ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអាចទេ ដែល​ការ​ផ្តល់សន្ទុះ​សេដ្ឋកិច្ច​ក្រោយ​​កូវីដ នឹង​ផ្តល់​អាទិភាព​​ដល់​បរិស្ថាន-​អាកាសធាតុ?

សំឡេង ០៦:៣២
វាលផ្ទាំងសូឡា ផលិតថាមពលអគ្គីសនី​ ដោយពន្លឺព្រះអាទិត្យ នៅរដ្ឋមេន សហរដ្ឋអាេមរិក។ ថ្ងៃទី ១៤ មករា ២០២១។ ផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរបស់​លោកចូ បៃដិន បាន​គ្រោងចំនាយ​ចំនួន ១០០ពាន់លានដុល្លារ ទៅក្នុងវិស័យ​ផលិតថាមពលអគ្គិសនីស្អាតស្អំ មិនបញ្ចេញឧស្ម័នពុល។
វាលផ្ទាំងសូឡា ផលិតថាមពលអគ្គីសនី​ ដោយពន្លឺព្រះអាទិត្យ នៅរដ្ឋមេន សហរដ្ឋអាេមរិក។ ថ្ងៃទី ១៤ មករា ២០២១។ ផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរបស់​លោកចូ បៃដិន បាន​គ្រោងចំនាយ​ចំនួន ១០០ពាន់លានដុល្លារ ទៅក្នុងវិស័យ​ផលិតថាមពលអគ្គិសនីស្អាតស្អំ មិនបញ្ចេញឧស្ម័នពុល។ AP - Robert F. Bukaty

ថ្ងៃទី២២ និង ២៣ មេសានេះ លោក​ប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងដឹកនាំវេទិកាកំពូលស្តីពីអាកាសធាតុ ជាមួយ​នឹងថ្នាក់ដឹកនាំពិភពលោកទាំងអស់។ ការ​កាត់បន្ថយ​កំរិតឧស្ម័នកាបូនិកនៅក្នុងបរិយាកាស គឺជាកម្មវត្ថុធំចំបង ដើម្បី​ទប់ទល់នឹងការកើនឡើងកំដៅផែនដី។ ជាមួយ​នឹង​ការ​​ចំណាយ​ប្រាក់ ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច ក្រោយ​ជំងឺ​ឆ្លងកូវីដ​១៩ មានមតិជាច្រើនលើកឡើងថា វាក៏ជាឱកាសមួយ ដែលរដ្ឋត្រូវផ្តល់អាទិភាព ជួយ​ដល់វិស័យ​សេដ្ឋកិច្ច ដែល​មិនបំពុលបរិស្ថាន ឬដែលជួយ​ដល់​ការ​កាត់បន្ថយ​ឧស្ម័នកាបូនិក។ តើវិបត្តិ១៩ ពិតជាអាច​បើកផ្លូវ ផ្តល់សន្ទុះដល់សេដ្ឋកិច្ច​បៃតងដែរឬទេ?

ផ្សាយពាណិជ្ជកម្ម

តើកម្លាំងសេដ្ឋកិច្ច ដែលប្រទេសធំៗកំពុងតែចង់ផ្តល់សន្ទុះថ្មី ដើម្បីងើបចេញពីវិបត្តិកូវីដ១៩ អាចនឹងមានរបត់ ខិត​ទៅរកវិស័យដែលមិនបញ្ចេញឧស្ម័នពុល ដែរឬទេ? កូវីដ​១៩ បានធ្វើឲ្យ​ដំណើរសេដ្ឋកិច្ចពិភពលោកយើងរាំងស្ទះសឹងតែទាំងស្រុង​។ មានគំនិតបានចោទឡើងថា ចុះបើពិភពលោកយើង ឆក់យក​ឱកាសនេះ ដើម្បី​ធ្វើកំណែទម្រង់ ឬបង្កើតគំនិតថ្មីៗ រិះរកវិធីផ្តល់សន្ទុះសេដ្ឋកិច្ច ដែលនាំមកទាំងប្រាក់ចំណូល ហើយ​ថែមទាំង​អាចជួយ​យកអាសារ អាយុជីវិត មនុស្សសត្វ ការពារ​ធនធានធម្មជាតិ និង​មិនបំពុលបរិស្ថានទៀត នោះវាមិនប្រសើរទេ!

នេះគឺជាក្តីសង្ឃឹមមួយ ដែលហាក់នៅឆ្ងាយ​ពីការពិតជាក់ស្តែង បើទោះបីប្រទេសមួយចំនួនធំ បានប្រកាសអំពីឆន្ទៈ ប្រយុទ្ធប្រឆាំងនឹង​ការកើនឡើងកំដៅផែនដី​​ក៏ដោយ។ វិស័យសេដ្ឋកិច្ច​ដែលបំពុល​បរិស្ថាន ដែល​​បំផ្លាញ​ធនធានធម្មជាតិ និងដែលបញ្ចេញឧស្ម័នពុល​ ទៅ​ក្នុងបរិយាកាស នៅតែជាជម្រើសមួយ​នាំមុខ ដើម្បី​រកប្រាក់ចំណេញ។ ក្នុងឆ្នាំ​២០២១នេះ យោង​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ  (AIE) គឺកម្រិតឧស្ម័នកាបូនិក​ក្នុង​បរិយាកាស នឹង​កើនឡើង ចំនួន​៤.៨%​បន្ថែមទៀត។ នេះសបង្ហាញថា សេដ្ឋកិច្ចពិភពលោក​ បានងើបឡើងវិញ ក្រោយ​ឆ្លងកាត់កូវីដ​១៩ អស់១ឆ្នាំ រីឯកម្រិត​ឧស្ម័នពុល​ក្នុងបរិយាកាស ក៏នឹងកើនឡើង​ជាមួយ​គ្នាដែរ។

ប្រទេសសេដ្ឋកិច្ចនាំមុខជាច្រើន បានបញ្ចេញកញ្ចប់ថវិកាដ៏សន្ធឹកសន្ធាប់ ដើម្បី​វិនិយោគ ផ្តល់កម្លាំងសន្ទុះដល់សេដ្ឋកិច្ចគេរៀងៗខ្លួន។ ក៏ប៉ុន្តែ ភាគតិចណាស់នៃប្រាក់វិនិយោគទាំងនេះ ដែលគេចំណាយ ទៅ​លើវិស័យសេដ្ឋកិច្ចបៃតង។ យោងតាម​របាយការណ៍ របស់កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ សហការជាមួយ​សកលវិទ្យាល័យ​Oxford បាន​ឲ្យដឹងថា ក្នុងចំណោម​ទឹកប្រាក់​គម្រោងចំណាយចំនួន​ ១៤៦០០​ពាន់លានដុល្លារ សរុបតាមប្រទេស​ប្រមាណ​៥០​ប្រទេស នៅចុងឆ្នាំ​២០២០ គឺមានតែ​២%​ប៉ុណ្ណោះ ដែលនឹងចាយ​ ទៅ​ក្នុងវិស័យសេដ្ឋកិច្ចបៃតង។ ហើយ​បើនិយាយពី​គម្រោងផ្តល់សន្ទុះសេដ្ឋកិច្ចវិញ គឺមាន​តែ​១៨%ប៉ុណ្ណោះ ដែលជាគម្រោងវិនិយោគ​បៃតង។ មានន​័យថា ៨២% ទៀត គឺសុទ្ធតែជាគម្រោង ដែលគ្មានពាក់ព័ន្ធសោះ នឹង​បញ្ហា​បរិស្ថាន អាកាសធាតុសោះ​។

ជាងនេះទៀត ខណៈដែល​រដ្ឋជំរុញ​ការវិនិយោគ​លើ​វិស័យបៃតងមួយផ្នែកមែន តែមួយ​ផ្នែកធំផ្សេង​ទៀត មិនមែន​មិនត្រឹមតែមិនពាក់ព័ន្ធនឹងវិស័យបៃតងទេ តែគឺវាមក​បំផ្លាញ​ការប្រឹងប្រែង របស់​គំរោង​វិនិយោគបៃតង ក៏ថាបានដែរ។ លោកស្រី​ Nathalie Girouard ប្រធានការិយាល័យ​​បរិស្ថាន នៅអង្គការ​ OCDE បានលើកឡើងថា ទឹកប្រាក់គ្រោងវិនិយោគ​លើវិស័យ​បរិស្ថាន​ មាន​ប្រមាណ​៣៣៦ពាន់​លានដុល្លារ។ តែទឹកប្រាក់ប្រហាក់ប្រហែលគ្នានេះ ក៏គេគ្រោងនឹងចំណាយ​ លើវិស័យ​ដែល​បំផ្លាញ​បរិស្ថានដែរ។

កម្រិតនៃការយកចិត្តទុកដាក់ លើវិស័យបរិស្ថាននេះ គឺវាខុសៗគ្នា ពីប្រទេសមួយទៅប្រទេសមួយ។ ហើយភាពខុសគ្នានេះ គឺវាស្តែងចេញ តាមរយៈគម្រោងវិនិយោគនានា ដែល​រដ្ឋបាន​រៀបចំ ដើម្បី​ផ្តល់​សន្ទុះសេដ្ឋកិច្ច។ ខណៈដែលប្រទេសខ្លះ បន្តចំណាយ​ប្រាក់វិនិយោគ លើវិស័យដែលប្រើប្រាស់ថាមពល​ បានមកពី​ការ​ដុតចំហេះប្រេង ឬធ្យូងថ្ម។ ប្រទេសខ្លះទៀតវិញ ផ្តល់អាទិភាពលើ​ការ​ផលិតថាមពល​ ដែល​​មាន​​ភាពស្អាតស្អំ មិនបញ្ចេញ​ឧស្ម័នពុល។

លោកស្រី Lucile Dufour អ្នកជំនាញនៅ​វិទ្យាស្ថាអន្តរជាតិដើម្បី​ការអភិវឌ្ឍន៍​ប្រកបដោយចីរភាព បាន​លើកឡើងថា មាន​តែប្រទេសតិចតួចប៉ុណ្ណោះ ដូចជា ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ និងបារាំង ជាដើម ដែល​ផ្តល់អាទិភាព​ដល់គម្រោងវិនិយោគ​បៃតង។ ដោយ​សារវិបត្តិកូវីដ​១៩ រដ្ឋបានចំណាយប្រាក់ ដើម្បីជួយ​សហគ្រាស ដើម្បីធ្វើយ៉ាងណាទប់កុំឲ្យ​បាត់​បងការងារ​ និងការពារ​បុគ្គលិក​កុំឲ្យ​គេ​បណ្តេញ​ចេញ។ ក៏ប៉ុន្តែក្នុងជំនួយនេះទៀតសោត ភាគច្រើនបំផុត គឺពុំមានភ្ជាប់លក្ខខណ្ឌ តម្រូវឲ្យកាត់បន្ថយ​ផលប៉ះពាល់លើបរិស្ថាន អាកាសធាតុទេ។ យោងតាមតួលេខរបស់​ Energy Policy Tracker ក្នុងចំណោមគម្រោងរបស់រដ្ឋ ដែលជួយវិស័យថាមពលហ្វូស៊ីល គឺមាន​តែ​​៤១៥០០លានដុល្លារទេ ដែលមានភ្ជាប់ដោយលក្ខខណ្ឌ កាត់បន្ថយ​ផលប៉ះពាល់លើបរិស្ថាន ធម្មជាតិ តែ២៣៦​ពាន់​លានដុល្លារទៀត គឺមិនមាន​លក្ខខណ្ឌអ្វីទាំងអស់។

តែយ៉ាងណាក៏ដោយ លោកស្រី Lucile Dufour បានទទួលស្គាល់ថា ប្រហែលមកពី​គំរោងចំណាយ​ទាំងអស់នេះ គឺជាគំរោងចំណាយ​បន្ទាន់ ដែលរដ្ឋខំប្រឹង​ស្រវេស្រវារ ដើម្បីសង្គ្រោះវិស័យសេដ្ឋកិច្ច ការពារ​ការងាររបស់​ប្រជាជន ខណៈដែល​កូវីដ១៩កំពុងតែបោកបក់ខ្លាំង។ លោកស្រីសង្ឃឹមថា ក្នុងឆ្នាំ​២០២១នេះ អ្វីៗនឹងប្រែប្រួល ដោយរដ្ឋនឹងបត់ក្បាលបន្តិចម្តងៗ ទៅកាន់ការវិនិយោគ​ដែល​ផ្តល់ផលវិជ្ជមាន​ដល់​បរិស្ថាន អាកាសធាតុ។ ដូចក្នុងករណី​ រដ្ឋាភិបាល​​កាណាដាជាដើម។ ដូចគ្នាដែរ ផែនការចំណាយផ្តល់សន្ទុះសេដ្ឋកិច្ច​របស់​រដ្ឋាភិបាលអាមេរិក ប្រសិនបើសភាខុសហ្ក្រេសសម្រេចយល់ព្រម នោះ​ក៏មានន័យថា នឹងមានពណ៌បៃតងច្រើនបង្គួរដែរ។

លោកស្រី Nathalie Girouard បានលើកឡើងថា ឱកាសនេះគឺជាឱកាសមាស ព្រោះ​សន្ទុះកម្លាំងវិនិយោគមានច្រើន ព្រមៗគ្នា ដែលអាចធ្វើឲ្យ​មានការផ្លាស់ប្តូរខ្លាំង។ របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ និងសកលវិទ្យាល័យ Oxford បាន​លើកជាអនុសាសន៍ នូវវិស័យធំ​ៗ​មួយចំនួន​ ដែលថ្នាក់ដឹកនាំប្រទេសទាំងអស់ គួរយកមកពិចារណា និងផ្តល់អាទិភាព ដល់ផែនការវិនិយោគរបស់ខ្លួន។ នោះគឺ វិស័យ​ថាមពលវិលជុំ ស្អាតស្អំ​ មិនបញ្ចេញ​ឧស្ម័នពុល វិស័យដឹកជញ្ជូន​បៃតង វិធានកំណត់ប្រសិទ្ធភាព​ថាមពល និង គម្រោងអភិរក្ស​ប្រព័ន្ធជីវចម្រុះ។ រដ្ឋាភិបាលក៏អាចបន្ថែម​ លក្ខខណ្ឌបៃតង ទៅលើ​គម្រោង​វិនិយោគសាមញ្ញផ្សេងទៀតដែរ។ ជាងនេះទៀត ជំនួយ​វិនិយោគទៅកាន់​ប្រទេសក្រីក្រ ដែលភ្ជាប់ក្នុងវិស័យ​បរិស្ថាន អាកាសធាតុ ក៏ត្រូវតែ​ផ្តល់អាទិភាពដែរ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​វិស័យសេដ្ឋកិច្ចបៃតង ក្លាយជាស្នូលកម្លាំងសេដ្ឋកិច្ចគ្រប់ទី​កន្លែង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI