ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល៖តើការសោយរាជ្យជានាយករដ្ឋមន្រ្តីរយៈពេល ១២ឆ្នាំរបស់លោកនេតាន់យ៉ាហ៊ូឈានដល់ទីបញ្ចប់ ឬ?

សំឡេង ០៥:១៤
នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​
នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​ EMMANUEL DUNAND AFP/Archivos

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល សវនាការ​កាត់ទោស​នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​ក្នុង​រឿងអាស្រូវ​ពុករលួយ​បាន​ចាប់​ផ្តើម​ជា​ថ្មី​ក្នុង​ថ្ងៃ​ចន្ទ ទី៥ មេសា។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​បាន​ផ្តើម​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ដើម្បី​ជ្រើសរើស​បេក្ខជន​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី២៣ មីនា។ គណបក្ស​លីគូទ​របស់​លោក​នេតាន់យ៉ាហ៊ូ​ទទួល​បាន​សំឡេង​នាំ​មុខ តែ​គ្មាន​សំឡេង​ភាគច្រើន​ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​តែ​ឯង​បាន។ លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​ចាប់ដៃ​ជា​មួយ​ក្រុម​គណបក្សដៃគូ​ប្រពៃណី។ តែ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​សវនាការ​ពេល​នេះ​អាច​គំរាមកំហែង និង​ឈាន​ទៅ​បិទបញ្ចប់​សករាជ​សោយរាជ្យ​រយៈពេល ១២ឆ្នាំ​របស់​លោក​នេតាន់យ៉ាហ៊ូ​ដែរ ឬ​ទេ?។

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​គេ​និយាយ​ពី​ប្រទេស​អ៊ីស្រាអែល គេ​ហាក់​បាន​ចាប់​អារម្មណ៍​ភ្លាម​ពី​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស៊ីន។ តែ​បើ​គេ​និយាយ​ពី​អ៊ីស្រាអែល​ដែរ តែ​ទាក់ទង​នឹង​បញ្ហា​ផ្ទៃក្នុង ព័ត៌មាន​ស្តីពី​រឿងរ៉ាវ​របស់​នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​កំពុង​បន្ត​ក្លាយ​ជា​ព័ត៌មាន​មួយ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ មាន​អាយុ ៧១ឆ្នាំ និង​បាន​កាន់​អំណាច​សរុប​ចំនួន ១៥ឆ្នាំ ក្នុង​នោះ​កាន់​ជាប់​គ្នា​ចំនួន ១២ឆ្នាំ លោក​នេតាន់យ៉ាហ៊ូ​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ទី១ ដែល​បាន​ជាប់​ជំពាក់​វាក់វិន​នឹង​បទ​ចោទ​ប្រកាន់​ចំនួន ៣ ក្នុង​ពេល​កាន់​អំណាច ពុករលួយ កេងបន្លំ និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត។ តែ​លោក​នេតាន់យ៉ាហ៊ូ​បាន​បន្ត​ច្រានចោល​យ៉ាង​ដាច់​អហង្ការ​លើ​ការ​ចោទ​ប្រកាន់ និង​ធ្លាប់​បាន​ចាត់​ទុក​វិធានការ​របស់​រដ្ឋអាជ្ញា​ជា​យុទ្ធនាការ​បណ្តេញ​មេធ្មប់។

យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​មួយ​នេះ​កំពុង​បន្ត​ពុះ​ចែក​សង្គម​អ៊ីស្រាអែល​ជា​ពីរ​នៅ​ក្នុង​ចំណោម​ពលរដ្ឋ និង​អ្នក​នយោបាយ។ នៅ​ម្ខាង គឺ​ក្រុម​អ្នក​ប្រឆាំង​លោក​នេតាន់យ៉ាហ៊ូ​ដែល​មិន​ចង់​ឃើញ​លោក​បន្ត​កាន់​តំណែង​នាយករដ្ឋមន្រ្តី។ ចំណែក​នៅ​ម្ខាង​ទៀត គឺ​ក្រុម​អ្នក​គាំទ្រ​លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​លោក​នេតាន់យ៉ាហ៊ូ​ថា​មាន​បង្កប់​ដោយ​រឿង​នយោបាយ។ រូបភាព​ទាំង​អស់​នេះ​ត្រូវ​បាន​គេ​ឃើញ​មាន​នៅ​ជុំវិញ​តុលាការ​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​បង្ហាញ​ខ្លួន​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី៥ មេសា។ ក្រុម​អ្នក​ប្រឆាំង និង​ក្រុម​អ្នក​គាំទ្រ​លោក​នេតាន់យ៉ាហ៊ូ​បាន​មាន​វត្តមាន​ដំណាល​គ្នា​នៅ​ក្បែរ​តុលាការ។ នៅ​ក្នុង​តុលាការ អគ្គរដ្ឋអាជា្ញ​លោកស្រី​លីយ៉ាត បេនអារី​បាន​ថ្លែង​ថា លោក​នេតាន់យ៉ាហ៊ូ​បាន​ប្រើ​អំណាច​របស់​ខ្លួន​ដោយ​ខុស​ច្បាប់​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

អាច​ថា​ជា​រឿង​ចៃដន្យ​ក៏​ថា​បាន មិន​ចៃដន្យ​ក៏​ថា​បាន​ដែរ ព្រោះ​នៅ​ក្នុង​ថ្ងៃ​ចាប់​ផ្តើម​ជា​ថ្មី​នូវ​សវនាការ​កាត់ទោស​លោក​នេតាន់យ៉ាហ៊ូ ប្រធានាធិបតី​អ៊ីស្រាអែល​លោក​រ៉ឺវិន រីវលីន​បាន​ចាប់​ផ្តើម​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​រយៈពេល ២ថ្ងៃ​ដើម្បី​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី២៣ មីនា។ លទ្ធផល​បោះឆ្នោត​បាន​បង្ហាញ​ថា គណបក្ស​ស្តាំនិយម​លីគូទ​របស់​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​នេតាន់យ៉ាហ៊ូ​បាន​នាំ​មុខ​គេ​ដោយ​ទទួល​បាន ៣០អសនៈ​នៅ​ក្នុង​អសនៈ​ទាំង ១២០ នៅ​ក្នុង​សភា។ ដូច្នេះ​លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​ចាប់​ដៃ​ជាមួយ​គណបក្ស​ដៃគូ​ប្រពៃណី​ដើម្បី​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លោក​នេតាន់យ៉ាហ៊ូ​ក៏​កំពុង​ប្រឈម​នឹង​គណបក្ស​ជា​ច្រើន​ដែល​បាន​សម្រេចចិត្ត​បញ្ចប់​ការ​សោយរាជ្យ​រយៈពេល ១២ឆ្នាំ​គ្មាន​គូប្រៀប​របស់​លោក​នេតាន់យ៉ាហ៊ូ។ គួរ​បញ្ជាក់​ថា ការ​គិតគូរ​ពី​ចំនួន​អសនៈ​ជា​កត្តា​តែ​មួយ​គត់​ដើម្បី​ជ្រើស​បេក្ខជន​ណា​​ម្នាក់​ឲ្យ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។ ជា​ទូទៅ ជម្រើស​នេះ​បាន​ធ្វើ​ឡើង​ពី​គណបក្ស​ឈ្នះ​ឆ្នោត​លំដាប់ទី១។ នៅ​ក្នុង​ករណី​នេះ គឺ​គណបក្ស​លីគូទ​របស់​លោក​នេតាន់យ៉ាហ៊ូ ហើយ​គឺ​រូប​លោក​នេតាន់យ៉ាហ៊ូ​ដែល​ប្រធានាធិបតី​លោក​រីវលីន​ត្រូវ​ជ្រើសរើស​ជា​អ្នក​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។

តែ​លោក​រីវលីន​បាន​បញ្ជាក់​នា​សប្តាហ៍​កន្លង​ទៅ​ថា ការ​គិតគូរ​តែ​ពី​ចំនួន​អសនៈ​អាច​លែង​ជា​កត្តា​តែ​មួយ​ដើម្បី​ធ្វើ​ការ​សម្រេចចិត្ត​ទៀត​ឡើយ មាន​ន័យ​ថា លោក​អាច​តែងតាំង​បេក្ខជន​ណា​ម្នាក់​ដែល​មាន​សមត្ថភាព​បង្កើត​រដ្ឋាភិបាល​មួយ​អាច​ព្យាបាល​ស្នាមរបួស​នៃ​ការ​បែកបាក់ និង​ស្តារប្រទេស​ចេញ​ពី​វិបត្តិ។ វិបត្តិ​ដែល​ប្រធានាធិបតី​ចង់​និយាយ​នេះ គឺ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ច្រំដែល​កើត​​ចេញ​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នា​ពេល​កន្លង​មក។ គួរ​រម្លឹក​ថា គឺ​វិបត្តិ​មិន​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​រៀបចំ​បោះឆ្នោត​ចំនួន ៤ដង នៅ​ក្នុង​រយៈពេល​មិន​ដល់ ២ឆ្នាំ​ផង។

ប្រឈម​នឹង​គណបក្ស​លីគូទ​របស់​លោក​នេតាន់យ៉ាហ៊ូ គឺ​គណបក្ស​កណ្តាលនិយម Yesh Atid របស់​លោក​យ៉ាអៀរ ឡាពីដ​ដែល​ឈ្នះ​ឆ្នោត​លំដាប់ទី២ ដោយ​ទទួល​បាន ១៧អសនៈ។ លោក​ឡាពីដ​ក៏​អាច​ព្យាយាម​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​ផ្សេង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែរ។ ខណៈ​នេះ ការ​ចរចា​ស្វែង​រក​ការ​គាំទ្រ​កំពុង​ធ្វើ​ឡើង​យ៉ាង​សកម្ម​ដោយ​គេ​នៅ​មិន​ទាន់​ប្រាកដ​ថា តើ​រដ្ឋាភិបាល​ថ្មី​មួយ​នឹង​អាច​ចេញ​រួច​ឬ​អត់​ទេ។ អ្វី​ដែល​ប្រាកដ បើ​គ្មាន​គណបក្ស​ណា​មួយ​អាច​ប្រមូល​បាន​សំឡេង​ភាគ​ច្រើន​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ការ​បោះឆ្នោត​ថ្មី​ត្រូវ​រៀបចំ​ឡើង​វិញ​ដែល​ជា​ព្រឹត្តិការណ៍​ច្រំដែល។

អ្វី​ដែល​ច្បាស់​នៅ​ចំពោះ​មុខ​ពេល​នេះ ដំណើរការ​កាត់​ទោស​លោក​នេតាន់យ៉ាហ៊ូ​មិន​បាន​គំរាមកំហែង​លើ​មហិច្ឆតានយោបាយ​របស់​លោក​ទេ។ បើ​គ្មាន​សាលក្រម​កាត់ក្តី​ចុង​ក្រោយ​ទេ គ្មាន​ថ្ងៃ​ដែល​លោក​នេតាន់យ៉ាហ៊ូ​លា​ចុះ​ពី​តំណែង​ឡើយ ហើយ​បើ​តាម​ក្រុម​អ្នក​ជំនាញ នីតិវិធី​តតាំង​នៅ​តុលាការ​ក្នុង​រឿង​ក្តីក្តាំ​មួយ​នេះ​នឹង​អាច​អូសបន្លាយ​ពេល​ពី ២ឆ្នាំ ទៅ ៣ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI