ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការប្រែប្រួលអាកាសធាតុ៖ តើអ៊ីដ្រូសែនពិតជាដំណោះស្រាយល្អមែនឬ?

សំឡេង ០៤:៥៩
អ៊ីដ្រូសែន​ជា​សារធាតុ​ដ៏សម្បូរជាងគេ​នៅ​ក្នុង​ចក្រវាល ក៏ប៉ុន្តែ អ៊ីដ្រូសែន​សុទ្ធ​នៅ​ក្នុង​ធម្មជាតិ​គឺ​ជា​រឿងដ៏កម្រ
អ៊ីដ្រូសែន​ជា​សារធាតុ​ដ៏សម្បូរជាងគេ​នៅ​ក្នុង​ចក្រវាល ក៏ប៉ុន្តែ អ៊ីដ្រូសែន​សុទ្ធ​នៅ​ក្នុង​ធម្មជាតិ​គឺ​ជា​រឿងដ៏កម្រ © Pixabay

នៅក្នុងពេល​បច្ចុប្បន្ននេះ គេកំពុងតែ​នាំគ្នា​ចាប់អារម្មណ៍​ទៅលើ​​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​អ៊ីដ្រូសែន ដើម្បី​ជំនួស​ថាមពល​ផូស៊ីល ក្នុងគោលដៅកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិច ហើយទប់ស្កាត់​ការ​ឡើងកម្តៅផែនដី។ តើ​ថាមពល​អ៊ីដ្រូសែន​ពិតជាដំណោះស្រាយល្អ ក្នុងការ​ទប់ស្កាត់​កាឡើងកម្តៅផែនដី​បានមែនឬ?

ផ្សាយពាណិជ្ជកម្ម

កាលណានិយាយអំពីផលប៉ះពាល់​នៃ​ថាមពល​អ៊ីដ្រូសែន​ទៅលើ​ការឡើងកម្តៅផែនដី គេចាំបាច់​ត្រូវបែងចែក​ឲ្យ​ដាច់ពីគ្នា រវាង​ដំណាក់កាល​ប្រើប្រាស់​អ៊ីដ្រូសែន និង​ដំណាក់កាល​ផលិតអ៊ីដ្រូសែន។

នៅក្នុងដំណាក់កាលប្រើប្រាស់ គេអាច​និយាយបានថា អ៊ីដ្រូសែន​គឺ​ជា​ថាមពលបៃតង ពីព្រោះ​ថា ម៉ូទ័រដែលប្រើថាមពល​អ៊ីដ្រូសែន​បញ្ចេញ​កាកសំណល់មកវិញ​ជា​ចំហាយទឹក​សុទ្ធសាធ ដោយ​​​​មិនបញ្ចេញ​ឧស្ម័នកាបូនិច​​ដូចជា​ថាមពល​ផូស៊ីល​នោះទេ។ ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅក្នុង​ដំណាក់កាល​ផលិត។

យើងដឹងថា អ៊ីដ្រូសែន (H) ដែល​ស្ថិត​នៅ​លេខរៀងដំបូងគេ​នៃ​តារាងខួប​គីមី គឺ​ជា​សារធាតុ​គីមី​ដ៏សាមញ្ញជាងគេ ហើយ​ក៏​សម្បូរបែបជាងគេ​ផងដែរ ដោយ​​នៅ​ក្នុង​ចំណោមសារធាតុ​ទាំងអស់​នៅ​ក្នុង​​ចក្រវាល​របស់​យើងនេះ មានរហូតដល់​ទៅ​ជាង ៧០% គឺ​ជា​អ៊ីដ្រូសែន។ បើ​គិតតែ​ត្រឹម​ចំណុចនេះ គេ​គួរតែ​អាច​និយាយបាន​ថា ថាមពល​អ៊ីដ្រូសែន គឺ​ជា​ថមពល​បៃតង​ដ៏សម្បូរបែប ក៏ប៉ុន្តែ ភាពពិតជាក់ស្តែង គឺ​វា​ផ្ទុយ​ពីនេះ។

អ៊ីដ្រូសែន​ជា​សារធាតុគីមី​ដ៏សាមញ្ញ​ជាងគេ និង​សម្បូរបែបជាងគេ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វាក៏​ជា​សារធាតុ​ដែល​ងាយ​នឹង​មាន​ប្រតិកម្ម​ផងដែរ ដែលជាហេតុធ្វើ​ឲ្យ​អ៊ីដ្រូសែន​សុទ្ធ​នៅក្នុងធម្មជាតិ ទៅជា​រឿង​កម្រទៅវិញ។ នៅលើ​ផែនដី​យើងនេះ គេសង្កេតឃើញថា អ៊ីដ្រូសែន​ភាគច្រើន​ត្រូវ​នៅផ្សំ​ជាមួយ​នឹង​អុកស៊ីសែន​​បង្កើត​ជា​ទឹក (H2O) ឬក៏នៅផ្សំ​ជាមួយ​នឹង​កាបោន​បង្កើត​ជា​មេតាន (CH4) ឬ​ក៏​សារធាតុ​គីមី​សរីរាង្គផ្សេងទៀត។

ដូច្នេះ ដើម្បី​អាច​ទទួល​​បានអ៊ីដ្រូសែន​សុទ្ធ​យក​មកប្រើ​ជា​ថាមពល គឺចាំបាច់ត្រូវតែ​ឆ្លងកាត់​នូវ​ដំណើរការផលិតកម្ម​មួយ​ជាមុនសិន ដើម្បី​បំបែក​អាតូមអ៊ីដ្រូសែន​ចេញ​ពី​សារធាតុ​ទាំងប៉ុន្មានខាងលើនេះ។

គិតរហូតមកទល់នឹង​សព្វថ្ងៃនេះ វិធីផលិតអ៊ីដ្រូសែន​ដែលគេប្រើ​ភាគច្រើន​លើសលុបជាងគេ នៅទូទាំងពិភពលោក គឺ​​ការផលិតចេញ​ពី​ឧស្ម័ន​ធម្មជាតិ ជាពិសេស មេតាន។ នៅក្នុងដំណើរការផលិតនេះ ដែលគេ​ឲ្យឈ្មោះជាភាសាអង់គ្លេស​ថា « Steam Reforming » គេ​ដាក់​មេតាន​ឲ្យ​មាន​ប្រតិកម្ម​ជាមួយ​នឹង​ចំហាយទឹក (នៅក្នុងសីតុណ្ហភាព​និង​សម្ពាធខ្ពស់ ដោយ​មាន​ទាំង​សារធាតុគីមីផ្សេងជាកាតាលីករផង) ដើម្បី​​​​​បំបែក​អ៊ីដ្រូសែន ទាំង​អ៊ីដ្រូសែន​ក្នុងមេតានផង និង​អ៊ីដ្រូសែន​ក្នុង​​ចំហាយ​ទឹក ផលិតចេញ​ជា​អ៊ីដ្រូសែន​សុទ្ធ។

ក៏ប៉ុន្តែ បញ្ហា​ចោទនៃ​ការ​ផលិត​អ៊ីដ្រូសែន​តាមវិធីនេះ គឺនៅត្រង់ថា ក្រោយពីបំបែក​អ៊ីដ្រូសែន​ចេញរួច ​អាតូមកាបោន​ពីមេតាន និង​​អុកស៊ីសែន​ពី​ចំហាយទឹក​ត្រូវ​ផ្សំចូលគ្នា​បង្កើត​ទៅជា​​​កាបោន​ម៉ូណូអុកស៊ីត និង​ឧស្ម័នកាបូនិច ដែល​ជា​ប្រភេទ​ឧស្ម័ន​នាំ​ឲ្យ​ផែនដី​ឡើងកម្តៅ។ ដូច្នេះ ជារួមមកវិញ ថាមពល​អ៊ីដ្រូសែន​ដែល​កើតចេញ​ពី​វិធីផលិតនេះ អាច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិច​នៅ​ក្នុង​ដំណាក់កាល​​ប្រើប្រាស់ ក៏ប៉ុន្តែ នៅក្នុង​ដំណាក់កាលផលិត វា​បែរជា​បង្កើន​ការ​បញ្ចេញឧស្ម័ន​កាបូនិច​ទៅវិញ។

មានវិធីផលិតអ៊ីដ្រូសែន​មួយប្រភេទ​ទៀត ដែលគេឲ្យឈ្មោះ​ថា “អេឡិចត្រូលីស” គឺ​ការ​ប្រើ​ចរន្តអគ្គិសនី ដើម្បី​បំបែកម៉ូលេគុលទឹក​ឲ្យចេញ​ទៅជា​​សារធាតុពីរដាច់ពីគ្នា គឺ​អ៊ីដ្រូសែន និង​អុកស៊ីសែន។ ការផលិតអ៊ីដ្រូសែន​តាមវិធី​នេះ គឺមិនបញ្ចេញ​ឧស្ម័នកាបូនិច​នោះទេ ក៏ប៉ុន្តែ វាត្រូវការ​ថាមពល​អគ្គិសនីច្រើន ហើយ​សំណួរដែល​គេ​ត្រូវ​ចោទ​សួរ​ជា​បន្ទាប់មកទៀត​ គឺថា តើ​ថាមពល​អគ្គិសនី​ដែល​គេ​យក​មក​ប្រើ ដើម្បី​ផលិតអ៊ីដ្រូសែន​នេះ វាមាន​ប្រភព​ចេញ​មក​ពីណា?

ប្រសិនបើ​ជាអគ្គិសនី​ដែល​មាន​ប្រភពចេញ​ពី​ថាមពលផូស៊ីល ដូចជា​រោងចក្រ​អគ្គិសនី​ដើរដោយប្រេង ឬ​ធ្យូងថ្ម​ ជាដើម ដែល​ជា​ប្រភពផលិតអគ្គិសនី​ចម្បងជាងគេ​នៅលើ​ពិភពលោក​សព្វថ្ងៃនេះ សង្វាក់ផលិតកម្មសរុប​នៃ​ថាមពល​អ៊ីដ្រូសែន​នេះ នៅតែ​នាំ​ឲ្យ​មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ដដែលជាដដែល។

លុះត្រាតែថាមពលអគ្គិសនី​ដែល​គេ​យក​មកប្រើ ដើម្បី​ផលិត​អ៊ីដ្រូសែន​នេះ មាន​ប្រភព​ដើម​ចេញ​ពី​ថាមពល​បៃតង​ដូចគ្នា ដូចជា​អគ្គិសនី​ដែល​ផលិត​ចេញ​ពី​ថាមពលព្រះអាទិត្យ ថាមពលខ្យល់ ឬ​វារីអគ្គិសនី ជាដើម ទើប​អ៊ីដ្រូសែន​អាច​ក្លាយ​ជា​ថាមពលបៃតងពិតប្រាកដ។

នៅក្នុងពេល​បច្ចុប្បន្ន​នេះ គេ​ចាត់ចំណាត់ថ្នាក់​ថាមពលអ៊ីដ្រូសែន​ទៅតាម​ពណ៌ អាស្រ័យ​ទៅលើ​ប្រភព​នៃ​ការផលិត។ ​ប្រភេទ​អ៊ីដ្រូសែន​ដែល​ផលិត​ចេញ​ពី​ឧស្ម័នធម្មជាតិ ហើយ​ដែលបញ្ចេញឧស្ម័នកាបូនិច​ទៅក្នុងបរិយាកាស គេ​ឲ្យឈ្មោះ​ថា “អ៊ីដ្រូសែនប្រផេះ”។ អ៊ីដ្រូសែន​ដែល​ផលិតចេញ​ពី​ឧស្ម័នធម្មជាតិ​ដែរ ក៏ប៉ុន្តែ មាន​យន្តការ​ដើម្បី​ចាប់យក​ឧស្ម័នកាបូនិច​មក​ស្តុកទុក ដោយ​មិន​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស គេ​ឲ្យឈ្មោះថា “អ៊ីដ្រូសែនខៀវ”។ ចំណែក​ប្រភេទ​អ៊ីដ្រូសែន​ដែល​ផលិត​ចេញ​ពីអេឡិចត្រូលីស ហើយដោយ​ប្រើ​ថាមពល​អគ្គិសនី​ដែលមាន​ប្រភពចេញ​ពី​ថាមពលបៃតង គេឲ្យឈ្មោះ​ថា “អ៊ីដ្រូសែនបៃតង”។ គឺប្រភេទអ៊ីដ្រូសែនបៃតង​នេះ​ហើយ ដែល​​អាច​ជា​ដំណោះស្រាយជួយ​​ទប់ស្កាត់​​ការឡើងកម្តៅផែនដីបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI