យុទ្ធសាស្ត្រអាកាសធាតុ ជាស្នូលនៃផែនការវិនិយោគដ៏ធំមហាសាល របស់លោកចូ បៃដិន
ចុះផ្សាយនៅថ្ងៃ៖
កាលពីសប្តាហ៍កន្លងទៅ លោកប្រធានាធិបតី ចូ បៃដិន បានដាក់បង្ហាញគំរោងវិនិយោគ ដែលមានតម្លៃប្រមាណ២០០ម៉ឺនលានដុល្លារ។ យុទ្ធសាស្ត្រអាកាសធាតុ ប្រយុទ្ធឆាំងនឹងការកើនឡើងកំដៅផែនដី ស្ថិតនៅចំចំណុចកណ្តាល នៃផែនការវិនិយោគដ៏ធំមហាសាលនេះ។ ខុសពីអាណតិ្តរបស់លោកដូណាល់ ត្រាំ សម្រាប់លោកចូ បៃដិន បញ្ហាអាកាសធាតុគឺមិនមែនជាឧបសគ្គទេ តែជាឱកាសថ្មីក្នុងការវិនិយោគ បង្កើតការងារ និងជាពិសេសរួមចំណែកស្រោចស្រង់ភពផែនដី។
រដ្ឋបាលរបស់លោកចូ បៃដិន មានមហិច្ឆិតាផ្តល់សន្ទុះសេដ្ឋកិច្ច តាមរយៈការវិនិយោគឲ្យបានច្រើនបំផុត ទៅក្នុងវិស័យបរិស្ថានអាកាសធាតុ ដើម្បីប៉ះប៉ូវនូវភាពយឺតយ៉ាវរបស់សហរដ្ឋអាមេរិក បណ្តាលមកពីគោលនយោបាយ ប្រឆាំងអាកាសធាតុ ក្នុងអាណត្តិរបស់លោកដូណាល់ ត្រាំ។ កម្មវត្ថុធំៗ២ របស់រដ្ឋបាលលោកចូ បៃដិន គឺទីមួយ ទាញកម្រិតបញ្ចេញឧស្ម័នពុលឲ្យមកស្មើសូន្យ ក្នុងវិស័យផលិតថាមពលនៅអាមេរិក ពីនេះដល់ឆ្នាំ២០៣៥។ ហើយទី២ គឺសេដ្ឋកិច្ចអាមេរិកទាំងមូល នឹងត្រូវមានអព្យាក្រិត្យកាបូន នៅរវាងឆ្នាំ២០៥០។
លោកស្រី Gina McCarthy ទីប្រឹក្សាផ្នែកបរិស្ថាន របស់លោកចូ បៃដិន បានលើកឡើងថា កម្មវត្ថុទាំងនេះ គឺជាកម្មវត្ថុដែលប្រកបដោយសេចក្តីក្លាហានណាស់ ក៏ប៉ុន្តែ វាជារឿងចាំបាច់ ដែលរដ្ឋាភិបាល ត្រូវតែធ្វើ ហើយសម្រេចវាឲ្យបាន តាមរយៈការវិនិយោគ។
រថយន្តអគ្គិសនី
សូមបញ្ជាក់ថា ផែនការរបស់លោកចូ បៃដិន ផ្តោតការយកចិត្តទុកដាក់ ទៅលើការធ្វើបំលាស់ប្តូរ ក្នុងវិស័យយានយន្ត។ ក្នុងន័យនេះ រដ្ឋាភិបាលបានត្រៀមកញ្ចប់ប្រាក់ ចំនួន១៧៤ពាន់លានដុល្លារ ដើម្បីជំរុញទីផ្សារ ផលិតរថយន្តដើរដោយថាមពលអគ្គិសនី។ ទឹកប្រាក់នេះ នឹងត្រូវយកទៅប្រើជាអាទិ៍ ក្នុងការវិនិយោគ បណ្តាញផលិតនិងផ្គត់ផ្គង់ ឬក្នុងការបំពាក់បរិក្ខា គ្រឿងយន្តចាំបាច់ ក្នុងឧស្សាកម្មផលិតរថយន្តអគ្គិសនី។
ជាមួយគ្នានេះ ស្ថានីយ៍សាកថ្ម សម្រាប់រថយន្តអគ្គិសនី ចំនួន៥សែនទីតាំង នឹងត្រូវរៀបចំស្ថាបនាឡើង ពីនេះដល់ឆ្នាំ២០៣០។ ចំណែករថយន្តក្រុងពណ៌លឿង ដឹកជញ្ជូនសិស្សសាលា ដែលគេតែងតែឃើញ នៅតាមខ្សែភាពយន្តនានានោះ គឺនឹងត្រូវផ្លាស់ប្តូរ ឲ្យមកប្រើថាមពលអគ្គីសនី ឲ្យបានយ៉ាងហោច២០%។
ថាមពលអគ្គិសនីដែលស្អាតស្អំ
ក្រៅពីវិស័យយានយន្ត រដ្ឋាភិបាលលោកចូ បៃដិន បានត្រៀមកញ្ចប់ថវិកាចំនួន១០០ពាន់លានដុល្លារ ដើម្បីវិនិយោគ ក្នុងវិស័យផលិតថាមពលអគ្គិសនី។ នៅក្នុងផ្នែកនេះ រដ្ឋាភិបាលនឹងផ្តល់ជូននូវអត្ថប្រយោជន៍ផ្នែកពន្ធដា ទៅលើវិស័យផលិតថាមពលអគ្គិសនីស្អាតស្អំ ដូចជាអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងដើរដោយកង្ហារខ្យល់ជាដើម។ អគ្គិសនីដែលផ្គត់ផ្គង់នៅតាមអាគាររដ្ឋបាលសហព័ន្ធ គឺត្រូវតែជាថាមពលអគ្គិសនីស្អាតស្អំ ជាដាច់ខាត។
ផែនការនេះ ក៏នឹងបង្កើតឲ្យមាននូវវិធានមួយ ដែលដាក់កំហិត ឲ្យក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ថាមពលអគ្គីសនី ត្រូវមានចំណែកថាមពលដែលស្អាតស្អំ មិនបញ្ចេញឧស្ម័នកាបូនិក ក្នុងកម្រិតភាគរយណាមួយ ក្នុងចំណោមថាពលទាំងអស់ ដែលផលិតបាន។ វិធានការដាក់កំហិតរបៀបនេះ ត្រូវបានគេអនុវត្តរួចហើយ នៅរដ្ឋកាលីហ្វ័រញ៉ា ហើយឃើញថាវាមានផលវិជ្ជមាន។
លោកស្រីGina McCarthy អះអាងថា វាគឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នពុល ទៅក្នុងបរិយាកាស។ យោងតាមលោកស្រី រដ្ឋាភិបាលអាមេរិក និងត្រៀមប្រាក់វិនិយោគ លើវិស័យថាមពលអគ្គិសនី ដើរដោយកង្ការខ្យល់នៅលើលំហរសមុទ្រ ដែលកម្មវត្ថុគឺផលិតឲ្យបាន ៣០ជីហ្កាវ៉ាត់ ពីនេះដល់ឆ្នាំ២០៣០។
ផែនការក្លាហាន និងចាំបាច់
លោក Dan Lashof នាយកអង្គការ World Resources Institute បានលើកឡើងថា នៅសហរដ្ឋអាេមរិក ប្រភពដ៏ធំបំផុតនៃការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស គឺមធ្យោបាយដឹកជញ្ជូន និងការផលិតថាមពលអគ្គិសនី។ នៅក្នុងផែនការយុទ្ធសាស្ត្របរិស្ថានរបស់ លោកចូ បៃដិននេះ គឺបានសំដៅចំណុចធំៗទាំង២នេះតែម្តង។ លោកបន្ថែមថា វាគឺជាផែនការដែលហ៊ាន ដែលមានសេចក្តីក្លាហាន តែវាចាំបាច់ នឹងចំពេលវេលាល្អណាស់។
ដូចគ្នាដែរ លោក Amol Phadke អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ នៅសកលវិទ្យាល័យ Barkeley រដ្ឋកាលីហ្វ័រញ៉ា បានលើកឡើងថា ការផ្តោតការយក់ចិត្តទុកដាក់ខ្ពស់ លើការផលិតថាមពលអគ្គិសនីដែលស្អាតស្អំ វាគឺជារឿងល្អ ដែលត្រូវធ្វើ។ បង្កើនការប្រើប្រាស់រថយន្ត ដែលដើរដោយថាមពលអគ្គិសនី ហើយអគ្គិសនីនោះ គឺជាអគ្គិសនីស្អាតស្អំ មិនកើតចេញពីការដុតចំហេះប្រេងកាត ឬធ្យូងថ្ម។
លោក Amol Phadke លោកបានបង្ហាញលំអិត នៅក្នុងរបាយការណ៍មួយ ស្តីអំពីយុទ្ធសាស្ត្រដែលអាចនាំឲ្យសហរដ្ឋអាមេរិក ឈានទៅមានអគ្គិសនីមានប្រភពស្អាតស្អំ ១០០% នៅរវាងឆ្នាំ២០៣៥។ យោងរតាមរបាយការណ៍នេះ ៩០%នៃថាមពលអគ្គិសនី គឺអាចបានមកពីបច្ចេកវិទ្យាដែលមានស្រាប់ ដូចជា កង្ហារដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ។ ចំណែក១០% គឺត្រូវការការស្រាវជ្រាវបច្ចេកវិទ្យាថ្មីបន្ថែម ហើយដែលតម្រូវឲ្យមានាការវិនិយោគ។
ដេញដោលនឹងលំបាក នៅសភាខុសហ្ក្រេស
គួរកត់សំគាល់ថា បច្ចុប្បន្ននេះ ៣៧%នៃថាមពលអគ្គិសនី នៅសហរដ្ឋអាេមរិក ត្រូវបានផលិតឡើង ដោយមិនបញ្ចេញឧស្ម័នកាបូនិក ក្នុងនោះ ២០%គឺបានមកពីថាមពលនុយក្លេអ៊ែរ ១៧%ជាប្រភពថាមពលវិលជុំ និងថាមពលវារីអគ្គិសនី មួយចំណែកធំដែរ។ រដ្ឋាភិបាលលោក ចូ បៃដិន បានអះអាងថា ផែនការវិនិយោគ ដើម្បីសម្រេចកម្មវត្ថុបរិស្ថានអាកាសធាតុទាំងនេះ គឺនឹងបង្កើតការងារ។
តែយ៉ាងណា សម្រាប់ពេលនេះ រដ្ឋាភិបាលលោក ចូ បៃដិន ត្រូវតែយកផែនការនេះ ទៅឆ្លងការជជែកដេញដោល នៅសភាខុនហ្ក្រេស។ លោក Mitch McConnell ព្រឹទ្ធសមាជិកមកពីបក្សសាធារណៈរដ្ឋ បានប្តេជ្ញាថា នឹងរារាំងមិនឲ្យផែនការនេះ អាចចេញទៅរួចទេ ព្រោះជាផែនការដែលចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ទៅលើរថយន្តអគ្គិសនី តែមិនចំណាយប្រាក់ទៅលើការសាងសង់ស្ពានថ្នល់សោះ។ ដោយឡែក លោកស្រី Nancy Pelosi ប្រធានសភាតំណាង មកពីបក្សប្រជាធិបតេយ្យ សង្ឃឹមថា សភាខុនហ្ក្រេស នឹងអនុម័តផែនការនេះ នៅរវាងខែកក្កដាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ