ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីអឺរ៉ុបត្រូវការយុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិក?

សំឡេង ០៥:០៩
ហេតុអ្វី​អឺរ៉ុប​ត្រូវ​ការ​យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក
ហេតុអ្វី​អឺរ៉ុប​ត្រូវ​ការ​យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក AP - Lionel Cironneau

យុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ បារាំង អាល្លឺម៉ង់ និងហូឡង់ ដើម្បីលើកកម្ពស់តួនាទីអឺរ៉ុបនៅក្នុងតំបន់អាស៊ី ក្នុងក្របខ័ណ្ឌយ៉ាងច្រើន រួមមាន កត្តាប្រវត្តិសាស្រ្ត សន្តិសុខសកល សេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងអន្តរជាតិ រវាងសហភាពអឺរ៉ុបជាមួយបណ្តាប្រទេសអាស៊ីនានា។ តាមរយៈយុទ្ធសាស្រ្ដនេះ អឺរ៉ុបចង់បង្កើនឥទ្ធិពលនយោបាយខ្លួនឯងផ្ទាល់ ប្រឈមនឹងការប្រជែងអំណាចគ្នារវាងចិន និងសហរដ្ឋអាមេរិក។

ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប ត្រូវបានគេលើកយកមកពិភាក្សាគ្នាជារឿយៗ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក​ Emmanuel Macron ទៅកាន់ប្រទេសអូស្ត្រាលី។ យុទ្ធសាស្រ្ដនេះមានគោលបំណងបង្កើតការប្តេជ្ញាចិត្តរួមគ្នានៃក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ ឬក្រុមប្រទេស G7 ដើម្បីការពារសន្តិសុខដែនសមុទ្រ និងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន នៅក្នុងតំបន់អាស៊ី។ បារាំងគឺជារដ្ឋអឺរ៉ុបដំបូងគេដែលបានផ្តួចផ្ដើមឱ្យមានយុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិកនេះ សម្រាប់សហភាពអឺរ៉ុបផ្ទាល់។ ក្រោយមក ប្រទេសអាល្លឺម៉ង់ និងហូឡង់បានចូលរួមជាបន្ដបន្ទាប់។

 

លើកលែងតែប្រទេសបារាំងដែលមានកោះតូចៗនៅឯនាយសមុទ្រ និងមានប្រជាជនប្រមាណ ១,៨លាននាក់ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតទើបតែបានបង្ហាញពីវត្តមានរបស់ខ្លួនសកម្មនៅអាស៊ី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប៉ុណ្ណោះ។ អាល្លឺម៉ង់ និងហូឡង់បានដឹងច្បាស់អំពីការផ្លាស់ប្ដូរទំងន់ភូមិសាស្ត្រនយោបាយទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ពួកគេចង់ក្លាយខ្លួនជាប្រទេសមានតួនាទីសំខាន់ ជាជាងត្រឹមអង្គុយមើលដោយភាពស្ងាត់ស្ងៀម។ បណ្ដាប្រទេសផ្សេងទៀត តួយ៉ាង ឥណ្ឌា និងអូស្រ្តាលី បានបង្ហាញការចាប់អារម្មណ៍ និងក្តីសង្ឃឹមកាន់តែខ្លាំងចំពោះវត្តមានថ្មីរបស់អឺរ៉ុប។

ជាការពិត ពាក្យថា ឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានលើកឡើងដំបូងដោយប្រទេសអូស្រ្តាលី ប៉ុន្តែត្រូវបានសម្រេចទទួលស្គាល់ដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីបង្កើនការផ្តោតអារម្មណ៍លើបញ្ហាសមុទ្រក្នុងតំបន់ និងការប្រជែងឥទ្ធិពលជាមួយចិន។ ពាក្យ ឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានប្រើប្រាស់ជាផ្លូវការនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ រវាងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសេតវិមាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

ហេតុអ្វីអឺរ៉ុបត្រូវការយុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិកផ្ទាល់ខ្លួន? ការផ្តោតការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុបមកលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើងវិញ មានសារៈសំខាន់ ក្នុងក្របខ័ណ្ឌយ៉ាងច្រើន រួមមាន កត្តាប្រវត្តិសាស្រ្ត សន្តិសុខសកល សេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងអន្តរជាតិ រវាងសហភាពអឺរ៉ុបជាមួយបណ្តាប្រទេសអាស៊ីនានា។ សម្រាប់អឺរ៉ុប ពួកគេត្រូវការយុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិកផ្ទាល់ខ្លួន ក្នុងលក្ខខណ្ឌអព្យាក្រឹត និងចង់ឃើញឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ផ្ទុយទៅវិញ យុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ី របស់សហរដ្ឋអាមេរិក ហាក់មានទំនោរខ្លំាងដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់មួយនេះ។

ផ្អែកតាមអ្នកជំនាញ អឺរ៉ុបមិនអាចពឹងផ្អែកតែលើសហរដ្ឋអាមេរិកដូចអ្វីដែលខ្លួនធ្លាប់បានធ្វើក្រោមសង្គ្រាមលោកលើកទីពីរនោះ។ ព្រឹត្តិការណ៍ថ្មីៗនៅសហរដ្ឋអាមេរិក បានបង្ហាញអំពីក្តីបារម្ភ លើកេរ្តិ៍ឈ្មោះ និងភាពជឿជាក់លើអាមេរិក ក្នុងនាមជាអ្នកលើកកម្ពស់តម្លៃប្រជាធិបតេយ្យ និងសេរីភាព ទោះបីប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden មានបំណងពង្រឹងសម្ព័ន្ធភាពនៃបណ្ដាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញក៏ដោយ។

អឺរ៉ុបអាចមានឱកាសពឹងលើខ្លួនឯងកាន់តែខ្លាំង សម្រាប់នយោបាយការបរទេស និងអាចក្លាយជាប្រទេសដឹកនាំដាច់ដោយឡែក ដើម្បីរក្សាសន្តិសុខសកល និងសណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន តាមរយៈយុទ្ធសាស្រ្ដភ្ជាប់សម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក និងការធ្វើសហប្រតិបត្តិការជាមួយចិន។ បណ្តាប្រទេសអាស៊ីយ៉ាងច្រើន បានអំពាវនាវឱ្យមានការចូលរួមរបស់អឺរ៉ុបកាន់តែច្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ឧទាហរណ៍ មន្ត្រីជាន់ខ្ពស់ឥណ្ឌាបាននិយាយថា ឥណ្ឌាចង់ឃើញសហភាពអឺរ៉ុបមានយុទ្ធសាស្រ្តផ្ទាល់ខ្លួននៅក្នុងតំបន់។ បណ្ដារដ្ឋអាស៊ានចង់បានភាគីទីបីដើម្បីទប់ទល់នឹងការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន។ កាលណាគេមានដើមឈើជាម្លប់ច្រើន នុ៎ះគេនឹងមិនចាំបាច់ពឹងផ្អែកទាំងស្រុងតែទៅលើដើមឈឺណាមួយនោះទេ។

នាពេលបច្ចុប្បន្ន ទំហំពាណិជ្ជក​ម្ម និងការវិនិយោគរបស់អឺរ៉ុបនៅតំបន់អាស៊ីបានបន្តកើនឡើង។ ក្រោយការបញ្ចប់សករាជអាណានិគមនិយម អឺរ៉ុបបានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនចេញពីតំបន់អាស៊ី ប៉ុន្តែអឺរ៉ុបនៅតែមានផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយដ៏ធំធេងនៅតំបន់មួយនេះ។ គិតត្រឹមចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២០ អឺរ៉ុបបានវិនិយោគគិតទឹកប្រាក់ប្រមាណ ៨០០លានអឺរ៉ូនៅអាស៊ី។ ក្រុមហ៊ុនអឺរ៉ុបយ៉ាងច្រើនកំពុងពង្រីកខ្លួនចូលក្នុងទីផ្សារអាស៊ីទាំងនេះ។

នៅឆ្នាំ២០១៨ សហគមន៍អឺរ៉ុបបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement) ជាមួយប្រទេសជប៉ុន និងជាមួយសិង្ហបុរី និងនៅឆ្នាំ២០១៩ ជាមួយវៀតណាម។​ នៅឆ្នាំ២០២០ កិច្ចព្រមព្រៀងវិនិយោគជាមួយចិនត្រូវបានបង្កើតឡើង។ បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់។ បន្ទាប់មកទៀត ប្រទេសឥណ្ឌាក៏អាចជាសក្តានុពលផងដែរ សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររបស់អឺរ៉ុប។

ជាការពិត ប្រទេសចិនប្រាកដជាមិនអង្គុយនៅស្ងៀមនោះទេ ស្របពេលដែលអឺរ៉ុបបង្ហាញយុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិករបស់ពួកគេ។ នៅពេលសហគមន៍អឺរ៉ុបកំពុងជាប់ដៃចាក់វ៉ាក់សាំងឱ្យ​ពលរដ្ឋរបស់ខ្លួន ដើម្បីប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ រដ្ឋាភិបាលចិនឯណោះវិញបានយល់ព្រមបញ្ជូនវ៉ាក់សាំងស៊ីណូវ៉ាកជាច្រើនលានដូស ទៅមីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ី អឺរ៉ុបតែងតែភ្ជាប់ជាមួយលក្ខខណ្ឌសិទ្ធិមនុស្ស ឬគោលការណ៍ប្រជាធិបតេយ្យ ផ្ទុយទៅវិញ ចិនមិនបានផ្តោតលើបញ្ហាបែបនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI