ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើបច្ចេកវិទ្យាជះឥទ្ធិពលអ្វីខ្លះដល់ភូមិសាស្រ្ដនយោបាយ?

សំឡេង ០៣:៥៣
iStock / ipopba

ការអភិវឌ្ឍបច្ចេកវិទ្យាផ្សេងៗ តួយ៉ាង បញ្ញាសិប្បនិម្មិត (Artificial intelligence) បច្ចេកវិទ្យាលុយឌីជីថល (Blockchain) និងបច្ចេកវិទ្យាអ៊ីនធឺណិត 5G កំពុងក្លាយជាបច្ចេកវិទ្យាជួរមុខនៃការប្រកួតប្រជែង ឬកិច្ចសហប្រតិបត្តិការជាសកល។ បច្ចេកវិទ្យាទាំងនេះក៏នឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង លើភូមិសាស្ត្រនយោបាយផងដែរ ក្នុងអំឡុងប៉ុន្មានឆ្នាំខាងមុខនេះ។

ផ្សាយពាណិជ្ជកម្ម

ជំងឺរាតត្បាតសកលកូវីដ១៩ បាន​បន្ដគំរាមកំហែងទៅលើពិភពលោក ក្នុងរយៈពេលជាងមួយឆ្នាំកន្លះមកហើយ។ ក្នុងពេលជាមួយគ្នា រោគរាតត្បាតនេះក៏បានផ្លាស់ប្ដូររូបភាពថ្មីមួយនៃទំនាក់ទំនង រវាង បច្ចេកវិទ្យា និងភូមិសាស្ត្រនយោបាយ នៅក្នុងយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មី។ ការអភិវឌ្ឍបច្ចេកវិទ្យាផ្សេងៗ តួយ៉ាង បញ្ញាសិប្បនិម្មិត (Artificial intelligence) បច្ចេកវិទ្យាលុយឌីជីថល (Blockchain) និងបច្ចេកវិទ្យាអ៊ីនធឺណិត 5G កំពុងក្លាយជាបច្ចេកវិទ្យាជួរមុខនៃការប្រកួតប្រជែង ឬកិច្ចសហប្រតិបត្តិការជាសកល។ ផ្អែកតាមអ្នកជំនាញ ពិភពលោកត្រូវការរបៀបធ្វើការរួមគ្នាជាសកល ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបកគំហើញបច្ចេកវិទ្យាទាំងនេះ។ បើមិនដូច្នេះទេ ពិភពលោកក៏នឹងត្រូវប្រឈមជាមួយហានិភ័យផ្សេងៗ តួយ៉ាងណា ការប្រជែងភូមិសាស្ដ្រនយោបាយនៃបច្ចេកវិទ្យា។

គិតជាទំហំទឹកប្រាក់ តម្លៃបច្ចេកវិទ្យាជួរមុខទាំងនេះកាន់តែមានកម្រិតកើនឡើងខ្ពស់។ ជាឧទាហរណ៍ បច្ចេកវិទ្យាអ៊ីនធឺណិត 5G តែមួយ ត្រូវបានគេប៉ាន់ប្រមាណថា អាចមានតម្លៃសេដ្ឋកិច្ចសកលប្រហែល ១៣ទ្រីលានដុល្លារអាមេរិក និងអាចបង្កើតការងារសម្រាប់មនុស្សចំនួន ២២លាននាក់ នៅឆ្នាំ២០៣៥។ បញ្ញាសិប្បនិម្មិត ឯណោះវិញ ត្រូវបានគេព្យាករណ៍ថាអាចកើនឡើងតម្លៃគិតជាទឹកប្រាក់ជាង ១៥ទ្រីលានដុល្លារអាមេរិក សម្រាប់សេដ្ឋកិច្ចសកល នៅឆ្នាំ២០៣០។

ចិន និងសហរដ្ឋអាមេរិក ជាប្រទេសឈានមុខគេបំផុត ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះ។ នៅប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសចិន និងសហរដ្ឋអាមេរិក បានពិចារណា និងប្រកាសជាសាធារណៈលើការវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះ ក្នុងទំហំទឹកប្រាក់មហាសាល។ ក្នុងពេលជាមួយគ្នា វាក៏អាចជាបញ្ជូនសញ្ញាយ៉ាងច្បាស់អំពីការប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរ។ ទៅថ្ងៃខាងមុខ ការប្រជែងបច្ចេកវិទ្យានឹងជះឥទ្ធិពលយ៉ាងខ្លាំង លើភូមិសាស្ត្រនយោបាយ។

ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយ វេទិកាសេដ្ឋកិច្ចពិភពលោក បច្ចេកវិទ្យាអាចមានឥទ្ធិពលលើភូមិសាស្ត្រនយោបាយ នៅរយៈពេលប៉ុន្មានឆ្នាំខ្លីខាងមុខ។ ទោះជាយ៉ាងណា បញ្ហាប្រឈមធំបំផុតជុំវិញការអភិវឌ្ឍបច្ចេកវិទ្យា គឺជាការប្រើប្រាស់បច្ចេកវិទ្យា ក្នុងហេតុផលជាតិនិយម ឬក៏ជាអាវុធប្រជែងភូមិសាស្ត្រនយោបាយ។ ក្នុងទ្រឹស្ដី នាពេលបច្ចុប្បន្ន ផែនទីនៃអំណាចរបស់ប្រទេសមួយ មិនត្រូវបានកំណត់ដោយ ទីតាំងភូមិសាស្ត្រ តាមរយៈការគ្រប់គ្រងទឹកដី ឬមហាសមុទ្រទៀតហើយ ប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយ ការកាន់ក្ដាប់ទិន្នន័យនៃលំហូរមនុស្ស ទំនិញ លុយ និង បច្ចេកវិទ្យាផ្សេងៗ។ ក្នុងលក្ខខណ្ឌនេះ ប្រទេសណាដែលអាចគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាបានច្រើនជាងគេ ប្រទេសនោះក៏នឹងអាចគ្រប់គ្រងពិភពលោកបានផងដែរ។

នាពេលបច្ចុប្បន្ន គេអាចសង្កេតឃើញពីការធ្លាក់ចុះនៃទំនាក់ទំនងអន្ដរជាតិ រវាងបណ្ដាប្រទេសយ៉ាងច្រើននៅទូទាំងពិភពលោក។ ការប្រឈមនឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ បានបន្ថែមបន្ទុកលើបញ្ហាស្រេចស្រាប់ តួយ៉ាង បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងការដំឡើងពន្ធដារនៃការនាំចេញនាំចូល។ ពិភពលោកកំពុងតែបែកខ្ញែកគ្នាកាន់តែខ្លាំងឡើងៗ ហើយបញ្ហានេះកាន់តែមានកម្រិតប្រឈមកើនឡើង ព្រោះការប្រជែងបច្ចេកវិទ្យា។

ក្នុងប្រទេសមហាអំណាច ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវបានគ្រប់គ្រងដោយ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ជាឧទាហរណ៍ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងប្រាំ (Big 5) រួមបញ្ចូល ក្រុមហ៊ុន Amazon ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google និង ក្រុមហ៊ុន Microsoft។ ក្នុងប្រទេសចិន ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន ក្រុមហ៊ុន Tencent ក្រុមហ៊ុន Alibaba ក្រុមហ៊ុន Baidu និងក្រុមហ៊ុន Huawei។

ផ្អែកតាមអ្នកជំនាញ ផលប៉ះពាល់ធំបំផុតនៃបច្ចេកវិទ្យា ដែលអាចនឹងបង្កឡើងលើភូមិសាស្ត្រនយោបាយ សម្រាប់ឆ្នាំ២០២១ និងទៅថ្ងៃអនាគត គឺថា បច្ចេកវិទ្យាទាំងនោះត្រូវបានកាន់ក្ដាប់ និងប្រមូលផ្តុំអំណាច ក្នុងដៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន ហើយក្រុមហ៊ុនយក្សទាំងនោះនឹងជះឥទ្ធិពលដល់រដ្ឋាភិបាលដើម្បីដាក់ចេញគោលនយោបាយតាមបំណងរបស់ខ្លួន។ ក្នុងសេដ្ឋកិច្ច គេហៅស្ថានភាពនេះថា មូលធននិយមឃ្លាំមើល (surveillance capitalism)។ ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនទាំងនេះក៏អាចត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលខ្លួន ក្នុងហេតុផលភូមិសាស្ត្រនយោបាយ ទៅថ្ងៃខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI