ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើប្រព័ន្ធខែលមីស៊ីលរបស់អ៊ីស្រាអែល​អាច​ទប់ទល់​គ្រាប់រ៉ុកកែត រាប់ពាន់របស់​ក្រុមហាម៉ាសបាន​យូរប៉ុណ្ណា?

សំឡេង ០៥:៥៨
មីស៊ីល​បាញ់ចេញពីប្រព័ន្ធខែលមីស៊ីលIron Dome ដែល​អ៊ីស្រាអែល អភិវឌ្ឍ​ ផលិតជាពិសេស សម្រាប់​ទប់ទល់នឹងការវាយប្រហារ​មីស៊ីល​ ដែល​តម្រង់ចូលទឹកដីអ៊ីស្រាអែល។ រូបភាពថតនៅឆ្នាំ ២០១២
មីស៊ីល​បាញ់ចេញពីប្រព័ន្ធខែលមីស៊ីលIron Dome ដែល​អ៊ីស្រាអែល អភិវឌ្ឍ​ ផលិតជាពិសេស សម្រាប់​ទប់ទល់នឹងការវាយប្រហារ​មីស៊ីល​ ដែល​តម្រង់ចូលទឹកដីអ៊ីស្រាអែល។ រូបភាពថតនៅឆ្នាំ ២០១២ AP - Ariel Schalit

ក្រៅតែពី​បំផ្លាញ​ផ្ទះសម្បែង សម្លាប់​ជីវិត​ប្រជាជន ស៊ីវិល នៅភាគីទាំងសងខាង ​សង្រ្គាម​ផ្ទុះអាវុធ​ដាក់គ្នា រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែល​ បានស្តែងឲ្យ ​ឃើញ​សមត្ថភាព វាយទប់ស្កាត់​របស់​ប្រព័ន្ធខែលមីស៊ីល របស់អ៊ីស្រាអែល ដែលបាន ស្ទាក់បាញ់​ទម្លាក់ ជាង ៩០ភាគរយ គ្រាប់រ៉ុកកែត ដែល​ក្រុមហាម៉ាស​បាញ់ចេញពីទឹកដី​ហ្កាហ្សា។ តើ​ក្រុមហាម៉ាស ប៉ាឡេស្ទីន ដែល​រស់នៅ ក្នុង​តំបន់​ហ្កាហ្សា បិទខ្ទប់ជុំជិត​ដោយ​រដ្ឋអ៊ីស្រាអែលនោះ បាន​មីស៊ីល មកពីណា រាប់ពាន់ដើម ដើម្បីបាញ់​ស្រោច សំដៅ ទឹកដី អ៊ីស្រាអែល​នោះ? 

ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍មកហើយ ផ្ទៃមេឃ អ៊ីស្រាអែល និង​ទឹកដី​ហ្កាហ្សា​របស់​ប្រជាជន​ប៉ាឡេស្ទីន មាន​ស្នាមដាន​ពណ៌ស ខ្វែងខ្វាត់ នៅពេលថ្ងៃ និង ភ្លើងភ្លឺក្រហមហោះឆ្វែលឆ្វាត់ ពេលរាត្រី។ នោះ​មិនមែន​ជា​គ្រាប់​កាំជ្រួច​ពេល​បុណ្យ​នោះ​ទេ ប៉ុន្តែ ជា​គ្រាប់មីស៊ីល​របស់​ប្រព័ន្ធខែលមីស៊ីល​អ៊ីស្រាអែល ដែល​ហោះទៅ​បុក ផ្ទុះបំផ្លាញ​ គ្រាប់រ៉ុកកែត ដែល​ក្រុមហាម៉ាស​ប៉ាឡេស្ទីន បាញ់​ស្រោច ចេញពីទឹកដី​ហ្កាហ្សា សំដៅ ទឹកដី​អ៊ីស្រាអែល។

ក្នុងរយៈពេល​តែ​មួយសប្តាហ៍ ក្រុមហាម៉ាស ប៉ាឡេស្ទីន និង​ក្រុមជីហាត​អ៊ីស្លាម ដែល​បោះទីតាំង​នៅ​តំបន់​ហ្កាហ្សា បាញ់​គ្រាប់រ៉ុកកែត ជាង​៣ពាន់គ្រាប់ សំដៅ​ទឹកដី​អ៊ីស្រាអែល។ ប៉ុន្តែ តាមកងទ័ព​អ៊ីស្រាអែល រ៉ុកកែត ជាង ៩០%បាញ់ចេញ​ពី​ទឹកដី​ហ្កាហ្សា ត្រូវប្រព័ន្ធខែល​មីស៊ីល បាញ់​ស្ទាក់ កំទេច​នៅលើ​អាកាស និង​នៅសល់​ពីនោះ ធ្លាក់​នៅក្នុង​ទឹកដី​ហ្កាហ្សាខ្លួនឯងផង និង​មួយចំនួនតិចប៉ុណ្ណោះ​ដែលបានធា្លក់​ក្នុង​ទឹកដី​អ៊ីស្រាអែល។

បើនិយាយ​ពីសមត្ថភាព​យោធា នៅ​ក្នុង​ការប្រយុទ្ធលើកនេះ អ៊ីស្រាអែល នាំមុខ​ដាច់ ជាមួយ កងទ័ព​ជើងអាកាសដ៏សំបូរបែប ជាពិសេស ប្រព័ន្ធខែល​មីស៊ីល Iron Dome ដ៏ពូកែសក្តិសិទ្ធិ​ខាងចាប់ បាញ់ទម្លាក់ មិនឲ្យរ៉ុកកែត របស់ក្រុមហាម៉ាស​ធ្លាក់ចូល​ដី​អ៊ីស្រាអែលបាន។ ប៉ុន្តែ សួរថា តើ​ប្រព័ន្ធខែលមីស៊ីល អ៊ីស្រាអែល Iron Dome ដ៏មានសមត្ថភាព​នឹង​អាច​តស៊ូ ទ្រាំ​នឹង​គ្រាប់រ៉ុកកែត របស់​ក្រុមហាម៉ាស បាន​យូរប៉ុណ្ណា?

អ្នកជំនាញ តំបន់ដើមបូព៌ា វាយតម្លៃ​ថា ដោយ​អាច​បាញ់ស្រាច គ្រាប់រ៉ុកកែត ជាង ៣ពាន់គ្រាប់​សំដៅ​ទឹកដី អ៊ីស្រាអែល ក្នុង​រយៈពេល​តែ​មួយសប្តាហ៍ ហើយនិង​គ្មាន​បង្ហាញ​ចេតនា បន្ធូរដៃ​សោះនោះ គេជឿថា ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅមាន​ស្តុកគ្រាប់រ៉ុកកែត​ក្រាសក្រែល សម្រាប់​បាញ់ស្រោច​ទៅលើ​អ៊ីស្រាអែល យូរថ្ងៃ​ទៀត។ មួយវិញ​ទៀត យុទ្ធសាស្រ្ត​របស់​ក្រុមហាម៉ាសប៉ាឡេស្ទីន លើកនេះ មិនមែន​ដើម្បី​ចង់បាន​ផលចំណេញ​នយោបាយ ចង់បានមុខមាត់ ក្នុងចំណោម​ប្រជាជន​ប៉ាឡេស្ទីន តែមួយ​មុខនោះទេ ប៉ុន្តែ ក្រុមហាម៉ាស​ចង់​ឃើញ​ផងដែរ អ៊ីស្រាអែល​ហិចហោច ខាតបង់ លុយ ដោយសារ​ការប្រយុទ្ធ​លើកនេះ។

ដោយសំរុក បាញ់គ្រាប់​រ៉ុកកែត មិនឈប់ និង​គ្មាន​គោលដៅ ច្បាស់លាស់ ក្រុមហាម៉ាស ប៉ាឡេស្ទីន ចង់ជំរុញ​ឲ្យអ៊ីស្រាអែល ចាយលុយ ដូចក្រដាស ព្រោះត្រូវដឹងថា រាល់ ការប្រើប្រព័ន្ធខែលមីស៊ីល Iron Dome មួយឈុត គឺធ្វើ​ឲ្យអ៊ីស្រាអែល​ចំណាយ​អស់ ៥ម៉ឺនដុល្លារ។ ការបាញ់ស្ទាក់ ទម្លាក់ រ៉ុកកែត របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីន នៅមួយសប្តាហ៍មកនេះ បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ចំណាយ​អស់ ១៥០លានដុល្លារ។

នៅចំណែក​ខាង​ក្រុមហាម៉ាស ប៉ាឡេស្ទីន ទោះគេ​មិនអាច​ដឹង​ពី​ចំនួនស្តុក​មីស៊ីល រ៉ុកកែត ពិតប្រាកដ​របស់​ក្រុមនេះ ប៉ុន្តែ គេដឹងថា ក្រុមនេះ មាន​រ៉ុកកែត បាញ់​ចម្ងាយមធ្យម ជាច្រើនប្រភេទ ពី​រយៈចម្ងាយ ១០គីឡូម៉ែត្រ ទៅដល់ ២០០គីឡូម៉ែត្រ ហើយគ្រាប់រ៉ុកកែត ទាំងអស់ គឺ​ផលិត​ច្នៃ​ឡើង នៅក្នុង​ទឹកដី​ហ្កាហ្សា​ផ្ទាល់ ប៉ុន្តែ មិនមែន​នាំចូល ដូច​កាលពី ជាង​២០ឆ្នាំមុននោះទេ។ គេជឿថា ក្រុមហាម៉ាស អាច​ផលិត​រ៉ុកកែត ក្នុង​តំបន់​ហ្កាហ្សាផ្ទាល់ ដោយ​មាន​ជំនួយ គាំទ្រ​ពី​ខាង​អ៊ីរ៉ង់។ សម្រាប់អ្នកតាមដាន​កិច្ចការតំបន់​ដើមបូព៌ា នៅពេល​អ៊ីរ៉ង់​ បន្ថយ ជំនួយ សម្រាប់​ក្រុមហាម៉ាស នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ​ជម្លោះ​រវាងក្រុមអ៊ីស្លាម និកាយ​ស៊ុននីត (ក្រុមហាម៉ាស) និង​និកាយស្ហ៊ីអ៊ីត (អ៊ីរ៉ង់) ក្រុមហាម៉ាស​បាន​ជំនួយ​ហិរញ្ញវត្ថុ​សំខាន់មួយទៀត​ពីប្រទេស​កាតា។ ចំណែក ជំនួយ មនុស្សធម៌​របស់​អេមីរ៉ាត អារ៉ាប់រួម សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​នៅតំបន់​ហ្កាហ្សា គឺតែងត្រូវ ក្រុមហាម៉ាស គាប ជំរិត យកទៅប្រើ​សម្រាប់​ប្រយោជន៍​យោធា។ ហិរញ្ញវត្ថុ ពីកាតា និងសម្ភារៈយោធា មានប្រភព​មកពី​អ៊ីរ៉ង់ លីប៊ី និង​ស៊ីរី អនុញ្ញាត​ឲ្យ​ក្រុមហាម៉ាស​មាន​សមត្ថភាព​ផលិត រ៉ុកកែត កាន់តែ​ច្រើន និង​ទំនើប មាន​កម្លាំងផ្ទុះ កាន់តែ​ខ្លាំង​ជាងមុន។

សំណួរចោទឡើង​នៅត្រង់ថា តើ​ក្រុមហាម៉ាស ប៉ាឡេស្ទីន ដែលរស់នៅ ក្នុង តំបន់​ហ្កាហ្សា​ដ៏តូចមួយ ដែល​ឡោមព័ទ្ធជុំជិត និងក្រោម​ការតាមដានឃ្លាំមើល​យ៉ាងម៉ត់ចត់​របស់​អ៊ីស្រាអែល នឹង​អាច​នាំចូល គ្រឿងផ្ទុះ មក​កែច្នៃ ផលិត​គ្រាប់រ៉ុកកែត​នៅក្នុង​តំបន់​ហ្កាហ្សា​បាន​យ៉ាងម៉េច?

គេ​បាន​លើក​សេណារីយ៉ូ ពីរ។ ទី១ ក្រុមហាម៉ាស អាច​លួចលាក់​ដាក់គ្រឿងផ្ទុះ នៅក្នុង​ទូកនេសាទ កំបាំងភ្នែក​ពីការតាមដាន របស់​កងទ័ព​អ៊ីស្រាអែល។ ដោយសារ​តែ តំបន់ហ្កាហ្សា ស្ថិតនៅជាប់ឆ្នេរសមុទ្រផ្ទាល់ អ៊ីស្រាអែល មិនអាច​គ្រប់គ្រង តាមត្រួតពិនិត្យ រាល់​ទូកនេសាទ​របស់​ប៉ាឡេស្ទីន នៅ​ហ្កាហ្សាបាននោះទេ។

សេណារីយ៉ូទី២ គឺ ក្រុមហាម៉ាស​អាច​លួច​ដឹកជញ្ជូននាំចូល​ឧបករណ៍ គ្រឿងផ្ទុះ សម្រាប់​ផលិត​រ៉ុកកែត តាមរយៈ ផ្លូវរូងក្រោមដី ចេញពីទឹកដី អេហ្ស៊ីប ចូល​ទឹកដី​ហ្កាហ្សា។ ផ្លូវរូងក្រោមដី ជា​អាវុធយុទ្ធសាស្រ្ត​សំខាន់​មួយ របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីន ដើម្បី លួច ដឹកជញ្ជូន និង​សំងំ​ផលិត​គ្រាប់រ៉ុកកែត។ ទោះ​អ៊ីស្រាអែល បាញ់កម្ទេច នៅក្នុង​ប្រតិបត្តិការយោធា​កន្លងមក ប៉ុន្តែ ក្រុមហាម៉ាស​ដែល​ចិញ្ចឹមចិត្ត ធ្វើសង្រ្គាមប្រឆាំង​អ៊ីស្រាអែល នៅតែ​តាំងចិត្ត សង់រូងក្រោមដី ខ្វាត់ខ្វែង មិន​ចេះហត់នឿយ ដូចជា​សត្វស្រមោច៕

នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ កងទ័ព​អ៊ីស្រាអែល បាន​សម្រុក​វាយប្រហារ​សំដៅ​ទីតាំង របស់​ក្រុមហាម៉ាស ជាពិសេស​ផ្លូវរូងក្រោមដី និង​កន្លែង​ផលិត​គ្រាប់រ៉ុកកែត។ ដោយ​សំដៅ បាញ់បំផ្លាញ កន្លែងស្តុកគ្រាប់រ៉ុកកែត កន្លែង​ផលិត និង​ទីតាំងបញ្ជាការដ្ឋាន​របស់ក្រុមហាម៉ាស ប៉ាឡេស្ទីន នៅរូងក្រោមដី អ៊ីស្រាអែល សង្ឃឹម ថា ក្រុមហាម៉ាស នឹង​លែង​មាន​គ្រាប់រ៉ុកកែត ដើម្បី​បាញ់ស្រោច​ចូលទឹកដី​អ៊ីស្រាអែល​តទៅទៀត។ បើអ៊ីស្រាអែល​ធ្វើបានសម្រេច​មែន នោះ អ៊ីស្រាអែល​មិនត្រឹមតែ មិន​ខាតបង់ប្រាក់ ដោយសារ​ត្រូវប្រើ​ប្រព័ន្ធខែល​មីស៊ីល​តែប៉ុណ្ណោះទេ ប៉ុន្តែ អ៊ីស្រាអែល​នឹង​អាច​ជៀសផុត មិនប្រើ កម្លាំង​ទ័ពជើងគោក វាយចូល ឈ្លានពាន​ទឹកដី​ហ្កាហ្សា ដូច​កាលពី​២០១៤។ កាលណោះ ប្រតិបត្តិការ ទ័ពជើងគោក​របស់​អ៊ីស្រាអែល ទៅក្នុង​តំបន់​ហ្កាហ្សា បាន​សម្លាប់ប្រជាជន​ប៉ាឡេស្ទីន ២២៥១នាក់ ដែលនៅក្នុងនោះ ជិត ១៥០០នាក់ ជាប្រជាជន​ស៊ីវិល។ នៅពេល​តំបន់​ហ្កាហ្សា ត្រូវបំផ្លាញ​ខ្ទេចខ្ទាំ និង​បាត់បង់ជីវិត​ដ៏ច្រើន ពាន់នាក់ ដោយសារ​ស្នាដៃ​វាយប្រហារ​របស់​ទ័ពអ៊ីស្រាអែល ភាគី​អ៊ីស្រាអែល ក៏ត្រូវ​បាត់បង់ជីវិត​ទាហានរបស់ខ្លួន​ចំនួន ៦៧នាក់ និង​ប្រជាជន​ស៊ីវិល ៦នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI