ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើវ៉ាក់សាំងបង្ការកូវីដ១៩ ផលិតដោយមន្ទីរពិសោធន៍ចិនកំពុងចោទជាបញ្ហា ឬ?

សំឡេង ០៥:៤៧
តើវ៉ាក់សាំងបង្ការកូវីដ១៩ ផលិតដោយមន្ទីរពិសោធន៍ចិនកំពុងចោទជាបញ្ហា ឬ?
តើវ៉ាក់សាំងបង្ការកូវីដ១៩ ផលិតដោយមន្ទីរពិសោធន៍ចិនកំពុងចោទជាបញ្ហា ឬ? AP - Attila Balazs

នៅ​ក្នុង​ប្រទេស​ចិន លោក​ហ្កាវ ហ្វូ នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការជំងឺ​ឆ្លង​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា​ដោយ​ទទួល​ស្គាល់​ថា ប្រសិទ្ធិភាព​វ៉ាក់សាំង​របស់​ចិន​នៅ​មាន​កម្រិត និង​ថា​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ឲ្យ​បាន​ខ្ពស់​បន្ថែម​ទៀត ចិន​កំពុង​ពិចារណា​រក​វិធី​បង្កើន​ប្រសិទ្ធិភាព​ការពារ។ បន្ទាប់​មក​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ មេសា នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការជំងឺ​ឆ្លង​ចិន​រូប​នេះ​ដដែល​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ប្រចាំ​ថ្ងៃ​មួយ​ឈ្មោះ Global Times ថា ការ​លើក​ឡើង​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា​ត្រូវ​បាន​បណ្តាញសារព័ត៌មាន​ជា​ច្រើន​យក​ទៅ​បក​ស្រាយ​ខុស​ពី​អ្វី​ដែល​លោក​ចង់​និយាយ។ តើ​ការ​ពិត​នៅ​ត្រង់​ណា និង​ថា តើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ផលិត​ដោយ​មន្ទីរពិសោធន៍​ចិន​កំពុង​ចោទ​ជា​បញ្ហា ឬ?

ផ្សាយពាណិជ្ជកម្ម

តិច ឬ​ច្រើន ពិត ឬ​មិន​ពិត ការ​លើក​ឡើង​របស់​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការជំងឺ​ឆ្លង​ចិន​លោក​ហ្កាវ ហ្វូ​កំពុង​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ផង និង​ភាព​មន្ទិល​សង្ស័យ​ផង​ចំពោះ​សុវត្ថិភាព និង​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​ចិន។ នេះ​ដោយ​មិន​និយាយ​ពី​ផលវិបាក​ដែល​អាច​កើត​មាន​ជា​យថាហេតុ​ទៅ​លើ​ការ​នាំ​វ៉ាក់សាំង​ចិន​ទៅ​កាន់​ពិភពលោក​ទេ ព្រោះ​ចូរ​កុំ​ភ្លេច​ថា​សព្វថ្ងៃ​នេះ មាន​ប្រមាណ​ជា ២០ប្រទេស​កំពុង​ប្រើ​វ៉ាក់សាំង​ចិន ហើយ​បើ​សរុប​ទៅ មាន​ជាង ៦០ប្រទេស​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ចិន។ បើ​ផ្អែក​លើ​ការ​សិក្សា​ខុសៗ​គ្នា វ៉ាក់សាំង​ចិន​ដែល​នាំ​ចេញ​ច្រើន​ជាង​គេ គឺ​វ៉ាក់សាំង Sinopharm និង​វ៉ាក់សាំង Sinovac ដែល​មាន​អត្រា​ប្រសិទ្ធិភាព​ចន្លោះ ៥០% និង ៨០%។

មក​ទល់​ពេល​នេះ និង​បើ​ផ្អែក​តាម​ទិន្និន័យ​របស់​ក្រុមហ៊ុន​វិទ្យាសាស្រ្ត​អង់គ្លេស​ឈ្មោះ Airfinity មាន​វ៉ាក់សាំង​ចិន​ជាង ១១៥លានដូស​ហើយ​ដែល​បាន​នាំ​ចេញ។ ចំណែក​នៅ​ក្នុង​ប្រទេស​ចិន​វិញ រដ្ឋាភិបាល​បាន​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ។ គិត​ត្រឹម​ដំណាច់ខែ​មីនា មាន​ពលរដ្ឋ​ចិន​ចំនួន ៦៥លាននាក់​បាន​ចាក់​ដូសទី១ ក្នុង​នោះ មាន ៣៤លាននាក់​បាន​ចាក់​ដូស​ទី២។ ឥឡូវ​ទៅ​មើល​ការ​លើក​ឡើង​របស់​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការជំងឺ​ឆ្លង​ចិន​លោក​ហ្កាវ ហ្វូ​វិញ គឺ​មាន​ពីរ​ខុស​គ្នា ទី១ ក្នុង​ថ្ងៃ​សៅរ៍ ទី១០ មេសា លោក​ហ្វូ​បាន​និយាយ​ជា​ចំហ​នៅ​ក្នុង​វេទិកា​មួយ​ក្នុង​ទីក្រុង Chengdu ថា វ៉ាក់សាំង​ដែល​ចិន​មាន​ក្នុង​ដៃ​សព្វថ្ងៃ​គ្មាន​ប្រសិទ្ធិភាព​ការពារ​ខ្ពស់​ទេ និង​ថា ចិន​កំពុង​ពិនិត្យមើល​លើ​លទ្ធភាព​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការពារ​ថែម​ទៀត។

លទ្ធភាព​ដែល​លោក​ហ្វូ​បាន​លើក​ឡើង​មាន​ពីរ ទី១ បង្កើន​ចំនួន​ដូស​ដែល​ត្រូវ​ចាក់​ពី ២ ដូស​សព្វថ្ងៃ​ទៅ ៣ ឬ ៤ដូស​សម្រាប់​វ៉ាក់សាំង​តែ​មួយ​ដូច​គ្នា​ដោយ​ប្រើ​វ៉ាក់សាំង Sinopharm ឬ​មួយ Sinovac និង​ទី២ ចាក់​លាយ​ជាមួយ​វ៉ាក់សាំង​ផ្សេង​ទៀត​ដែល​ផលិត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ខុស​គ្នា មាន​ន័យ​ថា បើ​ចាក់​ដូស​ទី១ ជា​វ៉ាក់សាំង Sinopharm ឬ Sinovac ដូស​ទី២ គួរ​តែ​ចាក់​វ៉ាក់សាំង Pfizer-BioNTech ឬ​មួយ​ក៏ Moderna។ នេះ​ជា​ការ​លើក​ឡើង​ដំបូង​របស់​លោក​ហ្វូ​ក្នុង​ថ្ងៃ​សៅរ៍ ទី១០ មេសា។ បន្ទាប់​មក​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​កាសែត​ប្រចាំ​ថ្ងៃ​ឈ្មោះ Global Times ក្នុង​ថ្ងៃ​អាទិត្យ ទី១១ មេសា លោក​ហ្វូ​បែរ​ជា​បាន​លើក​ឡើង​ថា អ្នក​ផ្សេង​មាន​ការ​យល់​ច្រឡំ និង​បក​ស្រាយ​ខុស​លើ​អ្វី​ដែល​លោក​ចង់​និយាយ​ទៅ​វិញ។

« អត្រា​ប្រសិទ្ធិភាព​វ៉ាក់សាំង​ទាំង​អស់​ក្នុង​លោក​មាន​ខ្ពស់ មាន​ទាប។ បង្កើន​ប្រសិទ្ធិភាព​វ៉ាក់សាំង​ជា​រឿង​ដែល​ត្រូវ​ពិនិត្យ សិក្សា​ដោយ​អ្នក​វិទ្យាសាស្រ្ត​ទាំង​អស់​ក្នុង​លោក។ នៅ​ក្នុង​បរិបទ​នេះ ខ្ញុំ​សំណូមពរ​ឲ្យ​មាន​ការ​កែតម្រូវ​លើ​នីតិវិធី​នៃ​ការ​ចាក់​វ៉ាក់សាំង » នេះ​ជា​សម្តី​របស់​លោក​ហ្វូ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Global Times។ ឃើញ​ថា​នៅ​ក្នុង​រឿង​តែ​មួយ និង​ខុស​គ្នា​តែ​មួយ​ថ្ងៃ លោក​ហ្វូ​បាន​និយាយ​មិន​ដូច​គ្នា​ទេ។ តើ​ការ​និយាយ​លើក​ទី១ របស់​លោក​​ហ្វូ​ជា​ការ​ពិត តែ​លោក​បង្ខំ​ចិត្ត​កែ​តម្រូវ​ឡើង​វិញ​ដោយសារ​ទទួល​គំនាប ឬ​មួយ​ក៏​ថា អ្នក​ផ្សេង​មាន​ការ​យល់ច្រឡំ និង​បក​ស្រាយ​ខុស​ពី​អ្វី​ដែល​លោក​ចង់​និយាយ?។ គេ​អាច​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​នេះ​តាម​រយៈ​ការ​ពន្យល់​បក​ស្រាយ​នៅ​ខាង​ក្រោម​ដោយ​ផ្តើម​ចេញ​ពី​អត្រា​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​ចិន។

មាន​ការ​លើក​ឡើង​ថា​មក​ទល់​ពេល​នេះ គ្មាន​មន្ទីរពិសោធន៍​ចិន​ណា​មួយ មិន​ថា Sinopharm ឬ Sinovac បាន​ផ្សព្វផ្សាយ​នូវ​ទិន្នន័យ​បាន​មក​ពី​ការ​សាកល្បង​វ៉ាក់សាំង​លើក​ទី៣ ដែល​ជា​ដំណាក់ការ​សាកល្បង​ចុង​ក្រោយ​ទេ។ តែ​លទ្ធផល​ទទួល​បាន​ពី​ការ​សាកល្បង​ខុសៗ​គ្នា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​បាន​បង្ហាញ​ពី​អត្រា​ប្រសិទ្ធភាព​ខុស​គ្នា។ នៅ​ប្រេស៊ីល អត្រា​ប្រសិទ្ធភាព​មាន​ត្រឹម ៥០,០៤% ហើយ​នៅ​តួកគី​មាន​ដល់​ទៅ ៨៣,៥% ឯណោះ។ លោក Jin Dongyan សាស្រ្តាចារ្យ​ផ្នែក​ជំងឺ​មហារីក និង​រោគវិទ្យា​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ហុងកុង​បាន​កត់សម្គាល់​ឃើញ​ថា មាន​ទិន្នន័យ​កាន់​តែ​ច្រើន​ឡើង​ៗ​នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​ដែល​បង្ហាញ​ពី​អត្រា​ប្រសិទ្ធិភាព​ទាប​របស់​វ៉ាក់សាំង Sinopharm និង Sinovac។

តាម​លោក Jin Dongyan សម្រាប់​ក្រុម​ប្រទេស​ដែល​គ្មាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​ផ្សេង Sinopharm និង Sinovac នៅ​ជា​វ៉ាក់សាំង​ដែល​មាន​គុណប្រយោជន៍​ដើម្បី​បង្ការ​ទាំង​វីរុស​កូវីដ១៩ និង​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន។ តែ​លោក Jin Dongyan បាន​ទទួល​ស្គាល់​ថា Pfizer-BioNTech និង Moderna នៅ​ជា​វ៉ាក់សាំង​ប្រសើរ​ជាង។ បន្ទាប់​មក សាស្រ្តាចារ្យ​នៅ​ហុងកុង​រូប​នេះ​ដដែល​ក៏​បាន​យល់​ស្រប​តាម​លោក​ហ្កាវ ហ្វូ​ពី​ការ​ចាក់​វ៉ាក់សាំង​ខុស​គ្នា​រវាង​ដូសទី១ ជា​វ៉ាក់សាំង Sinopharm ឬ Sinovac និង​ដូសទី២ ជា​វ៉ាក់សាំង Pfizer-BioNTech ឬ Moderna ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការពារ។ តាម​លោក Jin Dongyan សាកលវិទ្យាល័យ​ហុងកុង​កំពុង​ដឹក​នាំ​ការ​សិក្សា​មួយ​លើ​មនុស្ស​ចំនួន ១០០នាក់​ដែល​នឹង​ទទួល​វ៉ាក់សាំង Pfizer-BioNTech សម្រាប់​ដូស​ទី១ និង​នៅ ២៨ថ្ងៃ​ក្រោយ​មក នឹង​ទទួល​វ៉ាក់សាំង Sinovac សម្រាប់​ដូសទី២។

សរុប​មក​វិញ ការ​ចាក់​វ៉ាក់ក់សាំង មិន​ថា​វ៉ាក់សាំង​ចិន វ៉ាក់សាំង​អាមេរិកាំង ឬ​វ៉ាក់សាំង​ប្រទេស​ផ្សេង និង​ទោះ​បី​ជា​មាន​អត្រា​ប្រសិទ្ធភាព​ខុស​គ្នា​ក៏​ដោយ ពិត​ជា​បាន​ផ្តល់​គុណសម្បត្តិ​ជាង​គុណវិបត្តិ ព្រោះ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អត្រា​ស្លាប់​ដោយ​វីរុស​កូវីដ១៩ និង​អត្រា​ស្លាប់​ដោយ​ការ​ចាក់​វ៉ាក់សាំង​មាន​កម្រិត​ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ និង​ដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI