ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ក្រុមហ៊ុន​​Total ​ចិញ្ចឹម​​​ក្រុម​យោធា​ភូមា ​ដោយ​​របៀបណា?

សំឡេង ០៨:៣៣
ក្រុមហ៊ុន Total គឺជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ មាន​ទីតាំងធំនៅបារាំង ដែលរកស៊ីក្នុងវិស័យប្រេងកាត និង ឧស្ម័នធម្មជាតិ
ក្រុមហ៊ុន Total គឺជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ មាន​ទីតាំងធំនៅបារាំង ដែលរកស៊ីក្នុងវិស័យប្រេងកាត និង ឧស្ម័នធម្មជាតិ REUTERS - REGIS DUVIGNAU

ក្រុមហ៊ុន​បារាំង Total មានវត្តមាន​ធ្វើសកម្មភាពបូមឧស្ម័នធម្មជាតិ នៅភូមាតាំងតែពីឆ្នាំ​១៩៩៨​ម្លេះ។ នៅក្រោយហេតុការ​រដ្ឋប្រហារ ថ្ងៃទី​១កុម្ភៈ ឯកសារសំងាត់ប្រមាណ​ ១សែន២ម៉ឺនច្បាប់ របស់​ក្រុមកងទ័ពភូមា ត្រូវបាន​បែកធ្លាយ​ ដែលក្នុងចំណោមឯកសារទាំងនោះ មានឯកសារមួយចំនួន បាន​បង្ហាញពីការឃុបឃិតគ្នា​ រវាងក្រុមហ៊ុនTotal និង​​ក្រុមហ៊ុន​ប្រេងកាត និងឧស្ម័នធម្មជាតិភូមា ដើម្បីបញ្ចៀសមិនបង់ពន្ធជូនរដ្ឋភូមា។ មានសំឡេងជាច្រើនបាន​ទាមទារ ឲ្យ​ក្រុមហ៊ុន Total ត្រូវ​ឈប់ ឬផ្អាកការរកស៊ីនៅភូមា ដើម្បីកាត់​ប្រភពនៃប្រាក់ចំណូល ដ៏ច្រើនសន្ធឹកសន្ធាប់នេះ​ ពីក្រុមកងទ័ពភូមា។ តើ ក្រុមកងទ័ព​ភូមា មានទទួលផលកម្រៃ ដោយរបៀបណា ពីការ​បូម​ឧស្ម័នធម្មជាតិ លក់ទៅឲ្យ​ក្រុមហ៊ុន Total?

ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ១៩៩៨ អាជីវកម្ម​បូមឧស្ម័នធម្មជាតិ នៅស្ថានីយ៍ Yadana របស់ភូមា បានចាប់ផ្តើម ដោយឧស្ម័ន​ដែលផលិតបាន​ ត្រូវបានបញ្ជូន​បង្ហូរតាម​បំពង់ក្រោមសមុទ្រ ប្រវែង​៣៤៦គីឡូម៉ែត្រ ពី​ភូមា មក​​កាន់ប្រទេសថៃ។ បំពង់បង្ហូរនេះ មិនមែនត្រឹមតែបង្ហូរឧស្ម័នធម្មជាតិ ចេញពីភូមានោះទេ តែវាក៏បាន​បង្ហូរប្រាក់កំរៃ បានមកពី​អាជីវកម្មនេះ ចេញពីប្រទេសភូមាដែរ។

យោងតាមការចុះផ្សាយ​របស់សារព័ត៌មានបារាំងដ៏ធំ ឈ្មោះ Le Monde បានឲ្យដឹងថា ក្នុង​ចំណោម​ឯកសារ​​ប្រមាណ​១សែន២ម៉ឺនច្បាប់ ដែលបានបែកធ្លាយ​ កាលពីខែកុម្ភៈ គឺមានឯកសារមួយចំនួន​​បានបង្ហាញ នូវភាព​មិន​ប្រក្រតីជាច្រើនចំណុច ទាក់ទិននឹងការបង់ពន្ធ និងការផ្ទេរប្រាក់​ចំណេញ ពីក្រុមហ៊ុន Total ទៅឲ្យ​ក្រុមហ៊ុនប្រេងកាត និងឧស្ម័នធម្មជាតិភូមា Myanmar Oil and Gas Enterprise ហៅកាត់ថា MOGE។

ផ្ទេរប្រាក់ចំណូលមួយផ្នែកធំ ទៅក្រុមហ៊ុន​ម្ចាស់​បំពង់បង្ហូរឧស្ម័ន

ភាពមិនប្រក្រតីទីមួយ គឺទាក់ទិននឹងថ្លៃចំណាយ​លើការដឹកជញ្ជូន​ឧស្ម័ន​ដែលផលិតបាន។ ក្រុមហ៊ុន Myanmar Oil and Gas Enterprise ហៅកាត់ថា MOGE គឺជាម្ចាស់​កម្មសិទ្ធិនៃអាជីវកម្មបូមឧស្ម័ន។ តែចំណែកបំពង់បង្ហូរឧស្ម័នទៅកាន់​ប្រទេសថៃវិញ​ គឺជា​កម្មសិទ្ធិរបស់ក្រុមហ៊ុនមួយទៀត ឈ្មោះ Moattama Gas Transportation Company ហៅកាត់ថា MGTC។ យោងតាមឯកសារសាវនៈកម្ម នៅឆ្នាំ​២០១៩ ក្រុមហ៊ុន MGTC បានប្រកាសចំណូលដល់ទៅ ៥២៣លានដុល្លារ ហើយ​បង់ពន្ធជូនរដ្ឋភូមា តែ​១១លានដុល្លារតែប៉ុណ្ណោះ។

កាសែត Le Monde បានទាក់ទងសួរអ្នកជំនាញ​ ផ្នែក​អាជីវកម្មឧស្ម័នធម្មជាតិជាច្រើននាក់ ដែលសុទ្ធតែបានអះអាងថា តួលេខប្រាក់​ចំណូលនេះ ខ្ពស់ចម្លែកខ្លាំងណាស់។ លោក Johnny West អ្នកជំនាញ​នៅ​ការិយ​ាល័យ​ប្រឹក្សា Open Oil បានអះអាងថា ករណីបែបនេះ គឺជាករណីរៀបចំ ដើម្បីគេច មិនបង់ពន្ធជូនរដ្ឋភូមា។

អ្វីដែលចម្លែកជាងនេះទៀត គឺថាតាមពិត ក្រុមហ៊ុន Myanmar Oil and Gas Enterprise (MOGE)និងក្រុមហ៊ុន ​Moattama Gas Transportation Company (MGTC) គឺមាន​ម្ចាស់ភាគហ៊ុនដូចគ្នាតែមួយ ពោលគឺ Total (៣១ %) ក្រុមហ៊ុនថៃ PTT Exploration and Production Public Company Limited (PTTEP ២៦ %) ក្រុមហ៊ុនអាមេរិក Chevron (២៨ %)  និងក្រុមហ៊ុនជាតិប្រេងកាតនិងឧស្ម័នភូមា​ (MOGE ១៥ %)។ អ្នកជំនាញ​បានចោទសួរថា តើហេតុអ្វីបានជាក្រុមហ៊ុន ដែលមានម្ចាស់តែមួយ បែរជាគិតថ្លៃឈ្នួល​ដឹកជញ្ជូនឧស្ម័ន ខ្ពស់កប់ពពក ពីគ្នាយ៉ាងនេះ?

គេចមិនបង់ពន្ធលើអាជីវកម្ម​បូម​ឧស្ម័ន​ ជូន​រដ្ឋភូមា

លោក​ Ben Hardman អ្នកជំនាញនៅអង្គការ​ EarthRights International បាន​អះអាងថា ការដែលគេ​ដំឡើងប្រាក់ចំណូល ទៅឲ្យ​ក្រុមហ៊ុនជាម្ចាស់បំពង់បង្ហូរឧស្ម័ន គឺមានន័យថា គេបាន​​បន្ថយ​​ប្រាក់ចំណេញពី​ក្រុមហ៊ុន ដែលជាម្ចាស់អាជីវកម្ម​បូមឧស្ម័ន។ ធ្វើដូចនេះ គឺគេមិនចាំបាច់បង់ពន្ធ ទៅឲ្យ​រដ្ឋភូមា ស្តីពីការ​បូមយកធនធានធម្មជាតិទេ តែគេបង់ពន្ធ​តែផ្នែក​ដឹកជញ្ជូនបង្ហូរឧស្ម័ន ដែលមានកម្រិតពន្ធទាបជាងឆ្ងាយណាស់។

ជាងនេះទៀត ប្រាក់ចំណេញរបស់ក្រុមហ៊ុន​ម្ចាស់បំពង់បង្ហូរឧស្ម័ន គឺគេយកទៅបែងចែក ដល់ម្ចាស់ភាគហ៊ុនទាំង៤នាក់ ដោយ​មិនមានជាប់ពន្ធទៅទៀត។ កាសែត Le Monde ចុះផ្សាយថា នៅឆ្នាំ១៩៩៤ នៅពេលគេចាប់ផ្តើមគំរោងអាជីវកម្មនេះ គឺក្រុមហ៊ុនMGTC បានទៅចុះបញ្ជីនៅលើកោះ Bermudes ដែលនរណាក៏ស្គាល់ថា ជាស្ថានសួគ៌គេចពន្ធ។ ប្រាក់ចំណូលទាំងអស់របស់ក្រុមហ៊ុនMGTC និងប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុន គឺមិនជាប់ពន្ធអ្វីទាំងអស់។ ហើយនៅខែមករា ឆ្នាំ១៩៩៥ គេបានធ្វើកិច្ចព្រមព្រៀងមួយ ដោយ​ធានាថា រដ្ឋាភិបាលភូមា គ្មានសិទ្ធិយក​ពន្ធ​​សូម្បីតែ​មួយសេន លើប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុន MGTC។

តាមរយៈវិធីសាស្ត្រនេះ គឺម្ចាស់ភាគហ៊ុនទាំង៤ មាន Total  PTT  Chevron និង MOGE បាន​រលាល់ខ្លួន​ គេចចេញពីការបង់ពន្ធថ្លៃអាជីវកម្មបូមឧស្ម័នធម្មជាតិ ទៅអោយ​រដ្ឋភូមា ឬក៏បង់ក្នុងកំរិតទាបបំផុត។ ប្រាក់ចំណេញទាំងប៉ុន្មាន​ គេបញ្ជូនចូល ក្រុមហ៊ុនMGTC ហើយធ្វើការបែងចែកគ្នា។ យោង​តាមកាសែត Le Monde នៅឆ្នាំ​២០២០ ក្រុមហ៊ុន​Total បានបង់ប្រាក់ពន្ធទៅឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​​ភូមា មានចំនួន​តិចជាងប្រាក់ដែល Total បានបង់ទៅឲ្យ ក្រុមហ៊ុន MOGE ​ដល់ទៅ៤ដងឯណោះ។ មានន័យថា ប្រាក់ចំណូលបានមកពីអាជីវកម្ម​បូមឧស្ម័នធម្មជាតិ ក្នុងសមុទ្រភូមា មិន​បាន​​ចូល​ក្នុងរដ្ឋភូមាទេ តែបានហូរចូលហោប៉ៅ របស់ក្រុមហ៊ុន MOGE។

MOGE ស្ថិតក្នុងដៃរបស់មន្ត្រីទ័ពភូមា

ក្រុមហ៊ុន Myanmar Oil and Gas Enterprise​ ហៅកាត់ថា MOGE គឺត្រូវបាន​គេដឹងជាយូរឆ្នាំមកហើយ ថាស្ថិតនៅក្រោមកណ្តាប់ដៃរបស់មន្ត្រីទ័ពធំៗ របស់ភូមា។ លោក Htwe Htwe Thein សាស្ត្រាចារ្យនៅសកលវិទ្យាល័យទីក្រុង Perth ប្រទេសអូស្ត្រាលី បានអះអាងថា ក្រុមហ៊ុននេះស្ថិតក្នុងដៃក្រុមកងទ័ពភូមាជានិច្ច លើកឡើងតែចន្លោះពីឆ្នាំ​២០១៦ ដល់ឆ្នាំ ២០២០។ លោកបន្ថែមថា លោកស្រីអ៊ុងសាន ស៊ូជី បាន​ព្យាយាម បំបែក​បក្សពួក ដែលក្តាប់កញ្ចប់ប្រាប់ចំណូលរបស់​ក្រុមហ៊ុននេះ នៅពេលរដ្ឋាភិបាលលោកស្រីកាន់អំណាច ក៏ប៉ុន្តែលោកស្រីបាន​បរាជ័យ ដោយមិនអាចយកឈ្នះពួកកងទ័ពបាន​។

មួយវិញទៀត គណនីធនាគារបស់ក្រុមហ៊ុន MOGE គឺត្រូវបានបែងចែកទៅកាន់ប្រទេសជាច្រើន ដែលគេមិនអាចរកដានបានដោយ​ងាយ។ យោងតាម Natural Resource Governance Institute គឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែល​ប្រាក់រាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុននេះ ត្រូវបាន​គេ​កត់ត្រាក្នុងឯកសារគណនេយ្យ ថាជា « ការចំណាយ​ផ្សេងៗ » ផ្ញើទៅ​កាន់ « គណនីផ្សេងៗ »។

នៅឆ្នាំ២០១៣​ « ការ​ចំណាយផ្សេងៗ » របស់ក្រុមហ៊ុន MOGE មានតួលេខ​ ចំនួន​១៤០០លានដុល្លារ ពោលគឺវាលើសការចំណាយ របស់ក្រសួងសុខាភិបាល​ភូមា ដែលមានត្រឹម​៧៥០លានដុល្លារ ក្នុងមួយឆ្នាំ​។ ហើយនៅឆ្នាំ​២០១៨វិញ « ខ្ទង់ចំណាយ​ផ្សេងៗ »នេះ បានឡើងដល់ទៅ ៤៥០០​លាន​ដុល្លារ ទាំងដែលគ្មាននរណាដឹងថា ចំណាយលើអ្វី ហើយប្រាក់នោះផ្ទេរទៅឲ្យ​អ្នកណានៅណា។ ប្រភពដដែលបញ្ជាក់ថា នៅមុនឆ្នាំ​២០១២ ក្រុមហ៊ុន MOGE បាន​ចុះបញ្ជី បង្កើត​ក្រុមហ៊ុនខ្មោចជាច្រើន នៅចិន និងសឹង្ហបុរី ដើម្បីអាចធ្វើចរាចរណ៍សាច់ប្រាក់ យកទៅទិញអចលនៈទ្រព្យ និងបរិក្ខាផ្សេងៗ។

ក្រុមហ៊ុន Total​ រៀបចំទាំងស្រុង ដើម្បី​អាចធ្វើអាជីវកម្ម​នៅភូមា

វិធីសាស្ត្ររៀបចំ ដើម្បីគេចចេញមិនបង់ពន្ធជូនរដ្ឋភូមា ហើយកើបប្រាក់ចំណេញចែកគ្នានេះ គឺបានហុចផល ឲ្យទៅដល់ក្រុមហ៊ុន​ Total ដែលជាម្ចាស់ភាគហ៊ុនធំ និងក្រុមយោធាភូមា ដែលនៅពីក្រោយ​ក្រុមហ៊ុន MOGE។ សំណួរសួរថា តើក្រុមហ៊ុន Total ជាអ្នកផ្តើមគំនិតរៀបចំវិធីសាស្ត្រនេះដោយ​ខ្លួនឯង ឬមួយក៏ខ្លួនរងសំពាធ ពីសំណាក់កងទ័ពភូមា ដែលដាក់លក្ខខណ្ឌ មុននឹង​បើកផ្លូវឲ្យ​ចូលរកស៊ី?

កាសែត Le Monde អះអាងថា យោងតាមប្រភពដែលស្និទនឹង​វិស័យប្រេងកាត និងឧស្ម័នធម្មជាតិ​នៅភូមា បាន​លើកឡើងថា គឺក្រុមហ៊ុនTotal ដែលជាអ្នករៀបចំទាំងស្រុង នូវវិធីសាស្ត្រនេះ។ រួចហើយ ក្រុមហ៊ុននេះ បានបន្តសំងំ​ធ្វើហី​ អាងលេសថា រដ្ឋាភិបាលភូមាបានបើកភ្លើងខៀវរួចរាល់ហើយ កាលពីដើមទសវត្សឆ្នាំ​៩០។

លោកស្រី​ Yadanar Maung តំណាងអង្គការ​Justice for Myanmar បានត្អូញត្អែរថា ប្រាក់រាប់ពាន់លានដុល្លារ ដែលជាចំណូលបានមកពីការបូមឧស្ម័នធម្មជាតិ ប្រមាណ​ជាង​២០ឆ្នាំមកនេះ មិនបានចូលរដ្ឋភូមា មិនបាន​យកទៅជួយអ្វីដល់ជីវភាព ប្រជាជនភូមាទេ។ តែផ្ទុយទៅវិញ ប្រាក់ទាំងនេះ បានចូលហោប៉ៅក្រុមកងទ័ពភូមា ដែលគឺជាឃាតករបាញ់សម្លាប់​ប្រជាជន​ភូមា ជាច្រើនរយនាក់។ អ្វីដែលឈឺចាប់បំផុតនោះ គឺធនធានឧស្ម័នធម្មជាតិនៅស្ថានីយ៍ភូមា កំពុងតែហិនហោចជិត​អស់ហើយ ព្រោះ​ក្រុមហ៊ុន Total បានប្រកាសថា នៅឆ្នាំ២០២៥ គេនឹងបិទឈប់ធ្វើអាជីវកម្មហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI