ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីរ៉ង់៖ហេតុអ្វីបានជាមាន​ការ​បែកធ្លាយ​ខ្សែអាត់សំឡេង​របស់ប្រមុខការទូតរហូតបង្ក​ឲ្យ​មាន​វិបត្តិ​ដល់​ថ្នាក់កំពូល?

សំឡេង ០៦:១១
ប្រមុខ​សាសនាអ៊ីស្លាមអ៊ីរ៉ង់​លោក​អាលី ខាមេណី
ប្រមុខ​សាសនាអ៊ីស្លាមអ៊ីរ៉ង់​លោក​អាលី ខាមេណី AP

នៅ​ថ្ងៃ​អាទិត្យ ទី២ ឧសភា ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​បាន​ចាត់​ទុក​សម្តី​ប្រមុខ​ការទូត​លោក​យ៉ាវ៉ាដ ហ្សារីហ្វ​ជា​កំហុសឆ្គង​ដ៏​ធំ។ សម្តី​ប្រមុខ​ការទូត​លោក​ហ្សារីហ្វ​ដែល​លោក​អាលី ខាមេណី​ចង់​និយាយ គឺ​សំឡេង​នៃ​កិច្ចសន្ទនា​រយៈពេល ៣ម៉ោង​រវាង​លោក​ហ្សារីហ្វ និង​អ្នកកាសែត​អ៊ីរ៉ង់​ម្នាក់​កាល​ពី​ថ្ងៃទី២៤ មេសា ហើយ​ត្រូវ​បាន​កាសែត​បរទេស​យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។ នៅ​ក្នុង​ខ្សែអាត់សំឡេង​នោះ ប្រមុខ​ការទូត​បាន​ថ្លែង​វាយប្រហារ​មិន​សំចៃ​មាត់​លើ​ស្ថាប័ន​កងទ័ព និង​រិះគន់​លោក​អាលី ខាមេណី។ ហេតុអ្វី​បាន​ជា​ការ​លើក​ឡើង​របស់​លោក​ហ្សរីស្វ​កំពុង​បង្ក​ឲ្យ​មាន​រឿងអាស្រូវ​ខ្លាំង​ម្ល៉េះ និង​ថា ហេតុអ្វី​បាន​ជាមាន​ការ​បែកធ្លាយ​រឿងរ៉ាវមួយ​នេះ​ដែល​ត្រូវ​ស្ថិត​ជា​រឿង​សម្ងាត់ និង​មិន​គួរ​ទម្លាយ​ជា​សាធារណៈ?

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​មួយ​សប្តាហ៍​ដែល​រឿងរ៉ាវ​បែក​ធ្លាយ​ខ្សែអាត់សំឡេង​របស់​ប្រមុខ​ទូត​លោក​ហ្សរីស្វ​កំពុង​បន្ត​បង្ក​ឲ្យ​មាន​ការ​រិះគន់ ទិតៀន​យ៉ាង​ផុសផុល និង​ក្លាយ​ជា​វិបត្តិ​ដល់​ថ្នាក់កំពូល។ អ្នក​ដែល​ទើប​មាន​ប្រតិកម្ម​ចុង​ក្រោយ គឺ​ប្រមុខ​សាសនា​អ៊ីស្លាម​ដ៏​មាន​អំណាច និង​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​លោក​ហ្សរីស្វ តែ​មិន​ញញើត​វាយប្រហារ​ចំ​មុខ លោក​អាលី ខាមេណី​បាន​បញ្ជាក់​ច្បាស់ៗ​ថា ថ្នាក់ដឹកនាំ​កំពូល​ជា​អ្នក​គូសវៀស​ខ្សែ​នយោបាយ​ប្រទេស​ជាតិ ទោះ​នយោបាយ​ផ្ទៃក្នុង ឬ​ក្រៅប្រទេស ពោល​មិនមែន​ក្រសួង​ការបរទេស និង​រដ្ឋមន្រ្តី​ការបរទេស​ឡើយ។ « គឺ​ជា​កំហុសឆ្គង​មួយ​ដ៏​ធំ​ដែល​ថ្នាក់ដឹកនាំ​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​មិន​ត្រូវ​ប្រព្រឹត្ត​ទេ » នេះ​ជា​ការ​វាយតម្លៃ​របស់​លោក​ខាមេណី​ចំពោះ​ទង្វើ​របស់​លោក​​ហ្សារីហ្វ។

ដោយឡែក​ក្នុង​ថ្ងៃ​អាទិត្យ ទី២ ឧសភា​ដដែល និង​នៅ​ចំពោះ​ប្រតិកម្ម​រិះគន់ ទិតៀន​លើ​ការ​លើក​ឡើង​របស់​ខ្លួន លោក​ហ្សារីហ្វ​បាន​សុខចិត្ត​ថ្លែង​សុំទោស​ចំពោះ​គ្រួសារ​សព​ឧត្តមសេនីយ​កាសឹម សូឡីម៉ានី។ « ខ្ញុំ​សង្ឃឹម​ថា គ្រួសារ​គួរ​ឲ្យ​គោរព​របស់​សព​កាសឹម សូឡីម៉ានី​នឹង​លើកលែង​ទោស​ឲ្យ​ខ្ញុំ » នេះ​ជា​សំណេរ​របស់​លោក​ហ្សរីស្វ​នៅ​ក្នុង​ទំព័រ Instagram របស់​លោក។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃទី២៤ មេសា សំឡេង​នៃ​កិច្ចសន្ទនា​រយៈពេល ៣ម៉ោង​រវាង​លោក​ហ្សារីហ្វ និង​អ្នកកាសែត​អ៊ីរ៉ង់​ម្នាក់​ត្រូវ​បាន​កាសែត​បរទេស​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។ នៅ​ក្នុង​ខ្សែអាត់សំឡេង​នោះ លោក​ហ្សារីហ្វ​បាន​វាយប្រហារ​ចាស់ដៃ​លើ​ស្ថានប័ន​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ពិសេស​តួនាទី​របស់​ឧត្តមសេនីយ​កាសឹម សូឡីម៉ានី​ក្នុង​នាម​ជា​មេបញ្ជាការ​កម្លាំង​អាល់កូដ។ កម្លាំង​អាល់កូដ​ជា​សាខា​របស់​កងឆ្មាំ​បដិវត្តន៍​ទទួល​បន្ទុក​កិច្ចសហប្រតិបត្តិ​នៅ​ក្រៅ​​បរទេស។

លោក​ហ្សារីហ្វ​បាន​ចោទ​ឧត្តមសេនីយ​សូឡីម៉ានី​ពី​បទ​បាន​លូកដៃ​ចូល​ជ្រៀតជ្រែក​នៅ​ក្នុង​ការងារ​ការទូត​របស់​លោក ពិសេស​ក្នុង​ពេល​ដែល​អ៊ីរ៉ង់​កំពុង​ចរចា និង​ក្រោយ​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ជាមួយ​សហគមន៍​អន្តរជាតិ។ « សឹង​គ្រប់​ពេល​ដែល​ខ្ញុំ​ត្រូវ​ជួប​ជជែក​ជាមួយ​ដៃគូ​បរទេស សូឡីម៉ានី​តែង​ទាមទារ​នេះ ទាមទារ​នោះ​ដោយ​ចង់​ឲ្យ​ខ្ញុំ​ត្រូវ​តែ​ទទួល​បាន​របៀប​នេះ របៀប​នោះ » នេះ​ជា​សម្តី​របស់​លោក​ហ្សារីហ្វ​នៅ​ក្នុង​ខែ្សអាត់សំឡេង។ នៅ​ក្នុង​ខ្សែអាត់សំឡេង​ដដែល លោក​ហ្សារីហ្វ​ក៏​បាន​ស្តីបន្ទោស​ឧត្តមសេនីយ​សូឡីម៉ានី​ពី​បទ​បាន​អនុញ្ញាត​ឲ្យ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ប្រើ​ដែនអាកាស​អ៊ីរ៉ង់​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​ស៊ីរី​ដើម្បី​ជួយ​គាំទ្រ​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​របស់​ប្រធានាធិបតី​លោក​អាសាដ​ដែរ។ គួរ​រម្លឹក​ថា ឧត្តមសេនីយ​សូឡីម៉ានី​ត្រូវ​បាន​កងទ័ព​អាមេរិក​បាញ់​សម្លាប់​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ក្នុង​ខែ​មករា ឆ្នាំ ២០២០។

តាម​ពិត​ទៅ សំឡេង​នៃ​កិច្ចសន្ទនា​រយៈពេល ៣ម៉ោង​រវាង​លោក​ហ្សារីហ្វ និង​អ្នកកាសែត​អ៊ីរ៉ង់​ម្នាក់​កាល​ពី​ថ្ងៃទី២៤ មេសា​គ្មាន​កម្មវត្ថុ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ការ​ស៊ើបអង្កេត​មួយ​បាន​ធ្វើ​ឡើង​ដើម្បី​វែក​មុខ​អ្នក​ទម្លាយ និង​គោលដៅ​នៃ​ការ​ទម្លាយ​ខ្សែអាត់សំឡេង​នោះ។ មក​ដល់​ពេល​នេះ តុលាការ​បាន​ឃាត់​មនុស្ស​ចំនួន ២០នាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​មួយ​នេះ។ មែនទែន​ទៅ អ្វី​ដែល​លោក​ហ្សរីស្វ​បាន​លើកឡើង​គ្រាន់​ជា​ការ​បញ្ជាក់​លើ​ភាព​មន្ទិលសង្ស័យ​របស់​អ្នក​ផ្សេង​តាំង​ពី​យូរ​មក​ហើយ​ដែល​ថា អ្នក​ដែល​មាន​អំណាច និង​មាន​ឥទ្ធិពល​ពិត​ប្រាកដ​អ៊ីរ៉ង់ គឺ​គ្មាន​នរណា​ក្រៅ​ពី​ប្រមុខ​សាសនា​លោក​អាលី ខាមេណី និង​ស្ថាប័ន​កងទ័ព​ទេ។ ចំណុច​នេះ​ត្រូវ​បាន​លោក​ខាមេណី​បញ្ជាក់​ជា​ថ្មី​តាម​រយៈ​បទអន្តរាគមន៍​លើ​កញ្ចក់​ទូរទស្សន៍​នា​ថ្ងៃ​អាទិត្យ ទី២ ឧសភា។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង និង​ចោទ​ជា​សំណួរ តើ​អ្នក​ណា​ជា​អ្នក​ទម្លាយ​ខ្សែអាត់សំឡេង​របស់​លោក​ហ្សរីស្វ និង​មាន​គោលដៅ​អ្វី?។

មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៃ​ការ​បែក​ធ្លាយ​ខ្សែអាត់សំឡេង​របស់​ប្រមុខ​ការ​ទូត​អ៊ីរ៉ង់​លោក​ហ្សារីហ្វ ទី១ ចំ​ពេល​ដែល​អ៊ីរ៉ង់ និង​សហគមន៍អន្តរជាតិ​កំពុង​ចរចា​គ្នា​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​ទី២ ចំ​ពេល​ដែល​អ៊ីរ៉ង់​ត្រៀម​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី១៨ មិថុនា​ខាង​មុខ។ ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​ក្រុម​អ្នក​កំណែទម្រង់​ជា​ច្រើន​នាក់​កំពុង​រុញ​លោក​ហ្សារីហ្វ​ឲ្យ​ឈរ​ឈ្មោះ។ តែ​ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​អភិរក្សនិយម​ក៏​កំពុង​សង្ឃឹម​យក​កៅអី​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​ចោទ​ឡើង​ថា តើ​រឿង​ទម្លាយ​ខ្សែអាត់សំឡេង​ដែល​ត្រូវ​ស្ថិត​ជា​រឿង​សម្ងាត់ និង​មិន​ត្រូវ​ទម្លាយ​មួយ​នេះ​មិនមែន​ជា​ទង្វើ​ចេតនា​ដើម្បី​ជម្រះបញ្ជី និង​ជា​យុទ្ធសាស្រ្ត​នយោបាយ​ក្នុង​ការ​បំបាក់​គូប្រជែង​ដើម្បី​អំណាច​ទេ ឬ​យ៉ាង​ណា?។

អ្វី​ដែល​ច្បាស់​មិន​អាច​ប្រកែក​បាន​ពេល​នេះ ការ​ទម្លាយ​ខ្សែអាត់សំឡេង​របស់​លោក​ហ្សារីហ្វ​ហាក់​ស្មើ​នឹង​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​ហ្សរីហ្វ។ អ្វី​ដែល​ច្បាស់​សម្រាប់​អ្នក​វិភាគ និង​ទីប្រឹក្សានយោបាយ​លោក Amir Mohebbian លោក​ហ្សារីហ្វ​នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ទេ។ អ្វី​ដែល​កាន់​តែ​ច្បាស់​ថែម​ទៀត រឿងរ៉ាវ​មួយ​នេះ​បាន​ផ្តល់​សំណាង​កាន់​តែ​ច្រើន​ថែម​ទៀត​ឲ្យ​បេក្ខជន​ប្រធានាធិបតី​លោក​អាលី ឡារីយ៉ានី។ ជា​អតីត​ប្រធាន​រដ្ឋសភា​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០២០ លោក​អាលី ឡារីយ៉ានី​តែង​គាំទ្រ​នយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​លោក​រ៉ូហានី និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក​ឡារីយ៉ានី​បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រមុខ​សាសនា​លោក​អាលី ខាមេណី។

ថ្មីៗ​នេះ លោក​ខាមេណី​បាន​ជ្រើស​លោក​ឡារីយ៉ានី​ឲ្យ​ធ្វើ​ជា​អ្នកតំណាង​របស់​លោក​នៅ​ក្នុង​ការ​ចរចា​ជាមួយ​ចិន។ កិច្ចចរចា​ដែល​បាន​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​ក្នុង​ខែ​មីនា​លើ​កិច្ចព្រមព្រៀង​នៃ​កិច្ចសហប្រតិបត្តិ​រយៈពេល ២៥ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI