ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាសហភាពអឺរ៉ុបពិបាកស្វែងរកកុងសង់ស៊ុសក្នុងការដោះស្រាយជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីន?

សំឡេង ០៥:៣៤
លោក Josep Borrell ប្រមុខ​ការទូតអឺរ៉ុប
លោក Josep Borrell ប្រមុខ​ការទូតអឺរ៉ុប AFP - JOHN THYS

នៅ​ថ្ងៃ​អង្គារ ទី១៨ ឧសភា ប្រមុខ​ការទូតអឺរ៉ុប​កោះប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​នៃ​សមាជិក​ទាំង ២៧ប្រទេស​ដើម្បី​ជជែក​ពី​ស្ថានការណ៍​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន និយាយ​ជា​រួម និង​ការ​វាយប្រហារ​រវាង​កងទ័ព​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន និយាយ​ដោយ​ឡែក។ គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី១៧ ឧសភា ការ​វាយប្រហារ​ដែល​ទើប​ឈាន​ចូល​ដល់​សប្តាហ៍​ទី២ បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ខាង​ប៉ាឡេស្ទីន​ចំនួន ១៩៧នាក់ ក្នុង​នោះ​មាន​កូនក្មេង​យ៉ាង​តិច ៥៨នាក់ និង​របួស​ជាង ១ ២០០នាក់។ នៅ​ខាង​អ៊ីស្រាអែល​វិញ មាន​ស្លាប់ ១០នាក់ ក្នុង​នោះ​មាន​កូនក្មេង​ម្នាក់ និង​របួស ២៨២នាក់​។ ខណៈ​នេះ សហគមន៍​អន្តរជាតិ​ហាក់​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​អំពាវនាវ​ឲ្យ​កងទ័ព​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្លូវ​អាវុធ​ទេ។ អឺរ៉ុប​ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​មាន​ឆន្ទៈ​ចង់​ជួយ​ដោះស្រាយ​ឲ្យ​វិបត្តិ​អ៊ីស្រាអែល ប៉ាឡេស្ទីន តែ​អឺរ៉ុប​កំពុង​បន្ត​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​ក្នុង​ថ្ងៃ​អង្គារ ទី១៨ ឧសភា​ជា​សក្ខីកម្ម​មួយ​ដែល​សហភាព​អឺរ៉ុប​ចង់​បង្ហាញ​ថា ខ្លួន​ពិត​ជា​មិន​បាន​ព្រងើយកន្តើយ​នឹង​សំណុំរឿង​អ៊ីស្រាអែល ប៉ាឡេស្ទីន និយាយ​ជា​រួម និង​ជម្លោះ​ផ្លូវ​អាវុធ​រវាង​កងទ័ព​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន និយាយ​ដោយឡែក​នៅ​ពេល​នេះ​ទេ។ សហភាព​អឺរ៉ុប​បាន​មើល​ឃើញ​ដូច​ប្រទេស​មួយ​ចំនួន​ដែល​ថា ការ​បង្កើត​រដ្ឋ​ពីរ​រស់​ក្បែរ​គ្នា​រវាង​អ៊ីស្រាអែល ប៉ាឡេស្ទីន​ជា​ដំណោះស្រាយ​តែ​មួយ​គត់។ គេ​ពិត​ជា​នៅ​ចាំ​បាន​មិន​ភ្លេច​នូវ​សេចក្តីថ្លែងការណ៍​របស់​លោកស្រី Federica Mogherini នា​ឱកាស​ចូល​កាន់​តំណែង​ប្រមុខ​ការទូត​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១៤។ លោកស្រី Federica បាន​ថ្លែង​ច្បាស់ៗ​ដោយ​បាន​ប្តេជ្ញាចិត្ត​នៅ​ពេល​នោះ​ថា លោកស្រី​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​រយៈពេល ៥ឆ្នាំ​ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​យន្តការ​មួយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អ៊ីស្រាអែល ប៉ាឡេស្ទីន​តាម​រយៈ​ការ​បង្កើត​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា។ តែ​ពេល​នេះ និង​ជិត ៧ឆ្នាំ​ក្រោយ​មក ការ​ប្តេជ្ញា​ចិត្ត​របស់​អតីត​ប្រមុខ​ការទូត​អឺរ៉ុប​រូប​នេះ​កំពុង​បន្ត​នៅ​ជា​សម្តី។

តែ​អ្វី​ជា​ការ​កត់សម្គាល់ កម្មវត្ថុ​ដដែល​មួយ​នេះ​ត្រូវ​បាន​លោក Josep Borrell ដែល​ជា​អ្នក​ស្នង​តំណែង​ពី​លោកស្រី Federica Mogherini បន្ត​ប្រកាន់​យក​ជា​ផ្លូវការ​ដោយ​មិន​បោះបង់​ចោល​ទេ។ ថ្មីៗ​នេះ សហភាព​អឺរ៉ុប​ទើប​បាន​តែងតាំង​ប្រេសិតពិសេស​ម្នាក់​សម្រាប់​តំបន់​ដើមបូព៌ា គឺ​អតីត​អ្នកតំណាងរាស្រ្ត​ជនជាតិ​ហូឡង់​លោក Sven Koopmans។ លោក Koopmans ទទួល​បន្ទុក​លើ​បេសកកម្ម​ប្រកប​ដោយ​មហិច្ឆិតា គឺ​ដោះស្រាយ​បញ្ហា​ឲ្យ​ដល់​ឫសគល់​នៅ​ក្នុង​សំណុំរឿង​អ៊ីស្រាអែល ប៉ាឡេស្ទីន។ តើ​បេសកម្ម​នេះ​មិនមែន​ជា​បេសកម្ម​រាវ​រក​ម្ជុល​នៅ​បាត​សមុទ្រ​ទេ ឬ​យ៉ាង​ណា? នេះ​ជា​សំណួរ​ចំអក​របស់​អ្នក​ការទូត​អឺរ៉ុប​ម្នាក់​មិន​ព្រម​បញ្ចេញ​ឈ្មោះ។ អ្នក​ការទូត​អឺរ៉ុប​មិន​ព្រម​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​ថ្លែង​ដោយ​មិន​លាក់លៀម​ថា តាម​ពិត​ទៅ អឺរ៉ុប​តែ​និយាយ​ដោយ​គ្មាន​ផែនការ​លំអិត​ដើម្បី​ឈាន​ទៅ​សម្រេច​កម្មវត្ថុ​របស់​ខ្លួន​ទេ និង​ថា អឺរ៉ុប​បាន​អសកម្ម​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។

បើ​គេ​សំឡឹង​មើល​សហភាពអឺរ៉ុប​ទាំង​មូល​ពី​ខាង​ក្រៅ សហភាព​អឺរ៉ុប​ហាក់​ដូច​ជា​កំពុង​រួម​សាមគ្គី​គ្នា​ជួយ​ឈឺឆ្អាល​រឿង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន។ តែ​បើ​គេ​សំឡឹង​មើល​នៅ​ខាង​ក្នុង​វិញ សហភាព​អឺរ៉ុប​មាន​ការ​បែកបាក់​ខ្លាំង​ណាស់​នៅ​ក្នុង​ជំហរ​ចំពោះ​អ៊ីស្រាអែល​ក៏​ដូច​ចំពោះ​ប៉ាឡេស្ទីន។ គួរ​បញ្ជាក់​បន្តិច​ថា ដែនដី​ប៉ាឡេស្ទីន​សព្វថ្ងៃ​កំពុង​ពុះ​ចែក​ជា​ពីរ​ដោយ​នៅ​ម្ខាង តំបន់​ហ្កាហ្សា​កំពុង​គ្រប់គ្រង​ដោយ​ចលនា​ហាម៉ាស​ដែល​អាមេរិក និង​សហភាពអឺរ៉ុប​ចាត់​ទុក​ជា​អង្គការ​ភេរវនិយម និង​នៅ​ម្ខាង​ទៀត តំបន់​ស៊ីហ្សកដានី​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ផ្លូវការ​ដឹកនាំ​ដោយ​លោក​ម៉ាម៉ូដ អាបាស់​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។ ខណៈ​ដែល​មាន​ប្រទេស​សមាជិក​អឺរ៉ុប​  ខ្លះ​បាន​ផ្តល់​អាទិភាព​លើ​ការ​គាំទ្រ​ផ្លូវ​នយោបាយ​ចំពោះ​រដ្ឋអំណាច​ប៉ាឡេស្ទីន មាន​ប្រទេស​សមាជិក​ខ្លះ​ទៀត​បាន​ផ្តល់​អាទិភាព​លើ​សិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល។

ទាក់ទង​នឹង​ជំនួយ​ហិរញ្ញវត្ថុ​ចំពោះ​រដ្ឋអំណាច​ប៉ាឡេស្ទីន មាន​ប្រទេស​សមាជិក​ខ្លះ​មិន​ញញើត​រិះគន់​ទិតៀន​ពី​អសម្ថភាព​របស់​ថ្នាក់ដឹកនាំ​ប៉ាឡេស្ទីន​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​កសាង​សេដ្ឋកិច្ច​មួយ​រឹងមាំ ឋិតឋេរ។ គួរ​រម្លឹក​ថា​ក្នុង​ចន្លោះ​ឆ្នាំ ២០០៧ និង ២០១៩ សហភាព​អឺរ៉ុប​បាន​ផ្តល់​ថវិកា​ឲ្យ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ចំនួន ២១០លានអឺរ៉ូ​ដើម្បី​ជួយ​ពង្រឹង​ស្ថាប័ន អភិបាលកិច្ច និង​ការ​អភិវឌ្ឍន៍​សង្គមស៊ីវិល។ តែ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​បាន​គូសបញ្ជាក់​ពី​ភាព​បរាជ័យ​នៃ​នយោបាយ​មួយ​នេះ​ដែល​មិន​បាន​ជួយ​ដោះស្រាយ​លើ​ឫសគល់​នៃ​បញ្ហា ពិសេស​ទប់ស្កាត់​នឹង​ការ​ពង្រីក​អាណានិគមនិយម​របស់​អ៊ីស្រាអែល។ អសមត្ថភាព​លេស​ធ្លោ​មួយ​ទៀត​របស់​សហភាពអឺរ៉ុប គឺ​នៅ​ពេល​ដែល​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ប្រកាស​នា​ដំណាច់​ខែ​មេសា​ពី​ការ​លើក​ពេល​បោះឆ្នោត​ដែល​ជា​ការ​បោះឆ្នោត​លើកទី១ គិត​តាំង​ពី ១៥ឆ្នាំ​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន។

ប្រមុខ​ការទូត​អឺរ៉ុប​បាន​ត្រឹម​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​លោក​អាបាស់ និង​បាន​ត្រឹម​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ជួយ​សម្រួល​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​ប៉ាឡេស្ទីន។ នៅ​ម្ខាង មិន​ហ៊ាន​ស្តីបន្ទោស និង​ថ្កោលទោស​លើ​នយោបាយ​អាណានិគមនិយម​របស់​អ៊ីស្រាអែល​ដោយ​ខ្លាច​អ៊ីស្រាអែល​អាក់អន់​ស្រពន់​ចិត្ត និង​នៅ​ម្ខាង​ទៀត មិន​ចង់​ឃើញ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ចុះ​ខ្សោយ​នៅ​ចំពោះ​មុខ​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន សហភាព​អឺរ៉ុប​ហាក់​បាន​ប្រកាន់​យក​នូវ​លក្ខន្តិកៈ​ដូច​សព្វថ្ងៃ។ អ៊ីចឹង​ហើយ​បាន​ជា​អតីត​មន្រ្តី​ការទូត​ហ្សកដានី​ម្នាក់​មិន​ញញើត​និយាយ​ចំៗ​ថា បើ​សហភាព​អឺរ៉ុប​បន្ត​លូក​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ​របៀប​នេះ គួរ​ណាស់​តែ​សហភាព​អឺរ៉ុប​បោះបង់​ចោល​តាំង​ពី​យូរ​នូវ​ជំហរ និង​ការ​គាំទ្រ​លើ​ដំណោះស្រាយ​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន។

តែ​យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប​ហាក់​នៅ​មិន​ទាន់​អស់​សង្ឃឹម និង​យល់​ឃើញ​ថា ខ្លួន​នៅ​តែ​អាច​ជំនះ​លើ​ភាព​មិន​ចុះ​សម្រុង​គ្នា​ផ្ទៃក្នុង និង​សង្ឃឹម​ដើរ​តួនាទី​ជួយ​ផ្តល់​សន្ទុះ​ឡើង​វិញ​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អ៊ីស្រាអែល ប៉ាឡេស្ទីន ខណៈ​ដែល​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​កំពុង​ផ្ទុះ​ជា​ថ្មី​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI