ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅពីក្រាយ​​ភាព​​ជោគជ័យ នៃ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ របស់​មន្ទីរពិសោធន៍ ​BioNtech/Pfizer

សំឡេង ០៧:២៧
បុគ្គលិកពេទ្យកំពុងចាក់វ៉ាក់សាំង BioNtech/Pfizer ទៅឲ្យស្ត្រីម្នាក់ នៅទីក្រុងបែលហ្រ្កាដ ប្រទេសស៊ែរប៊ី។ ថ្ងៃទី ២៣ មីនា ២០២១
បុគ្គលិកពេទ្យកំពុងចាក់វ៉ាក់សាំង BioNtech/Pfizer ទៅឲ្យស្ត្រីម្នាក់ នៅទីក្រុងបែលហ្រ្កាដ ប្រទេសស៊ែរប៊ី។ ថ្ងៃទី ២៣ មីនា ២០២១ AP - Darko Vojinovic

ការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ​១៩ ត្រូវបាន​គេផ្តល់ក្តីសង្ឃឹមជាខ្លាំង ទៅលើ​វ៉ាក់សាំង។ បច្ចុប្បន្ននេះ មានវ៉ាក់សាំងចំនួន​៦ ដែលត្រូវបានគេប្រើប្រាស់។ ខណៈដែលវ៉ាក់សាំងខ្លះ​ ដូចជាវ៉ាក់សាំងចិន និងរុស្ស៊ី ត្រូវបានមតិមួយចំនួន ​សម្តែងក្តីមិនទុកចិត្ត វ៉ាក់សាំង​របស់មន្ទីរពិសោធន៍ AstraZeneca ឯណោះវិញ ក៏កំពុងស្ថិតក្នុងស្ថានភាពមួយ​មិនច្បាស់លាស់ បន្ទាប់ពីមាន​ការសង្ស័យថាអាចបណ្តាល​ ឲ្យ​មាន​​បញ្ហាកកដុំគ្រាប់ឈាម ក្នុងសរសៃឈាម។ ដោយឡែក វ៉ាក់សាំងរបស់មន្ទីរពិសោធន៍អាល្លឺម៉ង់ BioNtech សហការជាមួយ​មន្ទីរពិសោធន៍​អាមេរិក​​Pfizer វិញ កាន់តែមាន​ភាព​ល្បីល្បាញ និងទទួលបានការទុកចិត្តកាន់តែច្រើន ថាមានប្រសិទ្ធភាពល្អ និងគ្មាន​ផលប៉ះពាល់។

ផ្សាយពាណិជ្ជកម្ម

នៅរវាងខែមេសា ឆ្នាំ​២០២០ ពោលគឺក្រោយ​ពេល កូវីដ​១៩ បានអន្រួន​ពិភពលោក​យើង​ បាន​ប្រមាណ​២ខែ សហគ្រាស​ផលិតឱសថដ៏ធំរបស់អាមេរិក ឈ្មោះ​ Pfizer បានប្រកាសអំពីការសហការជាមួយ មន្ទីរពិសោធន៍តូចមួយ​នៅអាល្លឺម៉ង់ ឈ្មោះ BioNtech ដែលមានជំនាញ​បច្ចេកវិទ្យាស្រាវជ្រាវ​វេជ្ជសាស្ត្រ ដើម្បីផលិត​វ៉ាក់សាំងប្រឆាំងកូវីដ​១៩។

ជាធម្មតា បច្ចេកទេសសាមញ្ញ ដែលគេប្រើក្នុងការផលិត​វ៉ាក់សាំង គឺជាការបញ្ចូលមេរោគ ដែលគេ​រំងាប់ឲ្យ​វា​អសកម្ម បញ្ចូលទៅក្នុងសរីរាង្គមនុស្ស ហើយធ្វើឲ្យ​សរីរាង្គកម្រើកឡើង បង្កើតជាប្រព័ន្ធការពារខ្លួន។ វ៉ាក់សាំងប្រភេទនេះ ភាសាបច្ចេកទេស គេហៅថា Vaccin à vecteur viral។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដែលគេប្រើប្រាស់បច្ចុប្បន្ននេះ វ៉ាក់សាំងដែលប្រើរូបមន្តផ្សំសាមញ្ញនេះ គឺមាន​ដូចជាវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Sinopharm Sinovac Sputnik Johnson & Jonhson និង​របស់​AstraZeneca។

ដោយឡែក វ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ BioNtech/Pfizer  និងមន្ទីរពិសោធន៍​Monderna វិញ​ មិនប្រើប្រាស់បច្ចេកទេសធម្មតានេះទេ តែគេប្រើបច្ចេកទេសថ្មី ដែលមានឈ្មោះថា ARN Messager។ ARN Messager គឺជាអក្សរកាត់ សំគាល់ acide ribonucléique messager ដែលអាចចាត់ទុកថាជា « ​ច្បាប់ចំលង » របស់អាដេអិនណាមួយ​។ និយាយឲ្យងាយស្តាប់ វ៉ាក់សាំង​ ARN Messager មានតួនាទីជាអ្នកនាំសារ ទៅកាន់ ribosomes ដែលជាប្រព័ន្ធផលិតប្រូតេអ៊ីន ក្នុងសរីរាង្គមនុស្ស ឲ្យ​កម្រើកឡើង ដើម្បី​ផលិត​ប្រូតេអ៊ីនម្យ៉ាង ដែល​មានពុម្ពតែមួយ​ ដូចនឹងប្រូតេអ៊ីន ស្ថិតនៅ​ជាប់លើ​ផ្ទៃខាងក្រៅ នៃមេរោគកូរ៉ូណាវីរុសថ្មី (Sars-CoV-2)។ ដូច្នេះ នៅ​ពេលប្រូតេអ៊ីននេះ ត្រូវផលិតបានហើយ គឺមានន័យថា ប្រព័ន្ធអង្គបដិធាតុ ឬប្រព័ន្ធអង់ទីក័រ​មនុស្សយើង នឹងកំរើកឡើងដែរ ដើម្បីទប់ទល់បំផ្លាញ​ប្រូតេអ៊ីនទាំងនេះ ព្រោះវាគិតស្មានថាមានមេរោគចូលទៅ។

នេះគឺជាលើកទីមួយ​ហើយ​ ដែល​គេ​សម្រេចផលិតវ៉ាក់សាំង ចាក់ទៅឲ្យ​មនុស្ស ដោយ​ប្រើបច្ចេកទេស​ARN Messagerនេះ។ កន្លងមក មានតែ​វ៉ាក់សាំងសម្រាប់សត្វមួយចំនួនតែប៉ុណ្ណោះ ដែល​ប្រើបច្ចេកទេសនេះ។ លោក Dan Mahony អ្នកជំនាញវិជ្ជសាស្ត្រនៅ មូលនិធិអង់គ្លេស Polar Capital​ បានលើកឡើងថា ថ្វីបើក្នុងពេលសាកល្បងក្នុងម​ន្ទីរពិសោធន៍ វាបានហុចផលល្អមែន តែពីដំបូងគ្មាននរណា​ជឿទេ ថាវ៉ាក់សាំង​ប្រភេទនេះ អាចមានប្រសិទ្ធភាព​ទៅលើ​មនុស្ស​ ក្នុងការពិតជាក់ស្តែង។ លោកទទួលស្គាល់ថា មន្ទីរពិសោធន៍ BioNtech/Pfizer ពិតជាប្រថុយ​ខ្លាំងណាស់។ តែលទ្ធផលនៅពេលនេះ យើងឃើញថា វាមានប្រសិទ្ធភាព​មែន រហូតដល់ទៅជាង​​៩០%។

គួរកត់សំគាល់ថា នៅពីក្រោយភាពជោគជ័យនៃវ៉ាក់សាំង របស់មន្ទីរពិសោធន៍ BioNtech/Pfizer វាមានលាយ​ឡំទៅដោយ សំណាង និង ការប្រថុយសាកល្បង រួមជាមួយនិងយុទ្ធសាស្ត្រ នៃការចាប់ដៃ​សហការគ្នា ចំកាលៈទេសៈ រវាងមន្ទីរពិសោធន៍ទាំង២។ ជាងនេះទៀត វ៉ាក់សាំងប្រភេទ ​ARN Messager អាចត្រូវបានផលិត​យ៉ាងឆាប់រហ័ស ក្នុងចំនួន​ដ៏ច្រើន បើប្រៀបធៀបទៅនឹងវ៉ាក់សាំងធម្មតា។ ជាមួយនឹងហេដ្ឋរចនាសម្ព័ន្ធផលិត ដ៏ធំសម្បើម​របស់សហគ្រាស ​Pfizer មន្ទីរពិសោធន៍ទាំង២ បានអះអាងថា ក្នុងឆ្នាំ​២០២១នេះ គឺនឹងផលិត​ឲ្យ​បាន​ ២៥០០លានដូស។ ចំណែកមន្ទីរពិសោធន៍ Moderna ដែលមានទំហំតូច ហើយ​ជួលគេឲ្យផលិត​បន្ត គឺមិនអាចតាមទាន់ Pfize​r ទេ។

គិតមកទល់ពេលនេះ គឺមានតែវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដែលប្រើបច្ចេកទេស ARN Messager តែប៉ុណ្ណោះ ដែលទទួលបានទំនុកចិត្ត​ខ្លាំងបំផុត ពីអ្នកជំនាញ។ តែយ៉ាងណាក៏ដោយ នៅមានបញ្ហា​មួយ​ចំនួន ដែល​បានធ្វើឲ្យ​មន្ទីរពិសោធន៍ BioNtech/Pfizer ត្រូវគេរិះគន់ដែរ។ ជាបឋម គឺផ្តើមចេញ ពី​ចំនួនដូសនៅក្នុងដបហ្វ្លាកុងនីមួយៗ។ ដើមឡើយ​ មន្ទីរពិសោធន៍ទាំងពីរ អះអាងថា មួយដប​មានចំនួន​៥ដូស តែក្រោយមក នៅពេល​ដែលផលិត​មិនទាន់គ្រប់ចំនួនបញ្ជាទិញ​ ក៏ស្រាប់តែ​អះអាងថា ក្នុងមួយដបមាន៦ដូស​។ បញ្ហានេះ បានធ្វើឲ្យ​គេសម្លឹងឃើញថា មន្ទីរពិសោធន៍នេះ កំពុងតែ​ច្របាច់ក​អ្នកទិញ ដើម្បី​យកប្រាក់ ដោយ​មិនខ្វល់ថា វាជាបញ្ហាសុខភាព​សកលលោកនោះទេ។

មួយវិញទៀតនោះ វ៉ាក់សាំងរបស់ BioNtech/Pfizer មានតម្លៃថ្លៃណាស់​ ពោលគឺជាង ១០អឺរ៉ូ​ក្នុងមួយដូស។ នេះបើផ្អែកតាមឯកសារ បង្ហាញដោយ​ភ័ន្តច្រឡំ ដោយ​លោកស្រីEva de Bleeker សមាជិករដ្ឋាភិបាល​ប៊ែលហ្ស៊ិក។ តម្លៃនេះថ្លៃណាស់ បើប្រៀបធៀបទៅនឹង​វ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AstraZeneca ដែល​ថ្លៃ​មិនដល់​២អឺរ៉ូផងក្នុងមួយដូស។ មន្ទីរពិសោធន៍ AstraZeneca បានអះអាងថាគេមិនយកចំណេញទេ គឺលក់​យកតែ​ដើមប៉ុណ្ណោះ ទំរាំដល់វិបត្តិកូវីដ​​១៩​នេះ សាបរលាប​អស់។

មិនត្រឹមតែលក់ក្នុងតម្លៃថ្លៃទេ មន្ទីរពិសោធន៍ BioNtech និង Pfizer បានដំឡើងតួលេខ​ចំនួនដូស ខណៈដែលចំណុះវ៉ាក់សាំង ក្នុងមួយដបៗនៅតែដដែល។​ លោក Adam Barker អ្នកជំនាញ​ម្នាក់ នៅក្រុមហ៊ុនចាត់ចែងមូលធនមួយ នៅក្រុងឡុងដ៍ ​បានលើកឡើងថា ទាំង Pfizer ទាំង Moderna មិនមែនមិនដឹងថា វ៉ាក់សាំងខ្លួនមានតម្លៃថ្លៃកប់ពពកនោះទេ។ តែនេះវាគឺជាជំរើសយុទ្ធសាស្ត្រ ដើម្បីប្រមូលប្រាក់ចំណេញ ឲ្យ​បានច្រើនបំផុត។ លោកអះអាងថា សហគ្រាស Pfizer និង Moderna ដឹងថា វ៉ាក់សាំងរបស់ខ្លួន គឺមានតែប្រទេសអ្នកមានទេ ដែលទិញយកទៅចាក់ ព្រោះត្រូវការឲ្យ​មានទូបង្កកធំៗ សីតុណ្ហភាព​ -៧០°c។

សូមបញ្ជាក់ថា​ ក្នុងឆ្នាំ​២០២០ មន្ទីរពិសោធន៍ BioNtech និង Pfizer បានទទួលប្រាក់ចំណូល​សរុប ៤ម៉ឺនលានអឺរ៉ូ ដោយ​សារតែវ៉ាក់សាំងប្រឆាំងកូវីដ​១៩របស់ខ្លួន​។ ហើយ​ក្នុង​ឆ្នាំ​២០២១នេះ មន្ទីរពិសោធន៍ទាំង២ សង្ឃឹមថាអាចប្រមូលប្រាក់បាន​យ៉ាងហោច ១ម៉ឺន៥ពាន់​លានអឺរ៉ូ បន្ថែមទៀត។

គិតមកត្រឹមពេលនេះ វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដែលគេប្រើច្រើនបំផុត គឺវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AstraZeneca ព្រោះវាមានតម្លៃថោក និង​ ងាយស្រួលស្តុកទុក។ ក្នុងហេតុផលនេះហើយ ទើប​យន្តការ Covax នៃអង្គការសុខភាពពិភពលោក ងាកទៅរកមន្ទីរពិសោធន៍​ AstraZeneca ដើម្បីបានវ៉ាក់សាំងចែកប្រទេសក្រីក្រ។ តែទន្ទឹមគ្នានេះ វ៉ាក់សាំងរបស់ AstraZeneca កំពុងតែបង្កនូវបរិយាកាសមិនទុកចិត្ត ពីសំណាក់មនុស្សទូទៅ ដោយសារតែបញ្ហា​កកដុំគ្រាប់ឈាម ដ៏កម្រមួយចំនួន។ មានមតិខ្លះលើកឡើងថា ប្រទេសអ្នកមាន​លុយ គេចាក់វ៉ាក់សាំងល្អៗ មានតម្លៃថ្លៃ របស់​មន្ទីរពិសោធន៍ BioNtech/Pfizer។ រីឯប្រទេសអ្នកក្រខ្សត់ ចាក់វ៉ាក់សាំង ដែលមានតម្លៃថោក ហើយ​ថែមទាំងអាចប្រឈមគ្រោះថ្នាក់ថែមទៀតផង។ កូវីដ​១៩ ឆ្លងមិនរើសមុខអ្នកមានអ្នកក្រមែន តែវ៉ាក់សាំងប្រឆាំងកូវីដ១៩ខ្លះ អាចរើសអើង រវាង​អ្នកមាន និងអ្នកក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI