ទុយទៅវិញ បើមើលឱ្យ​ស៊ីជម្រៅ ភាពបរាជ័យនេះបានឆ្លុះបញ្ចាំងអំពី គុណវិបត្តិជាមូលដ្ឋាន និងឥរិយាបទនៃស្ថាប័នអឺរ៉ុបទាំងមូល តួយ៉ាង បញ្ហាការិយាធិបតេយ្យមិនចេះបទបែន និងការមិនឯកភាពគ្នាក្នុងសហភាពអឺរ៉ុប។ បញ្ហាទាំងនេះធ្លាប់បានធ្វើឱ្យអឺរ៉ុបជួបវិបត្តិប្រាក់អឺរ៉ូ កាលពីមួយទសវត្សរ៍មុនរួចមកហើយ។

ជាការពិត ការស្វែងយល់លម្អិតអំពីបញ្ហាប្រឈមដែលសហភាពអឺរ៉ុបទាំងមូលកំពុងជួបប្រទះមានភាពស្មុគស្មាញខ្លាំង។ ក្នុងករណីការចាក់វ៉ាក់សាំងប្រឆាំងវិបត្តិជំងឺកូវីដ១៩ មេដឹកនាំអឺរ៉ុបបានបង្ហាញពីសកម្មភាពអល់អែក និងក្ដីបារម្ភយ៉ាងខ្លាំងអំពី លទ្ធភាពដែលពួកគេត្រូវបង់លុយច្រើនពេកទៅឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំង ឬក៏ការចំណាយប្រាក់សម្រាប់វ៉ាក់សាំងដែលមិនមានប្រសិទ្ធិភាព ប៉ុន្តែវ៉ាក់សាំងទាំងនោះបែរជាបង្កឱ្យ​មានផលប៉ះពាល់គ្រោះថ្នាក់ទៅវិញ នៅថ្ងៃខាងមុខ។ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ ពួកគេព្យាយាមពន្យារពេលដំណើរការនៃការចាក់វ៉ាក់សាំងទាំងមូល។ ទោះជាយ៉ាងណា ការសម្រេចចិត្តនេះហាក់មើលរំលងហានិភ័យនៃការស្លាប់របស់ប្រជាជនអឺរ៉ុបជាច្រើន ដែលអាចឈឺ ឬស្លាប់ដោយសារតែការចាក់វ៉ាក់សាំងយឺតពេក។ ក្នុងអំឡុងពេលវិបត្តិប្រាក់អឺរ៉ូ អាកប្បកិរិយាបែបនេះក៏កើតមានឡើងផងដែរ។ ផ្អែកតាមអ្នកជំនាញខ្លះ ទង្វើយឺតយ៉ាវនេះបានរុញច្រានឱ្យ​អឺរ៉ុបត្រូវបង់ថ្លៃយ៉ាងច្រើន នាពេលក្រោយមកទៀត។

បញ្ហាមួយដ៏ចម្បងផ្សេងទៀតដែលអឺរ៉ុបត្រូវប្រឈម គឺ ស្នូលគ្រឹះនៃការមិនឯកភាពគ្នាក្នុងចំណោមបណ្ដាប្រទេសអឺរ៉ុប។ ការចាក់វ៉ាក់សាំងត្រូវបានពន្យារពេល ព្រោះអឺរ៉ុបមិនអាចអនុវត្តគោលនយោបាយអឺរ៉ុបរួមបាន។ រឿងនេះវាអាចកើតឡើងទៅបាន លុះត្រាតែអឺរ៉ុបមានរដ្ឋាភិបាលសហព័ន្ធ ដូចទម្រង់សហរដ្ឋអាមេរិក។ ល្គឹកណាច្បាប់ត្រូវសម្រចឱ្យ​អនុវត្តរួចរាល់ហើយ ដោយរដ្ឋសហព័ន្ធ នុ៎ះច្បាប់នោះនឹងអាចអនុវត្តបានទូទាំងប្រទេស។ នាពេលបច្ចុប្បន្ន ដើម្បីសម្រេចគោលនយោបាយរួមអ្វីមួយក្នុងទ្រង់ទ្រាយអឺរ៉ុប ប្រទេសអឺរ៉ុបត្រូវរង់ចាំមូលមតិគ្នា ហើយម្ដងៗវាចំណាយពេលវេលា។

រឿងមួយផ្សេងទៀតដែលអឺរ៉ុបត្រូវប្រឈមផងដែរ គឺ ចលនាសង្គមមិនទុកចិត្ត ឬមិនឱ្យ​តម្លៃលើវិទ្យាសាស្រ្ដ។ ជាក់ស្ដែង រឿងនេះក៏បានកើតឡើងផងដែរនៅសហរដ្ឋអាមេរិក គ្រាន់តែកម្រិតបញ្ហាមានសភាពធំធេងជាងនៅអឺរ៉ុប។ នៅអាមេរិក ចលនាមិនឱ្យ​តម្លៃលើវិទ្យាសាស្រ្ដបានកើតឡើង ព្រោះមកពីសិទ្ធិ ជាពិសេស សិទ្ធិខាងសាសនា។ សហរដ្ឋអាមេរិកជាប្រជាជាតិមួយដែលពោរពេញទៅដោយអ្នកប្រឆាំងនឹងទ្រឹស្ដីវិទ្យាសាស្ដ្រ តួយ៉ាង ទ្រឹស្ដីនៃការវិវត្តន៍ និងទ្រឹស្ដីនៃការប្រែប្រួលអាកាសធាតុ ជាដើម ហើយ ក្នុងពេលថ្មីៗនេះ គឺពាក់ព័ន្ធទៅនឹងវិបត្តិជំងឺកូវីដ១៩។ ទោះជាយ៉ាងណា អារម្មណ៍ប្រឆាំងនឹងការចាក់វ៉ាក់សាំងហាក់ដូចជារីករាលដាលគួរឱ្យព្រួយបារម្ភ នៅអឺរ៉ុប ជាពិសេសនៅបារាំង។ ពលរដ្ឋបារាំងក្នុងចំនួនយ៉ាងច្រើនបានឆ្លើយថាខ្លួនមិនចង់ចាក់វ៉ាក់សាំងនោះទេ។

បញ្ហាទាំងអស់នេះបានឈានដល់ចំណុចកំពូល នៅសប្តាហ៍នេះ នៅពេលដែលប្រទេសអឺរ៉ុបមួយចំនួន បានផ្អាកមិនឱ្យ​ប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយផ្អែកលើក្តីបារម្ភអំពី បញ្ហាឈាមកកក្រោយការចាក់វ៉ាក់សាំង។ ក្នុងស្ថានភាពបែបនេះ នៅពេលប្រទេសអាល្លឺម៉ង់បានព្យួរក្រុមហ៊ុន AstraZeneca ប្រទេសផ្សេងទៀតបានប្រញាប់ប្រញាល់ដើរតាមអាល្លឺម៉ង់ ដោយខ្លាចថាពួកគេនឹងត្រូវស្តីបន្ទោសពីប្រជាជន ប្រសិនបើមានអ្វីមួយខុសប្រក្រតីកើតឡើងមែននោះ។

សរុបជារួម បញ្ហាដែលអឺរ៉ុបកំពុងប្រឈម ជាពិសេសភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំង មិនមែនកើតឡើងតែដោយមេដឹកនាំទន់ខ្សោយម្នាក់ពីរនាក់នោះទេ ប៉ុន្តែ វាបានកើតឡើងដោយសារ បញ្ហាជាមូលដ្ឋាននៃស្ថាប័នដឹកនាំអឺរ៉ុបទាំងមូល។ ទៅថ្ងៃខាងមុខ គម្រោងអឺរ៉ុបរួមទំនងអាចប្រឈមបញ្ហាច្រើនផ្សេងទៀត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI