ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ « ការទូតចចកចម្បាំង » របស់ចិនគឺជាអ្វី?

សំឡេង ០៥:២១
លោក ចាវ លីជាន (Zhao Lijian) អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ហើយ​ដែល​ត្រូវបានគេ​ចាត់ទុក​ថា​ជា​មុខមាត់នៃ​យុទ្ធសាស្រ្តការទូត "ចចកចម្បាំង"​របស់ចិន
លោក ចាវ លីជាន (Zhao Lijian) អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ហើយ​ដែល​ត្រូវបានគេ​ចាត់ទុក​ថា​ជា​មុខមាត់នៃ​យុទ្ធសាស្រ្តការទូត "ចចកចម្បាំង"​របស់ចិន AP - Andy Wong

នៅក្នុងមួយរយៈកាលចុងក្រោយ​នេះ ចាប់តាំងពីមាន​វិបត្តិ​កូវីដ ហើយ​រហូតមកដល់បញ្ហា​អ៊ុយហ្គួរ​នៅ​ស៊ីងជាំង​ថ្មីៗ​នេះ យើងតែងតែ​ឮគេ​និយាយ​ពី​យុទ្ធសាស្រ្ត​ការទូត​មួយ​របស់​ចិន ដែលគេហៅថា « ការទូតចចកចម្បាំង »។ តើអ្វីទៅជា​យុទ្ធសាស្រ្ត​ការទូតរបស់​ចិននេះ ? ហើយតែហេតុអ្វីបានជាគេ​ដាក់ឈ្មោះ​ថា « ការទូតចចកចម្បាំង » ?

ផ្សាយពាណិជ្ជកម្ម

ពាក្យថា « ចចកចម្បាំង » ដែលគេ​ប្រើ ដើម្បី​ដាក់ឈ្មោះ​ឲ្យ​យុទ្ធសាស្រ្ត​ការទូត​របស់​ចិន​នាពេល​បច្ចុប្បន្ន​នេះ គឺ​យកចេញ​ពី​ចំណងជើង​ភាពយន្តដ៏ល្បីល្បាញ​របស់​ចិន ដែល​សាច់រឿង​បង្ហាញ​ពីសកម្មភាព​​របស់​កង​កុម្ម៉ង់ដូ​ចិន ធ្វើ​ប្រតិបត្តិការ​ការពារ​ពលរដ្ឋចិន និង​ផលប្រយោជន៍​ជាតិចិន ពីការវាយប្រហារ​ ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស។

មែនទែនទៅ ខ្សែភាពយន្តនេះ វា​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ពី​​ភាពយន្ត​ហូលីវូដ​ជាច្រើន​ដែល​ធ្លាប់មាន​កន្លងមក​នោះទេ ដែល​មាន​សាច់រឿង​លើក​តម្កើង​សមត្ថភាព​កងទ័ព​អាមេរិក « ចចកចម្បាំង » ក៏​ជា​ខ្សែភាពយន្តបែបជាតិនិយម លើកតម្កើង​សមត្ថភាពកងទ័ព​របស់​ចិន ជាមួយនឹង​ពាក្យស្លោកថា « អ្នកណាដែលបំពានចិន ទោះជានៅចម្ងាយ​ឆ្ងាយ​ដល់​រាប់ពាន់គីឡូម៉ែត្រ អ្នកនោះនឹងត្រូវទទួលទោស »។

នៅក្នុងវិស័យការទូត​របស់​ចិនវិញ « ការទូតចចកចម្បាំង » គឺ​គេ​និយាយ​សំដៅទៅលើ​​ការទូតដែលផ្តល់អាទិភាព​លើ​ការ​ប្រឈម​ដាក់គ្នា ការនិយាយឆ្លងឆ្លើយ ​តទល់​នឹង​ការ​រិះគន់ ជាជាង​នៅស្ងាត់ស្ងៀម ដែល​ជា​របត់ថ្មីមួយ ដើរចាកពី​យុទ្ធសាស្រ្តការទូត ដែល​ចិន​ធ្លាប់​ប្រកាន់យកកាលពីមុន។

គេ​សង្កេតឃើញ​ថា នៅ​ក្នុងរយៈពេល​ជាច្រើន​​ទសវត្សរ៍កន្លងទៅនេះ នៅក្នុងវិស័យការទូត ចិនតែងតែ​​ព្យាយាម​មិននិយាយ​ច្រើនតបត​ទៅ​នឹងការរិះគន់​នោះទេ ដោយភាគច្រើន គឺ​ផ្តល់អាទិភាព​លើ​សកម្មភាព​ក្រោយឆាក​ដោយ​ស្ងាត់ស្ងៀម ជាជាង​និយាយ​ក្ឌុងក្ឌាំង ទៅតាម​គោលគំនិត ដែល​បន្សល់ទុក​ពីសម័យកាល​លោក​តេង ស៊ាវភីង ដែលថា ​ចិន​ត្រូវលាក់កម្លាំង ជាជាង​សំញែងសាច់ដុំ​ឲ្យ​គេឃើញ។

ក៏ប៉ុន្តែ យុទ្ធសាស្រ្តការទូតបែបនេះ​ចាប់ផ្តើម​ប្រែប្រួល នៅក្នុងអាណត្តិ​​របស់​លោក​ស៊ី ជីនពីង ហើយ​របត់នៃ​យុទ្ធសាស្រ្តការទូតនេះ​ត្រូវបានគេ​មើល​ឃើញ​កាន់តែ​ច្បាស់ ចាប់តាំង​ពី​ក្រោយការឡើងកាន់តំណែង​របស់​លោក​ដូណាល់ ត្រាំ នៅ​អាមេរិក និង​ក្រោយ​មក​ទៀត វិបត្តិ​កូវីដ និង​បញ្ហា​អ៊ុយហ្គួរ​នៅ​ស៊ីងជាំង​នាពេលថ្មីៗនេះ។

នៅក្នុងដំណើរវិវឌ្ឍ​នៃ​យុទ្ធសាស្រ្ត​ការទូតនេះ គេ​សង្កេតឃើញ​ថា មន្រ្តី​ទូតចិន ដែល​កាលពីមុន លក្ខណៈសម្បត្តិចម្បង​ គឺផ្តោត​លើ​ការ​ចេះនិយាយ​សម្តីស្រទន់​តាម​ភាសា​ការទូត ត្រូវ​ជំនួសមកវិញ​ដោយ​ការ​និយាយ​ផាំងទៅផាំងមក ហើយ​សេចក្តីថ្លែងការណ៍​វែងអន្លាយ​កាលពីមុន ត្រូវ​ជំនួស​មកវិញ​ដោយ​សារខ្លីៗ​ត្រង់ៗ តាម​បណ្តាញសង្គម​ធ្វីតធ័រ។

ជាក់ស្តែង គេសង្កេតឃើញ​ថា នៅពេលដែល​លោក​ដូណាល់ ត្រាំ និង​មន្រ្តី​របស់​លោក​ទម្លាក់​ការទទួលខុសត្រូវ​លើ​ចិន​ពីរឿង​ផ្ទុះវិបត្តិកូវីដ រហូត​ហៅ​មេរោគកូវីដ​ថា « មេរោគវូហាន » ចិន​បាន​ឆ្លើយតបមកវិញ ដោយ​ផ្សព្វផ្សាយពាក្យចចាមអារ៉ាម​ថា គឺ​ទាហាន​អាមេរិក​ដែល​នាំ​មេរោគ​កូវីដ​នេះ​ចូលមកចិន នៅពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​មក​ចូលរួម​ក្នុងការ​ប្រកួតកីឡាកងទ័ព​នៅ​វូហាន កាល​ពីខែតុលា​ឆ្នាំ២០១៩។

នៅពេលដែល​អាមេរិក​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ចិន ចិន​រិះគន់​តបទៅវិញ ដោយ​លើកឡើង អំពី​ហេតុការណ៍​បាញ់រះ​សម្លាប់មនុស្ស ក៏ដូចជា អំពី​ការផ្ទុះចលនា​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការរើសអើងចំពោះ​ជនជាតិ​ស្បែកខ្មៅ និង​អំពើហិង្សារបស់​ប៉ូលិស​។ នៅពេលដែល​អាមេរិក​ចេញផ្សាយ​របាយការណ៍​សិទ្ធិមនុស្ស​រិះគន់ចិន ចិន​ក៏​​ចេញ​របាយការណ៍​សិទ្ធិមនុស្ស​រិះគន់​ត្រឡប់ទៅវិញ។ ហើយ​នៅពេលដែល​រងការរិះគន់​ ជុំវិញ​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ នៅ​ក្នុង​វិស័យកសិកម្ម​ដាំកប្បាស នៅ​ស៊ីងជាំង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ឆ្លើយតប​ទៅវិញ ដោយ​​បង្ហាញ​រូបថត ហើយ​ចោទថា ជា​រូបភាព​បង្ហាញ​ពី​ការ​ប្រើ​ជនជាតិស្បែកខ្មៅ​ជា​ទាសករ នៅ​ក្នុង​ចម្ការកប្បាស​អាមេរិក។

កាលពីពេលកន្លងមក មានអ្នកខ្លះ​ធ្លាប់​បានលើកឡើង​ថា យុទ្ធសាស្រ្តការទូតចចកចម្បាំង​នេះ​ចិន​អនុវត្ត គ្រាន់តែ​ដើម្បី​សម្របខ្លួន​ទៅនឹង​បរិបទនៃ​ទំនាក់ទំនង​តានតឹង​ជាមួយ​លោក​ដូណាល់ ត្រាំតែ​ប៉ុណ្ណោះ។ លោកដូណាល់ ត្រាំ ដែល​​ចូលចិត្ត​ប្រើ​ធ្វីតធ័រ​វាយប្រហារ​ទៅលើ​គូបដិបក្ខ ហើយ​ដែល​ជា​រឿយៗ​ វាយប្រហារ​ដោយ​ប្រើ​ពាក្យសម្តី​គ្រោតគ្រាត។

ក៏ប៉ុន្តែ ក្រោយ​ពី​លោក​ដូណាល់ ត្រាំ ធ្លាក់ឆ្នោត​ចេញ​ពី​អំណាច​ គេ​សង្កេតឃើញ​ថា ចិន​នៅតែ​បន្ត​យុទ្ធសាស្រ្ត​ការទូត​ដដែល​ដូចមុន ដោយ​​ជំនួបលើកទីមួយ រវាង​ប្រមុខការទូតចិន និង​​ប្រមុខការទូត​អាមេរិក ក្រោម​អាណត្តិ​លោក​ចូ បៃដិន គឺ​ជំនួប​នៅ​អាឡាស្កា កាល​ពីពាក់កណ្តាលខែមីនា​កន្លងទៅ​ថ្មីៗ​នេះ ដែលកាលពីដំបូង គេនាំគ្នាគិត​ថា ទំនងជា​ការ​បើកទំព័រសករាជថ្មី​ ឆ្ពោះទៅ​ការ​ស្តារទំនាក់ទំនង រវាង​ចិន និង​អាមេរិក ក៏ប៉ុន្តែ ទីបំផុត​ទៅ ក្លាយ​ជា​ជំនួប​ដ៏តានតឹង ដោយ​មាន​ការ​បោះពាក្យសម្តីដាក់គ្នា​យ៉ាង​ខ្លាំងៗ​ ដែល​គេ​កម្រនឹង​ឃើញមាន។

មែនទែន​ទៅ យុទ្ធសាស្រ្តការទូតចចកចម្បាំងនេះ ចិន​មិនធ្វើ​តែ​ចំពោះ​អាមេរិក​មួយនោះទេ ក៏ប៉ុន្តែ ក៏ធ្វើ​ដែរ​ចំពោះ​អូស្រ្តាលី កាណាដា ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ក៏ដូចជា​ប្រទេស​​ផ្សេងទៀត ដែល​រិះគន់​ចិន។ ហើយ​​ការជ្រើសរើស​យក​ផ្លូវ​ប្រឈមតទល់​នឹងគូបដិបក្ខនេះ ចិនមិនមែន​ធ្វើឡើង តែ​តាមរយៈពាក្យសម្តីនោះទេ ក៏ប៉ុន្តែ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ តាមរយៈ​សកម្មភាព រួមមាន​ឥរិយាបថ​តឹងរ៉ឹង​មិនធ្វើ​សម្បទាន​នៅ​ក្នុង​ជម្លោះ​សមុទ្រចិនខាងត្បូង ការប្រឈមតទល់​ជាមួយ​ឥណ្ឌានៅ​ក្នុង​ជម្លោះ​ព្រំដែន​ និង​ថ្មីៗចុងក្រោយ ការ​ដាក់ទណ្ឌកម្ម​តបទៅតបមក​​ជាមួយ​អង់គ្លេស និង​អឺរ៉ុប នៅ​ក្នុង​សំណុំរឿង​អ៊ុយហ្គួរ នៅ​ស៊ីងជាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI